តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​កោះកុង ស្នើ​សាលាឧទ្ធរណ៍​លុបចោល​សាលក្រម​ផ្ដន្ទាទោស

ដោយ ថា ថៃ
2022.08.13
Share on WhatsApp
Share on WhatsApp
តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​កោះកុង ស្នើ​សាលាឧទ្ធរណ៍​លុបចោល​សាលក្រម​ផ្ដន្ទាទោស តំណាង​សហគមន៍​នៅ​ឃុំ​ជីខ​លើ ស្រុក​ស្រែ​អំបិល ៥នាក់ ដែល​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​ខេត្ត​កោះកុង កោះហៅ​ឱ្យ​ចូល​បំភ្លឺ កាល​ពី​ព្រឹក​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ២០២០ រឿង​​​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាលឆ័រ គ្រុប (Heng Huy Agriculture Group) របស់​ឧកញ៉ា ហេង ហ៊ុយ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​កោះកុង​ជិត​ពីរ​រយ​គ្រួសារ​(១៩៧) ស្នើសុំ​ឲ្យ​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ លុបចោល​សាលក្រម​តុលាការ​ខេត្តកោះកុង ដែល​បានសម្រេច​ទោស​ឲ្យ​លោកស្រី ដេត ហួរ ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល​តាម​បណ្ដឹង​របស់​ឧកញ៉ា ហេង ហ៊ុយ ។ ការ​ស្នើ​សុំ​នេះ បន្ទាប់ពី​តំណាង​ពលរដ្ឋ​រូប​នេះ ដាក់​បណ្ដឹង​ទៅ​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១១ ខែ​សីហា​។ លោកស្រី អះអាង​ថា ការប្រកាស​របស់​តុលាការ​ខេត្ត​កោះកុង គឺ​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​សម្រាប់​លោកស្រី​ទេ ព្រោះ​លោកស្រី​ជា​ជនរងគ្រោះ​បាត់បង់​ដីធ្លី គួរតែ​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ។

តំណាង​ឲ្យ​ពលរដ្ឋ​ទាំង​១៩៧​គ្រួសារ នៅ​ឃុំ​ជីខលើ ស្រុកស្រែ​អំបិល ខេត្តកោះកុង លោកស្រី ដេត ហួរ លើកឡើង​ថា លោកស្រី ឈឺចាប់​ដែល​ត្រូវ​រង​ភាព​អយុត្តិធម៌ ដោយសារ​ឧកញ៉ា ហេង ហ៊ុយ រឹបអូស​ដីធ្លី​ហើយ​ប្ដឹង​លោកស្រី​បន្ថែម​ទៀត ហើយ​តុលាការ​ខេត្ត​កោះកុង បាន​ផ្ដន្ទាទោស​លោកស្រី​ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន​២​លាន​រៀល ក្រោម​បទ​ចោទ «​បរិហារ​បង្កាច់​កេរ្តិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​»​។​លោកស្រី ដេត ហ៊ួរ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃទី​១៣ ខែ​សីហា​ថា មេធាវី​របស់​លោក​ស្រី គឺ​លោក គង់ ចំរើន បាន​ដាក់​បណ្ដឹងឧទ្ធរណ៍​ប្រឆាំង​ទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២២ ដោយសារ​ការវិនិច្ឆ័យ​ទោស​ទាំង​អយុត្តិធម៌ និង​មិនបាន​ផ្ដោត​លើ​អង្គហេតុ​ឲ្យ​បាន​ត្រឹមត្រូវ។ លោកស្រី​បន្ត​ថា ករណី​ដែល​តុលាការ​ចោទ​លោកស្រី​ពាក់ព័ន្ធ​នឹង​ការ​បរិហារកេរ្តិ៍​លោក ហេង ហ៊ុយ ជា​សាធារណៈ​នោះ​ជា​រឿង​មិន​ពិត ព្រោះ​លោកស្រី​បាន​និយាយ​កន្លងមក​សុទ្ធតែ​ជា​ការពិត ត្បិត​លោក ហេង ហ៊ុយ បាន​រឹបអូស​យក​ដី​ប្រជាពលរដ្ឋ​នៅ​ស្រុកស្រែ​អំបិល​ពិតមែន​។ លោកស្រី​សង្ឃឹម​ថា សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ នឹង​អាច​ផ្ដល់​យុត្តិធម៌ និង​ភាព​ស្អាតស្អំ​ដល់​លោកស្រី​វិញ៖ «សង្ឃឹម​ថា តុលាការ​គាត់​ផ្ដល់​យុត្តិធម៌​ដល់​ខ្ញុំ​ព្រោះ​ខ្ញុំ​ជា​អ្នក​ម្ចាស់​ដី​ពិតប្រាកដ​មែន​។ អត់​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​រំលោភ អត់​មាន​ប្រជាពលរដ្ឋ​ទៅ​រំលោភ អ្នក​ក្រីក្រ​ទៅ​រំលោភសិទ្ធិ​ឧកញ៉ា​បានទេ មានតែ​ឧកញ៉ា ឬ​មន្ត្រីរាជការ​ដូចជា លោក ហេង ហ៊ុយ អីចឹង​បាន​រំលោភសិទ្ធិ​ប្រជាពលរដ្ឋ​បាន ។ ចំណែក​ប្រជាពលរដ្ឋ​យើង អ្នក​អត់​មាន​សិទ្ធិ អត់​មានអំណាច​អីចឹង គឺ​អត់​អាច​ទៅ​រំលោភ​ដី​អ្នក​មាន​អំណាច​បានទេ​។ អីចឹង​ខ្ញុំ​សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ខ្ញុំ»

កាលពី​ថ្ងៃទី​២០ ខែ​កក្កដា តុលាការ​សាលាដំបូង​ខេត្តកោះកុង ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោកស្រី ដេត ហួរ ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ​។ ទោសទណ្ឌ​នេះ ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​លោក ហេង ហ៊ុយ ដែល​ប្ដឹង​លោកស្រី​ពី​បទ «​បរិហារ​បង្កាច់​កេរ្តិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​» កាលពី​ថ្ងៃទី​១៤ មិថុនា ឆ្នាំ​២០២២។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​លោកស្រី ដេត ហ៊ួរ ពោល​ទាំង​ឈឺចិត្ត​ថា តាំងតែ​ពី​លោក ហេង ហ៊ុយ រំលោភ​យក​ដីធ្លី​អស់​មក ប្ដី​របស់​លោកស្រី​ក៏បាន​ធ្លាក់ខ្លួន​ឈឺ មិនអាច​ធ្វើការ​ងារ​អ្វី​បានទេ ហើយ​គ្រួសារ​លោកស្រី​ធ្លាក់ខ្លួន​ក្រ ព្រោះ​គ្មាន​ដី​បង្កបង្កើនផល។

ជុំវិញ​បញ្ហា​នេះ​ដែរ ប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង ចំពោះ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ ពេល​ដែល​ពលរដ្ឋ​ដាក់ពាក្យ​ប្ដឹង​អ្នក​ដែល​រឹបអូស​យក​ដី​ពួកគាត់ មិន​គួរ​ប្ដឹង​បក​មក​ពលរដ្ឋ​ដែល​កំពុង​រង​ភាព​អយុត្តិធម៌​នោះ​ទេ​។ លោក​បន្ត​ថា ពេល​ដែល​អាជ្ញាធរ និង​អ្នក​ដែល​យក​ដី​ពួកគាត់ ហើយ​ប្ដឹង​ពលរដ្ឋ​ថែមទៀត ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ភាព​អយុត្តិធម៌​កាន់តែ​ធ្ងន់​៖ «ដែល​យើង​មើល​ឃើញ​ថា រដ្ឋាភិបាល​មិន​បង្ហាញ​ពី​ឆន្ទៈ​នៅក្នុង​ការ​បម្រើ​ដល់​ផលប្រយោជន៍​រាស្ត្រ​ជាធំ​ទេ ជាជាង​ដែល​ព្យាយាម​ផ្ដល់​នូវ​សម្បទាន​ទាំង​ផ្នែក​ច្បាប់​ក្ដី ទាំង​ផ្នែក​អំណាច​ក្ដី​ដល់​តែ​ពួក​ឈ្មួញ​ពួកក្រុម​ហ៊ុន ពួក​អ្នកវិនិយោគទុន​។​អាហ្នឹង​ហើយ​ដែល​យើង​មើល​ឃើញ​ថា ទោះជា​មានការ​ធ្លាប់​ចូលរួម​ដោះស្រាយ ថា​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ក៏ដោយ តែ​វា​មាន​កម្រិត​ទាប​បំផុត មកពី​ខាង​ភាគី​រដ្ឋាភិបាល​។ ផ្ទុយទៅវិញ គឺ​មាន​តែ​ការ​លាប​ពណ៌​បន្ថែម​ទៅលើ​ប្រជាពលរដ្ឋ ពេល​ដែល​រងគ្រោះ​ដោយសារ​រឿង​ដីធ្លី​អី​ជាដើម»

ពលរដ្ឋ​ថា ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាលឆ័រ គ្រុប (Heng Huy Agriculture Group)​របស់​លោក ហេង ហ៊ុយ បាន​រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ពួកគាត់​ទាំងអស់​ចំនួន​ជាង​មួយ​ពាន់​ហិកតារ (.២០០) តាំងតែ​ពី​ឆ្នាំ​២០០៧ ហើយ​ពាក្យបណ្ដឹង​របស់​ពលរដ្ឋ​ដែល​ដាក់​នៅ​ក្រសួង​រៀបចំ​ដែនដី​ជា​ច្រើន​លើក​នោះ មិន​ត្រឹម​តែ​ក្រសួង​មិន​បាន​ដោះស្រាយ​ទេ ថែមទាំង​បង្គាប់​ទៅ​ដល់​សមត្ថកិច្ច​ឲ្យ​តាម​រក​មុខ និង​ចាត់វិធានការ​ច្បាប់​លើ​បុគ្គល​ណា ដែល​នាំ​ពលរដ្ឋ​ទាំង​១៩៧​គ្រួសារ ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ទៀត​ផង។

ក្រៅពី​អ្នកស្រី ដេត ហួរ នេះ មាន​តំណាង​ពលរដ្ឋ​៨​នាក់​ទៀត ក៏​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ដែរ រួមមាន​លោកស្រី កើត នៅ លោកស្រី អិន ធូ លោកស្រី អីប តឹង និង លោក ឆាន់ ឈឿន ជាដើម ។​ពួកគាត់​រង​ការ​ចោទ​២​ករណី គឺ​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល យល់ថា ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នេះ គឺ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ពួកគាត់​បញ្ឈប់​ការ​តវ៉ា​ទាមទារ​ដីធ្លី ដែល​ត្រូវ​បាន​ឧកញ៉ា ហេង ហ៊ុយ រំលោភ​យក​ទៅ​ទាំង​បំពាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ​កំពុង​សិក្សា​ពី​ការ​បញ្ចូល​គណបក្ស​ឆន្ទៈ​ខ្មែរ ទៅ​ក្រោម​ឆត្រ​គណបក្ស​ភ្លើង​ទៀន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។