ពលរដ្ឋ​១៣​គ្រួសារ​នៅ​ខែត្រ​ក្រចេះ​ចោទ​មន្ត្រី​យោធា​ម្នាក់​ថា​រំលោភ​យក​ដីធ្លី​ពួក​គាត់

ដោយ ម៉ែន សុធីរ
2016-12-05
Share
ជម្លោះ​ដីធ្លី ក្រចេះ ២០១៦ ៨៥៥ គ្រឿងចក្រ​របស់​មន្ត្រី​យោធា​ឈ្មោះ ទិត្យ សាម៉េង ដែល​ពលរដ្ឋ​ចោទ​ថា​ឈូស​ឆាយ​ដី​ពួក​គាត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ពលរដ្ឋ​ជាង ១០​គ្រួសារ​រស់នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខែត្រ​ក្រចេះ ចោទ​មន្ត្រី​យោធា​ម្នាក់​ថា​យក​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ចម្ការ​របស់​ពួក​គាត់​ជាច្រើន​ហិកតារ ដើម្បី​គ្រប់គ្រង​ជា​សម្បត្តិ​បុគ្គល និង​ធ្វើ​អាជីវកម្ម។ អ្នក​ភូមិ​ចោទ​ថា អាជ្ញាធរ​មិន​បាន​អើពើ​ករណី​នេះ​ទេ បើ​ទោះ​បី​ជា​ពួក​គាត់​ធ្លាប់​រាយការណ៍​ជាច្រើន​សា​ក្តី។

ពលរដ្ឋ ១៣​គ្រួសារ​រស់នៅ​ភូមិ​ស្រែរនាម ឃុំ​ឃ្សឹម ស្រុក​ស្នួល ខែត្រ​ក្រចេះ កំពុង​ស្វែងរក​ការ អន្តរាគមន៍​ពី​អាជ្ញាធរ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ករណី​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ទិត្យ សាម៉េង មក​ពី​កង​អនុសេនាធំ​លេខ​២ ឋិត​នៅ​តំបន់​ភ្នំ​ព្រិច បាន​ប្រើប្រាស់​តួនាទី​ជា​ទាហាន​បំពាន​ដីធ្លី​ពួក​គាត់​ជាង ៣០​ហិកតារ។

តំណាង​ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែរនាម លោក ធុយ ស៊ីនីន ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាង ១០​គ្រួសារ​មាន​ដី​ប្រភេទ​កសិកម្ម​ក្នុង​មួយ​គ្រួសារ​ចាប់​ពី​មួយ​ហិកតារ​ដល់ ៦​ហិកតារ គ្រប់គ្រង​តាំង​ពី​ឆ្នាំ​២០០៦ ឋិត​នៅ​ចំណុច​ច្រក​ព្រៃ​ទទឹង ត្រូវ​បាន​មន្ត្រី​យោធា​ឈ្មោះ ទិត្យ សាម៉េង យក​គ្រឿងចក្រ​ពីរ​គ្រឿង ឈូស​ឆាយ​រំលោភ​យក​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦។ លោក​កត់​សម្គាល់​ថា មន្ត្រី​យោធា​រូប​នោះ​គ្រោង​លក់​ដី​មាន​វិវាទ​ទាំងនោះ​ឲ្យ​ឈ្មួញ​ឈ្មោះ ម៉ាន់ សាលី ក្រោយ​ពី​ឈូស​ឆាយ​រួច។

លោក​ត្អូញ​ថា ពលរដ្ឋ​ធ្លាប់​បាន​រាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ឃុំ និង​មន្ត្រី​បរិស្ថាន ឲ្យ​ជួយ​ទប់ស្កាត់​សកម្មភាព​ឈូស​ឆាយ តែ​ពុំ​មាន​ដំណោះស្រាយ៖ «ការ​ប្រើ​អំណាច​រំលោភ​ពលរដ្ឋ វា​មាន​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ស្លូត​ត្រង់។ ពលរដ្ឋ​គាត់​ស្តាប់​តាម​អាជ្ញាធរ បើ​អាជ្ញាធរ​ថា​ឲ្យ​ពលរដ្ឋ​នៅ​ស្ងៀម គាត់​នៅ​ស្ងៀម។ បើ​ពួក​គាត់​ថា​មក ម្យ៉ាង​គាត់​នៅ​តែ​បន្ត​ការ​កាប់ និង​ការ​ឈូស​ឆាយ»

អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​យោធា​ឈ្មោះ ទិត្យ សាម៉េង ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៥ ធ្នូ ដោយ​លោក​បាន​ផ្តាច់​ទូរស័ព្ទ​នៅ​ពេល​អាស៊ីសេរី ទូរស័ព្ទ​ចូល។

មេ​ភូមិ​ស្រែរនាម លោក កែវ ណែត ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​បាន​ទទួល​ពាក្យ​បណ្ដឹង​ករណី​នេះ​ហើយ តែ​ពុំ​អាច​ឆ្លើយ​ថា​យ៉ាង​ណា​នោះ​ទេ ដោយសារ​ការ​ដោះស្រាយ​បញ្ហា​នេះ​ហួស​ពី​សមត្ថភាព​របស់​អាជ្ញាធរ​ភូមិ។ លោក​ថា ដី​នៅ​តំបន់​នោះ អាជ្ញាធរ​មូលដ្ឋាន​ពុំ​ទាន់​ចេញ​លិខិត​ស្នើសុំ​កាន់​កាប់​ដីធ្លី​ឲ្យ​ទៅ​បុគ្គល​ណា​មួយ​នោះ​ទេ៖ «បើ​សមត្ថកិច្ច ខ្ញុំ​ត្រឹម​ឃុំ ខ្ញុំ​ធ្វើ​ម៉េច​ចេញ ធ្វើ​មិន​ចេញ​ទេ​រឿង​ហ្នឹង។ ខ្ញុំ​បាន​ប្រាប់​គាត់​ផ្ទាល់​ហើយ ខ្ញុំ​ថា​ជួប​លោក​អភិបាល​រង​ទៅ»

អភិបាល​ស្រុក​ស្នួល លោក គង់ គឹមនី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​មិន​ទាន់​ទទួល​ព័ត៌មាន​ករណី​នេះ​ទេ។ តែ​យ៉ាង​ណា លោក​នឹង​ជំរុញ​ឲ្យ​មន្ត្រី​បច្ចេកទេស​ចុះ​ពិនិត្យ​ករណី​នេះ។ លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​រឿង​នេះ យក​ឯកសារ​ពាក់ព័ន្ធ​ដាក់​ពាក្យ​ប្ដឹង​មក​អាជ្ញាធរ​ស្រុក ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ស៊ើប​អង្កេត៖ «ឲ្យ​គាត់​ចូល​មក ហើយ​បង្ហាញ​មក​ថា​មាន​អី​ខ្លះ ដើម្បី​ឲ្យ​អាជ្ញាធរ​គាត់​ត្រួត​ពិនិត្យ​មើល។ មក​ដល់​ពេល​នេះ គឺ​អាជ្ញាធរ​ស្រុក​ពុំ​ទាន់​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ»

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ សម្ដែង​ក្តី​បារម្ភ​ចំពោះ​ពលរដ្ឋ​ដែល​ចូល​កាន់​កាប់​ដី​ព្រៃ​ឈើ ដែល​អាច​រង​សម្ពាធ​ពី​អាជ្ញាធរ​រដ្ឋាភិបាល ក្រោម​បទ​ចោទ​ថា ពលរដ្ឋ​កាន់​កាប់​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ខុស​ច្បាប់។ លោក​សង្កេត​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​រដ្ឋាភិបាល​មាន​ស្តង់ដារ​ពីរ ដែល​លោក​កម្រ​ឃើញ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​មាន​អំណាច ដូចជា​មន្ត្រី​យោធា និង​ឧកញ៉ា​ជាដើម ឃើញ​តែ​អនុវត្ត​ច្បាប់​បាន​តែ​ពលរដ្ឋ​ទន់​ខ្សោយ៖ «ចំពោះ​ពលរដ្ឋ​ក្រីក្រ បើ​សិន​ជា​រដ្ឋ​យើង​ដំណើរ​ការ​សម្បទាន​សង្គមកិច្ច​ឲ្យ​បាន​លឿន ម្ល៉េះ​លោក​នឹង​មិន​ធ្វើ​អ្វី​ខុស​ច្បាប់​ទេ។ តាម​ពិត​នេះ​ជា​កំហុស​មួយ​របស់​រដ្ឋ​យើង​ដែរ ក្នុង​ការ​គិតគូរ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​ក្រីក្រ»

អ្នក​ភូមិ​ឲ្យ​ដឹង​ទៀត​ថា លោក ទិត្យ សាម៉េង និង​លោក ទិត្យ សាម៉េត ដែល​ត្រូវ​ជា​បង​ប្អូន​បង្កើត​ធ្លាប់​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋ​នៅ​តំបន់​នោះ​ជាង ១០​គ្រួសារ​ក្នុង​ទំហំ​ដី​បណ្តោយ​ជាង ១​ពាន់​ម៉ែត្រ និង​ទទឹង ១​ពាន់​ម៉ែត្រ កាល​ពី​ឆ្នាំ​២០១៤។ ក្រោយ​មក ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ដោះស្រាយ​បញ្ហា​នេះ ដោយ​តម្រូវ​ឲ្យ​មន្ត្រី​យោធា​ទាំងនោះ​ឈ្នះ​ក្តី ហើយ​ពលរដ្ឋ​ជាង ១០​គ្រួសារ​ដែល​ចាញ់​ក្តី​នេះ អាជ្ញាធរ​ស្រុក​គ្រោង​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​ផ្សេង​ទៀត​ឲ្យ​ពលរដ្ឋ​ទាំងនោះ។ ក្រោយ​ពី​ដោះស្រាយ​ករណី​នេះ​ហើយ ពួក​គេ​បាន​លក់​ដី​ទាំងនោះ​ឲ្យ​ឈ្មួញ​នៅ​ខែត្រ​ក្រចេះ ឈ្មោះ ម៉ាន់ សាលី ហើយ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ លោក ទិត្យ សាម៉េង បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ជាង ៣០​ហិកតារ​ផ្សេង​ទៀត​ប៉ះ​លើ​ដី​ពលរដ្ឋ​ជាង ១០​គ្រួសារ​ដែល​កំពុង​មាន​វិវាទ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល