តំណាង​សហគមន៍​ដីធ្លី​ម្នាក់ ជំរុញ​អាជ្ញាធរ​ឱ្យ​ស្វែងរក​ជន​ដៃដល់ ដែល​វាយ​​លោក

ដោយ ថា ថៃ
2022.10.17
Share on WhatsApp
Share on WhatsApp
តំណាង​សហគមន៍​ដីធ្លី​ម្នាក់ ជំរុញ​អាជ្ញាធរ​ឱ្យ​ស្វែងរក​ជន​ដៃដល់ ដែល​វាយ​​លោក ​វេទិកា​ប្រជាពលរដ្ឋ​កម្ពុជា (CPF) ឆ្នាំ២០២២ ដែល​រៀបចំ​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្ដី​អំពី “ការពារ​លំហ​ពលរដ្ឋ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ដើម្បី​សមធម៌ និង​យុត្តិធម៌​នៅ​កម្ពុជា” ដែល​លោក ហឿន ស៊ីនាត ចូលរួម នៅ​ថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក CCFC

តំណាង​សហគមន៍​ដីធ្លី​ម្នាក់ ស្នើសុំ​អាជ្ញាធរ​ឱ្យ​ស្វែងរក​ជន​ដៃដល់ ៣នាក់ ដែល​ព្រួត​គ្នា​ប្រើ​ហិង្សា​លើ​រូប​លោក​បណ្ដាល​ឲ្យ​រង​របួស​ក្បាល និង​ក្រោម​ភ្នែកខាងឆ្វេងដេរ៣ថ្នេរ។

តំណាង​សហគមន៍​ស្រែប្រាំង នៅ​ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក ហឿន ស៊ីនាត រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៧ តុលា ថា ជន​មិន​ស្គាល់​មុខ ៣នាក់ ជិះ​ម៉ូតូ ២គ្រឿង ចុះ​មក​ព្រួត​វាយ​លោក​ទាំង​កម្រោល​ដោយ​គ្មាន​មូលហេតុ ខណៈ​លោក និង​មិត្តភ័ក្ដិ ២នាក់​ទៀត បាន​ដើរ​ទៅ​រក​ទិញ​អាហារ​បរិភោគ បន្ទាប់​ពី​ពួក​លោក​ចូលរួម​វេទិកា​ប្រជាពលរដ្ឋ​កម្ពុជា (CPF) ឆ្នាំ២០២២ ដែល​រៀបចំ​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្ដី​អំពី “ការពារ​លំហ​ពលរដ្ឋ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ដើម្បី​សមធម៌ និង​យុត្តិធម៌​នៅ​កម្ពុជា”។ លោក បញ្ជាក់​ថា ហេតុការណ៍​នេះ កើត​ឡើង​នៅ​តំបន់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​ជាង ៨យប់ ថ្ងៃ​ទី១៦ ខែតុលា។ សកម្មជន​ដីធ្លី​រូប​នេះ​អះអាង​ថា លោក មិន​ដែល​ស្គាល់ ឬ​មាន​ទំនាស់​ជាមួយ​ជន​ដៃដល់​ឡើយ ដូច្នេះ​លោក​សង្ស័យ​ថា ករណី អាច​ជា​ការ​វាយ​ច្រឡំ ឬ​អាច​ជា​ការ​រៀបចំ​ដោយ​ក្រុម​ណា​មួយ ដើម្បី​បំបាក់​ស្មារតី​លោក កុំ​ឲ្យ​ចូលរួម​រឿង​កិច្ច​ការងារ​សង្គម និង​បញ្ហា​ដីធ្លី៖ «គាត់​ជិះ​ម៉ូតូ​មក​ឈប់​នៅ​កន្លែង​ខ្ញុំ ហើយ​វាយ​ខ្ញុំ​តែ​ម្ដង ហើយ​វាយ​ហើយ គាត់​ឡើង​ម៉ូតូ​ទៅ​វិញ​ទៅ។ អ្នក​ទាំង​នោះ​ចំណាស់​ដែរ មើលទៅ ២០ ទៅ ៣០ឆ្នាំ​ហើយ។ ខ្ញុំ​អត់​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ទេ ឬ​ឌឺដង​ជាមួយ​អ្នក​ណា​ដែរ ដោយសារ​ខ្ញុំ​អត់​ដែល​ស្គាល់​កន្លែង​ហ្នឹង​ទេ។ ជូន​កាល ខ្ញុំ​ដាក់​ការ​សង្ស័យ​ថា វាយ​ច្រឡំ ឬ​គាត់​ជក់​គ្រឿងញៀន ឬ​មួយ​ទៀត ការ​វាយ​នេះ​បើ​គាត់​មាន​ត្រៀម​ទុក ខ្ញុំ​សង្ស័យ​ថា ដោយសារ​ពួក​ខ្ញុំ​ជា​សកម្មជន​ដីធ្លី ក្រែងលោ​គេ​បោះដៃ បោះ​អី​មក​ឲ្យ​វាយ​ខ្ញុំ។ នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ។ ខ្ញុំ​សំណូមពរ​ដល់​សមត្ថកិច្ច ដោយសារ​ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​ដល់​ប៉ុស្តិ៍​ដើម​ថ្កូវ។ ដូច្នេះ​សូម​ជួយ​ស្វែងរក​ជន​ដៃដល់​មក​ដាក់​ទោស​ទៅ​តាម​ច្បាប់»

រូបភាព​ពី​វីដេអូ​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ថា ខណៈ​លោក ហឿន ស៊ីនាត កំពុង​ដើរ​នៅ​លើ​ដង​ផ្លូវ ស្រាប់​តែ​បុរស ៣នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង​ចុះ​មក​ព្រួត​វាយ​លោក ហឿន ស៊ីនាត នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន​ទៀត ហើយ​ចេញ​ជិះ​គេច​ចេញ​ភ្លាម។ ក្រោយ​ពេល​កើត​ហេតុ ជន​រង​គ្រោះ បាន​ដាក់​បណ្ដឹង​ទៅ​អាជ្ញាធរ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ផ្សារ​ដើម​ថ្កូវ កាល​ពី​ថ្ងៃ​ទី១៧ ខែតុលា ដើម្បី​ឲ្យ​តាម​ចាប់​ជន​ដៃដល់​ទាំង​នោះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ លោក​បន្ថែម​ថា ពលរដ្ឋ​ដែល​រស់នៅ​កន្លែង​កើត​ហេតុ បាន​ប្រាប់​លោក​ថា ជន​ដៃដល់ គឺ​ជា​ជាង​ផ្សារ​ដែក​នៅ​តំបន់​នោះ។ ដូច្នេះ លោក​សង្ឃឹម​ថា អាជ្ញាធរ នឹង​ដោះ​ស្រាយ​រឿង​នេះ​ដោយ​យុត្តិធម៌ ដើម្បី​លុប​បំបាត់​ការ​សង្ស័យ និង​ការ​រិះគន់​នានា។

ជុំវិញ​រឿង​នេះ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​ដើមថ្កូវ លោក សូ សំបាន មិន​បាន​ឆ្លើយ​តប​ថា លោក បាន​ស្រាវជ្រាវ ឬ​ដោះ​ស្រាយ​បែប​ណា ចំពោះ​បណ្ដឹង​របស់​ជន​រង​គ្រោះ​នោះ​ទេ ហើយ​លោក ហាក់​ដូច​ជា​ចាត់​ទុក​ជា​រឿង​តូចតាច។ លើស​ពី​នេះ​លោក បែរ​ជា​ខឹង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ដែល​ទូរស័ព្ទ​សួរ​នាំ​លោក​អំពី​រឿង​នេះ​នៅ​ពេល​យប់ ហើយ​ចុច​ផ្ដាច់​ទូរស័ព្ទ​វិញ៖ «គ្រាន់តែ​គេ​ប៉ះ អូ! គេ​នេះ​គាត់​នៅ​កន្លែង​លក់ដូរ​ហើយ​ម៉ោង​ថ្មើរ​នេះ បង​ឯង​ខល​មក​ខ្ញុំ​សួរ​រឿង​អ៊ីចឹង»

លោក ហឿន ស៊ីនាត ដែល​ជា​ជន​រង​គ្រោះ គឺ​ស្ថិត​ក្នុង​ចំណោម​តំណាង​សហគមន៍​ស្រែប្រាំង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន ៨នាក់ ដែល​សាលាដំបូង​ខេត្តត្បូងឃ្មុំ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ៧ឆ្នាំ ពី​បទ​កំហែង​យក​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​តែ​ព្យាយាម​ធ្វើ​សកម្មភាព​ការពារ​ដីធ្លី​សហគមន៍​របស់​ពួក​គាត់ ដែល​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមិនីវេន អ៊ិនវេស្តមេន (Hamenivent Investment) ឈូស​ឆាយ​រំលោភ​យក​ទំហំ ៧៨៥ហិកតារ។ប៉ុន្តែ​ទោស​នេះ ក្រោយ​មក សាលាឧទ្ធរណ៍​ត្បូងឃ្មុំ បានបន្ថយមកត្រឹមជាង២ឆ្នាំវិញ។ គិត​មក​ទល់​ពេល​នេះ លោក ហឿន ស៊ីនាត ទើបតែ​ត្រូវ​បាន​តុលាការ​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​រយៈ​ពេល​ប្រមាណ ១ខែ​ប៉ុណ្ណោះ។

លោក ហឿន ស៊ីណាត អះអាង​ថា លោក​នឹង​បន្ត​ជំរុញ និង​តាមដាន​ករណី​លោក រហូត​ទាល់តែ​សមត្ថកិច្ច​រក​ឃើញ និង​នាំ​ខ្លួន​ជន​ដៃដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

កន្លងមក មាន​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង និង​សាច់​ញាតិ​របស់​ពួក​គេ សកម្មជន​សង្គម និង​សកម្មជន​ដីធ្លី​ជាង ៤០នាក់​ហើយ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ប្រើប្រាស់​ទម្រង់​លួច​វាយ​ប្រហាក់ប្រហែល​គ្នា​បណ្ដាល​ឲ្យ​របួស​ធ្ងន់ ហើយ​ជន​រង​គ្រោះ​ខ្លះ​បាន​ធ្លាក់​ខ្លួន​ពិការ​អស់​មួយ​ជីវិត។ ជន​រង​គ្រោះ​មួយ​ចំនួន​ទៀត មិន​ត្រឹមតែ​មិន​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ថែម​ទាំង​ត្រូវ​បាន​ជនល្មើស​លួច​វាយ​ប្រហារ​ផ្ទួនៗ គ្នា​ពីរ​លើក និង​ជន​រង​គ្រោះ​ខ្លះ​ទៀត ថែម​ទាំង​ត្រូវ​បាន​អាជ្ញាធរ ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទៀត​ផង។ ធ្ងន់ធ្ងរ​ជាង​នេះ ជន​រង​គ្រោះ​មួយ​រូប គឺ​លោក ស៊ិន ខុន ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ដែរ​នោះ ត្រូវ​បាន​ជន​ល្មើស កាប់​ប្រហារ​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​រន្ធត់។

ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព្រួយ​បារម្ភ​ជា​បន្ត​បន្ទាប់ ចំពោះ​អំពើ​ហិង្សា​លើ​សកម្មជន​គណបក្ស​ប្រឆាំង និង​សកម្មជន​សង្គម​ជា​ញឹកញាប់​នេះ និង​ចាត់​ទុក​ថា ករណី​ទាំង​នេះ គឺ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ ដែល​ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់។ពួកគេ យល់ថា ដើម្បី​បំបាត់​ការ​រិះគន់​នានា គឺ​សមត្ថកិច្ច ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ដិតដល់ ដើម្បី​ស្វែង​រក​ជន​ពាក់ព័ន្ធ ទៅ​អនុវត្ត​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ និង​លុប​បំបាត់​ភាព​ភ័យ​ខ្លាច​របស់​ពួក​គាត់៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។