ពលរដ្ឋជិត ៧០០នាក់ តំណាងឲ្យពលរដ្ឋជាង ១.៤០០គ្រួសារពីខេត្តកំពង់ស្ពឺ ប្រមូលផ្ដុំគ្នាមុខក្រសួងរៀបចំដែនដី ស្នើសុំលោក ជា សុផារ៉ា ចុះដោះស្រាយរឿងដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ របស់ឧកញ៉ា លី យ៉ុងផាត់ ដែលអូសបន្លាយជិត ១០ឆ្នាំមកនេះ។ ខណៈពលរដ្ឋឈររង់ចាំជួបមន្ត្រីក្រសួងដែនដី កម្លាំងសមត្ថកិច្ចចម្រុះជាង ៦០នាក់ បានដាក់ពង្រាយ និងរារាំងពលរដ្ឋ មិនឲ្យស្រែករកដំណោះស្រាយរឿងដីធ្លីនៅខាងមុខបរិវេណក្រសួងនោះទេ។
សង្គមស៊ីវិល ស្នើសុំអាជ្ញាធរខេត្ត និងក្រសួងរៀបចំដែនដីថា គួរសហការគ្នា ដោះស្រាយបញ្ចប់បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ ដោយឈរលើគោលការណ៍យុត្តិធម៌ និងអាចទទួលបានគ្រប់ភាគី។
តំណាងសហគមន៍ ត្រពាំងជោរ លោកស្រី សុខ សៀងហេង ប្រាប់អាស៊ីសេរីថា ពលរដ្ឋជាង ១.៤០០គ្រួសារ នៅស្រុកថ្ពង និងស្រុកឱរ៉ាល់ នៅមិនទាន់ទទួលបានដំណោះស្រាយសមរម្យណាមួយពីអាជ្ញាធរ និងភាគីក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ នៅឡើយទេ ចាប់តាំងពីមានជម្លោះដីធ្លីនៅឆ្នាំ២០១០។ លោកស្រី សុខ សៀងហេង លើកឡើងថា ពួកគាត់មិនអាចទទួលយកសំណងជាទឹកប្រាក់ ពីមន្ត្រីក្រសួងដែនដី គឺអ្នកស្រី នន់ ធានី ដែលចេញមុខជំនួសក្រុមហ៊ុន ផ្ដល់ឲ្យក្នុងមួយគ្រួសារ ពី ៣០០ដុល្លារ ទៅ ៥០០ដុល្លារ ជាថ្នូរនឹងការបញ្ចប់ជម្លោះបាននោះទេ ព្រោះដីធ្លីពលរដ្ឋមាន គឺចាប់ពី ៣ហិកតាររហូតដល់ ៨ហិកតារ។ តំណាងសហគមន៍ត្រពាំងជោររូបនេះ ស្នើសុំរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ឱ្យជួយអន្តរាគមន៍ពន្លឿនការដោះស្រាយដល់ពលរដ្ឋឲ្យបានឆាប់៖ «ចាស ! ចង់ឲ្យគាត់ដោះស្រាយឲ្យពួកយើងឲ្យលឿនៗ ដោះស្រាយឲ្យមានយុត្តិធម៌ ឲ្យវាស្មើនឹងដីដែលបាត់បង់។ ប្រជាពលរដ្ឋខ្លះ គាត់ថាបើគាត់មិនបានដី គាត់សុំជាលុយអ៊ីចឹងទៅណា៎។ គឺគាត់ទាមទារសំណងក្នុងមួយហិកតារ ៥ពាន់ដុល្លារក្នុងមួយហិកតាររបស់ពួកគាត់»។
បន្ថែមលើសនេះ តំណាងសហគមន៍អមលាំង លោក ញ៉ាំង រ៉ាន ទាមទារឲ្យភាគីក្រុមហ៊ុនចេញសងការខូចខាតឲ្យពលរដ្ឋដែលអស់ដីធ្វើស្រែ ចាប់តាំងពីឆ្នាំ២០១០ ដោយសារតែក្រុមហ៊ុនរឹបអូសទៅដាំអំពៅដើម្បីផលិតស្ករស។ លោក ញ៉ាំង រ៉ាន ហៅការវិនិយោគបែបនេះថា ជាការធ្វើឲ្យពលរដ្ឋកាន់តែក្រីក្រទៅៗ ហើយធ្វើឲ្យកូនចៅពួកគាត់ ត្រូវចំណាកស្រុកទៅធ្វើកម្មកររោងចក្រកាត់ដេរ៖ «បាទ ! ខូចខាតគឺយើងមិនបានអាស្រ័យផលនៅលើដីហ្នឹង។ គិតមើលទៅ ក្នុង ១ឆ្នាំយើងធ្វើស្រែបានក្នុង ១ហិកតារបាន ១តោន ២តោន។ អ៊ីចឹងយើងមកគុណទៅក្នុង ១តោនបានប៉ុន្មាន។ អ៊ីចឹង ! យើងចង់ឲ្យគាត់ទូទាត់បញ្ហាហ្នឹងឲ្យយើង។ អត់មានដីធ្វើស្រែទេ។ មានសល់ ១អំពក ២អំពក នៅក្បែរៗ ផ្ទះ ព្រោះអីដីយើងនៅឆ្ងាយពីភូមិខ្ទង់ ១គីឡូ (ម៉ែត្រ) ដី អ៊ីចឹងទៅ ហើយខ្លះនៅខ្ទង់ ១គីឡូកន្លះនៅឆ្ងាយពីផ្ទះបង»។
ការស្រាវជ្រាវដោយអង្គការសមធម៌កម្ពុជា បានរកឃើញថា សមាជិកព្រឹទ្ធសភាមកពីគណបក្ស ប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ បានទទួលសិទ្ធិអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចដាំអំពៅចំនួន ៩ពាន់ហិកតារនៅស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១០។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ ក៏បានទទួលដីសម្បទានសេដ្ឋកិច្ចចំនួនជាង ៩ពាន់ហិកតារនៅស្រុកឱរ៉ាល់ និងផ្ទៃដីអភិវឌ្ឍន៍សត្វព្រៃចំនួន ៤.៧០០ហិកតារបន្ថែមទៀត។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានផ្ទៃដីសរុបចំនួន ២ម៉ឺន ៣ពាន់ហិកតារ ដែលជាទំហំលើសពីច្បាប់អនុញ្ញាត។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត ដើម្បីឆ្លើយបំភ្លឺទៅនឹងការស្នើសុំពីពលរដ្ឋនៅខេត្តកំពង់ស្ពឺនេះ ដោយហៅទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។
មន្ត្រីអង្កេតសិទ្ធិមនុស្សនៃសមាគម អាហុក ប្រចាំខេត្តកំពង់ស្ពឺ លោក អាន ភិន យល់ថា ករណីជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនស្ករអំពៅ នឹងដោះស្រាយបាន ប្រសិនបើអាជ្ញាធរ ជាពិសេស ក្រសួងដែនដីមានឆន្ទៈពិតប្រាកដមែននោះ។ លោក អាន ភិន ក៏ស្នើដល់ប្រជាពលរដ្ឋ និងខាងភាគីក្រុមហ៊ុនថា គួរថយមួយជំហានម្នាក់ ដើម្បីរកដំណោះស្រាយរួមមួយ ដែលអាចទទួលយកបានទាំងសងខាង ៖ «កាលណាមានចំណោទបញ្ហា យើងត្រូវរកដំណោះស្រាយបញ្ហា។ អ៊ីចឹង ! ដំណោះស្រាយបញ្ហា ខ្ញុំលើកទឹកចិត្តស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធ លោកធ្វើការដោះស្រាយយ៉ាងណាឲ្យប្រជាពលរដ្ឋគាត់ទទួលបានសំណងសមរម្យ និងយុត្តិធម៌ ព្រោះថា បើដីទាំងអស់បានទៅអ្នកណា។ មិនបានទៅប្រជាពលរដ្ឋរបស់គាត់ ហើយបើកាលណាប្រជាពលរដ្ឋគាត់ធូរធារ មុខមាត់អ្នកណា មិនមុខមាត់អាជ្ញាធរដែនដី មិនមុខមាត់អ្នកដឹកនាំ។ អ៊ីចឹងទេ ! ស្នើសុំឲ្យមានការដោះស្រាយដោយយុត្តិធម៌ ហើយប្រជាពលរដ្ឋអាចទទួលយកបាន» ។
ក្រសួងរៀបចំដែនដីបានចេញសេចក្ដីណែនាំកាលពីខែកញ្ញា ឆ្នាំ២០១៧ ឱ្យដឹងថា ការដោះស្រាយវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅមាននៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
សេចក្ដីណែនាំនេះ កំណត់គោលការណ៍រួម ដើម្បីដោះស្រាយវិវាទដីធ្លីរវាងក្រុមហ៊ុនដាំអំពៅផលិតស្ករស ជាមួយនឹងប្រជាពលរដ្ឋ ដែលរួមមាន ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងសម្បទានដីសេដ្ឋកិច្ចសម្រាប់កសិ-ឧស្សាហកម្មដំណាំអំពៅផលិតស្ករសនាំចេញ ការប្រមូលព័ត៌មាន និងទិន្នន័យពាក់ព័ន្ធក្នុងការដោះស្រាយវិវាទកន្លងមក ការផ្ទៀងផ្ទាត់រកអ្នកដែលរងផលប៉ះពាល់ពិតប្រាកដ និងមិនទាន់បានដោះស្រាយ បង្កើតក្រុមការងារបន្ថែមតាមគោលដៅ សម្រាប់គាំទ្រ និងជំរុញការងារផ្ទៀងផ្ទាត់ ដើម្បីធានាសុក្រឹតភាព និងតម្លាភាព និងប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យដោះស្រាយបញ្ចប់បញ្ហា។
ប៉ុន្តែមកដល់ពេលនេះ ក្រុមតំណាងពលរដ្ឋមកពីខេត្តកំពង់ស្ពឺ ឲ្យដឹងថា ពួកគាត់មិនទាន់ឃើញមានក្រុមការងារនៃក្រសួងរៀបចំដែនដី រួមនឹងចំណាត់ការជាក់លាក់ណាមួយ ដើម្បីដំណោះស្រាយបញ្ចប់ជម្លោះដីធ្លីឲ្យពួកគាត់បាននៅឡើយទេ។ ក្រុមប្រជាពលរដ្ឋជាង ៦០០នាក់ សម្រេចនាំគ្នាវិលត្រឡប់ទៅខេត្តកំពង់ស្ពឺវិញ បន្ទាប់ពីបានជួបមន្ត្រីតំណាងក្រសួងរៀបចំដែនដីនៅល្ងាចថ្ងៃទី៤ មេសាដោយមន្ត្រីដដែលបានសន្យាថា នឹងចុះដោះស្រាយជម្លោះដីធ្លីឲ្យពួកគាត់ ក្រោយពេលចូលឆ្នាំខ្មែរហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។