អាជ្ញាធរ​ភ្នំពេញ​ដាក់​សម្ពាធ​ចៅអធិការ​វត្ត​ចាស់​មិន​ឱ្យ​អ្នក​តវ៉ា​ពី​ខេត្ត​ក្រចេះ​​ស្នាក់នៅ

0:00 / 0:00

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចម្ការកៅស៊ូ​មេមត់​រស់នៅ​ស្រុក​ស្នូល​ខេត្ត​ក្រចេះ ជាង ៤​រយ​នាក់ បាន​មក​ដាក់​ញត្តិ និង​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី និង​បញ្ឈប់​ការ​ដាក់​កម្លាំង​ប្រដាប់​អាវុធ​គំរាមកំហែង​ដល់​ពួកគាត់។

ពលរដ្ឋ​រងគ្រោះ​វិវាទ​ដីធ្លី ដោយសារ​ការ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម​ពី​សំណាក់​កងកម្លាំង​ប្រដាប់​អាវុធ​ខេត្ត​ក្រចេះ កាលពីដើម​ខែ​មីនា​កន្លង​ទៅ អស់សង្ឃឹម ក្នុង​ការ​ពន្យារពេល​ស្វែងរក​ដំណោះស្រាយ​វិវាទ​ដីធ្លី​របស់​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ បង្ក​ឲ្យ​ពួកគេ​ខ្វះខាត​ទីជម្រក កុមារ​ជាច្រើន​បោះបង់​ការសិក្សា និង ជីវភាព​ធ្លាក់​ចុះ​ដុនដាប។ ពួកគាត់​ត្អូញ​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដាក់​សម្ពាធ​ឲ្យ​ព្រះចៅ​អធិការ​វត្ត​ចាស់ ក្នុង​ខណ្ឌ​ជ្រោយចង្វា ឈប់​ទទួល​ពួកគាត់​ឲ្យ​ស្នាក់​នៅ​ក្នុង​បរិវេណ​វត្ត​បន្ត​ទៀត និង​យក​រថយន្ត​ជាង​១០​គ្រឿង ដឹក​ពួកគាត់​ត្រឡប់​ទៅ​លំនៅឋាន​វិញ​នៅ​ល្ងាច​ថ្ងៃទី១៦ ឧសភា។

ពលរដ្ឋ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​នៅ​ថ្ងៃទី១៦ ឧសភា​ថា អ្នកភូមិ​ជាង ៤​រយ​នាក់ (៤៤០)​បាន​មក​ស្នាក់​នៅ​ក្នុង​បរិវេណ​វត្ត​ចាស់ ក្នុង​ខណ្ឌ​ជ្រោយចង្វា អស់​រយៈពេល ៣ ថ្ងៃ​មក​ហើយ ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​ថ្នាក់​ជាតិ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចម្ការកៅស៊ូ​មេមត់ អនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​ទៅ​រស់នៅ​កន្លែង​ដើម​វិញ។ លោក​ថា អភិបាលរង​ខេត្ត​ក្រចេះ ទទួលបន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ខាន់ ចំរើន មក​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​រំសាយ​ការ​តវ៉ា​នោះ និង​សន្យា​ថា អាជ្ញាធរ​ខេត្ត​នឹង​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ពេល​ឆាប់ៗ​នេះ។ «»

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ឃុំ​ពីរធ្នូ ស្រុក​ស្នូល ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ត្អូញ​ថា ក្រោយពី​អាជ្ញាធរ​ខេត្ត​ក្រចេះ ដុត​ផ្ទះសម្បែង​ពួកគាត់ បង្ក​ឲ្យ​គ្រួសារ​លោកស្រី ខ្វះ​ទីជម្រក​រស់នៅ ហើយ​បច្ចុប្បន្ន​គ្រួសារ​លោកស្រី សុំ​ផ្ទះ​អ្នកជិតខាង​ស្នាក់នៅ​បណ្ដោះអាសន្ន។ ចំណែក​កូន​របស់​លោក​ស្រី ៤​នាក់ មាន​អាយុ​ចាប់ ៦​ឆ្នាំ ដល់ ១៥​ឆ្នាំ បាន​បោះបង់​ការសិក្សា​ទាំងអស់​ព្រោះតែ​វិបត្តិ​ដីធ្លី​នេះ។ លោកស្រី​ថា ប្តី​របស់​លោកស្រី​ពិការ​ជើង​ម្ខាង ព្រោះតែ​តវ៉ា​រឿង​ដីធ្លី ត្រូវ​សមត្ថកិច្ច​វាយ​នឹង​ស្វៃកាំភ្លើង បណ្ដាល​ឲ្យ​ប្រះ​ឆ្អឹង។ «»

ស្ត្រី​ដដែល​បន្ថែម​ថា គ្រួសារ​លោកស្រី​បាន​ខ្ចី​ប្រាក់​គេ ធ្វើដំណើរ​មក​តវ៉ា​នៅ​ភ្នំពេញ និង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ថ្មី​ទៀត ដោយ​រំពឹង​ថា ពួកគេ​នឹង​ទទួល​បាន​ដំណោះស្រាយ​ឆាប់ៗ តែ​ផ្ទុយទៅវិញ អាជ្ញាធរ​នៅតែ​អូស​បន្លាយពេល​ដោះស្រាយ​បញ្ហា​នេះ។ លោកស្រី​ថា ពួកគាត់​ចង់​វិល​ទៅ​រស់នៅ​លើ​ដី​របស់​ខ្លួន​វិញ ក៏ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​របស់​ក្រុមហ៊ុន​បាន​យាម​យ៉ាង​តឹងតែង​មិន​ឲ្យ​ពួកគេ​ចេញចូល​លើ​ដី​ដែល​ធ្លាប់​អាស្រ័យ​ផល​នោះ​ទេ។ «»

កាលពី​ថ្ងៃ​ទី​០៨ មីនា ពលរដ្ឋ​ជាង ២​រយ​នាក់ បាន​នាំគ្នា​តវ៉ា​បិទ​ផ្លូវជាតិ​លេខ ៧៦ បំណង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ឈូស​ឆាយ​ផ្ទះសម្បែង និង​ផលដំណាំ តែ​ត្រូវ​អាជ្ញាធរ​ខែត្រ​ក្រចេះ ភាគច្រើន​ជា​យោធា​រាប់​រយ​នាក់ ប្រដាប់​អាវុធ​គ្រប់​ដៃ​បាញ់រះ​មក​លើ​ពលរដ្ឋ។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​អភិបាលខេត្ត​ក្រចេះ​ដែល​ទើប​ឡើង​កាន់​តំណែង លោក វ៉ន ថន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បានទេ​នៅ​ថ្ងៃ​ទី១៦ ឧសភា។

ចំណែក​មេឃុំ​ពីរ​ធ្នូ លោក ប៉ឹង វិន បាន​បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃទី១៦ ឧសភា។ យ៉ាងណា លោក​ធ្លាប់​លើកឡើង​ថា ដំណោះស្រាយ​វិវាទ​ដីធ្លី​នៅ​តំបន់​នោះ​ធ្វើ​ឡើង សម្រាប់​តែ​អ្នកមាន​ឈ្មោះ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ជាង ២​រយ​គ្រួសារ (២៣២) ប៉ុណ្ណោះ។ ចំណែក​ពលរដ្ឋ​ដែល​នៅ​សេសសល់ សុទ្ធ​សឹង​ជា​ពលរដ្ឋ​ចំណាកស្រុក​ទើបតែ​មក​តាំងទី​លំនៅ និង​ចាប់ដី​រស់នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន។

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា នៅ​គ្រា​ដែល​ពលរដ្ឋ កើតទុក្ខ​មិន​សុខចិត្ត អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ប្រញាប់​ដោះស្រាយ មិន​ត្រូវ​បណ្ដែតបណ្ដោយ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ពួកគាត់​នៅ​ពេល​តវ៉ា​នោះ​ទេ។ លោក​ថា អាជ្ញាធរ​គួរតែ​ចូល​ឲ្យ​កៀក​ពលរដ្ឋ និង​ស្រង់​យក​ការ​សំណូមពរ​របស់​ពួកគាត់​ដោះស្រាយ​ឲ្យ​ទាន់​ពេល​វេលា ចៀសវាង​អូស​បន្លាយ​ពេល​នាំ​ឲ្យ​ខាត​ប្រយោជន៍​សងខាង។ «»

ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ឈ្មោះ​ចម្ការកៅស៊ូ មេមត់ របស់​ក្រុម​គ្រួសារ​របស់​លោក​ហ៊ុន សែន ទទួល​សិទ្ធិ​វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​តាំងពី​ឆ្នាំ​២០០៨ លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ (៩.៨៥៥) នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ រយៈពេល ៥០​ឆ្នាំ។ រហូត​មក​ទល់​ពេលនេះ ដី​នៅ​តំបន់​នេះ ជា​តំបន់​ព្រៃ​នៅឡើយ ហើយ​តំបន់​ខ្លះ​ត្រូវ​បាន​ឈូស​ឆាយ និង​ពលរដ្ឋ​បាន​ចូល​ទៅ​កាប់​ទន្ទ្រាន។ ម្ចាស់​ក្រុមហ៊ុន​ចម្ការកៅស៊ូ​មេមត់ ឈ្មោះ គឹម សុខលាប ត្រូវ​ជា​ក្មួយបង្កើត​របស់​អ្នកស្រី ប៊ុន រានី ហ៊ុន សែន។ មុន​ឆ្នាំ ២០០៦ ដី​នៅ​តំបន់​នោះ​ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្នូល ហ៊ុមព័ទ្ធ​ដោយ​ព្រៃស្រោង និង​ជា​ជម្រក​សត្វព្រៃ​រស់នៅ​ជាប់​ខេត្ត​មណ្ឌលគិរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។