ពលរដ្ឋ​ជាង ៥០០នាក់​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ខេត្ត​កោះកុង ស្វែង​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​រៀប​ចំ​ដែនដី

ដោយ អាស៊ីសេរី
2019-03-27
Share
បញ្ហាដីធ្លី ខេត្តកោះកុង 032719 ៦២២ ពលរដ្ឋ​ជាង ៥០០នាក់​ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ខេត្ត​កោះកុង ស្វែង​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​រៀប​ចំ​ដែនដី នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ប្រជាសហគមន៍

ពលរដ្ឋ​ជាង ៥០០នាក់ ​តំណាង​ឲ្យ​ពលរដ្ឋ​ជាង​ ១.២០០គ្រួសារ​ មក​ពី​ស្រុក​ចំនួន​បី​ នៃ​ខេត្ត​កោះ​កុង ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​ក្រសួង​ដែន​ដី ​ក្នុង​រាជធានី​ភ្នំពេញ​ ស្នើ​សុំ​រដ្ឋមន្ត្រី​ លោក ជា សុផារ៉ា ពន្លឿន​ដំណោះស្រាយ​ឲ្យ​ពួកគាត់ ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ថៃ។ ប៉ុន្តែ​មន្ត្រី​ក្រសួង​តម្រូវ​ឲ្យ​ពលរដ្ឋ​វិល​ទៅ​រក​ដំណោះស្រាយ​ពី​អភិបាល​ខេត្ត​កោះកុង​វិញ ដោយ​ពន្យល់​ថា បញ្ហា​ដីធ្លី​កើត​ឡើង​ក្នុង​ខេត្ត​ណា អភិបាល​ខេត្ត​នោះ​ជា​អ្នក​ដោះស្រាយ។

តំណាង​ពលរដ្ឋ​ដែល​មកពី​ស្រុក​ស្រែ​អំបិល ស្រុក​បទុម​សាគរ និង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង លោក ឈឹម សុផាន ប្រាប់​ថា ពួក​គាត់​ធ្វើ​ដំណើរ​មក​ក្រសួង​ដែនដី​ ដើម្បី​ចង់​ដឹង​អំពី​ដំណោះ​ស្រាយ​ដីធ្លី ក្រោយ​ពី​ដាក់​ជាង​ ៤ខែ​មកនេះ តែ​មិន​ឃើញ​មាន​ចំណាត់​ការ​ណា​មួយ​ពី​ក្រសួង​នៅឡើយ។ ក្នុង​ពេល​តវ៉ា​នេះ ពលរដ្ឋ​ទាមទារ ឲ្យ​ក្រុមហ៊ុន​កាត់​ឆ្វៀល​ដី​ប្រគល់​ពួកគាត់​មក​វិញ​តាម​រយៈ​នយោបាយ​ស្បែក​ខ្លា និង​ផ្ដល់​សំណង​ឲ្យ​ពលរដ្ឋ​ ១ម៉ឺន​ដុល្លារ​ចំពោះ​ការ​ក្រុមហ៊ុន​បាន​ឈូស​បំផ្លាញ​ផល​ដំណាំ​ពួក​គាត់។

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​កោះកុង ​និង​ក្រសួង​ដែនដី រួមគ្នា​ចុះ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ ដល់​ពលរដ្ឋ​ជាង ១.២០០គ្រួសារ ឲ្យ​បាន​ឆាប់​ ព្រោះ​ពួក​គាត់​ត្រូវ​ការ​ដីធ្លី​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត៖ «ទី១ សុំ​ជំនួប​ជាមួយ​ជំទាវ​អភិបាល​ខេត្ត ឱកាស​ណា​ពេល​ណា ដែល​អាច​ដោះ​ស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្ញុំ​ជា​អ្នក​រង​គ្រោះ​បាត់​បង់​ដីធ្លី​ហ្នឹង ដើម្បី​ធ្វើ​ការ​ចរចា​គ្នា​ឲ្យ​បាន​ឆាប់​ កុំ​ធ្លាក់​កាន់​តែ​ក្រ​ទៅៗ។ សូម​លោក​ជំទាវ​ចុះ​ស៊ើប​អង្កេត​ឲ្យ​បាន​ពិត​ប្រាកដ​ថា​ដី​បង​ប្អូន​នេះ ពិត​មែន​ឬក៏​អត់។ ប្រជាពលរដ្ឋ​ក្រី​ក្រ​យើង​ខ្ញុំ​នេះ នៅ​ភូមិ​កណ្ដោល​ស្រុក​បទុម​សាគរ និង​ស្រុក​ថ្ម​បាំង​នេះ បើ​អត់​មាន​រំលោភ​ដីធ្លី បាត់​បង់​ដីធ្លី គឺ​មិន​ហ៊ាន​ប្ដឹង​ផ្ដល់​ទេ ព្រោះ​ខ្លាច​ទោស​ព្រហ្មទណ្ឌ»

ក្រោយពី​ជួប​មន្ត្រី​ក្រសួង​ដែនដី នៅ​ព្រឹក​ថ្ងៃ​ទី២៧ មីនា លោក ឈឹម សុផាន ឲ្យ​ដឹង​ថា​ ក្រសួង​តម្រូវ​ឲ្យ​វិល​ទៅ​ជួប​អភិបាល​ខេត្ត​កោះកុង​ អ្នក​ស្រី មិថុនា ភូថង វិញ​ ដើម្បី​រក​ដំណោះស្រាយ​រឿង​ជម្លោះ​ដីធ្លី​នេះ។ អភិបាលខេត្ត​កោះកុង អ្នក​ស្រី មិថុនា ភូថង ប្រាប់​អាស៊ី​សេរី​ដោយ​ខ្លី​ថា ខាង​ខេត្ត​នឹង​ពិនិត្យ​មើល​សំណើ​ពលរដ្ឋ ហើយ​នឹង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ ដែល​នៅ​សេស​សល់៖ «ចាស! អរគុណ​បង​ខ្ញុំ​ធ្វើ​ទៅ​តាម​គោលការណ៍​ច្បាប់​ហើយ​ពី​ការងារ​ គាត់​មាន​ឯកសារ​អី​គ្រប់​គ្រាន់។ ហើយ​ខ្លះ​ប្រជា​ពលរដ្ឋ គេ​មាន​សេចក្ដី​ប្រកាស​ចុង​ឆ្នាំ២០១៧ ២០១៨ នេះ គាត់​មាន​រយៈពេល ១ខែ គឺ​គាត់​ឡើង​មក​ភ្នំពេញ​ហើយ​ឬនៅ ហើយ​គាត់​មាន​បាន​ធ្វើ​តាម​ការងារ​ដែល​ក្រសួង​គេ​បាន​រៀបចំ​អត់ ទាក់​ទង​នឹង​ការ​ងារ​ហ្នឹង។ ហើយ​រដ្ឋ​ក៏​មាន​គោលជំហរ​ដោះស្រាយ​ម្ដង​ហើយ​។ យើង​ក៏​មើល​ទៅ​ជាក់​ស្ដែង​ការងារ​នេះ។ ចាស! ខ្ញុំ​ពិនិត្យ​ទៅ​របាយការណ៍​គាត់​ច្បាស់​លាស់​ហើយ​ខ្ញុំ​ដាក់​កាល​កំណត់​ទៅ​តាម​ថ្ងៃ​ហ្នឹង ព្រោះ​ទីកន្លែង​គាត់​មាន​ការ​អង្កេត​ផ្សេង​គ្នា»

កាល​ពី​កំឡុង​ខែ​ឧសភា ដល់​ខែ​មិថុនា ឆ្នាំ២០១៨ ក្រសួង​ក្រសួង​ដែនដី នគរោបនីយកម្ម និង​សំណង់ បាន​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ ៥ក្រុម សរុប​ជិត ១ពាន់​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អំពៅ​ទាំង​ពីរ​នេះ។ សំណង​ដែល​ក្រសួង​ផ្ដល់​ឲ្យ​នោះ គឺ​មិន​ដូច​គ្នា​ដោយ​គ្រួសារ​មួយ​ចំនួន ទទួល​បាន​ដី​ ២ហិកតារ ថវិកា​ ២ពាន់​ដុល្លារ គ្រួសារ​មួយ​ចំនួន​ទៀត ទទួល​បាន​ដី ២ហិកតារ ថវិកា​ ២ពាន់ ​៥រយ​ដុល្លារ ចំណែក​គ្រួសារ​ផ្សង​ទៀត​បាន​ដី​ ២ហិកតារ។

ចំពោះ​ពលរដ្ឋ​ជាង ៥០០នាក់ ដែល​ឡើង​មក​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ អះអាង​ថា​ ពួក​គេ​នៅ​មិន​ទាន់​ទទួល​ដំណោះស្រាយ​នៅ​ឡើយ។ តំណាង​ពលរដ្ឋ​ លោក ឈឹម សុផាន ថា ​បញ្ហា​ដីធ្លី​នេះ ​បណ្ដាល​ឲ្យ​ពួក​គាត់​ជា​ច្រើន​គ្រួសារ​ ត្រូវ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​បាត់​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ ​ដោយ​សារ​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ។

មន្ត្រី​ប្រឹក្សា​ផ្នែក​ច្បាប់​នៃ​អង្គការ​ លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក ហួរ អ៊ីន យល់​ថា ករណី​ដែល​ក្រសួង​ដែន​ដី​ ដាក់​បន្ទុក​​ឲ្យ​អាជ្ញាធរ​ខេត្ត ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​យូរ​ឆ្នាំ​មក​នេះ នឹង​មិន​មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​ថា ​ខេត្ត​មិន​មាន​ដែន​សមត្ថកិច្ច​ និង​វិសាល​ភាព​ដូច​ក្រសួង​ទេ។

មន្ត្រី​ឃ្លាំ​មើល​ផ្នែក​សិទ្ធិ​មនុស្ស​រូប​យល់​ថា ដើម្បី​ដោះស្រាយ​បញ្ចប់​រាល់​បញ្ហា​ លុះ​ត្រា​តែ​មាន​កិច្ច​សហការ​គ្នា​រវាង​ក្រសួង​ដែន​ដី និង​អាជ្ញាធរ​ខេត្ត​កោះកុង ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ទី​កន្លែង​ដែល​មាន​ជម្លោះ៖ «ខ្ញុំ​យល់​ឃើញ​ថា​ប្រជា​ពលរដ្ឋ​ចំនួន​ក្រុម​មក​ហើយ​ដែល​បាន​ដោះ​បញ្ចប់។ ពួក​គាត់​នេះ គឺ​ជា​ក្រុម​ថ្មី​ដែរ ដែល​ពួក​គាត់​អះអាង​ថា​ពួកគាត់​ជា​អ្នក​រងគ្រោះ​ដែរ។ បើ​ពួកគាត់​ជា​អ្នក​រង​គ្រោះ​ដែរ ក្រសួង​គួរ​តែ​ដោះ​បញ្ចប់​ឲ្យ​បាន​យុត្តិធម៌​ទទួល​យក​បាន​ទាំង​ភាគី​ក្រុមហ៊ុន​ ក៏​ដូចជា​ប្រជា​ពលរដ្ឋ​មុន​ដែល​បាន​ដោះ​ស្រាយ​ហើយ»

ពលរដ្ឋ​លើក​ឡើង​ថា អស់​រយៈ​ជាង ១០ឆ្នាំ​ទៅ​ហើយ​ដែល​ដី​កសិកម្ម​ពលរដ្ឋ​ពួក​គាត់ ត្រូវ​ក្រុមហ៊ុន​ចំនួន ២ គឺ​ក្រុមហ៊ុន​ស្ករអំពៅ កោះកុង (Koh Kong Sugar) និង​ក្រុមហ៊ុន ផ្លែនថេសិន អ៊ីនដាសស្ទ្រី (Plantation Industry) របស់​អ្នក​វិនិយោគទុន​ថៃ រំលោភ​យក ហើយ​ផល​ដំណាំ​ដាំ​ដុះ​នៅ​លើ​ដី​ជាក់​ស្ដែង មាន​ខ្នុរ ដូង ស្វាយ និង​ដំណាំ​ច្រើន​ប្រភេទ​ទៀត ក៏​ត្រូវ​ក្រុមហ៊ុន​ទាំង​ពីរ​ឈូស​ឆាយ​បំផ្លាញ​ចោល​គ្មាន​សល់។ អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ស្ករ​អំពៅ​ថៃ ទាំង ២ក្រុមហ៊ុន ដើម្បី​បំភ្លឺ​ជុំវិញ​ទំនាស់​ដីធ្លី​នេះ​បាន​ទេ។

ទំនាស់​ដីធ្លី​នេះ គឺ​មាន​វិវាទ​ជាមួយ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា ហ៊ុយ ហេង និង​ក្រុមហ៊ុន​ឈ្មោះ​កោះកុង ស៊ូហ្គើ (Koh Kong Sugar) និង​ក្រុមហ៊ុន កោះកុង ផ្លេនថេសិន (Koh Kong Plantation) របស់​អ្នក​វិនិយោគ​ទុន​ថៃ ដែល​បាន​ទិញ​ភាគ​ហ៊ុន​ពី​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល