ពលរដ្ឋ​ចំណុះ​ជើង​វត្ត​ខ្ទរ​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​វាស់​ដី​កន្លែង​បូជា​សព

ប្រជា​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ រាប់​រយ​នាក់ និង​ព្រះសង្ឃ បន្ត​ប្រមូល​ផ្តុំ​គ្នា​មុខ​វត្ត​ខ្ទរ ទន្ទឹង​រង់ចាំ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​វាស់​ដី​ជុំវិញ​បរិវេណ​ឈាបនដ្ឋាន ឬ​កន្លែង​បូជា​សព​វត្ត​ខ្ទរ ផ្តល់​​ប័ណ្ណ​កម្មសិទ្ធិ​ជូន​​​វត្ត​គ្រប់គ្រង។
ដោយ ដែន អយុធ្យា
2013-11-25
Share

ការ​ប្រមូល​ផ្តុំ​រង់ចាំ​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​រក្សា​ទុក​ទីតាំង​ឈាបនដ្ឋាន​វត្ត​ខ្ទរ រក្សា​ទុក​នៅ​កន្លែង​ដើម​​​វិញ​រួច​មក។

ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ រាប់​រយ​នាក់​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ ដែល​ភាគ​ច្រើន​ជា​មនុស្ស​មាន​វ័យ​ចំណាស់​មិន​ទាន់​រំសាយ​ការ​តវ៉ា​លើ​ទំនាស់​បរិវេណ​ឈាបនដ្ឋាន​វត្ត​ខ្ទរ ដែល​ក្រុមហ៊ុន អេង កាំង អភិវឌ្ឍន៍ ឈូស​ឆាយ​ទេ មក​ដល់​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​វិច្ឆិកា។

ប្រជាពលរដ្ឋ​និង​ព្រះ​សង្ឃ​បាន​អះអាង​ថា ការ​ប្រមូល​ផ្តុំ​នេះ ដើម្បី​រង់ចាំ​ស្ថាប័ន​ពាក់​​ព័ន្ធ​ជួយ​ពន្លឿន​វាស់​ដី​ឈាបនដ្ឋាន​ផ្តល់​កម្មសិទ្ធិ​​ជូន​វត្ត​គ្រប់គ្រង​ឲ្យ​បាន​ឆាប់ ព្រោះ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​ឃុបឃិត​ជាមួយ​អាជ្ញាធរ ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ដូច​ធ្លាប់​អនុវត្ត​នៅ​សហគមន៍​ផ្សេងៗ​ជា​ថ្មី​ទៀត។

-គ្រឿង​ចក្រ​ក្រុមហ៊ុន អេង កាំង ដែល​បម្រុង​កាយ​កម្ទេច​កន្លែង​បូជា​សព​នៅ​វត្ត​ខ្ទរ ដើម្បី​យក​ដី ត្រូវ​បាន​ពលរដ្ឋ​ហាម​ឃាត់ ហើយ​ដុត​នៅ​ក្បែរ​ឈាបនដ្ឋាន។ រូបថត​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៣។

-របង​ប៉ាឆា​វត្ត​ខ្ទរ​ដែល​ត្រូវ​ក្រុមហ៊ុន​កាយ​បម្រុង​កម្ទេច​ចោល តែ​ត្រូវ​អ្នក​ភូមិ​ឃាត់​ទាន់។ រូបថត​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៣

-ផ្ទាំង​គំនូរ​និយាយ​អំពី​ផល​កម្ម​នៅ​កន្លែង​តម្កល់​សព​ក្បែរ​ប៉ាឆា​វត្ត។ រូបថត​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៣

-ព្រះពុទ្ធរូប​នៅ​កន្លែង​តម្កល់​សព​ក្បែរ​ប៉ាឆា។ រូបថត​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៣

-គ្រឿងចក្រ​របស់​ក្រុមហ៊ុន អេង កាំង វាយ​ទម្លុះ​ដំបូល​ប៉ាឆា បម្រុង​កាយ​កម្ទេច​ចោល។ រូបថត​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៣

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥

 

កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​វិច្ឆិកា ប្រជា​ពុទ្ធ​បរិស័ទ និង​ព្រះសង្ឃ​វត្ត​ខ្ទរ រាប់​រយ​នាក់​និង​អង្គ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​ដុត​គ្រឿងចក្រ​របស់​ក្រុមហ៊ុន អេង កាំង អភិវឌ្ឍន៍ ដែល​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ឈាបនដ្ឋាន​វត្ត​ខ្ទរ កាល​ពី​រាត្រី​ថ្ងៃ​សុក្រ ទី​២២ វិច្ឆិកា។ ប៉ុន្តែ​ក្រោយ​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ ព្រម​ទាំង​មាន​បិទ​ផ្លូវ​ជាតិ​លេខ ៦​អា មិន​ឲ្យ​ចរាចរណ៍​ឆ្លង​កាត់​រួច​មក នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​វិច្ឆិកា រាជរដ្ឋាភិបាល​ក៏​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង ឬ​ហៅ ស.ជ.ណ ថ្មី​ភ្លាមៗ ឲ្យ​រក្សា​ឈាបនដ្ឋាន​វត្ត​ខ្ទរ នៅ​ទីតាំង​ដដែល​វិញ។

ទោះ​ជា​បែប​ណា ទាំង​ប្រជា​ពុទ្ធ​បរិស័ទ និង​ព្រះសង្ឃ​វត្ត​ខ្ទរ មិន​ទាន់​មាន​ទំនុក​ចិត្ត​ទៅ​នឹង ស.ជ.ណ របស់​រដ្ឋាភិបាល ១០០​ភាគ​រយ​ទេ ដោយ​បាន​ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​វិច្ឆិកា ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​សកម្មភាព​ចុះ​វាស់​ដី​ជុំវិញ​បរិវេណ​ឈាបនដ្ឋាន​វត្ត​ខ្ទរ ជាង ២​ហិកតារ​ជូន​វត្ត​គ្រប់គ្រង​ឲ្យ​បាន​ឆាប់។

ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ខ្ទរ​មួយ​ចំនួន​ចោទ​ថា អំពើ​ពុករលួយ​ក្នុង​ការ​រត់ការ​ប្តូរ​ទីតាំង​ឈាបនដ្ឋាន​វត្ត​ខ្ទរ ពី​ទី​តាំង​ដើម​ផ្លាស់​ទៅ​​​ទីតាំង​ថ្មី​មាន​ចម្ងាយ​រាប់​គីឡូម៉ែត្រ​របស់​ស្ថាប័ន​ពាក់ព័ន្ធ ជា​ដើម​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ និង​ព្រះ​សង្ឃ​ផ្ទុះ​ការ​តវ៉ា​ដុត​កម្ទេច​គ្រឿង​ចក្រ​ក្រុមហ៊ុន ដែល​ឈូស​ឆាយ​រំលោភ​យក​ដី​វត្ត។

យ៉ាង​ណា​ក៏ដោយ ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា បាន​ប្រកាស​លុបចោល​សេចក្ដី​ជូន​ដំណឹង ឬ ស.ជ.ណ ស្ដីពី​ការ​ផ្លាស់ប្ដូរ​ទីតាំង​ឈាបនដ្ឋាន​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ ទៅ​កាន់​ទីតាំង​ថ្មី​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អេង កាំង បន្ត​ផែនការ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដោយ​ឲ្យ​រក្សា​ដី​ទីតាំង​ឈាបនដ្ឋាន​​​​ឲ្យ​នៅ​ដដែល ឬ​នៅ​កន្លែង​ដើម​​វិញ។

លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៤ វិច្ឆិកា បាន​ស្នើ​ដល់​ប្រជា​ពុទ្ធបរិស័ទ និង​ព្រះ​សង្ឃ​​​វត្ត​ខ្ទរ ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ផ្តល់​ពេល​វេលា​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ។ លោក​ថ្លែង​ថា ដី​បរិវេណ​ឈាបនដ្ឋាន​វត្ត​ខ្ទរ នឹង​មិន​មាន​ការ​ដោះដូរ​ទៀត​ទេ និង​ទុក​ជា​សម្បត្តិ​​​រដ្ឋ​នៅ​ថ្ងៃ​អនាគត។

យ៉ាង​នេះ​ក្តី នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​វិច្ឆិកា ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ មាន​មន្ត្រី​សង្កាត់ និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ជាដើម បាន​ចុះ​ទៅ​ពិនិត្យ​ដី​ជុំវិញ​បរិវេណ​ឈាបនដ្ឋាន​វត្ត​ខ្ទរ ដើម្បី​ត្រៀម​វាស់​កំណត់​ព្រំ​ដី​ដែល​ជា​កម្មសិទ្ធិ​ឯកជន ឬ​​ដី​ក្រុមហ៊ុន តាម​ប្រកាស​រាជរដ្ឋាភិបាល ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​ទេ។

​​ព្រះសង្ឃ​ច្រើន​អង្គ​គង់​នៅ​វត្ត​ពោធិព្រឹក្យ ហៅ​វត្ត​ខ្ទរ មាន​ថេរដីកា​​ថា ព្រះអង្គ​ចង់​បិណ្ឌបាត​ដល់​ផ្នែក​ពាក់ព័ន្ធ ជួយ​​​កសាង​ជា​សាលារៀន បណ្ណាល័យ សាលា​បាលី ឬ​សាលា​សំណាក់​ធម៌​ជាដើម នៅ​លើ​ទីតាំង​ដី​ឈាបនដ្ឋាន​នេះ​នៅ​ថ្ងៃ​អនាគត ជា​ជាង​ដោះដូរ​ទៅ​កាន់​ទីតាំង​ផ្សេង យក​ទីតាំង​នេះ​ផ្ដល់​ជូន​ក្រុមហ៊ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល