ពលរដ្ឋ​មាន​បញ្ហា​ដី​នៅ​ក្រចេះ​រក​អន្តរាគមន៍​ពី​កាកបាទ​ក្រហម

ជម្លោះដីធ្លី​បាន​កើត​ឡើង​ជា​បន្តបន្ទាប់ និង​ប៉ះពាល់​ដល់​ការ​តាំង​លំនៅ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​មិន​ទាន់​មាន​ការ​បែងចែក​ជា​ភូមិ ឃុំ ច្បាស់លាស់។ ជម្លោះ​ដី​នោះ​ភាគ​ច្រើន​ពាក់ព័ន្ធ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ឲ្យ​បរទេស​វិនិយោគ​ក្នុង​រយៈពេល​​ជិត ១០០​ឆ្នាំ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី​ដាំ​ដុះ និង​អ្នក​ដែល​កំពុង​កាន់​កាប់​ដី ហើយ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ឡើង​មក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មានការ​ដោះស្រាយ។

ប្រជាពលរដ្ឋ​ច្រើន​រយ​នាក់ ភាគច្រើន​ជា​ជនជាតិ​ស្ទៀង មកពី​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ​ស្វែង​រក​ការ​ជួយ​អន្តរាគមន៍​ពី​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា នៅ​ថ្ងៃ​២១ ខែ​ឧសភា ពី​បញ្ហា​ដី​និង​ផ្ទះ​​របស់​ពួក​គាត់ ត្រូវ​ក្រុមហ៊ុន​ដាំ​កៅស៊ូ​មក​ពី​ប្រទេស​វៀតណាម ដុត​ផ្ទះ និង​ឈូស​កម្ទេច ព្រម​ទាំង​បំផ្លាញ​ដំណាំ។

ទោះ​យ៉ាង​ណា​ក្តី អ្នក​ភូមិ​មិន​អាច​ចូល​ទៅ​ថ្លែង​ពី​កង្វល់​នៃ​ការ​រំលោភ​យក​ដី ហើយ​ដុត​ផ្ទះ​បង្ខំ​ឲ្យ​​​ចេញ​ពី​ដី​កំពុង​កាន់កាប់​អាស្រ័យ​ផល នៅ​ទីស្នាក់ការ​កាកបាទក្រហម​កម្ពុជា បាន​ឡើយ ដោយ​​​មន្ត្រី​កាកបាទ​ក្រហម​កម្ពុជា មក​ទទួល​ញត្តិ​នៅ​កណ្ដាល​ផ្លូវ ក្បែរ​ស្តុប​អូរ​បែកក្អម រាជធានី​ភ្នំពេញ។

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​វត្ត​សាមគ្គីរង្សី នៅ​សង្កាត់​​​ស្ទឹងមានជ័យ ជា​ទី​ដែល​ប្រជាពលរដ្ឋ​ជួបជុំ​គ្នា​នៅ​ទីនោះ សំដែង​កង្វល់​ពី​ដី​ភូមិ និង​ដី​កសិកម្ម​ដែល​ត្រូវ​ក្រុមហ៊ុន​វៀតណាម បំពាន​យក។

លោក​ថា គណបក្ស​នេះ​នឹង​រក​យុត្តិធម៌​ជូន​ម្ចាស់​ដី​ក្នុង​ពេល​​ឆាប់ៗ៖ «តែ​ឥឡូវ​នេះ ទោះ​ជា​អត់​មាន​សង្គ្រាម​ស៊ីវិល​ចេញ​មុខ ក៏​មាន​សង្គ្រាម​មួយ​ដែល​រដ្ឋ​អំណាច​លោក ហ៊ុន សែន ធ្វើ​ដោយ​ផ្ទាល់ គឺ​ខ្ចី​ដៃ​យួន​ឲ្យ​មក​សម្លាប់​ខ្មែរ ហ្នឹង​ហើយ​ជា​សង្គ្រាម​ដែល​រដ្ឋ​អំណាច​​ធ្វើ​មក​លើ​ប្រជារាស្ត្រ​ខ្មែរ ឲ្យ​បង​ប្អូន​ជា​ជន​ភៀស​ខ្លួន។ រូបភាព​នេះ​អស់​ផ្ទះសម្បែង គេ​ដុត​ផ្ទះ វេច​បង្វេច​​រត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ អត់​ទី​ជម្រក ដេក​ហាល​ភ្លៀង​ហាល​ខ្យល់ អត់​បាយ អត់​ថ្នាំ​សង្កូវ អត់​មាន​នរណា​រវីរវល់ ផ្ទុយ​ពី​ជន​ភៀស​ខ្លួន​នៅ​តំបន់​ខ្លះ​ក្នុង​ពិភពលោក មាន​អង្គការ​មនុស្សធម៌ កាកបាទ​ក្រហម ជួយ​មើល​ខុស​ត្រូវ អង្គការ​សហប្រជាជាតិ ហ្នឹង​បាន​ថា ជន​ភៀស​ខ្លួន​ជា​ផ្លូវការ ហៅ​ថា​ជន​ភៀស​ខ្លួន គេ​ជួយ​មើល​ខុស​ត្រូវ គេ​អាណិត គេ​មក​ជួយ​ការពារ»

​ចំណែក​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ថ្លែង​ដែរ​ថា ការ​ដុត​បំផ្លាញ​ផ្ទះ និង​ដំណាំ​ពលរដ្ឋ​ដោយ​ក្រុមហ៊ុន​វៀតណាម​នោះ គឺ​ជា​ដើម​ចម​នៃ​វិធី​សម្លាប់​បំបាត់​ពូជសាសន៍ ដោយ​ការ​បង្អត់​អាហារ៖ «អ្វី​ដែល​គណបក្ស​ប្រជាជន​នៅ​តែ​ធ្វើ នៅ​តែ​បន្ត​ធ្វើ គឺ​ជា​នយោបាយ​ដែល​​យួន គូស​ឲ្យ​ទាំង​អស់​បង​ប្អូន​ខ្ញុំ​ជម្រាប​ជូន គឺ​សម្លាប់​ខ្មែរ​តាម​រូបភាព​ផ្សេង។ ប៉ុល ពត សម្លាប់​សាហាវ​ទាំង​ដុំៗ​តែម្ដង ពួក​នេះ​សម្លាប់​ម្ដង​បន្តិចៗ តែ​សម្លាប់​ទាំង​អស់ គឺ​បង្អត់​បាយ​យើង បង្អត់​ការងារ​យើង ឲ្យ​ខ្មែរ​យើង​រត់​ចេញ​ទៅ​ប្រទេស​ក្រៅ​អស់។ អ្នក​ណា​នៅ​កន្លែង​ណា​ដែល​ដី​ល្អ ដី​ខ្លាញ់ ប្រជារាស្ត្រ​ខ្មែរ​​​នៅ​ច្រើន គេ​ធ្វើ​ដាក់​ដី​ហ្នឹង​ជា​ដី​សម្បទាន។ អ៊ីចឹង​ហើយ​បាន​ជា​យុត្តិសាស្ត្រ​នយោបាយ​របស់​យួន យុត្តិសាស្ត្រ​របស់​ពួក​កុម្មុយនិស្ត​នេះ គេ​ដូរ​រូបភាព គេ​សម្លាប់​យើង​ដដែល គេ​ប៉ុនប៉ង​រំលាយ​ពូជ​សាស្ត្រ​យើង​ដដែល គេ​ប៉ុនប៉ង​កាន់​កាប់​ទឹកដី​យើង​ដដែល តែ​គេ​ឲ្យ​គណបក្ស​ប្រជាជន​នេះ ​រដ្ឋាភិបាល ហ៊ុន សែន នេះ ប្រើប្រាស់​តាម​រូបភាព ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​វិញ​ម្ដង»

លោកស្រី ស្រី សាវឿន អាយុ ៣៨​ឆ្នាំ ជា​ជនជាតិ​ស្ទៀង ថ្លែង​ថា ការ​ដុត​ផ្ទះ​បំផ្លាញ​ដំណាំ​ដើម្បី​បង្ខំ​​​បណ្ដេញ​គាត់​ឲ្យ​ចេញ​ពី​ផ្ទះ គឺ​បង្ខំ​ឲ្យ​ក្រុម​គ្រួសារ​គាត់​ដាច់​ពោះ៖ «រួច​ទៅ​អត់​មាន​អី​ស៊ី​ទេ រាល់​ថ្ងៃ​ហ្នឹង ផ្ទះ​អត់​មាន​សោះ គ្មាន​អី​ស៊ី​ទេ ខ្ញុំ​ប្រាប់ គេ​ដុត​អស់​ហើយ​ផ្ទះសម្បែង​ក៏​មិន​សល់ ភួយ​មុង​ក៏​គ្មាន​ដែរ វា​សម្រុក​យក​តែម្ដង។ វា​ឃើញ​ស្រឡះ​អ៊ីចឹង វា​ឲ្យ​​អាត្រាក់​វា​មក​ឈូស​យក​ស្រាប់​តែម្ដង។ ដី​យើង​ធ្វើ​ស្រឡះ វា​ខួង​រណ្ដៅ​ដាក់​កៅស៊ូ​តែម្ដង រួច​​អា​ដង្គត់​យើង​កាប់ វា​កាយ​បំបាត់​ភស្តុតាង វា​ថា​ដូច​ដី​វា​ឈូស​ឆាយ​អ៊ីចឹង។ ការ​ពិត​ដង្គត់​យើង​ធ្វើ​ឲ្យ​ស្រឡះ​ទេ គឺ​វា​កាយ​ធ្វើ​ឲ្យ​បាន​ឃើញ​ដាន​អា​អិច​វា​ហ្នឹង វា​ឈូស​រលើង​ដំបូក​រលើង​អី​ ធ្វើ​ដូច​វា​ទើប​មក​ឈូស​ថ្មីៗ»

លោក ឈៀង ឈឿន ជនជាតិ​ស្ទៀង ដែរ ថ្លែង​ថា អ្នក​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​វៀតណាម បាន​ចាប់​គាត់​​ដាក់​ខ្នោះ​ដៃ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ចោទ​ថា គាត់​រស់​នៅ​ក្នុង​ដី​វិនិយោគ​ដោយ​ក្រុមហ៊ុន​ដាំ​កៅស៊ូ​​វៀតណាម ឈ្មោះ ប៊ិន ភឿក ២។ លោក​ថា ក្រោយ​ចូល​ឆ្នាំ​ខ្មែរ ផ្ទះ​នៅ​ក្នុង​តំបន់​ពាមប៉ោអូរ៣ ឃុំ​ឃ្សឹម មាន​តំណាង​ក្រុមហ៊ុន​វៀតណាម បាន​ចុះ​ដុត​ផ្ទះ បាញ់​ថ្នាំ​សម្លាប់​ដំណាំ និង​ឈូស​រំលំ​ដើម​ឈើ​​ហូប​ផ្លែ កាល​ពី​ថ្ងៃ​៣០ ខែ​មេសា។ ទើប​ថ្ងៃ​៣ ខែ​ឧសភា ពួកគាត់​ឡើង​មក​នៅ​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​​សុំ​ឲ្យ​អង្គទូត អង្គការ​នានា រដ្ឋ​សភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​កាកបាទ​ក្រហម​កម្ពុជា ឲ្យ​ជួយ​​​ដោះស្រាយ​ដី និង​ផ្ទះ​ពួកគាត់។

លោក ឈៀង ឈឿន៖ «បើ​រាជរដ្ឋាភិបាល គិត​ពី​ជនជាតិ ហើយ​និង​គិត​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំង​អស់​ហ្នឹង​មក​ឲ្យ​ជួយ​​ដោះស្រាយ​ដីធ្លី​ឲ្យ​បាន​វិញ​មក។ ឥឡូវ​នេះ បើ​រាជរដ្ឋាភិបាល​មិន​ដោះស្រាយ​ឲ្យ​ទេ អ៊ីចឹង​​ប្រជាពលរដ្ឋ​បាន​អី​រស់​នៅ​កន្លែង​ណា បើ​គ្មាន​ដីស្រែ​ចម្ការ​ធ្វើ​ទេ បើ​ឲ្យ​យួន នៅ​ពេញ​នោះ​​​អស់​ហើយ​នោះ»

​លោកស្រី សាវិន ជនជាតិ​ស្ទៀង ឲ្យ​ដឹង​ថា ជា​ទម្លាប់​ជនជាតិ​ចូលចិត្ត​រស់​នៅ​ក្នុង​ព្រៃ​ធ្វើ​ស្រែ​វិល​ជុំ។ ​ប៉ុន្តែ​រដ្ឋាភិបាល​យក​ដី​ពី​ពលរដ្ឋ​ឯង​ទៅ​ប្រគល់​ឲ្យ​វៀតណាម ដាំ​កៅស៊ូ ហាក់​ដូច​បំបាត់​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច៖ «ហេតុ​អី​វា​មក​ឈូស​ឆាយ​ដី​យើង សូម្បី​ខោអាវ​ក៏​គ្មាន អង្ករ​ក៏​វា​ចាក់​ចោល ឆ្នាំង​ចាន​ខ្ញុំ​ក៏​វា​វ៉ៃ​ចោល ខ្ញុំ​ឈឺ​ចាប់​ប៉ុណ្ណា»។

​តំណាង​ពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ លោក ឃី ឆាយ ឲ្យ​ដឹង​ថា ពាមប៉ោអូរ៣ មាន​ចម្ងាយ​ប្រមាណ ៣ ទៅ ៤​គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ​៧។ នៅ​ឆ្នាំ​២០០៨ មនុស្ស​ដែល​ខ្វះខាត​ដី និង​ផ្ទះ​រស់​នៅ បាន​ចូល​ទៅ​កាប់​រាន​ដី​នៅ​តំបន់​ពាមប៉ោអូរ៣ មាន​ចំនួន ៤០៥​គ្រួសារ បាន​សង់​ផ្ទះ​ជិត ៤០០​ខ្នង ហើយ​បាន​គ្រប់គ្រង​ដី​ទំហំ​ជាង ២​ពាន់​ហិកតារ។ នៅ​ថ្ងៃ​៣០ ខែ​មេសា ឆ្នាំ​២០១៤ ក្រុមហ៊ុន​វៀតណាម ប៊ិន ភឿក ២ បញ្ជា​គ្រឿងចក្រ​ឈូស​រំលំ​ដើម​ឈើ​ដុត​ផ្ទះ យក​ថ្នាំពុល​​បាញ់​សម្លាប់​បន្លែ ដើម្បី​បណ្ដេញ​មនុស្ស​ពី​ដី​កំពុង​កាន់​កាប់៖ «ដោយ​មូលហេតុ​ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ​វា​រុញ​ផ្ទះសម្បែង និង​ដុត​បំផ្លាញ បាញ់​សម្លាប់ ដល់​រួច​ទៅ ដើម្បី​ឡើង​មក​តវ៉ា ចំពោះ​មុខ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ»

​ពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ បាន​ឡើង​មក​ភ្នំពេញ តាំង​ពី​ថ្ងៃ​៣ ខែ​ឧសភា ដើម​ដាក់​ញត្តិ​តាម​អង្គទូត រដ្ឋ​សភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាកបាទ​ក្រហម​កម្ពុជា ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។