ជនជាតិដើមភាគតិចកួយរាប់រយគ្រួសារ រស់នៅខេត្តព្រះវិហារចាត់ទុក វិធានការរបស់អាជ្ញាធរខេត្តនេះ ដែលបង្គាប់ឱ្យពលរដ្ឋមូលដ្ឋានឈប់ធ្វើស្រែចម្ការ ក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនចិន ហេង ហ្វូ ថាជារឿងអយុត្តិធម៌ និងលម្អៀង។ អ្នកភូមិអះអាងថា កន្លងទៅពួកគាត់បានប្តឹង ទាមទារដីស្រែចម្ការបង្កបង្កើនផល ដែលត្រូវក្រុមហ៊ុនចិនហេង ហ្វូ (Hengfu) រំលោភយក ជិត ១០ឆ្នាំមកហើយ គឺគ្មានដំណោះស្រាយពីអាជ្ញាធរនៅឡើយទេ តែផ្ទុយទៅវិញ ពលរដ្ឋជាច្រើននាក់ បានក្លាយជាជនរងគ្រោះ ជាប់បណ្តឹងនៅតុលាការ ដោយសារតែចេញមុខ ការពារដីធ្លីរបស់ខ្លួន។
ជនជាតិដើមភាគតិចកួយជិត ១ពាន់គ្រួសារ រស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ បន្តទាមទារដី មានជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅចិន ដើម្បីចុះបញ្ជីដីសមូហភាព ជូនពលរដ្ឋមូលដ្ឋានអាស្រ័យផលចិញ្ចឹមជីវិតវិញ។
ការលើកឡើងនេះ ក្រោយពីអាជ្ញាធរខេត្តនេះ បានចេញសេចក្តីជូនដំណឹងមួយ កាលពីសប្តាហ៍មុន (១៧ មីនា) ស្នើឱ្យពលរដ្ឋបញ្ឈប់ចូលទន្ទ្រាន និង ធ្វើស្រែក្នុងបរិវេណដី របស់ក្រុមហ៊ុនចិន ហើយប្រសិនបើ ពលរដ្ឋណាមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខេត្តនឹងចាត់ការតាមច្បាប់។
ប្រធានសហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរ លោកស្រី ទេព ទឹម ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ មីនាថា អាជ្ញាធរខេត្តព្រះវិហារមិនទាន់ដោះស្រាយ ការសំណូមពរ និងញត្តិរបស់អ្នកភូមិនៅឡើយទេជាច្រើនឆ្នាំមកហើយ។
លោកស្រីថា រយៈពេល ៣ឆ្នាំកន្លងទៅ អាជ្ញាធរខ្លះបានឃុបឃិតជាមួយ កម្មករក្រុមហ៊ុនចិន ជួលដីរាប់ពាន់ហិកតារ ឱ្យពលរដ្ឋចំណូលស្រុក គឺក្នុងមួយហិកតារ ៤០ម៉ឺនរៀល ដោយមិនអនុញ្ញាតឱ្យពលរដ្ឋម្ចាស់ស្រុកចូលទៅ បង្កបង្កើនផល លើដីដែលធ្លាប់អាស្រ័យផលជាយូរមកហើយនោះទេ៖ «ហេតុអ្វីមិនឱ្យពលរដ្ឋដែលលោក ធ្លាប់រស់នៅតំបន់ហ្នឹងអាស្រ័យផលចិញ្ចឹមជីវិត គឺ ហាមឃាត់ មិនត្រូវទេខុស រំលោភបំពានសិទ្ធិជនជាតិដើមភាគតិចធ្ងន់ធ្ងរ ដែលគាត់មានដីធ្លីមិនឱ្យអាស្រ័យផល។ ពួកខ្ញុំនឹងលើកគ្នាទៅជជែកជាមួយអាជ្ញាធរ ថាមូលហេតុអ្វីដែលមិនឱ្យអាស្រ័យផល»។
ពលរដ្ឋម្នាក់ទៀត គឺលោកស្រី រឿន ខាន់ សង្កេតឃើញថា កូនចៅអ្នកភូមិកាន់តែកើនច្រើន ធ្វើឱ្យតម្រូវការប្រើប្រាស់ដីធ្លីធ្វើកសិកម្មចិញ្ចឹមគ្រួសារ ក៏រីកធំឡើងដែរ ហេតុនេះពួកលោកស្រី បន្តអំពាវនាវឱ្យអាជ្ញាធរពន្លឿន កាត់ឆ្វៀលដីពីក្រុមហ៊ុន ដើម្បីចុះបញ្ជីដីសមូហភាព ផ្តល់លទ្ធភាព ឱ្យអ្នកភូមិមានទីកន្លែង ដាំដុះ និងឃ្វាលគោក្របី៖ «ចង់ឱ្យដោះស្រាយឱ្យបងប្អូនបានហូបមួយគ្រាន់សិន កុំឱ្យគ្នាខ្វះខាតអ្នកខ្លះខ្ចីអង្គការ ជំងឺឈឺថ្កាត់ ស្រូវអង្ករគ្នាធ្វើបានតិច ដោយសារដីពាក់ព័ន្ធក្រុមហ៊ុនយក ច្រើនជាង ឆ្វៀលទុកតិច អ្នកខ្លះក៏អត់។ ដូច្នេះហើយសូមឱ្យអភិបាលខេត្ត កាត់ឆ្វៀលដី ជូនពលរដ្ឋបានមួយរស់ បានលុយកាក់ បានលក់ដូរខ្លះ»។
វិទ្យុអាស៊ីសរី មិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ និងអ្នកនាំពាក្យសាលាខេត្តនេះ លោក យ៉ុង គឹមហៀង បាននៅឡើយទេ នៅថ្ងៃទី ២៤ មីនា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។ ចំណែកតំណាងក្រុមហ៊ុនចិន ហេង ហ្វូ ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ប៉ុន្តែ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែងក្នុងសេចក្តីជូនដំណឹង កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនចិនបានផ្អាកសកម្មភាពរយៈពេល ៣ ឆ្នាំកន្លងទៅ ដោយសារតែជំងឺកូវីដ១៩ ក៏មានពលរដ្ឋចូលទៅទន្ទ្រាន និងកាន់កាប់បែបអនាធិបតេយ្យ នៅទីតាំងដីវិនិយោគ។ លោកស្នើឱ្យពលរដ្ឋត្រូវបញ្ឈប់ជាបន្ទាន់ ចូលទៅទន្ទ្រាន និងធ្វើស្រែ ក្នុងបរិវេណដី ដែលរដ្ឋាភិបាលវិនិយោគឱ្យក្រុមហ៊ុនចិន។
អ្នកភូមិអះអាងថា គិតត្រឹម២សប្តាហ៍ចុងក្រោយនេះ គេឃើញ កម្មករក្រុមហ៊ុនចិន ជាច្រើននាក់ ពង្រាយចុះពិនិត្យទីតាំងដី និងហាមឃាត់ មិនឱ្យជួលដី ឱ្យពលរដ្ឋចំណូលស្រុក ស្របពេលដែល ពលរដ្ឋចំណូលស្រុករាប់ពាន់គ្រួសារ បានមកជួលដី ពីកម្មករក្រុមហ៊ុនចិន ៣ឆ្នាំកន្លងទៅ ដើម្បីដាំម្រេច ស្រូវ និង ដំឡូងមី ជាដើម។ អ្នកភូមិសង្ស័យថា ក្រុមហ៊ុននេះ នឹងរៀបចំដំណើរការសង្វាក់ផលិតកម្មឡើងវិញនៅឆ្នាំនេះ។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹង សោភ័ណ ចាត់ទុកសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរខេត្តនេះ ជារឿងអយុត្តិធម៌សម្រាប់ ពលរដ្ឋម្ចាស់ស្រុក។ លោកបញ្ជាក់ថា ដីដែលប្រជាសហគមន៍មូលដ្ឋាន ទាមទារ និងអាស្រ័យផល កន្លងទៅ គឺជាអតីតដីដែលពលរដ្ឋជនជាតិដើមភាគតិចកួយ បង្កបង្កើនផល មុនពេលក្រុមហ៊ុនមកវិនិយោគ៖ «ដំណោះស្រាយវិញ មិនដឹងថា អាជ្ញាធរគាត់ដោះស្រាយយ៉ាងម៉េច ? ជាមួយមន្ត្រី និងអាជ្ញាធរចំនួន ដែលបានជួលហើយ និងអាស្រ័យផលដីហើយនោះ។ តាមពិតដីដែលពលរដ្ឋចូលអាស្រ័យផល ជាអតីតដីដែលគាត់អាស្រ័យផល។ យើងមើលឃើញថា មានភាពអយុត្តិធម៌»។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហេងហ្វូ (Hengfu Group Sugar Industry) ទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំជាង ៤ម៉ឺនហិកតារ (៤២.០០០) តាំងពីឆ្នាំ២០១១ វិនិយោគដាំអំពៅ និងកៅស៊ូ។ ក្រុមហ៊ុននេះជាក្រុមហ៊ុនមេ និងមានបុត្រសម្ព័ន្ធក្រុមហ៊ុនចំនួន ៥ទៀត។
វត្តមានក្រុមហ៊ុននេះ ធ្វើឲ្យប៉ះពាល់ដល់ជនជាតិដើមភាគតិចប្រមាណ ២ពាន់គ្រួសារ ដែលមានប្រជាពលរដ្ឋប្រមាណ ១ម៉ឺននាក់ ស្ថិតនៅក្នុងភូមិចំនួន២៥ ឃុំចំនួន១០ និងស្រុកចំនួន៣ គឺស្រុកជ័យសែន ស្រុកឆែប និងស្រុកត្បែងមានជ័យ។ ប្រជាសហគមន៍ថា ក្រុមហ៊ុនបានឈូសឆាយប៉ះពាល់ដីស្រែពលរដ្ឋលុបប្រភពទឹកអូរធម្មជាតិបំផ្លាញទំហំព្រៃឈើធំធេង និងបានឈូសឆាយដីទួលប្រាសាទបុរាណ ៤កន្លែង និងស្ថានីយបុរាណផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។