ជម្លោះដីតំបន់រមណីយដ្ឋានទឹកជ្រោះកាទៀង ក្នុងឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សម្របសម្រួលដោះស្រាយបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ក្នុងវេទិកាពិភាក្សាពិគ្រោះយោបល់តុសន្តិភាព។ ជម្លោះដីធ្លីនេះ កើតឡើងជាច្រើនឆ្នាំមកហើយរវាងសហគមន៍ជនជាតិដើមភាគតិចទំពួន ជាមួយម្ចាស់សិប្បកម្មកិនថ្ម និងភ្នាក់ងារទេសចរណ៍តំបន់ទឹកជ្រោះនៃមន្ទីរទេសចរណ៍។
ជម្លោះដីតំបន់រមណីយដ្ឋានទឹកជ្រោះកាទៀង ក្នុងខេត្តរតនគិរី ដែលកើតឡើងច្រើនឆ្នាំកន្លងទៅនេះ ត្រូវបានដោះស្រាយបញ្ចប់ បន្ទាប់ពីភាគីនៃទំនាស់យល់ព្រមប្រគល់ដីដែលសហគមន៍ទាមទារ ទៅឲ្យសហគមន៍អភិរក្សជាដីតំបន់រមណីយដ្ឋាន ហើយរួមគ្នាអភិវឌ្ឍតំបន់នោះឲ្យបានប្រសើរឡើង។
នៅថ្ងៃទី១៨ ខែធ្នូ នេះ តំណាងសហគមន៍ អ្នកសង្កេតការណ៍អង្គការក្រៅរដ្ឋាភិបាល តំណាងអាជ្ញាធរមូលដ្ឋាន មន្ត្រីអាជ្ញាធរខេត្ត មន្ត្រីជំនាញ និងតំណាងក្រុមប្រឹក្សាខេត្តរតនគិរី មានគ្នាសរុបជាង ២០នាក់ បានចូលរួមពិភាក្សាដោះស្រាយទំនាស់នេះនៅសាលប្រជុំសាកលវិទ្យាល័យបៀលប្រាយ (Build Bright University) ឋិតក្នុងក្រុងបានលុង ខេត្តរតនគិរី។ ពិធីនេះ រៀបចំឡើងដោយមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ តាមគោលការណ៍ឈ្នះៗទាំងអស់គ្នា។
ការបញ្ចាំងខ្សែវីដេអូរយៈពេល ៣០នាទីស្ដីពីតុសន្តិភាពដូចគ្នានេះ ត្រូវបានបង្ហាញជូនសមាជិកវេទិកា ដើម្បីបង្ហាញបទពិសោធន៍មុននឹងចាប់ផ្តើមដោះស្រាយជម្លោះដីតំបន់ទឹកជ្រោះកាទៀង នេះ។
កាលពីឆ្នាំ២០១១ ម្ចាស់ការដ្ឋានកិនថ្ម គឺលោកស្រី សុ សួភី បានពង្រីកដីការដ្ឋានកិនថ្មមកធ្វើជាដីដាំដុះពី ១ហិកតាររហូតមកដល់ ៨ហិកតារ។ ជាងនេះទៅទៀត ផ្ទៃដីទីតាំងព្រៃសហគមន៍មួយកន្លែង ឋិតនៅក្បែរនោះមានទំហំដី ៣ហិកតារ ត្រូវបានសហគមន៍ចោទទៅលើម្ចាស់ការដ្ឋានកិនថ្ម ថាជាអ្នកកាប់រាន ដើម្បីពង្រីកដី។ ទំនាស់ដោយឡែកមួយទៀត គឺជាទំនាស់គ្រប់គ្រងទឹកជ្រោះ ដោយសារតែសហគមន៍ថ្នាំងថ្នាក់ជាមួយភ្នាក់ងារទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្ត គឺលោក សេង ពេជ្រ ដែលបានរៀបចំគម្រោងអភិវឌ្ឍន៍ផ្ទះប្រពៃណីជនជាតិដើមជាលក្ខណៈឯកជនក្នុងតំបន់ទឹកជ្រោះ ដែលធ្វើឲ្យសហគមន៍បារម្ភថា គម្រោងនេះនឹងយកដីតំបន់ទឹកជ្រោះកាទៀង ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
តំណាងម្ចាស់ការដ្ឋានកិនថ្ម គឺលោក ទឹម មុន្នីរត្ន ថ្លែងបដិសេធថា ម្ចាស់ការដ្ឋានមិនបានកាប់រានដីព្រៃសហគមន៍ដូចការចោទប្រកាន់នោះទេ។ ហេតុនេះ ដីចំនួន ៣ហិកតារដែលកាប់រាននោះ ឋិតនៅជាកម្មសិទ្ធិដីតំបន់រមណីយដ្ឋានដដែល។ លោកគាំទ្ររក្សាដីនោះជាកម្មសិទ្ធិដីតំបន់ទឹកជ្រោះសម្រាប់តំបន់រមណីយដ្ឋាន៖ «អ្វីដែលជាការចោទប្រកាន់កន្លងទៅ ខ្ញុំសុំឲ្យចប់សព្វគ្រប់នៅពេលនេះ។ អ្វីដែលសហគមន៍ទាមទារ ហើយសំណូមពរខ្ញុំប្រគល់ជូន»។
ទាក់ទិនការចោទប្រកាន់របស់សហគមន៍អតីតភ្នាក់ងារទេសចរណ៍ទឹកជ្រោះកាទៀង លោក សេង ពេជ្រ រៀបរាប់ថា លោកមិនមានបំណងយកដីតំបន់ទឹកជ្រោះជាកម្មសិទ្ធិនោះទេ ជាពិសេសនៅពេលបច្ចុប្បន្ន លោកបានបោះបង់គម្រោងអភិវឌ្ឍន៍ផ្ទះប្រពៃណីចេញពីតំបន់ទឹកជ្រោះនោះ ព្រមទាំងបានប្រគល់ដីពីរកន្លែង គឺចំណុចជណ្ដើរដំរី និងទីលានឡើងដំរី ទៅឲ្យសហគមន៍អស់ហើយ។
អតីតដីតំបន់រមណីយដ្ឋានទឹកជ្រោះកាទៀង មានទំហំជាង ៣០ហិកតារ អមទៅដោយព្រៃឈើហ៊ុមព័ទ្ធជុំវិញ ក៏ប៉ុន្តែរហូតបច្ចុប្បន្ន មន្ទីរទេសចរណ៍ខេត្តប៉ាន់ប្រមាណថា ផ្ទៃដីតំបន់ទឹកជ្រោះ ត្រូវបានប្រជាពលរដ្ឋ និងសហគមន៍រុករានកាន់កាប់នៅសល់ប្រមាណ ៥ហិកតារប៉ុណ្ណោះ។
ប្រធានសហគមន៍កាទៀង លោក សុត សៅ សម្ដែងការរីករាយ និងត្រេកអរ ខណៈភាគីនៃជម្លោះបានយល់ព្រមប្រគល់ដីដែលសហគមន៍ទាមទារមកឲ្យសហគមន៍អភិរក្សវិញ។ លោកថា សហគមន៍នឹងសហការរៀបចំអភិវឌ្ឍតំបន់រមណីយដ្ឋានជាមួយមន្ត្រីជំនាញ រួមទាំងការរៀបចំសមាសភាពសហគមន៍ថ្មីឡើងវិញ ដើម្បីដឹកនាំអភិរក្សតំបន់រមណីយដ្ឋានឲ្យបានរីកចម្រើន៖ «យើងឃើញគាត់ត្រួសត្រាយដីកន្លែងហ្នឹង។ យើងគ្រប់គ្រងកន្លែងហ្នឹង តែយើងមិនដឹងអ្វីសោះ។ ដល់សួរទៅថា បងពេជ្រ ទិញហើយ។ ចំពោះផ្ទះបុរាណ គាំទ្រ យើងមិនជំទាស់ តែសុំឲ្យគាត់ធ្វើឲ្យច្បាស់លាស់ តើជួលប៉ុន្មានឆ្នាំ? ថ្លៃប៉ុន្មាន? យើងខ្លាចតែធ្វើកម្មសិទ្ធិទេ»។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត វិទូ កត់សម្គាល់ថា ក្រៅពីទំនាស់ពីរករណីនេះ តំបន់ដីទឹកជ្រោះកាទៀង ក៏កំពុងត្រូវបានប្រជាពលរដ្ឋ ៣គ្រួសារផ្សេងទៀត ចូលមកកាន់កាប់តាមរយៈអាជ្ញាធរមូលដ្ឋាន ដែលបានប្រគល់ដីនោះទៅឲ្យប្រជាពលរដ្ឋតាំងទីលំនៅ។ លោកទាមទារឲ្យអាជ្ញាធរដែនដី ដោះស្រាយធ្វើយ៉ាងណាអភិរក្សដីតំបន់ទេសចរណ៍មួយនេះឡើងវិញក្នុងទំហំផ្ទៃដី ១២ហិកតារ ដើម្បីរៀបចំអភិវឌ្ឍទេសចរណ៍ទឹកជ្រោះកាទៀង ទាក់ទាញវិស័យទេសចរណ៍៖ «ខ្ញុំអភិរក្សកន្លែងហ្នឹង ៤០០ម៉ែត្រ ទទឹងកាត់ផ្លូវ ៣០០ម៉ែត្រ ១២ហិកតារ ខ្ញុំអភិរក្សទៅដល់ការដ្ឋាន លោក មុន្នីរត្ន អត់មានប៉ះពាល់អ្វីទាំងអស់ ប៉ុន្តែមកទល់ថ្ងៃហ្នឹង ប្រជាពលរដ្ឋមកនៅលើដីហ្នឹង»។
ចំណែកអភិបាលរងស្រុកលំផាត់ លោក ស៊ឹង សុខនី កាត់សម្គាល់ដែរថា សហគមន៍បានដាក់ពាក្យប្ដឹងមកអាជ្ញាធរស្រុកពីការបំពានយកដីអភិរក្ស។ ហេតុនេះ ទើបអាជ្ញាធររៀបចំដោះស្រាយការប្ដឹងតវ៉ារបស់សហគមន៍ជាបន្តបន្ទាប់ រហូតមានវេទិកាតុសន្តិភាពនេះ។ លោកថា គោលបំណងនៃការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការនេះ គឺគូភាគីនៃជម្លោះមិនមានអ្នកចាញ់អ្នកឈ្នះ ពោលគឺភាគីទំនាស់ពេញចិត្តនឹងទទួលយកលទ្ធផលនេះទាំងអស់គ្នា៖ «ការដោះស្រាយដោយសន្តិវិធី គឺឈ្នះៗទាំងអស់គ្នា អត់មានភាគីខាងណាអន់ចិត្ត ភាគីខាងណាសប្បាយចិត្ត គឺយើងស្របទាំងអស់គ្នា»។
ដូចគ្នានេះដែរ សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី លោក អន សំណាង ចាត់ទុកវេទិកាតុសន្តិភាពនាពេលនេះ គឺទទួលបានជោគជ័យ។ លោកបានអំពាវនាវឲ្យអាជ្ញាធរជំនាញ មន្ត្រីមូលដ្ឋាន និងសហគមន៍ បន្តដោះស្រាយបញ្ហានៅសេសសល់ ដើម្បីរៀបចំតំបន់រមណីយដ្ឋានទឹកជ្រោះបន្តទៀត។
ទោះជាយ៉ាងនេះក្តី ប្រធានកម្មវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ឡាយ សុវត្ថារ៉ា បញ្ជាក់ថា បញ្ហាដែលនៅសេសសល់ទាក់ទិនជម្លោះដីតំបន់រមណីយដ្ឋានទឹកជ្រោះកាទៀង រួមមាន ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងតំបន់ទឹកជ្រោះ ដំណោះស្រាយពាក់ព័ន្ធការតាំងទីលំនៅប្រជាពលរដ្ឋ ៣គ្រួសារលើតំបន់ទឹកជ្រោះ និងការរួមគ្នាអភិវឌ្ឍតំបន់ទឹកជ្រោះ តាមគោលការណ៍អភិវឌ្ឍន៍វិស័យទេសចរណ៍របស់មន្ទីរទេសចរណ៍ខេត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។