ពលរដ្ឋ​ជាង​ ៦០០​នាក់​ ស្នើ​ក្រសួង​ដែន​ដី ពន្លឿន​ការ​ដោះ​ស្រាយ​រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅ​ខេត្ត​កំពង់​ស្ពឺ

ដោយ អាស៊ីសេរី
2019-04-04
Share
បញ្ហាដីធ្លី កំពង់ស្ពឺ 040419 ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ពី​ខេត្ត​កំពង់ស្ពឺ ជិត ៧០០នាក់​​ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង​រៀប​ចំ​ដែន​ដី​រក​ដំណោះ​ស្រាយ ប្រឈម​មុខ​នឹង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង ៦០នាក់ រារាំង​ការ​តវ៉ា។
រូប៖ ហ្វេសប៊ុក CCFC

ពលរដ្ឋ​ជិត​ ៧០០នាក់​ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ១.៤០០គ្រួសារ​ពី​ខេត្ត​កំពង់​ស្ពឺ ប្រមូល​ផ្ដុំ​គ្នា​មុខ​ក្រសួង​រៀបចំ​ដែន​ដី ស្នើសុំ​លោក​ ជា សុផារ៉ា ចុះ​ដោះស្រាយ​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​អូស​បន្លាយ​ជិត​ ១០ឆ្នាំ​មក​នេះ។ ខណៈ​ពលរដ្ឋ​ឈរ​រង់ចាំ​ជួប​មន្ត្រី​ក្រសួង​ដែន​ដី កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង ៦០នាក់ បាន​ដាក់​ពង្រាយ និង​រារាំង​ពលរដ្ឋ​ មិន​ឲ្យ​ស្រែក​រក​ដំណោះ​ស្រាយ​រឿង​ដីធ្លី​នៅ​ខាង​មុខ​បរិវេណ​ក្រសួង​នោះ​ទេ។

សង្គម​ស៊ីវិល ស្នើ​សុំ​អាជ្ញាធរ​ខេត្ត​ និង​ក្រសួង​រៀបចំ​ដែន​ដី​ថា គួរ​សហការ​គ្នា ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ ដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌ និង​អាច​ទទួល​បាន​គ្រប់​ភាគី។

តំណាង​សហគមន៍ ត្រពាំង​ជោរ លោកស្រី សុខ សៀងហេង ប្រាប់​អាស៊ី​សេរី​ថា ពលរដ្ឋ​ជាង ១.៤០០គ្រួសារ នៅ​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​សមរម្យ​ណា​មួយ​ពី​អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី​ យ៉ុងផាត់​ នៅ​ឡើយ​ទេ ចាប់​តាំង​ពី​មាន​ជម្លោះ​ដីធ្លី​នៅ​ឆ្នាំ២០១០។ លោកស្រី សុខ សៀង​ហេង លើក​ឡើង​ថា ពួក​គាត់​មិន​អាច​ទទួល​យក​សំណង​ជា​ទឹក​ប្រាក់ ពី​មន្ត្រី​ក្រសួង​ដែន​ដី គឺ​អ្នក​ស្រី នន់ ធានី ដែល​ចេញ​មុខ​ជំនួស​ក្រុមហ៊ុន ផ្ដល់​ឲ្យ​ក្នុង​មួយ​គ្រួសារ ពី ៣០០ដុល្លារ ទៅ ៥០០ដុល្លារ ជា​ថ្នូរ​នឹង​ការ​បញ្ចប់​ជម្លោះ​បាន​នោះ​ទេ ព្រោះ​ដីធ្លី​ពលរដ្ឋ​មាន គឺ​ចាប់​ពី ៣ហិកតារ​រហូត​ដល់ ៨ហិកតារ។ តំណាង​សហគមន៍​ត្រពាំង​ជោរ​រូប​នេះ ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ឱ្យ​ជួយ​អន្តរាគមន៍​ពន្លឿន​ការ​ដោះ​ស្រាយ​ដល់​ពលរដ្ឋ​ឲ្យ​បាន​ឆាប់៖ «ចាស! ចង់​ឲ្យ​គាត់​ដោះស្រាយ​ឲ្យ​ពួក​យើង​ឲ្យ​លឿនៗ ដោះ​ស្រាយ​ឲ្យ​មាន​យុត្តិធម៌ ឲ្យ​វា​ស្មើ​នឹង​ដី​ដែល​បាត់​បង់។ ប្រជាពលរដ្ឋ​ខ្លះ​ គាត់​ថា​បើ​គាត់​មិន​បាន​ដី គាត់​សុំ​ជា​លុយ​អ៊ីចឹង​ទៅ​ណា៎។ គឺ​គាត់​ទាម​ទារ​សំណង​ក្នុង​មួយ​ហិកតារ ៥ពាន់​ដុល្លារ​ក្នុង​មួយ​ហិកតារ​របស់​ពួក​គាត់»

បន្ថែម​លើស​នេះ តំណាង​សហគមន៍​អមលាំង លោក ញ៉ាំង រ៉ាន ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​ចេញ​សង​ការ​ខូចខាត​ឲ្យ​ពលរដ្ឋ​ដែល​អស់​ដី​ធ្វើ​ស្រែ​ ចាប់​តាំង​ពី​ឆ្នាំ២០១០ ដោយ​សារ​តែ​ក្រុមហ៊ុន​រឹប​អូស​ទៅ​ដាំ​អំពៅ​ដើម្បី​ផលិត​ស្ករ​ស។ លោក ញ៉ាំង រ៉ាន ហៅ​ការ​វិនិយោគ​បែប​នេះ​ថា ជា​ការ​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ក្រីក្រ​ទៅៗ ហើយ​ធ្វើ​ឲ្យ​កូន​ចៅ​ពួក​គាត់ ត្រូវ​ចំណាក​ស្រុក​ទៅ​ធ្វើ​កម្មករ​រោងចក្រ​កាត់​ដេរ៖ «បាទ!​ ខូច​ខាត​គឺ​យើង​មិន​បាន​អាស្រ័យ​ផល​នៅ​លើ​ដី​ហ្នឹង។ គិត​មើល​ទៅ​ ក្នុង ១ឆ្នាំ​យើង​ធ្វើ​ស្រែ​បាន​ក្នុង ១ហិកតារ​បាន ១តោន ២តោន។ អ៊ីចឹង​យើង​មក​គុណ​ទៅ​ក្នុង​ ១តោន​បាន​ប៉ុន្មាន។ អ៊ីចឹង! យើង​ចង់​ឲ្យ​គាត់​ទូទាត់​បញ្ហា​ហ្នឹង​ឲ្យ​យើង។ អត់​មាន​ដី​ធ្វើ​ស្រែ​ទេ។ មាន​សល់ ១អំពក ២អំពក នៅ​ក្បែរៗ ផ្ទះ ព្រោះ​អី​ដី​យើង​នៅ​ឆ្ងាយ​ពី​ភូមិ​ខ្ទង់ ១គីឡូ (ម៉ែត្រ) ដី អ៊ីចឹង​ទៅ ហើយ​ខ្លះ​នៅ​ខ្ទង់ ១គីឡូ​កន្លះ​នៅ​ឆ្ងាយ​ពី​ផ្ទះ​បង»

ការ​ស្រាវជ្រាវ​ដោយ​អង្គការ​សមធម៌​កម្ពុជា បាន​រក​ឃើញ​ថា សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស ប្រជាជន​កម្ពុជា លោក លី យ៉ុងផាត់ បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា លើ​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​ចំនួន ៩ពាន់​ហិកតារ​នៅ​ស្រុក​ថ្ពង ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ឆ្នាំ២០១០។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ ក៏​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង ៩ពាន់​ហិកតារ​នៅ​ស្រុក​ឱរ៉ាល់ និង​ផ្ទៃដី​អភិវឌ្ឍន៍​សត្វ​ព្រៃ​ចំនួន ៤.៧០០ហិកតារ​បន្ថែម​ទៀត។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មាន​ផ្ទៃ​ដី​សរុប​ចំនួន ២ម៉ឺន ៣ពាន់​ហិកតារ ដែល​ជា​ទំហំ​លើស​ពី​ច្បាប់​អនុញ្ញាត។

អាស៊ី​សេរី មិន​អាច​ទាក់​ទង​អ្នកនាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត ដើម្បី​ឆ្លើយ​បំភ្លឺ​ទៅ​នឹង​ការ​ស្នើសុំ​ពី​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ​នេះ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល។

មន្ត្រី​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម អាហុក ប្រចាំ​ខេត្ត​កំពង់​ស្ពឺ លោក អាន ភិន យល់​ថា ករណី​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ និង​ក្រុមហ៊ុន​ស្ករ​អំពៅ​ នឹង​ដោះ​ស្រាយ​បាន ប្រសិន​បើ​អាជ្ញាធរ ជា​ពិសេស ក្រសួង​ដែន​ដី​មាន​ឆន្ទៈ​ពិតប្រាកដ​មែន​នោះ។ លោក អាន ភិន ក៏​ស្នើ​ដល់​ប្រជា​ពលរដ្ឋ​ និង​ខាង​ភាគី​ក្រុមហ៊ុន​ថា គួរ​ថយ​មួយ​ជំហាន​ម្នាក់ ដើម្បី​រក​ដំណោះ​ស្រាយ​រួម​មួយ​ ដែល​អាច​ទទួល​យក​បាន​ទាំង​សង​ខាង ៖ «កាល​ណា​មាន​ចំណោទ​បញ្ហា​ យើង​ត្រូវ​រក​ដំណោះ​ស្រាយ​បញ្ហា។ អ៊ីចឹង!ដំណោះ​ស្រាយ​បញ្ហា ខ្ញុំ​លើក​ទឹក​ចិត្ត​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ លោក​ធ្វើ​ការ​ដោះ​ស្រាយ​យ៉ាង​ណា​ឲ្យ​ប្រជា​ពលរដ្ឋ​គាត់​ទទួល​បាន​សំណង​សមរម្យ​ និង​យុត្តិធម៌ ព្រោះ​ថា​ បើ​ដី​ទាំង​អស់​បាន​ទៅ​អ្នក​ណា។ មិន​បាន​ទៅ​ប្រជា​ពលរដ្ឋ​របស់​គាត់ ហើយ​បើ​កាល​ណា​ប្រជា​ពលរដ្ឋ​គាត់​ធូរធារ មុខ​មាត់​អ្នក​ណា មិន​មុខ​មាត់​អាជ្ញាធរ​ដែន​ដី មិន​មុខ​មាត់​អ្នក​ដឹក​នាំ។ អ៊ីចឹង​ទេ! ស្នើសុំ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ដោយ​យុត្តិធម៌ ហើយ​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន»

ក្រសួង​រៀបចំ​ដែនដី​បាន​ចេញ​សេចក្ដី​ណែនាំ​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៧ ឱ្យ​ដឹង​ថា ការ​ដោះ​ស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​មាន​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ។

សេចក្ដី​ណែនាំ​នេះ កំណត់​គោលការណ៍​រួម ដើម្បី​ដោះ​ស្រាយ​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​ដាំ​អំពៅ​ផលិត​ស្ករ​ស ជាមួយ​នឹង​ប្រជាពលរដ្ឋ ដែល​រួម​មាន ការ​ធ្វើ​អត្តសញ្ញាណកម្ម​ប្រជា​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​សម្រាប់​កសិ-ឧស្សាហកម្ម​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ ការ​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​ពាក់ព័ន្ធ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​កន្លង​មក ការ​ផ្ទៀងផ្ទាត់​រក​អ្នក​ដែល​រង​ផល​ប៉ះពាល់​ពិត​ប្រាកដ និង​មិន​ទាន់​បាន​ដោះ​ស្រាយ បង្កើត​ក្រុម​ការងារ​បន្ថែម​តាម​គោលដៅ សម្រាប់​គាំទ្រ និង​ជំរុញ​ការងារ​ផ្ទៀងផ្ទាត់ ដើម្បី​ធានា​សុក្រឹតភាព និង​តម្លាភាព និង​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ចប់​បញ្ហា។

ប៉ុន្តែ​មក​ដល់​ពេល​នេះ ក្រុម​តំណាង​ពលរដ្ឋ​មកពី​ខេត្ត​កំពង់ស្ពឺ ឲ្យ​ដឹង​ថា ពួក​គាត់​មិន​ទាន់​ឃើញ​មាន​ក្រុម​ការងារ​នៃ​ក្រសួង​រៀបចំ​ដែនដី រួម​នឹង​ចំណាត់​ការ​ជាក់​លាក់​ណា​មួយ ដើម្បី​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ឲ្យ​ពួក​គាត់​បាន​នៅ​ឡើយ​ទេ។ ក្រុម​ប្រជា​ពលរដ្ឋ​ជាង ៦០០នាក់ សម្រេច​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ខេត្ត​កំពង់ស្ពឺ​វិញ បន្ទាប់​ពី​បាន​ជួប​មន្ត្រី​តំណាង​ក្រសួង​រៀបចំ​ដែនដី​នៅ​ល្ងាច​ថ្ងៃ​ទី៤ មេសា ដោយ​មន្ត្រី​ដដែល​បាន​សន្យា​ថា នឹង​ចុះ​ដោះ​ស្រាយ​ជម្លោះដីធ្លី​ឲ្យ​ពួក​គាត់ ក្រោយ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល