ការតវ៉ានេះធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី១៨ មករា ដើម្បីទាមទារឲ្យក្រុមហ៊ុនអូ.ស៊ី.អាយ.ស៊ី របស់លោកឧកញ៉ា ពង្ស ខៀវសែ បញ្ឈប់សកម្មភាពបូមខ្សាច់ដាក់នៅលើដីស្រែចំការរបស់ពួកគាត់នៅតំបន់នោះ។
ប្រជាពលរដ្ឋអ្នកតវ៉ានៅក្នុងសង្កាត់ព្រែកលៀប ចាត់ទុកការបូមខ្សាច់លប់លើដីរបស់គាត់ដោយមិនទាន់មានការព្រមព្រៀង ឬដោះស្រាយផ្ដល់សំណងដល់ពួកគាត់ឲ្យបានត្រឹមត្រូវនោះ ជាការប៉ុនប៉ងរំលោភយកដីគាត់តាមរយៈគម្រោងអភិវឌ្ឍន៍ដែលធ្វើឲ្យមានការឈឺចាប់និងទឹកភ្នែក។
ស្ត្រីអ្នកតវ៉ាម្នាក់ ឈ្មោះ ស្រី អាយុជាង ៤០ឆ្នាំ បានឲ្យដឹងថា គាត់មានដីនៅទីនោះប្រមាណ ២ពាន់ម៉ែត្រការ៉េ ហើយក្រុមហ៊ុនកាណាឌីយ៉ា និងអាជ្ញាធររដ្ឋាភិបាល បានស្នើយកដីរបស់លោកស្រីនិងពលរដ្ឋដទៃទៀតទៅអភិវឌ្ឍន៍ធ្វើក្រុងរណប ប៉ុន្តែបានកំណត់តម្លៃដីទាបជាងទីផ្សារឆ្ងាយ ទើបពលរដ្ឋមិនយល់ព្រម។ ចំណែកក្រុមហ៊ុននៅតែធ្វើសកម្មភាពបូមខ្សាច់ពន្លិចដីរបស់ពួកគាត់។ បញ្ហាដែលប្រជាពលរដ្ឋផ្ទុះការតវ៉ាជាបន្តបន្ទាប់មកនេះ គឺប្រឆាំងនឹងការគាបសង្កត់របស់ក្រុមហ៊ុន៖ «ខ្ញុំថាអត់ល្អ ព្រោះអីយើងចរចាគ្នាអត់ទាន់ត្រូវផងបូមខ្សាច់ដាក់ដីគេ អត់ត្រឹមត្រូវ»។
តម្លៃសមរម្យដែលពលរដ្ឋចង់បាន និងតាមទីផ្សារជាក់ស្ដែងនោះ គឺចាប់ពីជាង ២០០ដុល្លារ ទៅជាង ៣០០ដុល្លារទៅតាមទីតាំង និងស្ថានភាពដី ប៉ុន្តែក្រុមហ៊ុនបានកំណត់ឲ្យតែ ១៥ដុល្លារទេ ក្នុងមួយម៉ែត្រការ៉េ។
ពលរដ្ឋអ្នកតវ៉ាម្នាក់ទៀត ឈ្មោះ ឃឹម ភុន មានប្រសាសន៍ដែរថា ការតវ៉ានៅពេលនេះ សុំឲ្យបញ្ឈប់ការបូមខ្សាច់លប់លើដីរបស់ពួកគាត់សិន បន្ទាប់មកសុំឲ្យក្រុមហ៊ុនចុះមកដោះស្រាយពីបញ្ហាផ្តល់សំណង ឬតម្លៃដីជាមួយប្រជាពលរដ្ឋផ្ទាល់។ យ៉ាងណាពួកគាត់បញ្ជាក់ថា មិនទទួលយកសំណងតាមអាជ្ញាធរកំណត់ឲ្យដូចកាលមុនបោះឆ្នោតនោះបានទេ៖ «ប្រាប់ប្រជាពលរដ្ឋថា ចាប់ពីផ្លូវជាតិ 6A មក ១០០ម៉ែត្រ គឺតំបន់អភិវឌ្ឍន៍តម្លៃ ១៥ដុល្លារ អ៊ីចឹងប្រជាពលរដ្ឋគាត់មិនសប្បាយចិត្តទេ ព្រោះ ១៥ដុល្លារមិនដឹងជាគាត់ចេញទៅនៅឯណា ដូចផ្ទះខ្ញុំអី ដីលំនៅឋានមានប្រមាណ ២០០ការ៉េ បើអ៊ីចឹង ១៥ដុល្លារហ្នឹង មិនដឹងជាទិញនៅត្រង់ណាបាន»។
លោកបន្តថា អ្នកភូមិមិនជំទាស់នឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនោះទេ តែសុំឲ្យការអភិវឌ្ឍនោះធ្វើឡើងប្រកបដោយតម្លាភាព ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋសប្បាយរីករាយនឹងការអភិវឌ្ឍនោះ៖ «រីករាយអរណាស់ចំពោះគម្រោងអភិវឌ្ឍន៍ហ្នឹង ប៉ុន្តែអភិវឌ្ឍន៍ហ្នឹងកុំឲ្យប្រជាពលរដ្ឋទឹកភ្នែក អភិវឌ្ឍន៍ដើម្បីឲ្យប្រជាពលរដ្ឋរីកចម្រើន បើអភិវឌ្ឍន៍ឲ្យប្រជាពលរដ្ឋចេះតែក្រទៅ ចេះតែទឹកភ្នែកទៅ ហើយដូចខ្ញុំអីមានដីតិចតួចចេះតែថា រដ្ឋត្រូវការយក រដ្ឋត្រូវការដេញមិនឲ្យសាងសង់ មិនឲ្យធ្វើផ្ទះសម្បែង អ៊ីចឹងប្រជាពលរដ្ឋបានអីនៅ?»។
យ៉ាងណាក្តី ការតវ៉ារបស់ពលរដ្ឋបានបញ្ចប់នៅម៉ោងប្រមាណជាង ១១ថ្ងៃត្រង់ បន្ទាប់ពីចៅសង្កាត់ព្រែកលៀប លោក ព្រាប មុនី សូមឲ្យតំណាងពលរដ្ឋដែលមានដីពាក់ព័ន្ធប្រមាណជិត ១០នាក់ចូលប្រជុំដោះស្រាយនៅសាលាសង្កាត់ជាមួយលោក។
នៅក្រោយកិច្ចប្រជុំពលរដ្ឋហាក់មិនមានជំនឿចំពោះការសម្របសម្រួលរបស់អាជ្ញាធរមូលដ្ឋាននោះទេ ដោយសារអាជ្ញាធរនៅតែអះអាងថា តម្លៃតំបន់នោះក្រុមហ៊ុនទំនងជាមិនអាចផ្តល់ជូនឲ្យបានលើសពី ១៥ដុល្លារក្នុងមួយម៉ែត្រការ៉េនោះទេ។
ចំណែកចៅសង្កាត់ លោក ព្រាប មុនី បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ក្នុងលក្ខខណ្ឌមិនឲ្យថតសំឡេងថា ជំហានដំបូងលោកសុំឲ្យពលរដ្ឋផ្អាកការតវ៉ាសិន ហើយលោកយល់ព្រមសុំឲ្យក្រុមហ៊ុនផ្អាកការបូមខ្សាច់ចាក់លើដីដែលមិនទាន់ដោះស្រាយតាមការស្នើសុំរបស់ប្រជាពលរដ្ឋហើយសុំឲ្យពលរដ្ឋចូលរួមវាស់វែងដីដែលមានបញ្ហាឡើងវិញ និងបោះព្រំដីនោះឲ្យបានត្រឹមត្រូវ ហើយរង់ចាំការកំណត់ពេលមួយចរចាជាថ្មីជាមួយក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធនៅពេលក្រោយ។
តែទោះយ៉ាងណា លោកពុំបានបង្ហាញរបាយការណ៍ពិតប្រាកដពីចំនួនប្រជាពលរដ្ឋដែលមិនបានព្រមព្រៀងលក់ដីតំបន់នោះទៅឲ្យក្រុមហ៊ុនទេ តែលោកបញ្ជាក់ថា ពលរដ្ឋដែលត្រូវដោះស្រាយនោះ សម្រាប់សង្កាត់ព្រែកលៀប មានតែពីរភូមិទេ គឺភូមិគៀនឃ្លាំង និងភូមិព្រែកលៀប។
រដ្ឋាភិបាលបានសម្រេចផ្ដល់ដីនៅតំបន់ខាងកើតទន្លេសាប ក្រុងភ្នំពេញ ប្រមាណ ៣០០ហិកតារ ទៅឲ្យក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ដែលជាក្រុមហ៊ុននៃធនាគារកាណាឌីយ៉ា របស់លោកឧកញ៉ា ពង្ស ខៀវសែ ដើម្បីធ្វើការអភិវឌ្ឍតំបន់នេះទៅជាទីក្រុងរណប។ តំបន់នោះស្ថិតនៅចន្លោះទន្លេសាប និងផ្លូវជាតិលេខ ៦អា ក្នុងខណ្ឌឫស្សីកែវ ដែលប៉ះពាល់ពលរដ្ឋនៅក្នុងសង្កាត់ចំនួនបី គឺសង្កាត់ព្រែកតាសេក សង្កាត់ព្រែកលៀប និងសង្កាត់ជ្រោយចង្វារ។ អ្នកភូមិអះអាងថា ពួកគាត់កំពុងរង់នូវភាពអយុត្តិធម៌ពីគម្រោងអភិវឌ្ឍន៍មួយនេះ និងកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ និងតាមផ្លូវច្បាប់អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែពុំទាន់មានលទ្ធផលនៅឡើយ ហើយគ្រួសារមួយចំនួនបានបង្ខំចិត្តចាកចេញ ដោយទទួលសំណងដែលពួកគេមិនពេញចិត្ត ឬហៅថា ការទទួលយកជាជាងអត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។