អាដហុក៖ ទំនាស់​ដីធ្លី​ឆ្នាំ​២០១៣​បន្ត​កើត​មាន​គួរ​ឲ្យ​ព្រួយ​បារម្ភ

ដោយ ដែន អយុធ្យា
2014-05-08
Share
ធន សារាយ ៦២២ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក (Adhoc) លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​បញ្ហា​ដីធ្លី នៅ​ព្រឹក​ថ្ងៃ​៨ ឧសភា ឆ្នាំ​២០១៤។
RFA

សមាគមន៍​អាដហុក (Adhoc) បង្ហាញ​របាយការណ៍​ទំនាស់​ដីធ្លី​ក្នុង​ឆ្នាំ​២០១៣ និង ៣​ខែ​ដើម​ឆ្នាំ​២០១៤ រក​ឃើញ​ថា បន្ត​មាន​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​ទទួល​ខុស​ត្រូវ​ដោះស្រាយ។ សមាគម​អាដហុក បាន​លើក​ជា​អនុសាសន៍​ថា ដើម្បី​កាត់​បន្ថយ​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជូន​ក្រុមហ៊ុន​វិនិយោគ​ឲ្យ​បាន​ជា​ស្ថាពរ​នា​ថ្ងៃ​អនាគត។

លោក ធន សារាយ ប្រធាន​សមាគម​អាដហុក ឲ្យ​ដឹង​ថា ជម្លោះ​ដីធ្លី​ឈាន​ដល់​ចាប់​ពលរដ្ឋ​ក្នុង​ទំនាស់​ដីធ្លី​ដាក់​ពន្ធនាគារ​របស់​សមត្ថកិច្ច​រដ្ឋាភិបាល ក្នុង​ឆ្នាំ​២០១៣ នៅ​តែ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើន​សកម្មភាព​ដោះស្រាយ។

របាយការណ៍​ស្ដីពី​ស្ថានភាព​ដីធ្លី​ឆ្នាំ​២០១៣ និង ៣​ខែ​ដើម​ឆ្នាំ​២០១៤ របស់​សមាគម​អាដហុក ចេញ​ផ្សាយ​ថ្ងៃ​ទី​៨ ខែ​ឧសភា បង្ហាញ​ថា ឆ្នាំ​២០១៣ មាន​ករណី​ចោទ​ប្រកាន់​មនុស្ស​ជាង ១០០​នាក់ (១០៩) ចាប់​ខ្លួន​ជាង ៤០​នាក់ (៤៣) និង​ជាប់​ពន្ធនាគារ​ជិត ២០​នាក់ (១៩)។ ក្នុង​ឆ្នាំ​២០១២ ទំនាស់​ដីធ្លី​នេះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស​ជាង ២៣០​នាក់ (២៣២)។

លោក ធន សារាយ បន្ត​ថា ទោះ​បី​ឆ្នាំ​២០១៣ ជម្លោះ​ដីធ្លី និង​ចាប់​ខ្លួន​មនុស្ស​បាន​ថយ​ចុះ​ក្តី ប៉ុន្តែ​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០១៤ នេះ ជម្លោះ​ដីធ្លី​បាន​ផ្ទុះ​ឡើង​វិញ និង​មាន​មនុស្ស​ជិត ៥០​នាក់ (៤៨) ត្រូវ​គេ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន ក្នុង​នោះ​មនុស្ស​ចំនួន ១២​នាក់ ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ។

លោក​បញ្ជាក់​ថា ជម្លោះ​ដីធ្លី​ភាគ​ច្រើន​ដោយសារ​ការ​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ជូន​ក្រុមហ៊ុន​ឯកជន៖ «គឺ​នយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​រដ្ឋាភិបាល​ហ្នឹង​តែ​ម្តង ដែល​ធ្វើ​ខុស​កន្លង​មក។ យើង​ឃើញ​ហើយ ដី​សម្បទាន​សេដ្ឋកិច្ច​បាន​បំពាន​យ៉ាង​ច្រើន​ទៅ​លើ​ដី​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រស់​នៅ និង​ដាំ​ដុះ​ដោយ​សុខសាន្ត។ ស្រាប់​តែ​ថ្ងៃ​មួយ​គេ​មក​ឈូស​ឆាយ​ដោយ​មិន​ដឹង​ខ្លួន។ ឯ​ចំណែក​ច្បាប់​មាន​អនុក្រឹត្យ​ស្តី​អំពី​ដី​សម្បទាន​សេដ្ឋកិច្ច​មាន ក៏ប៉ុន្តែ​អត់​អនុវត្ត។ នេះ​ហើយ​ដែល​ជា​បញ្ហា ហើយ​ការ​អភិវឌ្ឍ​នយោបាយ​បែប​ហ្នឹង ក៏​មិន​ត្រឹមត្រូវ​ដែរ»

ទោះ​យ៉ាង​ណា អង្គការ​អាដហុក សង្កេត​ឃើញ​ថា ក្នុង​ឆ្នាំ​២០១៣ រដ្ឋាភិបាល​មិន​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មីៗ​ជូន​ក្រុមហ៊ុន​វិនិយោគ​ទៀត​ទេ។ ប៉ុន្តែ គិត​ត្រឹម​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ២​លាន ៦​សែន​ហិកតារ (២.៦៥៧.៤៧០) ជូន​ក្រុមហ៊ុន​ឯកជន។

មិន​ទាន់​មាន​ប្រតិកម្ម​តប​ពី​មន្ត្រី​រាជ​រដ្ឋាភិបាល ចំពោះ​របាយការណ៍​របស់​សមាគម​អាដហុក លើ​ជម្លោះ​ដីធ្លី​ដែល​កើត​មាន​ក្នុង​ឆ្នាំ​២០១៣ និង ៣​ខែ​ដើម​ឆ្នាំ​២០១៤ ទេ​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​ឧសភា។

ប៉ុន្តែ របាយការណ៍​សមាគម​អាដហុក បាន​បង្ហាញ​ថា ឆ្នាំ​២០១៣ រដ្ឋាភិបាល​បាន​រឹប​អូស​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ឯកជន​វិញ​បាន​ជាង ៣​សែន ៣​ម៉ឺន​ហិកតារ ក្នុង​បំណង​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ខ្វះ​ខាត​ដីធ្លី។ សមាគម​អាដហុក ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៣ ជម្លោះ​ដីធ្លី​ជិត ៣០​ករណី (២៩) ជាប់​ទាក់ទង​នឹង​សកម្មភាព​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។ ហើយ​ជម្លោះ​ភាគ​ច្រើន កើត​មាន​នៅ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា។

ករណី​នេះ លោក ធន សារាយ ប្រធាន​សមាគម​អាដហុក បាន​ផ្តល់​ជា​អនុសាសន៍​ថា ដើម្បី​កាត់​បន្ថយ​ជម្លោះ​ដីធ្លី​នា​ថ្ងៃ​អនាគត រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​បាន​ជា​ស្ថាពរ និង​ត្រូវ​រឹប​អូស​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន ដែល​មិន​គោរព​តាម​កិច្ច​ព្រមព្រៀង ជាដើម៖ «អាដហុក យើង​បាន​ចេញ​របាយការណ៍​ឆ្នាំ​២០១២ ហើយ​ថា ការ​អភិវឌ្ឍ​ដំណាំ​កសិកម្ម កសិឧស្សាហកម្ម មិន​មែន​ធ្វើ​តាម​តែ​របៀប​ហ្នឹង​មួយ​ទេ បាន​ន័យ​ថា យក​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន ឲ្យ​ក្រុមហ៊ុន​ទៅ​ដេញ​ប្រជាពលរដ្ឋ​ចេញ ហើយ​យក​ដី​ធ្វើ​ដំណាំ​កសិកម្ម​អ៊ីចឹង​ទេ។ យើង​បាន​ស្នើ​ថា ទុក​ដី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ទៅ។ វិនិយោគ ឬ​យក​តែ​ពូជ​មក យក​ខាង​ផ្នែក​បណ្តុះ​បណ្តាល​ខាង​ផ្នែក​បច្ចេកទេស បច្ចេកវិទ្យា​ថ្មី​មក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លោក​បង្កើន​នូវ​ទិន្ន​ភាព ផលិតភាព​កសិកម្ម​របស់​គាត់ ហើយ​ទុក​ដី​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ធ្វើ ហើយ​ក្រុមហ៊ុន​គ្រាន់​តែ​ទិញ​ផល ហើយ​និង​យក​ទៅ​ច្នៃ​ប្រឌិត ដើម្បី​នាំ​យក​ចេញ​ទៅ​ក្រៅ។ ធ្វើ​អ៊ីចឹង​បាន​ប្រជាពលរដ្ឋ​ក៏​ចំណេញ ក្រុមហ៊ុន​ក៏​ចំណេញ ហើយ​រដ្ឋ​ក៏​អាច​យក​ពន្ធ​បាន»

ទាក់ទិន​បញ្ហា​នេះ សមាគម​អាដហុក បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក​ដល់​ឆ្នាំ​២០១៣ មាន​មនុស្ស​ចំនួន​ប្រមាណ ៧​សែន ៧​ម៉ឺន​នាក់ ឬ​ស្មើ​នឹង ៦% នៃ​ចំនួន​ប្រជាជន​សរុប ត្រូវ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​ការ​ទន្ទ្រាន​ដីធ្លី​ពី​ឈ្មួញ និង​មន្ត្រី​មាន​អំណាច។

ប្រតិកម្ម​របស់ លោក ផៃ ស៊ីផាន ចំពោះ​របាយការណ៍​អាដហុក

ទាក់ទិន​ជម្លោះ​ដីធ្លី​នេះ​ដែរ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ដឹង​នៅ​មុន​ម៉ោង​ផ្សាយ​នេះ​ថា ជម្លោះ​ដីធ្លី​ដែល​កើត​មាន​នៅ​កម្ពុជា រាជ​រដ្ឋាភិបាល​បាន​កែ​តម្រូវ​នូវ​ចំណុច​អសកម្ម​ជាច្រើន ដើម្បី​ឈាន​ដល់​កាត់​បន្ថយ​ជម្លោះ​ដីធ្លី​ឲ្យ​បាន​ច្រើន នា​ថ្ងៃ​អនាគត។ ក្នុង​នោះ រដ្ឋាភិបាល​បាន​លើក​ឡើង​នូវ​គោល​នយោបាយ​ផ្សេងៗ មាន​ដូច​ជា គោល​នយោបាយ​សកម្មភាព​ថ្មី គោល​នយោបាយ​ចាស់ ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​កម្ពុជា ជាដើម។

លោក ផៃ ស៊ីផាន៖ «នៅ​ក្នុង​វិវាទ​ដីធ្លី​យើង​មាន ៣​ទិដ្ឋភាព។ ទិដ្ឋភាព​ទី​១ វិវាទ​ដីធ្លី​ដោយសារ​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ឯកជន។ ទិដ្ឋភាព​ទី​២ វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច និង​ទិដ្ឋភាព​ទី​៣ មហាជន ឬ​ប្រជាពលរដ្ឋ​ហ្នឹង លោក​ដើរ​ទៅ​វាទ​យក​ដី ឬ​ដណ្ដើម​យក​ដី​សាធារណៈ​ទុក គឺ​៣​ចំណុច​ហ្នឹង។ ចំណុច​ទី​១ គឺ​យើង​ទុក​ឲ្យ​វិស័យ​ហ្នឹង​ដោះស្រាយ​បាន​ជា​បណ្ដើរៗ និង​ទុក​ការងារ​ដែល​ស្មុគស្មាញ​ហ្នឹង តាម​រយៈ​ពិនិត្យ​មើល​ច្បាស់​លាស់ ដូច​ជា​ករណី​នៅ​បុរីកីឡា ក៏​ដូច​ជា​នៅ​បឹងកក់ ជាដើម»

បន្ថែម​លើ​នេះ លោក ផៃ ស៊ីផាន ថ្លែង​ចាត់​ទុក​របាយការណ៍​ស្ដីពី​ជម្លោះ​ដីធ្លី​របស់​សមាគម​អាដហុក ថា​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​មួយ​ជ្រុង​តូច និង​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ជាក់ស្តែង ដែល​សង្គម​កម្ពុជា កំពុង​មាន​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​នោះ​ទេ។ លោក​ហៅ​របាយការណ៍​ចេញ​ដោយ​សមាគម​អាដហុក ថា​បង្កើត​ឲ្យ​មាន​តែ​បរិមាណ ប៉ុន្តែ​មិន​ទាន់​មាន​គុណភាព​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក ផៃ ស៊ីផាន បាន​វាយ​តម្លៃ​ចំពោះ​សកម្មភាព​របស់​សមាគម​អាដហុក ជុំវិញ​របាយការណ៍​ស្ដីពី​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល