ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​សម្រុក​ទាមទារ​ដំណោះស្រាយ​ដីធ្លី​ពី​ក្រសួង​រៀបចំ​ដែនដី

ដោយ ថា កិត្យា
2016-12-21
Share
ជម្លោះ​ដីធ្លី កោះកុង ២០១៦ ៨៥៥ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ភាគី​ក្រុមហ៊ុន​មក​ពី​ខេត្ត​កោះកុង តវ៉ា​នៅ​ខាង​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Tha Kitya
RFA/Tha Kitya

ពលរដ្ឋ​ជាង ១០០​នាក់​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា ហេង ហ៊ុយ ក្រុមហ៊ុន​ស្ករ​អំពៅ​ឈ្មោះ កោះកុង ស៊ូហ្គើ (Koh Kong Sugar) និង​ក្រុមហ៊ុន​កោះកុង ផ្លេនថេសិន (Koh Kong Plantation) មក​ពី​ខេត្ត​កោះកុង នាំ​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​រៀបចំ​ដែនដី នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​ធ្នូ ទាមទារ​ដំណោះស្រាយ។ រីឯ​ក្រសួង​រៀបចំ​ដែនដី សន្យា​ដោះស្រាយ​ជូន​ពួក​គាត់។

«សំឡេង​ស្រែក​តវ៉ា​របស់​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី»

នេះ គឺ​ជា​សម្រែក​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​នៅ​ខាង​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ របស់​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាង ១០០​នាក់ ​តំណាង​ឲ្យ​ពលរដ្ឋ​សរុប​ចំនួន ១៤៧​គ្រួសារ​មក​ពី​ភូមិ​ចំនួន​៧ នៅ​ក្នុង​ស្រុក​ចំនួន​២ គឺ​ស្រុក​បុទុមសាគរ និង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ខន ផុន រៀបរាប់​ថា ការ​ដែល​ពួក​គាត់​មក​ប្រមូល​ផ្តុំ​នេះ គឺ​ដើម្បី​សុំ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី ជួយ​ពន្លឿន​ដំណោះស្រាយ​ដីធ្លី​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​តាម​ការ​សន្យា បន្ទាប់​ពី​ពួក​គាត់​បាន​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​កាល​ពី​ខែ​កក្កដា កន្លង​ទៅ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គ្មាន​ដំណោះស្រាយ​ជូន​ពួក​គាត់៖ «ឲ្យ​អាជ្ញាធរ​ជួយ​ជំរុញ​យក​ដី​ពី​ក្រុមហ៊ុន លី យ៉ុងផាត់ មក​វិញ​មក ព្រោះ​ឥឡូវ​នេះ​លំបាក​ណាស់ ហើយ​គ្មាន​ដី​គ្មាន​ទឹក​ទេ​សម្រាប់​ធ្វើ​អី​ហូប​ទេ»

ប្រជាពលរដ្ឋ​អះអាង​ថា ដីធ្លី​ពួក​គេ​មាន​ទាំង​ដី​លំនៅឋាន និង​ដី​ចម្ការ ត្រូវ​ក្រុមហ៊ុន​លោក​ឧកញ៉ា ហេង ហ៊ុយ ក្រុមហ៊ុន​ស្ករ​អំពៅ​ឈ្មោះ កោះកុង ស៊ូហ្គើ និង​ក្រុមហ៊ុន​កោះកុង ផ្លេនថេសិន ឈូស​ឆាយ​រំលោភ​យក​ជា​ហូរហែ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦។

ពួក​គាត់​សុំ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​ទទួល​បាន​ដីធ្លី​មក​អាស្រ័យ​ផល​ឡើង​វិញ ព្រោះ​បច្ចុប្បន្ន​នេះ ពួក​គាត់​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ និង​វិបត្តិ​ផ្លូវ​ចិត្ត៖ «ធ្វើ​បាប​ប្រជាពលរដ្ឋ​ណាស់! ខ្ញុំ​អត់​មាន​ផ្ទះ​នៅ​ទេ! រាល់​ថ្ងៃ​រស់នៅ​ប្រក់​តង់​ជាង ១០​ឆ្នាំ​ហើយ តាំង​ពី​គេ​ឈូស​ឆាយ​យក​ដីធ្លី​នោះ​មក គឺ​ហូប​តែ​ដំឡូង​ព្រៃ ហើយ​កូន​ប្រាំបួន​នាក់​អត់​បាន​រៀន​ទេ ព្រោះ​អត់​លុយ។ កាល​ដែល​ក្រុមហ៊ុន​មិន​ទាន់​យក​លុយ​ខ្ញុំ​នោះ គឺ​ធ្វើ​ក្នុង​មួយ​ឆ្នាំ​បាន​បី​លាន ហើយ​អត់​ជំពាក់​អង្គការ​ណា​ទេ។ តែ​ឥឡូវ​ជំពាក់​អង្គការ ព្រោះ​យក​លុយ​ទិញ​អង្ករ​ហូប»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ប្រជាពលរដ្ឋ​ទាំងនេះ​ក៏​បាន​ទៅ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ខាង​រដ្ឋសភា និង​ក្រសួង​បរិស្ថាន ដែរ ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​ឡើយ ហើយ​មិន​តែ​ប៉ុណ្ណោះ ពួក​គាត់​រៀបរាប់​ថា ក្រសួង​បរិស្ថាន ក៏​បាន​ដឹក​ពួក​គាត់​យក​ទៅ​ចាក់​ចោល​នៅ​លើ​គំនរ​សំរាម​ក្បែរ​វត្ត​សាមគ្គីរង្សី។ ពួក​គាត់​គ្មាន​អាហារ​បរិភោគ និង​ត្រូវ​ដេក​ផ្ទាល់​ដី និង​សំរាម ព្រម​ទាំង​មូស​ខាំ​យ៉ាង​ខ្លោចផ្សា​ពេញ​មួយ​យប់​ទៀត​ផង៖ «មក​ល្ងាច​មិញ គេ​ធ្វើ​បាប​ណាស់! គេ​យក​ទៅ​ចាក់​ចោល​លើ​គំនរ​សំរាម អត់​បាន​ដេក​មួយ​យប់​ទល់​ភ្លឺ ហើយ​អត់​បាយ​ហូប តែ​បាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ឲ្យ​មី​ហូប​ម្នាក់​មួយ​កញ្ចប់ អត់​មាន​លុយ​ទិញ​បាយ​ហូប​ទេ លំបាក​ណាស់

ក្នុង​ការ​តវ៉ា​នៅ​ថ្ងៃ​នេះ ពួក​គាត់​នាំ​គ្នា​លើក​បដា និង​រូបថត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។ ពួក​គាត់​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ដែរ​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ដោយ​អាជ្ញាធរ​រុញ​ច្រាន​ពួក​គាត់​ឲ្យ​ត្រឡប់​ថយ​ក្រោយ ហាម​មិន​ឲ្យ​ជួប​ប្រមូល​ផ្តុំ​នៅ​ខាង​មុខ​ក្រសួង​រៀបចំ​ដែនដី ប៉ុន្តែ​ពុំ​បាន​សម្រេច។ មក​ដល់​មុខ​ក្រសួង​រៀបចំ​ដែនដី ពួក​គាត់​ស្រែក​យំ និង​លុត​ជង្គង់​ថ្វាយ​បង្គំ​ក្រសួង​រៀបចំ​ដែនដី ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់ ដែល​បាត់បង់​ដីធ្លី ផ្ទះ​សម្បែង​សម្រាប់​ចិញ្ចឹម​ជីវិត។ ពួក​គាត់​រៀបរាប់​ថា អាជ្ញាធរ​មិន​ត្រឹម​តែ​មិន​ជួយ​ពួក​គាត់​ទេ តែ​ថែម​ទាំង​ចោទ​ប្រកាន់​ផ្ដេសផ្ដាស និង​តាម​ជិះជាន់​ធ្វើ​បាប​លើ​ពួក​គាត់​បន្ថែម​ទៀត​ផង៖ «ទោះ​បី​ជា​គេ​ធ្វើ​បាប ចង់​កាប់ និង​ចង់​បាញ់​សម្លាប់​ចោល​ក៏ដោយ ក៏​មិន​រាថយ​ដែរ ប្ដេជ្ញា​បូជា​ជីវិត​ដើម្បី​បាន​ដី​ត្រឡប់​មក​វិញ​ទុក​សម្រាប់​កូន​ចៅ»

ក្រោយ​ពី​អង្គុយ​ស្រែក​តវ៉ា តំណាង ៧​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​អគារ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី។

បន្ទាប់​ពី​ជួប​ពិភាក្សា​ប្រហែល​ពីរ​ម៉ោង អ្នក​តំណាង​ដែល​ចេញ​មក​វិញ គឺ​លោកស្រី ណុំ វណ្ណារី បាន​និយាយ​ថា ខាង​ក្រសួង​សន្យា​ជាមួយ​ពួក​គាត់​ថា នឹង​ព្យាយាម​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ ១៥​គ្រួសារ​ជាមួយ​ក្រុមហ៊ុន​របស់​ឧកញ៉ា ហេង ហ៊ុយ និង​ពលរដ្ឋ ១៤៧​គ្រួសារ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់។ លោកស្រី​បន្ថែម​ថា ខាង​ក្រសួង​នឹង​ផ្តល់​ដំណឹង​ជូន​ពលរដ្ឋ​វិញ​ក្នុង​រយៈពេល ៣​ថ្ងៃ​ខាង​មុខ​ទៀត បន្ទាប់​ពី​ក្រសួង​ណាត់​ជួប​ជជែក​ជាមួយ​ក្រុមហ៊ុន​ទាំង​ពីរ៖ «ក្រសួង​គ្រោង​ជួប​ក្រុមហ៊ុន​ទាំង​ពីរ គឺ​ក្រុមហ៊ុន ហេង ហ៊ុយ និង​ក្រុមហ៊ុន លី យ៉ុងផាត់»

ក្រៅ​តែ​ពី​សម្រែក​តវ៉ា​របស់​ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង ក៏​មាន​សម្រែក​ទាមទារ​ដំណោះស្រាយ​ដីធ្លី​របស់​ពលរដ្ឋ​មួយ​ក្រុម​ទៀត​ប្រមាណ​ជិត ១០០​នាក់​ដែរ​មក​ពី​ខេត្ត​ព្រះវិហារ។ អតីត​អ្នក​ភូមិ​ស្វាយជ្រុំ នៃ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត បាន​កាន់​បដា និង​ឈរ​ទាមទារ​ឲ្យ​អាជ្ញាធរ​ប្រគល់​ដី​ភូមិ​ចាស់​មក​ពួក​គេ​កាន់​កាប់​វិញ បន្ទាប់​ពី​អ្នក​ភូមិ​ទាំងនោះ ត្រូវ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បង្ខំ​ឲ្យ​ចាកចេញ ដោយ​ការ​ដោះដូរ​ដី​កន្លែង​ផ្សេង​ឲ្យ​រស់នៅ​រយៈពេល ៤​ឆ្នាំ​មក​ហើយ​គិត​តាំង​ពី​ឆ្នាំ​២០១២។ ពួក​គាត់​ថា សព្វថ្ងៃ ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង បន្ទាប់​ពី​ផ្ទះ​របស់​ពួក​គាត់ រួម​ទាំង​វត្ត​អារាម នៅ​ភូមិ​ស្វាយជ្រុំ នោះ ត្រូវ​បាន​អាជ្ញាធរ​ឈូស​ឆាយ​វាយ​កម្ទេច។

ចំពោះ​ជម្លោះ​ដីធ្លី​នេះ ត្រូវ​បាន​ប្រធាន​ដោះស្រាយ​វិវាទ​ដីធ្លី​ទី​៣៥ នៃ​ក្រសួង​រៀបចំ​ដែនដី លោក ហេង រ៉ាន់ សន្យា​ថា នឹង​ពិនិត្យ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ៖ «ក្រសួង​នៅ​តែ​មាន​ជំហរ​ដោះស្រាយ​រហូត យើង​មិន​ធ្វើ​ឲ្យ​ប្រជាជន​មក​ដាក់​ញត្តិ​នេះ​ខក​ចិត្ត​ទេ ព្រោះ​រដ្ឋមន្ត្រី​គាត់​មិន​ចង់​ឲ្យ​មាន​បាតុកម្ម​មក​ដល់​កន្លែង​នេះ​ទេ អ៊ីចឹង​អ្វី​ដែល​យើង​ដោះស្រាយ​នោះ ដោះស្រាយ​រហូត ទល់​តែ​ទី​បញ្ចប់​ទូទាំង​ប្រទេស»

ការ​សន្យា​នេះ បាន​ឲ្យ​ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ ស្ងប់​ចិត្ត​បន្តិច ហើយ​នាំ​គ្នា​ទះ​ដៃ​សាទរ​ដោយ​សង្ឃឹម​ថា ពួក​គាត់​អាច​នឹង​ទទួល​បាន​ដំណោះស្រាយ។

ចំណែក​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ ដែល​មក​ពី​សហគមន៍​ភ្នំ​បាត អ្នក​បុរីកីឡា និង​សហគមន៍​ថ្មគោល ជាដើម ក៏​មាន​វត្តមាន​ស្រែក​តវ៉ា​សុំ​ដំណោះស្រាយ​នៅ​ខាង​មុខ​ក្រសួង​រៀបចំ​ដែនដី ដែរ ប៉ុន្តែ​ពួក​គាត់​មិន​ត្រូវ​បាន​ខាង​ក្រសួង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ឡើយ ដោយ​តម្រូវ​ឲ្យ​ពួក​គាត់​រង់ចាំ ហើយ​ផ្តល់​ឱកាស​ឲ្យ​អ្នក​ខេត្ត​មុន។

ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នេះ​លើក​ឡើង​ថា ពួក​គាត់​នឹង​នៅ​តែ​បន្ត​តវ៉ា​ទៀត​ដោយ​មិន​រាថយ​ឡើយ ជាពិសេស​ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង អះអាង​ថា ពួក​គាត់​នឹង​មិន​ត្រឡប់​ទៅ​ស្រុក​វិញ​ឡើយ ដោយ​ពួក​គាត់​នឹង​បន្ត​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ដទៃ​ទៀត​នៅ​ទីក្រុង​ភ្នំពេញ ព្រោះ​ថា បើ​ពួក​គាត់​ត្រឡប់​ទៅ​វិញ​ទាំង​គ្មាន​ដោះស្រាយ​ដីធ្លី​នោះ គឺ​ពួក​គាត់​នឹង​ត្រូវ​ដាច់​ពោះ​ស្លាប់​ដូច​គ្នា ដោយសារ​គ្មាន​ដី​អាស្រ័យ​ផល និង​ទី​ជម្រក​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល