ពលរដ្ឋជាង ៥០០នាក់ តំណាងឲ្យពលរដ្ឋជាង ១.២០០គ្រួសារ មកពីស្រុកចំនួនបី នៃខេត្តកោះកុង ប្រមូលផ្ដុំគ្នានៅខាងមុខក្រសួងដែនដី ក្នុងរាជធានីភ្នំពេញ ស្នើសុំរដ្ឋមន្ត្រី លោក ជា សុផារ៉ា ពន្លឿនដំណោះស្រាយឲ្យពួកគាត់ ក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅថៃ។ ប៉ុន្តែមន្ត្រីក្រសួងតម្រូវឲ្យពលរដ្ឋវិលទៅរកដំណោះស្រាយពីអភិបាលខេត្តកោះកុងវិញ ដោយពន្យល់ថា បញ្ហាដីធ្លីកើតឡើងក្នុងខេត្តណា អភិបាលខេត្តនោះជាអ្នកដោះស្រាយ។
តំណាងពលរដ្ឋដែលមកពីស្រុកស្រែអំបិល ស្រុកបទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង លោក ឈឹម សុផាន ប្រាប់ថា ពួកគាត់ធ្វើដំណើរមកក្រសួងដែនដី ដើម្បីចង់ដឹងអំពីដំណោះស្រាយដីធ្លី ក្រោយពីដាក់ជាង ៤ខែមកនេះ តែមិនឃើញមានចំណាត់ការណាមួយពីក្រសួងនៅឡើយ។ ក្នុងពេលតវ៉ានេះ ពលរដ្ឋទាមទារ ឲ្យក្រុមហ៊ុនកាត់ឆ្វៀលដីប្រគល់ពួកគាត់មកវិញតាមរយៈនយោបាយស្បែកខ្លា និងផ្ដល់សំណងឲ្យពលរដ្ឋ ១ម៉ឺនដុល្លារចំពោះការក្រុមហ៊ុនបានឈូសបំផ្លាញផលដំណាំពួកគាត់។
តំណាងពលរដ្ឋរូបនេះ ស្នើដល់អាជ្ញាធរខេត្តកោះកុង និងក្រសួងដែនដី រួមគ្នាចុះដោះស្រាយបញ្ចប់ជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅ ដល់ពលរដ្ឋជាង ១.២០០គ្រួសារ ឲ្យបានឆាប់ ព្រោះពួកគាត់ត្រូវការដីធ្លីធ្វើស្រែចម្ការចិញ្ចឹមជីវិត៖ «ទី១ សុំជំនួបជាមួយជំទាវអភិបាលខេត្ត ឱកាសណាពេលណា ដែលអាចដោះស្រាយឲ្យប្រជាពលរដ្ឋខ្ញុំជាអ្នករងគ្រោះបាត់បង់ដីធ្លីហ្នឹង ដើម្បីធ្វើការចរចាគ្នាឲ្យបានឆាប់ កុំធ្លាក់កាន់តែក្រទៅៗ។ សូមលោកជំទាវចុះស៊ើបអង្កេតឲ្យបានពិតប្រាកដថាដីបងប្អូននេះ ពិតមែនឬក៏អត់។ ប្រជាពលរដ្ឋក្រីក្រយើងខ្ញុំនេះ នៅភូមិកណ្ដោលស្រុកបទុមសាគរ និងស្រុកថ្មបាំងនេះ បើអត់មានរំលោភដីធ្លី បាត់បង់ដីធ្លី គឺមិនហ៊ានប្ដឹងផ្ដល់ទេ ព្រោះខ្លាចទោសព្រហ្មទណ្ឌ» ។
ក្រោយពីជួបមន្ត្រីក្រសួងដែនដី នៅព្រឹកថ្ងៃទី២៧ មីនា លោក ឈឹម សុផាន ឲ្យដឹងថា ក្រសួងតម្រូវឲ្យវិលទៅជួបអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង វិញ ដើម្បីរកដំណោះស្រាយរឿងជម្លោះដីធ្លីនេះ។ អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ប្រាប់អាស៊ីសេរីដោយខ្លីថា ខាងខេត្តនឹងពិនិត្យមើលសំណើពលរដ្ឋ ហើយនឹងព្យាយាមដោះស្រាយបញ្ហា ដែលនៅសេសសល់៖ «ចាស ! អរគុណបងខ្ញុំធ្វើទៅតាមគោលការណ៍ច្បាប់ហើយពីការងារ គាត់មានឯកសារអីគ្រប់គ្រាន់។ ហើយខ្លះប្រជាពលរដ្ឋ គេមានសេចក្ដីប្រកាសចុងឆ្នាំ២០១៧ ២០១៨ នេះ គាត់មានរយៈពេល ១ខែ គឺគាត់ឡើងមកភ្នំពេញហើយឬនៅ ហើយគាត់មានបានធ្វើតាមការងារដែលក្រសួងគេបានរៀបចំអត់ ទាក់ទងនឹងការងារហ្នឹង។ ហើយរដ្ឋក៏មានគោលជំហរដោះស្រាយម្ដងហើយ។ យើងក៏មើលទៅជាក់ស្ដែងការងារនេះ។ ចាស ! ខ្ញុំពិនិត្យទៅរបាយការណ៍គាត់ច្បាស់លាស់ហើយខ្ញុំដាក់កាលកំណត់ទៅតាមថ្ងៃហ្នឹង ព្រោះទីកន្លែងគាត់មានការអង្កេតផ្សេងគ្នា» ។
កាលពីកំឡុងខែឧសភា ដល់ខែមិថុនា ឆ្នាំ២០១៨ ក្រសួងក្រសួងដែនដី នគរោបនីយកម្ម និងសំណង់ បានដោះស្រាយឲ្យពលរដ្ឋ ៥ក្រុម សរុបជិត ១ពាន់គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអំពៅទាំងពីរនេះ។ សំណងដែលក្រសួងផ្ដល់ឲ្យនោះ គឺមិនដូចគ្នាដោយគ្រួសារមួយចំនួន ទទួលបានដី ២ហិកតារ ថវិកា ២ពាន់ដុល្លារ គ្រួសារមួយចំនួនទៀត ទទួលបានដី ២ហិកតារ ថវិកា ២ពាន់ ៥រយដុល្លារ ចំណែកគ្រួសារផ្សងទៀតបានដី ២ហិកតារ។
ចំពោះពលរដ្ឋជាង ៥០០នាក់ ដែលឡើងមកមកតវ៉ានៅរាជធានីភ្នំពេញ អះអាងថា ពួកគេនៅមិនទាន់ទទួលដំណោះស្រាយនៅឡើយ។ តំណាងពលរដ្ឋ លោក ឈឹម សុផាន ថា បញ្ហាដីធ្លីនេះ បណ្ដាលឲ្យពួកគាត់ជាច្រើនគ្រួសារ ត្រូវចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ និងបាត់ប្រាក់ចំណូលចិញ្ចឹមគ្រួសារ ដោយសារគ្មានដីធ្វើស្រែចម្ការ។
មន្ត្រីប្រឹក្សាផ្នែកច្បាប់នៃអង្គការ លីកាដូ (Licadho) ប្រចាំខេត្តកោះកុង លោក ហួរ អ៊ីន យល់ថា ករណីដែលក្រសួងដែនដី ដាក់បន្ទុកឲ្យអាជ្ញាធរខេត្ត ដោះស្រាយបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃយូរឆ្នាំមកនេះ នឹងមិនមានប្រសិទ្ធភាពឡើយ ព្រោះថា ខេត្តមិនមានដែនសមត្ថកិច្ច និងវិសាលភាពដូចក្រសួងទេ។
មន្ត្រីឃ្លាំមើលផ្នែកសិទ្ធិមនុស្សរូបយល់ថា ដើម្បីដោះស្រាយបញ្ចប់រាល់បញ្ហា លុះត្រាតែមានកិច្ចសហការគ្នារវាងក្រសួងដែនដី និងអាជ្ញាធរខេត្តកោះកុង ចុះពិនិត្យដោយផ្ទាល់នៅទីកន្លែងដែលមានជម្លោះ៖ «ខ្ញុំយល់ឃើញថាប្រជាពលរដ្ឋចំនួនក្រុមមកហើយដែលបានដោះបញ្ចប់។ ពួកគាត់នេះ គឺជាក្រុមថ្មីដែរ ដែលពួកគាត់អះអាងថាពួកគាត់ជាអ្នករងគ្រោះដែរ។ បើពួកគាត់ជាអ្នករងគ្រោះដែរ ក្រសួងគួរតែដោះបញ្ចប់ឲ្យបានយុត្តិធម៌ទទួលយកបានទាំងភាគីក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋមុនដែលបានដោះស្រាយហើយ»។
ពលរដ្ឋលើកឡើងថា អស់រយៈជាង ១០ឆ្នាំទៅហើយដែលដីកសិកម្មពលរដ្ឋពួកគាត់ ត្រូវក្រុមហ៊ុនចំនួន ២ គឺក្រុមហ៊ុនស្ករអំពៅ កោះកុង (Koh Kong Sugar) និងក្រុមហ៊ុន ផ្លែនថេសិន អ៊ីនដាសស្ទ្រី (Plantation Industry) របស់អ្នកវិនិយោគទុនថៃ រំលោភយក ហើយផលដំណាំដាំដុះនៅលើដីជាក់ស្ដែង មានខ្នុរ ដូង ស្វាយ និងដំណាំច្រើនប្រភេទទៀត ក៏ត្រូវក្រុមហ៊ុនទាំងពីរឈូសឆាយបំផ្លាញចោលគ្មានសល់។ អាស៊ីសេរី មិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុនស្ករអំពៅថៃ ទាំង ២ក្រុមហ៊ុន ដើម្បីបំភ្លឺជុំវិញទំនាស់ដីធ្លីនេះបានទេ។
ទំនាស់ដីធ្លីនេះ គឺមានវិវាទជាមួយភាគីក្រុមហ៊ុនលោកឧកញ៉ា ហ៊ុយ ហេង និងក្រុមហ៊ុនឈ្មោះកោះកុង ស៊ូហ្គើ (Koh Kong Sugar) និងក្រុមហ៊ុន កោះកុង ផ្លេនថេសិន (Koh Kong Plantation) របស់អ្នកវិនិយោគទុនថៃ ដែលបានទិញភាគហ៊ុនពីលោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។