អ្នក​ភូមិ​មាន​បញ្ហា​ដីធ្លី​មក​ពី​ខេត្ត​កំពង់ឆ្នាំង និង​កោះកុង រក​កិច្ច​អន្តរាគមន៍​ពី​អ្នក​ស្រី រ៉ូណា ស្មីត ក្រោម​ការ​តាម​ដាន​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ

ដោយ ហេង រស្មី
2019.04.29
អ្នកភូមិឡពាង 042919 អ្នក​ភូមិ​ឡ​ពាង​ ​ខេត្ត​កំពង់​ឆ្នាំង ប្រមាណ ៦០នាក់ នាំ​គ្នា​មក​រក​អន្តរាគមន៍​ពី​​អ្នក​រាយការណ៍​ពិសេស ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ សហគមន៍

ប្រជា​សហគមន៍​ឡ​ពាង​ប្រមាណ ៦០នាក់ នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ខេត្ត​កំពង់​ឆ្នាំង មក​រាជធានី​ភ្នំពេញ​ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​​អ្នក​រាយការណ៍​ពិសេស ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា។ ចំណែក តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ១៦នាក់​មក​ពី​ខេត្ត​កោះកុង​ថា សមត្ថកិច្ច​ក្រុងភ្នំពេញ ដាក់​កម្លាំង​តាមដាន​ ថត​រូប និង​សាក​សួរ​ពួក​គាត់ ក្នុង​ពេល​រក​ដំណោះស្រាយ​រឿង​ដីធ្លី​ពី​ក្រសួង​រៀប​ចំ​ដែនដី។ សង្គម​ស៊ីវិល​ចាត់​ទុក​សកម្មភាព​ពី​សំណាក់​អាជ្ញាធរ​នេះ​ថា ជា​ការ​គំរាម​កំហែង និង​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​រឿង​ដីធ្លី។

តំណាង​សហគមន៍​ឡ​ពាង លោកស្រី អ៊ុំ សុភី ឲ្យ​ដឹង​ថ្ងៃ​ទី២៩ មេសា​ថា ពួក​គាត់​បាន​ដាក់​ញត្តិ​ជូន អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ បន្ទាប់​ពី​អ្នក​ស្រី​ រ៉ូណា ស្មីត (Rohna Smith) ​ចេញ​មក​ជួប​ និង​ទទួល​យក​សំណើ​ពួក​គេ​ដោយ​ផ្ទាល់ នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ក្នុង​រាជធានី​ភ្នំពេញ។

អ្នក​ភូមិ​ឡ​ពាង ស្នើ​ដល់​អ្នក​ស្រី រ៉ូណា ស្មីត ជួយ​នាំ​យក​ករណី​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី ទៅ​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពន្លឿន​ក្នុង​ការ​ដោះ​ស្រាយ ស្នើសុំ​ផ្ដល់​មេធាវី​ដល់​ពួកគាត់​ ក្នុង​រឿង​ក្ដី​រដ្ឋប្បវេណី​ជាមួយ​អ្នក​ស្រី​ ជា ខេង នៅ​តុលាការ​ក្រុង​ភ្នំពេញ​ ហើយ​នឹង​សុំ​ផ្ដល់​ជា​ថវិកា​ ដើម្បី​បង់​ឲ្យ​តុលាការ​សម្រាប់​ដំណើរ​ការ​រឿង​ក្ដី។

ជា​ការ​ឆ្លើយ​តប​មក​វិញ លោកស្រី អ៊ុំ សុភី​ ថា អ្នក​ស្រី​ រ៉ូណា ស្មីត នឹង​យក​សំណើសុំ​មេធាវី​ដល់​ពលរដ្ឋ​ទៅ​ពិភាក្សា ប៉ុន្តែ​អ្នក​រាយការណ៍​ពិសេស អង្គការ​សហ​ប្រជាជាតិ​រូប​នេះ ប្រាប់​ពួក​គាត់​ថា មិន​អាច​ផ្ដល់​ជា​ថវិកា​ដល់​សហគមន៍​ឡ​ពាង រឿង​បង់​ប្រាក់​ប្រដាប់​ក្ដី​នៅ​តុលាការ​ទេ។ ទោះបី​ជា​យ៉ាង​ណា តំណាង​សហគមន៍​ឡ​ពាង លោកស្រី​ អ៊ុំ សុភី សង្ឃឹម​ថា ​អ្នក​ស្រី រ៉ូណា ស្មីត នឹង​យក​សំណើ​ពួក​គាត់​ទៅ​ប្រាប់​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ឃុំ​តាជេស ​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង៖ «ចំណុច​សំខាន់​ចង់​ឲ្យ​គាត់​ពាំ​នាំ​ពាក្យ​របស់​ពួក​ខ្ញុំ​ដែល​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​ហ្នឹង​ទៅ​រដ្ឋាភិបាល ហើយ​គាត់​បាន​សន្យា​ថា ប្រ​សិន​បើ​គាត់​បាន​ជួប​រដ្ឋមន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ គាត់​នឹង​រក​រឿង​ហ្នឹង​ទៅ​ជជែក។ បើ​មិន​បាន​ជួប​ទេ គាត់​នឹង​សរសេរ​រឿង​ពួក​ខ្ញុំ​ដាក់​ក្នុង​របាយការណ៍​របស់​គាត់​ទៅ​រដ្ឋាភិបាល​ដែរ។ គាត់​ថា​គាត់​នឹង​ព្យាយាម»

ចំណែក​ក្រុម​ប្រជា​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​មក​ពី​ខេត្ត​កោះកុង ១៦នាក់ ត្រូវ​សមត្ថកិច្ច​ក្រុងភ្នំពេញ​ដាក់​កម្លាំង​តាន​ដាន​ ថត​រូប និង​សួរ​នាំ​ជាច្រើន នៅ​ថ្ងៃ​ទី​២៩ មេសា ខណៈ​ពេល​ពួកគេ​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី ហើយ​គ្រោង​ចេញ​ទៅ​រក​ដំណោះស្រាយ​នៅ​ក្រសួង​រៀប​ចំ​ដែន​ដី។

តំណាង​ប្រជា​ពលរដ្ឋ​ លោកស្រី ផាវ ញ៉ឺង ថ្លែង​ថា ពួកគាត់​នាំ​គ្នា​មក រក​ដំណោះស្រាយ​ដីធ្លី មិន​មែន​មក​ប្រឆាំង​រដ្ឋាភិបាល ឬ​​ធ្វើ​បដិវត្ត​ពណ៌​អ្វី​នោះ​ទេ។ លោកស្រី ផាវ ញ៉ឺង លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ចង់​ឃើញ​ពួកគាត់​ឡើង​មក​រាជធានី​ភ្នំពេញ គួរ​ណាស់​រដ្ឋាភិបាល​ជាពិសេស​ក្រសួង​រៀប​ចំ​ដែនដី​ ប្រញាប់​ដោះស្រាយ​បញ្ចប់​រឿង​ដីធ្លី​ឲ្យ​ពួកគាត់​១៩គ្រួសារ​ឲ្យ​បាន​ឆាប់៖ «រឿង​មិន​យុត្តិធម៌​បំផុត​សម្រាប់​ពួក​ខ្ញុំ​គឺ ប៉ូលិស តាម​ដាន​ហើយ​និយាយ​មើល​ងាយ​ពួក​ខ្ញុំ សុទ្ធ​ជា​ជន​អគតិ ហើយ​សម្លឹង​ខ្ញុំ​មើល​លើ​មើល​ក្រោម។ ហើយ​គាត់​អត់​បង្ហាញ​អត្តសញ្ញាណ​ថា​គាត់​មក​ពី​ណា​នោះ​ទេ។ ខ្ញុំ​សួរ​តើ តើ​ពូ​ឯង​មក​ថត​ខ្ញុំ​ហ្នឹង ពូ​ឯង​ចង់​បាន​អី​គេ។ បើ​ចង់បាន​ព័ត៌មាន​ពី​ពួក​ខ្ញុំ ពូ​សួរ​ទៅ ខ្ញុំ​នឹង​ឲ្យ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ជន​ឧក្រិដ្ឋ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ​ក៏​ខ្ញុំ​ដើរ​ប្លន់​លួច​ ឬ​ក៏​ជួញ​ដូរ​គ្រឿង​ញៀន​អី​ទេ។ ពួក​ខ្ញុំ​ចង់​បាន​ដីធ្លី​ ពួក​ខ្ញុំ​ចង់​បាន​តែ​ដី​ពួក​ខ្ញុំ​ត្រឡប់​មក​វិញ​ទេ»

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត​ យល់​ថា សកម្មភាព​របស់​សមត្ថកិច្ច​នេះ គឺ​ជា​ការ​គំរាម​កំហែង និង​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​រឿង​ដីធ្លី។ លោក អុំ សំអាត សង្កេត​ឃើញ​ថា ការ​ដាន​ពី​សំណាក់​សមត្ថកិច្ច​នេះ មិន​មែន​មាន​តែ​ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ខាង​សមាគម​និង​អង្គការ​សង្គម​ស៊ីវិល​វិញ ក៏​ជួប​ប្រទះ​រូប​ភាព​ដូចគ្នា​នេះ​ដែរ៖ «ទាំង​អស់​នេះ ជា​រូបភាព​មួយ​ដែល​មិន​ល្អ ដែល​មើល​ទៅ​ថា​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​រឹតត្បិត​ ហើយ​ដោយ​សារ​តែ​អាជ្ញាធរ​មាន​ការ​ភ័យ​បារម្ភ ហួសហេតុ​ពេក​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ខ្ញុំ​គិត​ថា វិធីសាស្ត្រ​ មធ្យោបាយ ​ក្នុង​ការ​ដោះស្រាយ គឺ​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ឲ្យ​បាន​ចប់​ឲ្យ​ឆាប់​ទៅ​ ការ​តវ៉ា​ឬក៏​ការ​តាម​ដាន និង​ការ​ទាមទារ វា​អាច​បញ្ចប់​តាម​ហ្នឹង​ដែរ»

ប្រជា​ពល​រដ្ឋ​ ១៧៥គ្រួសារ​នៅ​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា ហេង ហ៊ុយ និង​ឧកញ៉ា លី យ៉ុង​ផាត់ ចាប់តាំង​ពី​ឆ្នាំ២០០៩។ ក្រុម​ប្រជា​ពលរដ្ឋ​អះអាង​ថា ​ពួកគេ​បាន​រស់​នៅ​លើ​ដី​ជម្លោះ​មាន​ទាំង​ដី​លំនៅ​ឋាន និង​ដី​ចម្ការ​សរុប​ជាង ១០០ហិកតារ​តាំង​ពី​ឆ្នាំ១៩៩៥ មក និង​មាន​ការ​ទទួល​ស្គាល់​ពី​មេ​ឃុំ​ជី​ខ​ក្រោម​ផង​ដែរ។

គិត​មក​ដល់​ពេល​នេះ នៅ​សល់​ប្រជា​ពលរដ្ឋ ១៩គ្រួសារ ​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក ហេង ហ៊ុយ។ ប្រជាពលរដ្ឋ​ នៅ​តែ​ប្រកាន់​ជំហរ​ទាម​ទារ​ឲ្យ លោក​ ហេង ហ៊ុយ ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ដល់​ពួក​គេ​ តាម​ការ​សន្យា​របស់​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់ ដែល​បាន​ព្រមព្រៀង​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ក្នុង​មួយ​គ្រួសារ​ជា​ដី ៣ហិកតារ និង​ថវិកា ២.៥០០ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។