សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​ស្វាយរៀង​កាត់​បន្ថយ​ចំណាយ​លើ​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ទុក​ប្រាក់​សង​បំណុល

0:00 / 0:00

សហគមន៍​រងគ្រោះ​ដីធ្លី នៅ​ខេត្ត​ស្វាយរៀង បាន​នាំគ្នា​កាត់បន្ថយ​ការ​ចំណាយ​ប្រាក់​ទៅ​លើ​អាហារ​ប្រចាំថ្ងៃ ដើម្បី​សន្សំ​ប្រាក់​ទុក​សង​ទៅ​ម្ចាស់បំណុល ។​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​មាន​វិធាន​ការ​រក​ដំណោះស្រាយ​ជាបន្ទាន់ កុំឱ្យ​ពលរដ្ឋ​រង​ទុក្ខ​កាន់តែ​ខ្លាំង​ច្រើនឡើង​ជាង​នេះ។

សហគមន៍​រងគ្រោះ​ដីធ្លី​សាមគ្គី​រមាសហែក បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៥​ខែ​វិច្ឆិកា​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​អំពិល ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ប្រមាណ​ជាង​៤​រយ​គ្រួសារ បាន​នាំគ្នា​កាត់បន្ថយ​ការ​ចំណាយ​ទៅ​លើ​ម្ហូបអាហារ ប្រចាំថ្ងៃ ដើម្បី​ទុក​ប្រាក់​ទាំង​សង​ទៅ​ម្ចាស់​បំណុល​វិញ ។ សហគមន៍​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ ដោយសារតែ​ពួកគេ​មិនអាច​រក​ប្រាក់​ចំណូល និង​មួយវិញទៀត​ពួកគេ​កំពុង​តែ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​ដែល​ពួកគាត់​អះអាង​ថា បាន​រំលោភ​យក​ដី​របស់​គាត់។

តំណាង​សហគមន៍​សាមគ្គី​រមាសហែក លោកស្រី ខៀវ សារុន ឱ្យ​ដឹង​បន្ថែម​ថា សហគមន៍​របស់​លោក​ស្រី ភាគច្រើន​ពឹងផ្អែក​ទៅលើ​មុខរបរ​កសិកម្ម ធ្វើស្រែ ដាំដំឡូង និង​ដាំ​បន្លែ ដើម្បី​លក់​បាន​ប្រាក់​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​សង​ម្ចាស់បំណុល ប៉ុន្តែ​ដោយសារតែ​ទំនិញ​នៅ​លើ​ទីផ្សារ​ក៏​មាន​ការ​កើនឡើង រីឯ​កសិផល​របស់​សហគមន៍​ក៏​លក់​មិនបាន​ថ្លៃ​ធ្វើ​ឲ្យ​ពួកគាត់​ជួប​បញ្ហា​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​។ លោកស្រី​បន្ថែម​ថា មួយ​រយៈ​ចុងក្រោយ​នេះ ប្រជា​សហគមន៍​ប្រមាណ​៩៥​ភាគរយ​កំពុង​ជាប់បំណុល​ធ្ងន់ធ្ងរ និង​កំពុង​កាត់បន្ថយ​ម្ហូបអាហារ​ហូបចុក​ប្រចាំថ្ងៃ។

លោកស្រី ខៀវ សារុន៖ «សម្រាប់​ការ​ហូបចុក​របស់​ពួកគាត់ គាត់​ថា​ពីមុន​១០.០០០​រៀល គាត់​ហូប​មួយថ្ងៃ​សឹងតែ​មិន​គ្រប់​ផង ដល់​ឥឡូវ​ហ្នឹង​១០.០០០​រៀល ការ​ចំណាយ​របស់​គាត់​ត្រឹមតែ​៥.០០០​រៀល បាន​ន័យ​ថា អត់​បរិបូណ៌​ទេ ធ្វើ​ម៉េច​បានតែ​ម៉ា​ឆ្អែត អ៊ីចឹង​ហើយ​ហ្នឹង​គឺជា​រឿង​មួយ​ទៅ​ដែល​ធ្វើ​ឱ្យ​ពិបាក​ដល់​សុខភាព​របស់​ពួកគាត់​នៅ​ពេល​ដែល​គាត់​ហូប​អាហារ​អត់​គ្រប់គ្រាន់ ហើយ​អាហារ​ហ្នឹង​ហូប​ដើម្បី​តែ​ឆ្អែត»។

រីឯ​សមាជិក​សហគមន៍​សាមគ្គី​រមាសហែក​ម្នាក់ទៀត គឺ​លោក វ៉ា ភា បាន​ឱ្យ​ដឹង​ថា គ្រួសារ​លោក​បាន​ខ្ចី​លុយ​ធនាគារ​មក​ធ្វើ​ផ្ទះ ដោយ​ក្នុង​មួយ​ខែ​ត្រូវ​សង​ជិត ៣​រយ​ដុល្លារ ហើយ​រាល់ថ្ងៃ​លោក​ត្រូវ​លក់​ទ្រព្យសម្បត្តិ​ខ្លះ និង​សន្សំ​លុយ​កូន​ធ្វើ​ការងារ​រោងចក្រ​ខ្លះ និង​ត្រូវ​បង្ខំចិត្ត​ហូបចុក រិះថាំ ដើម្បី​សន្សំ​ប្រាក់​ទុក​សង​ធនាគារ។

លោក វ៉ា ភា៖ «ហើយ​នៅ​ជាង​១​ឆ្នាំ​ទៀត បាទ​!នៅ​បង់​បន្ត​ហូរហែ​រហូត ព្រោះ​អ្វី​កូន​ទៅ​ធ្វើ​ការ​មក ខ្ញុំ​លក់​អ្វី​តិចតួចៗ ហើយ​ផ្សំគ្នា​ទៅ​បាន​បង់​គេ​១​ខែៗ​រួច​។ បានកូនៗ​គេ​ទៅ​ធ្វើការ​នៅ​រោងចក្រ​អ៊ីចឹង​ទៅ​បាន​ជំនួយ»។

សហគមន៍​គត់​សម្គាល់​ទៀត​ថា កុមារ​មួយចំនួន​ត្រូវ​ឪពុកម្ដាយ​បង្ខំ​ឱ្យ​ឈប់​រៀន រួច​ហើយ ធ្វើ​អត្តសញ្ញាណប័ណ្ណ​បន្លំ បង្កើន​អាយុ​ឱ្យ​គ្រប់​ចំនួន​ធ្វើ​ការងារ ដើម្បី​អាច​រក​ការងារ​បាន​ធ្វើ​រក​ចំណូល​ជួយ​សង​បំណុល​នៅ​ក្នុង​គ្រួសារ។ ក្រៅពីនោះ​ពលរដ្ឋ ដែល​ពេញកម្លាំង​ជាង​៥០​ភាគរយ​នៅក្នុង​ឃុំ​បាន​នាំគ្នា​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ និង​ក្រុង​បាវិត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម និង​មួយ​ផ្នែក​ធំ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ស្វាយរៀង លោក ប៉េង ពោធិ៍សា បាន​ទេ​នៅ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុងងី ប្រាប់​អាស៊ីសេរី​តាមរយៈ​សារ​តេឡេក្រាម​(Telegram) កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ថា ស្ថាប័ន​ផ្ដល់​កម្ចី​នៅ​កម្ពុជា​តែងតែ​ពិនិត្យ​តាម​គោលការណ៍​លំហូរ​សាច់ប្រាក់​មុននឹង​ផ្ដល់​កម្ចី​ដល់​អតិថិជន​។ លោក​ថា ក្នុង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច​នេះ លោក​ជំរុញ​ឱ្យ​ពលរដ្ឋ​ដែល​ជំពាក់​បំណុល មាន​ភាព ក្លាហាន និង​ស្មោះត្រង់​ក្នុង​ការចរចា​ជាមួយ​ស្ថាប័ន​ផ្ដល់​កម្ចី​ទាំងនោះ ដើម្បី​រៀបចំ​កម្ចី​ឡើងវិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ជំរុញ​ឱ្យ​រដ្ឋាភិបាល​មាន​វិធានការ​ជាក់លាក់​ជាបន្ទាន់ ដើម្បី​កុំឱ្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​កាន់តែ​ច្រើនឡើង ហើយ​រដ្ឋាភិបាល​ត្រូវតែ​រក​ការងារ​ឱ្យ​ពលរដ្ឋ និង​រក​ទីផ្សារ​ឱ្យ​កសិករ​លក់​កសិផល​មានតម្លៃ​ថ្លៃ។

លោក អំ សំអាត៖ «យើង​មើល​បញ្ហា​សេដ្ឋកិច្ច ឥឡូវ​វា​ទាក់ទង​នឹង​បញ្ហា​ការងារ​សម្រាប់​គាត់​ទី​១ ហើយ​យើង​ឃើញ​ហើយ​ការបាត់បង់​ការងារ ឬក៏​បញ្ហា​ខ្វះ​ទីផ្សារ​ការងារ ហ្នឹង​វា​ជា​ឥទ្ធិពល​មួយ​ហើយ​ដល់​កម្មករ​កម្មការិនី​ដែល​គាត់​ថយ​ការងារ សុទ្ធតែ​ជា​ផល​ប៉ះពាល់ បញ្ហា​ទី​២ គឺ​រឿង​ទីផ្សារ​របស់​កសិករ ធ្វើ​ម៉េច​ឱ្យ​ពួកគាត់​មាន​ទីផ្សារ»។

ប្រជា​សហគមន៍​ដីធ្លី​សាមគ្គី​រមាសហែក ចំនួន​២​ឃុំ គឺ​ឃុំ​អំពិល និង​ឃុំ​គរ​គី ស្ថិត​នៅ​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង មាន​ពលរដ្ឋ​ចំនួន​៤៤០​គ្រួសារ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ចាប់តាំងពី​ឆ្នាំ​២០១០ ដោយ​ក្រុមហ៊ុន​បាន​រំលោភ​យក​ដី​របស់​ពួកគេ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ទំនាស់​ដីធ្លី​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។