ប្រជាពលរដ្ឋរស់នៅឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ថា អាជ្ញាធរបានចុះឈូសឆាយផលដំណាំពួកគាត់អស់ជាច្រើនហិកតារ និងដុតផ្ទះអស់ជាច្រើនខ្នង។ ពលរដ្ឋប្រមាណ ៥០នាក់ នាំគ្នាឡើងមករាជធានីភ្នំពេញ ស្វែងរកកិច្ចអន្តរាគមន៍ និងដំណោះ ស្រាយរឿងដីធ្លីដ៏រ៉ាំរ៉ាំមួយនេះ ពីក្រសួងរៀបចំដែនដី។ សង្គមស៊ីវិល ស្នើដល់ អាជ្ញាធរថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ជជែកពិភាក្សាគ្នាផ្ដល់ដំណោះស្រាយដល់ពលរដ្ឋដែលអាចទទួលយកបាន ជាជាងទៅបង្កើតបញ្ហាកាន់តែស្មុគស្មាញ។
ពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់អាស៊ីសេរីថា បញ្ហាដីធ្លីនៅចំណុច ឌី៥ ឌី៦ (D5 D6) ក្នុងភូមិជើងឃ្លេ តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អាជ្ញាធរស្រុកនិងខេត្តមិនព្រមពន្លឿនការដោះស្រាយបញ្ចប់បញ្ហាឲ្យពលរដ្ឋទេ បែរជាមកបង្កបញ្ហាដល់ពលរដ្ឋជាង ១៥០គ្រួសារទៅវិញ។ ពលរដ្ឋដដែលឲ្យដឹងថា អាជ្ញាធរបានចុះឈូសបំផ្លាញដំណាំស្វាយចន្ទី និងដំឡូងពលរដ្ឋអស់ជាង ៣០០ហិកតារ ហើយនឹងដុះផ្ទះអស់ ១២ខ្នង ក្រោយពេលចូលឆ្នាំខ្មែរហើយបាន ៤ថ្ងៃ។ សកម្មភាពរបស់អាជ្ញាធរខេត្តក្រចេះ បង្កឲ្យមានពលរដ្ឋមានការភ័យខ្លាច ហើយអ្នកខ្លះសម្រេចនាំគ្នាមករាជធានីភ្នំពេញ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីលោក ជា សុផារ៉ា ជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីឱយជួយដោះស្រាយរឿងនេះ។ ពលរដ្ឋថា មិនឃើញមានមន្ត្រីណាម្នាក់ពីក្រសួងរៀបចំដែនដី ចេញមកជួបពួកគាត់នោះថ្ងៃទី១ ឧសភា ខណៈពួកគាត់ឈរប្រមូលផ្ដុំគ្នាមុខក្រសួងអស់ពេលមួយព្រឹក។ ក្រុមប្រជាពលរដ្ឋទទូចអង្វរសុំលោក ជា សុផារ៉ា ចាត់ក្រុមការងារចុះពិនិត្យនិងដោះស្រាយទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន៖ «សូមសំណូមពរឲ្យឯកឧត្ដម ជា សុផារ៉ា ជួយដោះស្រាយដីដែលពួកខ្ញុំបង្កបង្កើនផល តាំងពីឆ្នាំពីរពាន់ពីរមកដល់ថ្ងៃនេះ។ សុំអាស្រ័យផលលើដីហ្នឹង ដដែល សូមឲ្យសម្ដេចតេជោ ឲ្យពួកខ្ញុំទាំងគ្នា បានរស់នៅលើដីហ្នឹងដដែល»។
អាស៊ីសេរីមិនអាចសុំការបំភ្លឺ ពីអភិបាលរងក្រចេះ លោក ខាន់ ចំណាន ដែលទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី បានទេ នៅថ្ងៃទី១ ឧសភា។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត យល់ថា បើសិនជាដូចអ្វីដែលប្រជាពលរដ្ឋលើកឡើងមែន នោះសកម្មភាពរបស់អាជ្ញាធរបែបនោះ គឺការបង្កើតបញ្ហាកាន់តែច្រើន ហើយរឹតតែបង្កការលំបាកក្នុងការដោះស្រាយបញ្ចប់។ លោក សំអាត បន្តថា ករណីវិវាទបញ្ហាដីធ្លីនៅភូមិជើងឃ្លេ រវាងពលរដ្ឋនិងក្រុមហ៊ុនចម្ការកៅស៊ូមេមត់នេះ ក្រសួងរៀបចំដែនដី បានដាក់ចេញវិធានការដោះស្រាយហើយ ប៉ុន្តែនៅមិនអាចបញ្ចប់បាន៖ «យើងឃើញថាថ្នាក់ជាតិរុញដាក់ថ្នាក់ខេត្ត ថ្នាក់ខេត្តរុញដាក់ថ្នាក់ជាតិ ហើយបង្កជាបញ្ហារ៉ាំរ៉ៃ ដោះស្រាយមិនចប់។ ហើយបញ្ហាពេលខ្លះទៀត ទាល់តែមានកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល ឬពីនាយករដ្ឋមន្ត្រីទៅ បានចេញអ៊ីចឹង។ ខ្ញុំគិតថាបញ្ហាហ្នឹង អាជ្ញាធរថ្នាក់ជាតិនិងថ្នាក់ខេត្តគួរតែរកយន្តការដោះស្រាយ ដើម្បីបញ្ចប់ទៅ ដើម្បីកុំឲ្យបញ្ហាហ្នឹងវារ៉ាំរ៉ៃ ឬក៏រំខានទៅដល់រដ្ឋាភិបាលក្នុងការដោះស្រាយនោះ បាទ !»។
ក្រុមប្រជាពលរដ្ឋលើកឡើងថា ពួកគាត់ធ្វើដំណើរមករាជធានីភ្នំពេញ សុំកិច្ចអន្តរាគមន៍ពី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរោបនីយកម្មនឹងសំណង់ លោក ជា សុផារ៉ា ជាង១០លើកហើយ នៅតែមិនអាចដោះស្រាយបញ្ចប់ទំនាស់រវាងពលរដ្ឋជាមួយនឹងក្រុមហ៊ុនចម្ការកៅស៊ូមេម៉ត់បានឡើយទេ។ ពួកគាត់បញ្ជាក់ថា នឹងបន្តការទាមទាររកកិច្ចពីក្រសួងរៀបចំដែនដីនៅទី២ ឧសភា ជាថ្មីទៀត លុះត្រាតែការឆ្លើយតបជាវិជ្ជមានណាមួយពីក្រសួង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។