ក្រុមពលរដ្ឋមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនចិន ញូញៀន ឌីវេឡុបមិន (Union Development Group) នៅខេត្តកោះកុង អន់ចិត្តនឹងអាជ្ញាធរ ដែលមិនអនុញ្ញាតឲ្យពួកគាត់ បានដាក់ញត្តិនៅមុខភូមិគ្រឹះមេដឹកនាំរបបក្រុងភ្នំពេញ នៅជិតវិមានឯករាជ្យ។ មន្ត្រីខុទ្ទកាល័យលោក ហ៊ុន សែន ថា កន្លែងទទួលញត្តិ គឺនៅខុទ្ទកាល័យក្រោមដើមពោធិ៍មុខវត្តបទុមដដែល មិនមែនមុខភូមិគ្រឹះ លោក ហ៊ុន សែន ទេ។
ពលរដ្ឋជាច្រើននាក់ កាលពីរសៀលថ្ងៃទី២៤ តុលា បានប្រមូលផ្ដុំគ្នា ដាក់ញត្តិ និងលើកបដាទាមទារឲ្យមេដឹកនាំរបបក្រុងភ្នំពេញ ចេញមុខអន្ដរាគមន៍ករណីជម្លោះដីធ្លីរវាងពលរដ្ឋ ២ស្រុក គឺស្រុកគិរីសាគរ និងស្រុកបុទុមសាគរ នៅខេត្តកោះកុង ជាមួយក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឬ យូឌីជី (UDG) ដែលអូសបន្លាយជាង ១០ឆ្នាំមកហើយ។
តំណាងពលរដ្ឋមានជម្លោះដីធ្លី មកពីស្រុកគិរីសាគរម្នាក់ លោក សំ សុភី អះអាងថា ការណ៍ដែលពួកគាត់មករកកិច្ចអន្ដរាគមន៍មុខភូមិគ្រឹះ លោក ហ៊ុន សែន ដោយសារពួកគេបានឃើញ លោក ហ៊ុន សែន តែងតាំងក្រុមការងារឲ្យចាំទទួលញត្តិ និងដោះស្រាយបញ្ជូនញត្តិពលរដ្ឋទៅស្ថាប័នពាក់ព័ន្ធ ដែលមានមេកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង ជាប្រធាន។ ប៉ុន្ដែនៅពេលពួកគេទៅដាក់ញត្តិជាក់ស្ដែង មិនមែនងាយស្រួល ដូចសេចក្តីសម្រេចបង្កើតក្រុមការងារចម្រុះទទួលពាក្យបណ្ដឹង និងតវ៉ាមុខភូមិគ្រឹះលោក ហ៊ុន សែន និងភរិយា ដែលចុះកាលពីថ្ងៃទី១៦ តុលាទេ៖ «នាយករដ្ឋមន្ត្រីគាត់ប្រកាសថា តែទទួលដឹងតែបានហើយ តែថ្ងៃនេះ ខ្ញុំមិនដឹងថា យ៉ាងម៉េចទេ ព្រោះមកដល់ឃើញរបៀបដាក់មានការរញ៉េរញៃបែបនេះ ហើយមកដាក់បែបអ៊ីចឹងទៀត»។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន កាលពីថ្ងៃទី១៦ តុលា បានចេញសេចក្តីសម្រេចមួយ ដើម្បីបង្កើតក្រុមការងារចម្រុះទទួល និងដោះស្រាយពាក្យបណ្ដឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះ លោក ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី ទាំងពីរ គឺនៅជិតវិមានឯករាជ្យ ក្រុងភ្នំពេញ និងនៅជិតបន្ទាយកងអង្គរក្ស នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រុមការងារនោះ មានសមាភាពចម្រុះ ទាំងកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលដែនដី ព្រមទាំងសមាសភាពមកពីស្ថាប័នរដ្ឋ ជាង ២០ស្ថាប័ន និងត្រូវដឹកនាំដោយ លោក ហ៊ីង ប៊ុនហៀង ជាប្រធានកងអង្គរក្ស លោក ហ៊ុន សែន។
នៅកំឡុងពេល ពលរដ្ឋជម្លោះដីធ្លីនៅខេត្តកោះកុង ទទូចស្នើសុំដាក់ញត្តិនៅមុខភូមិគ្រឹះ លោក ហ៊ុន សែន ជិតវិមានឯករាជ្យ កងកម្លាំងជាច្រើន ទាំងកងកម្លាំងសន្ដិសុខខណ្ឌ ប៉ូលិស និងជនស៊ីវិល ជាច្រើន បានរារាំងមិនឲ្យពលរដ្ឋដាក់ញត្តិ និងហាមផ្ដាច់មិនឲ្យលើកបដាតវ៉ា មុខភូមិគ្រឹះនោះ៖ «ឥឡូវក្រុមទី១ សូមនៅកណ្តាលសូមកុំនាំគ្នាលើកបដាអធ្យាស្រ័យណាអ៊ី។ ខ្ញុំមិនចង់លើកទេ ខ្ញុំគ្រាន់តែមកទាមទារថា អំពីរឿងអ្វីមានបញ្ហាអ្វីតែប៉ុណ្ណោះ ចង់បានការអន្តរគមន៍តែប៉ុណ្ណោះ»។
ក្រុមលេខារបស់ លោក ហ៊ុន សែន និងជាសមាជិកក្រុមការងារចម្រុះទទួល និងដោះស្រាយពាក្យបណ្ដឹងតវ៉ាផ្សេងៗ លោក គង់ ចំរើន បានបញ្ជាឲ្យក្រុមអ្នកដាក់ញត្តិយកញត្តិទៅដាក់នៅខុទ្ទកាល័យក្រោមដើមពោធិ៍វិញ ទើបក្រុមការងារលោកទទួល ព្រោះលោកត្រូវមានសំណួរជាច្រើន ដើម្បីសួរទៅក្រុមពលរដ្ឋជម្លោះដីធ្លីទាំងនោះ៖ «សូមឲ្យគាត់ទៅខាងនោះ មានការអីយើងនាំគ្នាទៅនិយាយគ្នាត្រង់នោះងាយស្រួលខ្ញុំជួយអន្តរគមន៍។ ហេតុអីមកឈរនៅទីនេះធ្វើឲ្យពិបាកជួយដោះស្រាយណាស់ មកៗ កុំឲ្យខ្ញុំពិបាក មកៗ អញ្ជើញមក»។
ជម្លោះរវាងពលរដ្ឋខេត្តកោះកុង ជាមួយក្រុមហ៊ុនចិន យូញៀន នៅខេត្តកោះកុង បានអូសបន្លាយរ៉ាំរ៉ៃជាង ១០ឆ្នាំមកហើយ។ ពលរដ្ឋបានចោទក្រុមហ៊ុនចិន យូញៀនថា កន្លងមកបានធ្វើសកម្មភាពជាច្រើន ដើម្បីបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន ក្នុងភូមិក្បែរមាត់សមុទ្រ ដោយឲ្យសំណងមិនសមរម្យទៅពលរដ្ឋ។ កាលពីថ្ងៃទី៥ ខែកុម្ភៈ ក្រុមហ៊ុនចិនមួយនេះ បានដុតកម្ទេចផ្ទះ និងកាប់បំផ្លាញផលដំណាំនៅតំបន់ថ្មពាន ក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុងជាដើម។
ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន គ្រុប បានជួលដីពីរបបលោក ហ៊ុន សែន កាលពីក្នុងឆ្នាំ២០០៨ ក្នុងភូមិសាស្ត្រ ឃុំចំនួន៥ នៃស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង លើទំហំផ្ទៃដីចំនួន ៣ម៉ឺន៦ពាន់ហិកតារ ដើម្បីធ្វើជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្ម ដែលរួមមានការសាងសង់ព្រលានយន្តហោះ និងទីលានវាយកូនគោល ដែលមានតម្លៃសរុបចំនួន ៥ពាន់លានដុល្លារ។ កាលពីឆ្នាំ ២០១១ ក្រុមហ៊ុនចិន មួយនេះ បានជួលដីពីរដ្ឋាភិបាលជាង ៩ពាន់ហិកតារថែមទៀត។ ការផ្តល់ដីសម្បទាននេះ គឺបានប៉ះពាល់ដីប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ហើយមកដល់ពេលនេះ នៅមិនទាន់ដោះស្រាយចេញនៅឡើយ។
បើទោះយ៉ាងណា ពលរដ្ឋអះអាងថា ពួកគាត់បានដាក់ញត្តិច្រើនលើកច្រើនសាហើយ នៅតាមស្ថាប័នរដ្ឋ រយៈពេលជាង ១០ឆ្នាំមកនេះ។ ពួកគេទទូចឲ្យអាជ្ញាធរដោះស្រាយជូនពួកគាត់ ហើយបញ្ឈប់ការប្រើហេតុផលផ្សេងៗ ដូចជា ញ្ញត្តិពលរដ្ឋខុសបែបបទរដ្ឋបាល ឬថ្ងៃនេះមន្ត្រីរវល់ជាដើម ព្រោះពួកគាត់តវ៉ាជាង ១០ឆ្នាំហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។