តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុងជិតពីររយគ្រួសារ(១៩៧) ស្នើសុំឲ្យសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ លុបចោលសាលក្រមតុលាការខេត្តកោះកុង ដែលបានសម្រេចទោសឲ្យលោកស្រី ដេត ហួរ ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់២លានរៀលតាមបណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ ។ ការស្នើសុំនេះ បន្ទាប់ពីតំណាងពលរដ្ឋរូបនេះ ដាក់បណ្ដឹងទៅសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែសីហា។ លោកស្រី អះអាងថា ការប្រកាសរបស់តុលាការខេត្តកោះកុង គឺមិនត្រឹមត្រូវ និងមិនយុត្តិធម៌សម្រាប់លោកស្រីទេ ព្រោះលោកស្រីជាជនរងគ្រោះបាត់បង់ដីធ្លី គួរតែទទួលបានយុត្តិធម៌ពីតុលាការ។
តំណាងឲ្យពលរដ្ឋទាំង១៩៧គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង លោកស្រី ដេត ហួរ លើកឡើងថា លោកស្រី ឈឺចាប់ដែលត្រូវរងភាពអយុត្តិធម៌ ដោយសារឧកញ៉ា ហេង ហ៊ុយ រឹបអូសដីធ្លីហើយប្ដឹងលោកស្រីបន្ថែមទៀត ហើយតុលាការខេត្តកោះកុង បានផ្ដន្ទាទោសលោកស្រីឲ្យជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យប្រាក់ចំនួន២លានរៀល ក្រោមបទចោទ «បរិហារបង្កាច់កេរ្តិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ»។លោកស្រី ដេត ហ៊ួរ ប្រាប់វិទ្យុអាស៊ីសេរីនៅរសៀលថ្ងៃទី១៣ ខែសីហាថា មេធាវីរបស់លោកស្រី គឺលោក គង់ ចំរើន បានដាក់បណ្ដឹងឧទ្ធរណ៍ប្រឆាំងទាស់ទៅនឹងសេចក្ដីសម្រេចរបស់តុលាការខេត្តកោះកុង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដោយសារការវិនិច្ឆ័យទោសទាំងអយុត្តិធម៌ និងមិនបានផ្ដោតលើអង្គហេតុឲ្យបានត្រឹមត្រូវ។ លោកស្រីបន្តថា ករណីដែលតុលាការចោទលោកស្រីពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍លោក ហេង ហ៊ុយ ជាសាធារណៈនោះជារឿងមិនពិត ព្រោះលោកស្រីបាននិយាយកន្លងមកសុទ្ធតែជាការពិត ត្បិតលោក ហេង ហ៊ុយ បានរឹបអូសយកដីប្រជាពលរដ្ឋនៅស្រុកស្រែអំបិលពិតមែន។ លោកស្រីសង្ឃឹមថា សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ នឹងអាចផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំដល់លោកស្រីវិញ៖ «សង្ឃឹមថា តុលាការគាត់ផ្ដល់យុត្តិធម៌ដល់ខ្ញុំព្រោះខ្ញុំជាអ្នកម្ចាស់ដីពិតប្រាកដមែន។ អត់ដែលមានប្រជាពលរដ្ឋខ្មែរទៅរំលោភ អត់មានប្រជាពលរដ្ឋទៅរំលោភ អ្នកក្រីក្រទៅរំលោភសិទ្ធិឧកញ៉ាបានទេ មានតែឧកញ៉ា ឬមន្ត្រីរាជការដូចជា លោក ហេង ហ៊ុយ អីចឹងបានរំលោភសិទ្ធិប្រជាពលរដ្ឋបាន ។ ចំណែកប្រជាពលរដ្ឋយើង អ្នកអត់មានសិទ្ធិ អត់មានអំណាចអីចឹង គឺអត់អាចទៅរំលោភដីអ្នកមានអំណាចបានទេ។ អីចឹងខ្ញុំសង្ឃឹមថា តុលាការនឹងផ្ដល់ភាពយុត្តិធម៌ដល់ខ្ញុំ»។
កាលពីថ្ងៃទី២០ ខែកក្កដា តុលាការសាលាដំបូងខេត្តកោះកុង ប្រកាសសាលក្រមផ្ដន្ទាទោសលោកស្រី ដេត ហួរ ឲ្យជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ប៉ុន្តែទោសនេះត្រូវព្យួរ។ ទោសទណ្ឌនេះ ពាក់ព័ន្ធនឹងបណ្ដឹងរបស់លោក ហេង ហ៊ុយ ដែលប្ដឹងលោកស្រីពីបទ «បរិហារបង្កាច់កេរ្តិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២។
ពលរដ្ឋរងគ្រោះដីធ្លីលោកស្រី ដេត ហ៊ួរ ពោលទាំងឈឺចិត្តថា តាំងតែពីលោក ហេង ហ៊ុយ រំលោភយកដីធ្លីអស់មក ប្ដីរបស់លោកស្រីក៏បានធ្លាក់ខ្លួនឈឺ មិនអាចធ្វើការងារអ្វីបានទេ ហើយគ្រួសារលោកស្រីធ្លាក់ខ្លួនក្រ ព្រោះគ្មានដីបង្កបង្កើនផល។
ជុំវិញបញ្ហានេះដែរ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ លើកឡើងថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំង ចំពោះការដោះស្រាយវិវាទដីធ្លីឲ្យប្រជាពលរដ្ឋ ពេលដែលពលរដ្ឋដាក់ពាក្យប្ដឹងអ្នកដែលរឹបអូសយកដីពួកគាត់ មិនគួរប្ដឹងបកមកពលរដ្ឋដែលកំពុងរងភាពអយុត្តិធម៌នោះទេ។ លោកបន្តថា ពេលដែលអាជ្ញាធរ និងអ្នកដែលយកដីពួកគាត់ ហើយប្ដឹងពលរដ្ឋថែមទៀត ធ្វើឲ្យពលរដ្ឋរងភាពអយុត្តិធម៌កាន់តែធ្ងន់៖ «ដែលយើងមើលឃើញថា រដ្ឋាភិបាលមិនបង្ហាញពីឆន្ទៈនៅក្នុងការបម្រើដល់ផលប្រយោជន៍រាស្ត្រជាធំទេ ជាជាងដែលព្យាយាមផ្ដល់នូវសម្បទានទាំងផ្នែកច្បាប់ក្ដី ទាំងផ្នែកអំណាចក្ដីដល់តែពួកឈ្មួញពួកក្រុមហ៊ុន ពួកអ្នកវិនិយោគទុន។អាហ្នឹងហើយដែលយើងមើលឃើញថា ទោះជាមានការធ្លាប់ចូលរួមដោះស្រាយ ថាមានឆន្ទៈក្នុងការដោះស្រាយក៏ដោយ តែវាមានកម្រិតទាបបំផុត មកពីខាងភាគីរដ្ឋាភិបាល។ ផ្ទុយទៅវិញ គឺមានតែការលាបពណ៌បន្ថែមទៅលើប្រជាពលរដ្ឋ ពេលដែលរងគ្រោះដោយសាររឿងដីធ្លីអីជាដើម»។
ពលរដ្ឋថា ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាលឆ័រ គ្រុប (Heng Huy Agriculture Group)របស់លោក ហេង ហ៊ុយ បានរំលោភយកដីស្រែចម្ការរបស់ពួកគាត់ទាំងអស់ចំនួនជាងមួយពាន់ហិកតារ (១.២០០) តាំងតែពីឆ្នាំ២០០៧ ហើយពាក្យបណ្ដឹងរបស់ពលរដ្ឋដែលដាក់នៅក្រសួងរៀបចំដែនដីជាច្រើនលើកនោះ មិនត្រឹមតែក្រសួងមិនបានដោះស្រាយទេ ថែមទាំងបង្គាប់ទៅដល់សមត្ថកិច្ចឲ្យតាមរកមុខ និងចាត់វិធានការច្បាប់លើបុគ្គលណា ដែលនាំពលរដ្ឋទាំង១៩៧គ្រួសារ ឡើងមកតវ៉ានៅរាជធានីភ្នំពេញទៀតផង។
ក្រៅពីអ្នកស្រី ដេត ហួរ នេះ មានតំណាងពលរដ្ឋ៨នាក់ទៀត ក៏កំពុងជាប់បណ្ដឹងនៅតុលាការដែរ រួមមានលោកស្រី កើត នៅ លោកស្រី អិន ធូ លោកស្រី អីប តឹង និង លោក ឆាន់ ឈឿន ជាដើម ។ពួកគាត់រងការចោទ២ករណី គឺបទបរិហារកេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល យល់ថា ការប្រើប្រាស់ប្រព័ន្ធតុលាការនេះ គឺដើម្បីដាក់សម្ពាធឲ្យពួកគាត់បញ្ឈប់ការតវ៉ាទាមទារដីធ្លី ដែលត្រូវបានឧកញ៉ា ហេង ហ៊ុយ រំលោភយកទៅទាំងបំពាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។