ពលរដ្ឋ​ថា ​ក្រសួង​ពីរ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​រឿង​ដំណោះស្រាយ​​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​កោះកុង

0:00 / 0:00

ពលរដ្ឋ ៥៧​នាក់​តំណាង​ឲ្យ​ ៧៧គ្រួសារ​ដែល​នៅ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) ក្នុង​ខេត្ត​កោះកុង ប្រមូល​ផ្ដុំ​គ្នា​សា​ជាថ្មី​នៅ​មុខ​ក្រសួង​រៀបចំ​ដែន​ដី នៅ​ថ្ងៃ​ទី២៣ មេសា ស្នើសុំ​ពន្លឿន​​ដំណោះ​ស្រាយ​​ឲ្យ​ច្បាស់លាស់​សម្រាប់​ពួក​គាត់។ ក្រោយ​ចូល​ចួប​មន្ត្រី​តំណាង​ក្រសួង​រួច​មក ពលរដ្ឋ​ថ្លែង​ថា អន្តរក្រសួង រួម​មាន​ក្រសួង​រៀប​ចំ​ដែន​ដី​ និង​ក្រសួង​បរិស្ថាន​ជា​ប្រធាន នៅ​តែ​​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ ដើម្បី​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ឲ្យ​ពួក​គាត់​ទេ។

តំណាង​សហគមន៍​ដីធ្លី​ស្រុក​គីរីសាគរ​ ខេត្ត​កោះកុង លោកស្រី សាំង ពុយ ថ្លែង​ថា ពលរដ្ឋ​ដែល​ធ្លាក់​ខ្លួន​ក្រី​ក្រ​ដោយ​សារ​រឿង​ដីធ្លី​ជាង ១០ឆ្នាំ​មក​នេះ ខក​ចិត្ត​នឹង​អន្តរ​ក្រសួង គឺ​ក្រសួងបរិស្ថាន និង​ក្រសួង​រៀបចំ​ដែន​ដី ដែល​មាន​តួនាទី​រួម​គ្នា​ដោះ​ស្រាយ ​បញ្ចប់​បញ្ហា​ដីធ្លី​ឲ្យ​ពួក​គាត់ បែរ​ជា​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ។ លោក​ស្រី​ សាំង​ ពុយ លើក​ឡើង​ថា គិត​មក​ដល់​ពេល​នេះ ពលរដ្ឋ​ ៧៧គ្រួសារ​ គ្មាន​ត្រូវ​ការ​អ្វី​ក្រៅ​ពី​ដីធ្លី​​របស់​ពួក​គាត់​មក​វិញ​នោះ​ទេ។ តំណាង​ពលរដ្ឋ​ លោកស្រី ស្នើ​សុំ​អាជ្ញាធរ ឱ្យ​កាត់​ឆ្វៀល​ដី​ពួក​គាត់​ចេញ​ពី​តំបន់​របស់​ក្រុមហ៊ុន និង​ចេញ​ប្លង់​កម្ម​សិទ្ធិ​កាន់​កាប់​ដីធ្លី​ឲ្យ​ពួក​គាត់ ហើយ​ភាគី​ក្រុមហ៊ុន​ត្រូវ​ផ្ដល់​ជា​សំណង​ទឹក​ប្រាក់ ​ទៅ​តាម​តម្លៃ​ទីផ្សារ ចំពោះ​ដី​ធ្លី​របស់​ពលរដ្ឋ​ណា​ដែល​ក្រុមហ៊ុន​ត្រូវ​ការ៖ «ពួក​បង​ត្រូវ​ការ​បញ្ចប់​ទំនាស់​ដីធ្លី​ហ្នឹង។ តែ​គាត់​រុញ​ទៅ​រុញ​មក​ បង​មើល​ឃើញ​អ៊ីចឹង​ដែរ។ ពួក​យើង​ឡើង​អស់​សង្ឃឹម​ហើយ អន្តរ​ក្រសួង​ក៏​ត្រូវ​មាន​ក្រសួង​ទាំង​ពីរ​សហការ​គ្នា ដោះ​ស្រាយ​ដែរ ហើយ​ហេតុ​អី​ក៏​ត្រូវ​រុញ​យើង​មក​អ៊ីចឹង ! ខ្ញុំ​ក៏​គិត​មាន​ការ​រ៉ាំ​រ៉ៃ​បន្ត​ អត់​មាន​វិធានការណ៍ឬក៏​ជំហរ​ដោះស្រាយ​ឲ្យ​យើង​បន្ត​អ៊ីចឹង»។

ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​​រវាង​ពលរដ្ឋ​​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន យូ​ញៀន ឌី​វេ​ឡុប​មិន គ្រុប (Union Development Group Co.,Ltd) នៅ​ខេត្ត​កោះកុង បាន​អូស​បន្លាយ​ជាង ​១០ឆ្នាំ​មក​ហើយ។ ពលរដ្ឋ​ ថា​ក្រុមហ៊ុន​ចិន យូញៀន​ នៅ​ពេល​កន្លង​មក ​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន ដើម្បី​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ក្នុង​ភូមិ​ក្បែរ​មាត់​សមុទ្រ ដោយ​ឲ្យ​សំណង​មិន​សមរម្យ​ទៅ​ពលរដ្ឋ។ ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផល​ដំណាំ​របស់​ពួក​គាត់​អស់​ជា​ច្រើន​ហិកតារ នៅ​តំបន់​ថ្ម​ពាន ក្នុង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។

អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ លោក អេ ប៊ុនធឿន ដែល​ជួប​ពលរដ្ឋ​នៅ​ក្រសួង​រៀប​ចំ​ដែនដី ប្រាប់​អាស៊ី​សេរី​​ថា ​ការ​សម្រេច​ដោះ​ស្រាយ​វិវាទ​ដីធ្លី​​នៅ​ខេត្ត​កោះកុង​ អាច​ធ្វើ​បាន​ អាស្រ័យ​លើ​គណៈកម្មការ​អន្តរ​ក្រសួង​ ដែល​មាន​ក្រសួង​បរិស្ថាន​ជា​ប្រធាន។ លោក អេ ប៊ុនធឿន បញ្ជាក់​ថា រាល់​ញត្តិ​​ដែល​ពលរដ្ឋ​​ដាក់​នៅ​ក្រសួង​រៀបចំ​ដែន​ដី​កន្លង​មក​នោះ គឺ​បាន​បញ្ជូន​ទៅ​គណៈកម្មការ​អន្តរក្រសួង​​រួច​រាល់​ហើយ៖ «បាទ ! គណៈកម្មការ​អន្តរ​ក្រសួង​ខ្ញុំ​មិន​បាន​ជ្រាប​ថា ចំណាត់​ការ​ក្នុង​រឿង​ហ្នឹង​ទេ​ណា៎ បាទ! ពី​ព្រោះ​អី​ខាង​ក្រសួង​ គាត់​ចេញ​ចំណាត់​ការ​រឿង​ហ្នឹង​ហើយ។ ខ្ញុំ​បាន​ជម្រាប​ជូន​បង​ប្អូន​ប៉ុណ្ណឹង ហើយ​នឹង​បាន​ពាំ​នាំ​សំណូមពរ​មួយ​ចំនួន​ដាក់​ជូន​ថ្នាក់​ដឹកនាំ និង​ក្រសួង​ផ្សេងៗ ទៀត» ។

អាស៊ី​សេរី​ព្យាយាម​សុំ​ការ​បំភ្លឺ​រឿង​នេះ ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភ័ក្ត្រា ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ តែ​មិន​មាន​អ្នក​ទទួល។ ក៏​ប៉ុន្តែ ​លោក នេត្រ ភ័ត្ត្រា ធ្លាប់​បាន​ប្រាប់​អាស៊ី​សេរី​ថា ស្ថានភាព​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​មិន​ធ្ងន់ធ្ងរ​ដូច​មុន​ឡើយ ហើយ​ក្រសួង​បរិស្ថាន កំពុង​បន្ត​ខិតខំ​ដោះ​ស្រាយ​ជម្លោះ​ដែល​នៅ​សេសសល់ តាម​រយៈ​កំណត់​អត្តសញ្ញាណ​របស់​ប្រជាជន​ដែល​មាន​ផល​ប៉ះពាល់​ជាក់​ស្ដែង។ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះ ធ្លាប់​អះអាង​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ មិន​បាន​ផ្ដល់​ប៉ះពាល់​ដល់​បរិស្ថាន​និង​ជីវភាព​ប្រជាពលរដ្ឋ ដូច​ការ​ចោទ​ប្រកាន់​តាម​ប្រព័ន្ធ​ព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ឡើយ។ លោក​បាន​បញ្ជាក់​ថា ក្រសួង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់ ដាក់​សំណើ ឬ​របាយការណ៍​ភស្តុតាង និង​បញ្ជី​ស្នាម​ផ្សេងៗ ជូន​ក្រសួង ដើម្បី​ពិនិត្យ​ដោះ​ស្រាយ​តាម​បច្ចេកទេស និង​នីតិវិធី។

កាល​ពី​ចុង​ខែ​មីនា ប្រជា​ពលរដ្ឋ​ខេត្ត​កោះកុង​ប្រមាណ​ជិត​ ៣០នាក់ បាន​ទៅ​ស្វែង​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​បរិស្ថាន ប៉ុន្តែ​ពួក​គាត់​មិន​បាន​ទទួល​ការ​សន្យា​ជាក់​លាក់​ណា​មួយ​ ពី​មន្ត្រី​ក្រសួង​នេះ​ថា នឹង​ចុះ​ដោះ​ស្រាយ​ឲ្យ​ពួក​គាត់​នៅ​ពេល​ណា​នោះ​ទេ។

មន្ត្រី​ប្រឹក្សា​ផ្នែក​ច្បាប់​នៃ​អង្គការ លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួ អ៊ីន យល់​ថា ក្រសួង​បរិស្ថាន និង​ក្រសួង​រៀបចំ​ដែនដី គួរ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ចិន ហើយ​គួរ​គោរព​ពាក្យ​ពេចន៍​របស់​ខ្លួន​ ដែល​បាន​​សន្យា​នឹង​ពលរដ្ឋ​ នា​ពេល​កន្លង​មក។ មន្ត្រី​ផ្នែក​ច្បាប់ និង​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រូប​នេះ នៅ​តែ​មាន​ជំនឿ​ថា ដំណោះ​ស្រាយ​សម្រាប់​ពលរដ្ឋ​ ៧៧គ្រួសារ ប្រាកដ​ជា​មាន បើ​អន្តរក្រសួង​មាន​ឆន្ទៈ​ពិត​ប្រាកដ​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​មែន​នោះ៖ «ខ្ញុំ​យល់​ថា​ការ​ងារ​ហ្នឹង​ ដោះ​ស្រាយ​ស្ទើរ​តែ​អស់​ហើយ។ ប្រជាពលរដ្ឋ​ ក្រុម​គាត់​នេះ គឺ​មាន ៧៧គ្រួសារ​ទេ ដែល​នៅ​សល់​ ដែល​គេ​បែង​ចែក​នៅ​ក្រៅ​និង​ក្នុង​មូលដ្ឋាន។ ហើយ​អ៊ីចឹង !​ ខាង​ក្រសួង​នៅ​តែ​ប្រាប់​ប្រជាពលរដ្ឋ​ថា នៅ​តែ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ហើយ​ទំនាស់​ហ្នឹង​នៅ​តែ​អូស​បន្លាយ​ជាង​ ១០ឆ្នាំ​មក​ហើយ ហើយ​ប្រជាពលរដ្ឋ​កាន់​តែ​លែង​មាន​ទំនុក​ចិត្ត​ហើយ​ខាង​ក្រសួង។ ដោយ​សារ​តែ​គាត់​អត់​មាន​ទំនុក​ចិត្ត​ហ្នឹង​ហើយ បាន​គាត់​ចេះ​តែ​ឡើង​ទៅ​ក្រសួង។ ពួក​គាត់​ត្រូវ​រស់​រង​ទុក្ខ​លំបាក ហើយ​មិន​ដឹង​ថា​រំពឹង​ទៅ​អី ពេល​ដែល​មាន​ទំនាស់​ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឆ្លើយ​ដោះសា​រក​តែ​រួច​ខ្លួន ពន្យារ​ពេល​អ៊ីចឹង ហើយ​បើ​ក្រសួង​គ្មាន​សមត្ថភាព​ទេ គួរ​តែ​ពិចារណា​ទៅ» ។

កាលពី​ថ្ងៃ​ទី១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៨ លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ដែល​មាន​យោង​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ហើយ​បាន​ដាក់​ចូល​សាលា​ខេត្ត​កោះកុង​ ឲ្យ​ដឹង​ថា៖ «ក្រសួង​បរិស្ថាន​ត្រូវ​សិក្សា​ការ​កាត់​ឆ្វៀល​ដី​នៅ​ទីតាំង​ឃុំ​ព្រែក​ខ្សាច់​ ស្រុក​គិរី​សាគរ​ និង​ទីតាំង​កៀន​ទឹក​ ឃុំ​ថ្មស​ ស្រុក​បទុម​សាគរ​ ខេត្ត​កោះកុង​ ចេញ​ពី​តំបន់​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) សម្រាប់​ផ្ដល់​ជូន​ប្រជា​ពលរដ្ឋ​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ពាក់​ព័ន្ធ»។​

របប​ក្រុង​ភ្នំពេញ​ ក៏​បាន​បញ្ជាក់​ក្នុង​លិខិត​នោះ ​ដោយ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ យូ​ញៀន ឌីវេឡុបមិន គ្រុប ​( Union Development Group Co.,Ltd) ត្រូវ​រក្សា​ទុក​ព្រៃ​កោង​កាង​ ព្រៃ​លិច​ទឹក​ តំបន់​ព្រៃ​ស្រោង​ តំបន់​ទី​ជម្រាល​ភ្នំ​ ជា​តំបន់​អភិរក្ស នៅ​ក្នុង​ប្លង់​មេ​ និង​ការ​​អភិវឌ្ឍន៍​របស់​ខ្លួន។ ក្រោយ​មក ក្រសួង​បរិស្ថាន​ក៏​បាន​និរាករណ៍​លិខិត​ដែល​ចេញ​ដោយ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នោះ​ ចោល​វិញ។

ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប ​(Union Development Group Co.,Ltd) ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​ជាង​ ៤ម៉ឺន ​៥ពាន់​ហិកតារ (៤៥.១០០) ​ពី​របប​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៨ ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជិត​ ៤ពាន់​លាន​ដុល្លារ (៣,៨ពាន់​លាន​ដុល្លារ)។ គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​សម្បើម​មួយ​នេះ​ កំពុង​សាងសង់​នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុម​សាគរ​ ក្នុង​ខេត្ត​កោះកុង ដែល​អាច​ប្រើ​ពេល​ ២៥ឆ្នាំ​ ដើម្បី​បញ្ចប់​ការ​សាងសង់។

គម្រោង​អភិវឌ្ឍ​នេះ បាន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង​ ១ពាន់​គ្រួសារ​ ចាក​ចេញ​ពី​លំនៅឋាន ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​​នៅ​ឡើយ​មក​ដល់​ពេល​នេះ។ អង្គការ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប ​( Union Development Group Co.,Ltd) មាន​ការ​អភិវឌ្ឍន៍​តិច​តួច​លើ​ផ្ទៃ​ជាង ៤ម៉ឺន​ហិកតារ​ក្រោយ​ពី​រដ្ឋាភិបាល​សម្បទាន​ឲ្យ​កាល​ពី​ឆ្នាំ២០០៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។