តំណាងពលរដ្ឋមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ នៅស្រុកស្នួល ខេត្តក្រចេះ កំពុងរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ទាក់ទងរឿងគម្រោងដឹកនាំពលរដ្ឋមកធ្វើបាតុកម្មនៅភ្នំពេញនៅចុងសប្ដាហ៍នេះ។
តំណាងម្នាក់ ក្នុងចំណោមតំណាងជាច្រើននាក់ ដែលកំពុងរត់គេចខ្លួន ឡើងមកភ្នំពេញ លោក តូច ឌុល ប្រាប់អាស៊ីសេរីថា មកទល់នឹងយប់ថ្ងៃទី៨មករា សមត្ថកិច្ចនៅមិនទាន់ចាប់បានតំណាងពលរដ្ឋទេ ដោយសារពួកគេចែកផ្លូវគ្នា រត់គេចអស់ហើយ។ លោក តូច ឌុល អះអាងថា ភរិយារបស់លោក បានទូរស័ព្ទមកប្រាប់ថា នៅល្ងាចថ្ងៃទី០៨ មករា ឡានរបស់សមត្ថកិច្ចបានជិះក្រវែល ផ្ទះលោក ជាច្រើនម៉ោង គឺត្រង់ចំណុចដីចម្ការ គីឡូម៉ែត្រលេខ១០១ ជាដីឧបសម្ព័ន្ធភូមិ ចំណុះឲ្យភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ៖ «តំណាងពួកខ្ញុំ គេបានដំណឹង អ៊ីចឹងហើយ។ សមត្ថកិច្ចដូចថា ស្គាល់ៗ គ្នាអ៊ីចឹង គេ តេ ( ហៅទូរស័ព្ទ ) ប្រាប់ថា គេឲ្យគេចខ្លួន ព្រោះអីថ្នាក់លើគេបញ្ជាមកថា ឲ្យចាប់ពួកខ្ញុំ តំណាងហ្នឹង បួនប្រាំនាក់។ ប៉ិន ថាប៉ូលិសហ្នឹង វាមានមនុស្សល្អ មានមនុស្សអាក្រក់។ វាធម្មតាទេ យើងប្រជាពលរដ្ឋ ដែលរងគ្រោះ សមត្ថកិច្ចក៏គាត់មើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែរ។ អ៊ីចឹង គាត់ចាប់ទៅ ក៏សុទ្ធតែប្រជាពលរដ្ឋរបស់គាត់។ អ៊ីចឹង គាត់ឲ្យយើងគេចទៅ បើយើងនៅហ្នុង បើគេចាប់ទៅ ឃាត់ឃាំងយើងទៅ ក៏គ្មានផលប្រយោជន៍ល្អសម្រាប់ប្រជាពលរដ្ឋ ( មានជម្លោះដីធ្លី ) ដែរ។ តែនៅផ្ទះខ្ញុំហ្នឹងឡាន ( ប៉ូលិស ) ៣គ្រឿង ក្រវែលរហូតហ្នឹង ប្រពន្ធខ្ញុំតេមកមិញនេះ។ ប៉ុន្តែមិនឈប់មុខផ្ទះខ្ញុំទេ ក្រវែលនៅជិតៗ ផ្ទះខ្ញុំហ្នឹង » ។
លោក តូច ឌុល គឺជាតំណាងពលរដ្ឋម្នាក់ ក្នុងចំណោមអ្នកតំណាងពលរដ្ឋមានជម្លោះដីធ្លីជាច្រើននាក់ទៀត នៅស្រុកស្នួល ខេត្តក្រចេះ ដែលតែងមកដាក់ញត្តិស្វែងរកដំណោះស្រាយ នៅខុទ្ទកាល័យមេដឹកនាំរបបក្រុងភ្នំពេញ ក្រសួងរៀបចំដែនដី និងស្ថាប័នរដ្ឋដទៃទៀតនៅភ្នំពេញ។ តំណាងពលរដ្ឋរូបនេះ អះអាងថា នៅថ្ងៃទី ១១ មករា ខាងមុខនេះ ជាថ្ងៃកំណត់ដែល លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានសន្យាថា ទទួលជួបពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ ហើយនៅពេលនេះ ពលរដ្ឋមានជម្លោះដីធ្លី កំពុងបណ្ដាក់គ្នា ធ្វើដំណើរមកភ្នំពេញ ដើម្បីជួប លោក ជា សុផារ៉ា។
មេឃុំឃ្សឹម អ្នកស្រី ផ្លាង សារ៉េត ប្រាប់អាស៊ីសេរី កាលពីព្រលប់ថ្ងៃទី០៨ មករា ថា មិនមានសមត្ថកិច្ចតាមចាប់ខ្លួន តំណាងអ្នកមានជម្លោះដីធ្លី ណាម្នាក់ នៅក្នុងឃុំឃ្សឹមឡើយ៖ « មានប៉ូលិសឯណា ចាប់គាត់ ( លោក តូច ឌុល ) នោះ អត់មានទេ»។
ដើមហេតុនៃ ជម្លោះដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ កើតឡើង បន្ទាប់ពីក្រុមហ៊ុនឯកជនទទួលបានដីសម្បទានសេដ្ឋកិច្ចពីរបបលោក ហ៊ុន សែន ឈ្មោះ ចម្ការកៅស៊ូមេមត់ ទទួលបានសិទ្ធិវិនិយោគ ដំណាំឧស្សាហកម្មកៅស៊ូ នៅពីឆ្នាំ២០០៨ លើផ្ទៃដីជិត ១ម៉ឺនហិកតារ (៩.៨៥៥) រយៈពេល ៥០ឆ្នាំ។
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ពលរដ្ឋជាង ២រយនាក់ មកពីតាមឃុំនានា ក្នុងស្រុកស្នួល បាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៧៦ បំណងស្នើសុំឲ្យអាជ្ញាធរបញ្ឈប់ការឈូសឆាយផ្ទះសម្បែង និងផលដំណាំ តែត្រូវរងការបង្ក្រាបពីកងកម្លាំងយោធារាប់រយនាក់ ប្រដាប់អាវុធគ្រប់ដៃ បានបាញ់រះមកលើពលរដ្ឋ។ ក្រោយពីការបាញ់រះ សាក្សីដែលឃើញព្រឹត្តិការណ៍នោះត្រូវអាជ្ញាធរគំរាម និងរឹតត្បិតមិនឲ្យផ្ដល់ព័ត៌មានទៅប្រព័ន្ធផ្សព្វផ្សាយ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងអាជ្ញាធរឃុំ២ធ្នូ ធ្លាប់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ព្រឹត្តិការណ៍ពេលនោះ មាន អ្នកតវ៉ាខ្លះរងរបួស និងស្លាប់ ប៉ុន្តែអាជ្ញាធរខេត្តក្រចេះ បដិសេធថា មិនមានពលរដ្ឋស្លាប់ទេ។
ក្រោយព្រឹត្តិការណ៍បង្ក្រាបដោយហិង្សា និងការបាញ់រះលើអ្នកតវ៉ារួច ពលរដ្ឋដែលធ្លាប់បង្កបង្កើនផលលើដីមានជម្លោះ ខ្លាចរអា ក្នុងការទាមទារស្វែងរកដំណោះស្រាយ និងមិនលែងហ៊ានប្រមូលផ្ដុំគ្នាតវ៉ាទៀតហើយ គឺបានត្រឹមប្រមូលគ្នា ដើម្បីដាក់ញត្តិទៅសាលាខេត្តក្រចេះ និងស្ថាប័នជាតិធំៗ នៅរាជធានីភ្នំពេញ រួមទាំងភូមិគ្រឹះ លោក ហ៊ុន សែន។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តក្រចេះ លោក រ័ត្ន ថាវី គ្រាន់តែលឺតាមសារព័ត៌មានដូចគ្នា ដោយមិនទាន់បានចុះទៅអង្កេតជាក់ស្ដែងទេ ប៉ុន្តែប្រសិនបើ មានករណីសមត្ថកិច្ចព្យាយាមឃាត់តំណាងអ្នកមានជម្លោះដីធ្លីមែន ជារឿងមិនត្រឹមត្រូវទេ។ សង្គមស៊ីវិលរូបនេះ យល់ថា សមត្ថកិច្ចគួរជួយជ្រោមជ្រែង លើកទឹកចិត្តឲ្យពលរដ្ឋមានជម្លោះដីធ្លី រកអន្តរាគមន៍ដោយសន្តិវិធី តាមផ្លូវច្បាប់ ទើបជាការល្អ៖ «បាទ ! អ៊ីចឹង បើសិន បើគាត់តវ៉ា ប្ដឹងផ្ដល់តាមផ្លូវច្បាប់ អាជ្ញាធរសមត្ថកិច្ចហ្នឹង នៅមូលដ្ឋានហ្នឹង គួរតែលើកទឹកចិត្ត ជួយការពារសុវត្ថិភាពដល់ពួកគាត់ ហើយនឹងជួយធ្វើការដោះស្រាយបញ្ហា ឲ្យពួកគាត់ ឲ្យបានចប់។ ហ្នឹង ទើបជាការល្អប្រសើរ បាទ»។
តំណាងពលរដ្ឋ លោក តូច ឌុល សង្ឃឹមថា ពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកស្នួល នឹងទទួលបានការអន្តរាគមន៍ផ្ដល់ដំណោះស្រាយពីរដ្ឋមន្ត្រីក្រសួងដែនដី នៅថ្ងៃទី១១ មករា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។