តំណាង​ស្ត្រី​សហគមន៍​ដីធ្លី​ដាក់​ញត្តិ​ស្នើ​ជួប​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

ស្ត្រី ៤​នាក់ តំណាង​ឲ្យ​សហគមន៍​រងគ្រោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ ដាក់​ញត្តិ​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក ស្នើ​សុំ​ជួប​ពិភាក្សា​ជាមួយ​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី មីស្សែល អូបាម៉ា (Michelle Obama) ដែល​នឹង​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ មីនា។

តំណាង​សមាគមន៍​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ថ្លែង​ថា គោល​បំណង​នៃ​ជំនួប​ជាមួយ អ្នកស្រី មីស្សែល អូបាម៉ា គឺ​ចង់​លើក​ឡើង​ពី​បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​សហគមន៍​របស់​ពួក​គាត់ និង​សកម្មជន​ដីធ្លី សកម្មជន​បក្ស​នយោបាយ និង​ព្រះសង្ឃ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស៖ «ចង់​ឲ្យ​លោក​ជំទាវ​ផ្តល់​យោបល់​យ៉ាង​ម៉េច ជំរុញ​ដល់​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ដោះ​លែង ពីព្រោះ​សកម្មជន​យើង​បាន​ជាប់​គុក​ជាច្រើន​ខែ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​សញ្ញា​មួយ​ណា​ដែល​ឲ្យ​ពួក​គាត់​មាន​សេរីភាព​ឡើង​វិញ»

បន្ទាប់​ពី​ដាក់​ញត្តិ អ្នកស្រី យ៉ោម បុប្ផា ឲ្យ​ដឹង​ថា តំណាង​មន្ត្រី​ស្ថានទូត​ទទួល​យក និង​ដាក់​ញត្តិ​តាម​ការិយាល័យ​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​នេះ។

រាល់​ការ​ដាក់​ញត្តិ​នៅ​តាម​ស្ថាប័ន​រដ្ឋ និង​ស្ថានទូត​នានា​កន្លង​មក ពលរដ្ឋ​ដែល​ចូលរួម​មាន​ប្រមាណ ៥០​នាក់ ដោយ​ឡែក​ការ​ដាក់​ញត្តិ​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មីនា មាន​ស្ត្រី ៤​នាក់​ប៉ុណ្ណោះ​មក​ពី​សមាគម​បឹងកក់ សហគមន៍​បុរីកីឡា ៣​មករា សហគមន៍​នៅ​ក្បែរ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ហើយ​ការ​ដាក់​ញត្តិ​នេះ ក៏​មាន​ការ​ឃ្លាំ​មើល​ពី​មន្ត្រី​ស៊ីវិល​របស់​រដ្ឋាភិបាល​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។