ពលរដ្ឋមានជម្លោះដីធ្លីមកពីបណ្ដាខេត្តនិងភ្នំពេញដាក់ញត្តិជូនរដ្ឋសភាសុំដំណោះស្រាយ
2014.12.24

ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដោយមិនបានចុះពិនិត្យផលប៉ះពាល់ជាក់ស្តែង នាំឲ្យមានជម្លោះដីធ្លីរហូតមានការតវ៉ាឥតឈប់ឈរពីអ្នកដែលរស់នៅប៉ះពាល់នឹងគម្រោងវិនិយោគទាំងនោះ។ ទាក់ទងបញ្ហានេះដែរ ពលរដ្ឋខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងពលរដ្ឋបឹងកក់ ដែលកំពុងមានជម្លោះដីធ្លីដោយសារគម្រោងវិនិយោគ នាំដាក់ញត្តិតវ៉ារកដំណោះស្រាយពីស្ថាប័នរដ្ឋសភា។
«សំឡេងស្រែកសុំយកដីវិញ»
គណៈកម្មការទី១នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ បានទទួលញត្តិពីប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីមកពី ៤ខេត្តនិងរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងជួយរកដំណោះស្រាយ។
ប្រធានគណៈកម្មការទី១នៃរដ្ឋសភា លោក អេង ឆៃអ៊ាង សុំឲ្យប្រជាពលរដ្ឋមកពីខេត្តព្រះវិហារ ព្យួរការតវ៉ាសិន និងសុំឲ្យទៅទទួលយកសំណងប្ដូរទីតាំងរស់នៅថ្មី គឺចេញពីតំបន់អភិរក្សប្រាសាទព្រះវិហារ ក្នុងភូមិស្វាយជ្រុំ គឺប្ដូរទៅភូមិថ្មី ក្នុងឃុំកន្ទួត ដែលអាជ្ញាធរខេត្តផ្តល់ដីក្បាល ៥០ម៉ែត្រ ជម្រៅ ១០០ម៉ែត្រ និងដីដាំដុះមួយគ្រួសារ ២ហិកតារ៖ «អ៊ីចឹងអាជ្ញាធរប្រាសាទព្រះវិហារ ដែលធ្វើការជាមួយអង្គការយូណេស្កូ (UNESCO) មើលឃើញថា តំបន់១ តំបន់២ ហ្នឹង គឺជាតំបន់ដែលមានសំណល់បុរាណ ដែលចាំបាច់ត្រូវធ្វើការអភិរក្ស បានខ្ញុំស្នើសុំឲ្យគាត់ចូលរួមចំណែកទៅ លះបង់ដីហ្នឹងសម្រាប់ផលប្រយោជន៍មនុស្សជាតិទៅ ហើយឲ្យគាត់ទទួលយកសំណងដែលគាត់អាចទទួលយកបានពីរាជរដ្ឋាភិបាលទៅ។ នេះជាបំណងរបស់គណៈកម្មការទី១»។
ចំណែកតំណាងអ្នកភូមិស្វាយជ្រុំ ២៥៣គ្រួសារ ដាក់ញត្តិជូនគណៈកម្មការទី១នៃរដ្ឋសភា សុំរស់នៅលើដីក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ដដែល។ អ្នកភូមិអះអាងថា កាលពីឆ្នាំ១៩៩៩ លោក ជា សុផារ៉ា កាលណោះជាអភិបាលរាជធានីភ្នំពេញ បានកសាងផ្លូវឆ្ពោះទៅប្រាសាទព្រះវិហារ ហើយបានប្រមែប្រមូលអ្នកភូមិមកពីតំបន់ផ្សេងៗឲ្យទៅរស់នៅក្នុងតំបន់ ជុំវិញប្រាសាទព្រះវិហារ ដើម្បីជួយការពារប្រាសាទ ខណៈកងទាហានថៃ ចង់ចូលកាន់កាប់ប្រាសាទ។ ស្រាប់តែនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១២ អាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ប្រើកម្លាំងប្រដាប់អាវុធប្រមាណ ៤០០នាក់ វាយកម្ទេចផ្ទះសម្បែង សាលារៀន វត្ត ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកសាងឲ្យទៀតផង៖ «បើទើសទាល់ថាខ្ញុំជាជនជាតិខ្មែរ ដេញមិនឲ្យនៅលើដីហ្នឹង អ៊ីចឹងខ្ញុំសុំឲ្យធ្វើជាច្បាប់មួយនិរទេសពួកខ្ញុំ ឲ្យចេញទៅនៅប្រទេសណាដែលជាប្រទេសសេរី ខ្ញុំទៅនៅបានទាំងអស់ពួកខ្ញុំ ហើយប្រគល់ដីហ្នឹងឲ្យ ហើយបើថាប្រគល់ឲ្យហើយ ពួកខ្ញុំមិនបាននៅហ្នឹងដដែល គឺពួកខ្ញុំសុខចិត្តប្ដូរស្លាប់»។
ក្រៅពីប្រជាពលរដ្ឋមកពីខេត្តព្រះវិហារ មានអាជីវករមកពីខេត្តកំពង់ស្ពឺ ក៏បានតវ៉ាសុំដីបេនឡាន ដែលជាសម្បត្តិរដ្ឋ តែត្រូវសាលាខេត្តនោះប្រគល់ដីបេនឡានឲ្យឯកជនកាន់កាប់វិញ។
ចំណែកជនជាតិដើមភាគតិចព្នង មកពីខេត្តមណ្ឌលគិរី ដាក់ញត្តិប្ដឹងក្រុមហ៊ុនវៀតណាម ឈ្មោះ ប៊ិញ ភឿក ១ (Bin Phoeuk 1) ចោទថាឈូសបំផ្លាញវប្បធម៌ពួកគេ ទើបពួកគេមកសុំឲ្យតំណាងរាស្ត្រជួយអន្តរាគមន៍។
នៅក្នុងការដាក់ញត្តិនៅថ្ងៃទី២៤ ខែធ្នូ ដែរ អ្នកភូមិជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ក៏មកដាក់ញត្តិទាមទារឲ្យដោះស្រាយដីពាក់ព័ន្ធបណ្ដឹង លោក ហេង ហ៊ុយ ដែលចោទប្រជាពលរដ្ឋថារស់នៅក្នុងដីសម្បទានរបស់ក្រុមហ៊ុននោះ។
ក្រៅពីប្រជាពលរដ្ឋមកពីតាមខេត្ត ក៏មានអ្នករស់នៅក្នុងរាជធានីភ្នំពេញដែរ គឺអតីតអ្នកបឹងកក់ និងអ្នករស់នៅផ្លូវលេខ៣៤៧ ដែលសាលារាជធានីភ្នំពេញពង្រីកផ្លូវប៉ះផ្ទះសម្បែង ហើយផ្តល់សំណងមិនសមរម្យតាមទីផ្សារសេរី ក៏មកតវ៉ាដែរ។ អ្នកស្រី សយ កុលាប តំណាងអ្នកតវ៉ាថ្លែងថា ក្រោយពីចេញពីបឹងកក់ សេដ្ឋកិច្ចគ្រួសារគាត់ធ្លាក់ដុនដាបខ្លាំង ឯកូនចៅមិនបានបន្តការសិក្សា ទើបគាត់មកសុំឲ្យតំណាងរាស្ត្រទទួលយកញត្តិពួកគាត់ ស្នើសុំឲ្យសាលាក្រុងបន្ថែមសំណង ២ម៉ឺនដុល្លារទៀតក្នុងមួយគ្រួសារ៖ «គាត់អភិវឌ្ឍមែន តែអភិវឌ្ឍកុំគិតតែឆ្លៀតឱកាស ឲ្យតែមន្ត្រីថ្នាក់ធំគាត់បានផលប្រយោជន៍ពីការអភិវឌ្ឍ តែប្រជាពលរដ្ឋរងទុក្ខវេទនានេះ»។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) លោក អំ សំអាត ថ្លែងថា វិបត្តិដីធ្លីកាន់តែមានភាពតានតឹងរយៈពេលចុងក្រោយនេះ ដោយសារការបង្ខំពលរដ្ឋឲ្យចាកចេញពីផ្ទះ និងផ្តល់សំណងមិនតាមតម្លៃទីផ្សារ ទើបការតវ៉ាចេះតែបន្តមានជាបន្តបន្ទាប់៖ «ពីព្រោះការដោះស្រាយនៅក្នុងករណីខុសគ្នាថ្ងៃនេះ យើងឃើញហើយ អតីតអ្នកពីបឹងកក់ដែលបានចេញទៅ គឺការដោះស្រាយដោយមិនមានតម្លាភាព និងមិនសមរម្យរបស់ពួកគាត់ ដែលធ្វើឲ្យគាត់ចេញទៅរស់នៅដោយលំបាកវេទនា ហើយគាត់វិលមកទាមទារសំណងបន្ថែមទៀត ដើម្បីឲ្យគាត់អាចរស់រានមានជីវិតបានជាបន្តទៅទៀត»។
ក្រោយពីតំណាងរាស្ត្រទទួលយកញត្តិពីពលរដ្ឋ ៤ខេត្តនិងរាជធានីភ្នំពេញរួចមក អ្នកភូមិមកពីខេត្តព្រះវិហារ បន្តរង់ចាំការដោះស្រាយនៅមុខរដ្ឋសភា។ ចំណែកអាជីវករមកពីខេត្តកំពង់ស្ពឺ និងពលរដ្ឋខេត្តក្រុងដទៃទៀត ត្រឡប់ទៅវិញរង់ចាំការជូនដំណឹងពីរដ្ឋសភា៕