ប្រជាពលរដ្ឋជាង ១ រយគ្រួសាររស់នៅតំបន់ភ្នំលុង ឃុំរម្យទម្យ ស្រុករវៀង ខេត្តព្រះវិហារ អះអាងថា អាជ្ញាធរស្រុកបានហាមឃាត់ពួកគាត់មិនឱ្យសាងសង់វត្តអារាម និងសមិទ្ធផលផ្សេងៗនៅលើទីតាំងដីដែលពួកគាត់បម្រុងទុកសម្រាប់ការបដិបត្តជំនឿសាសនា។ ប្រជាពលរដ្ឋអំពាវនាវដល់អាជ្ញាធរថ្នាក់លើឱ្យជួយអន្តរាគមន៍ករណីនេះ ដើម្បីពួកគាត់អាចអនុវត្តសិទ្ធិខាងជំនឿសាសនារបស់ខ្លួនបាន ខណៈក្រសួងធម្មការ និងសាសនាអះអាងថា នឹងតាមដានករណីនេះ។
តំណាងប្រជាពលរដ្ឋ លោក ទុយ ឆេង អះអាងប្រាប់អាស៊ីសេរីថា អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានហាមឃាត់ពលរដ្ឋមិនឱ្យសាងសង់វត្តអារាម និងកសាងសមិទ្ធផលនានា លើទីតាំងដីចំនួន ១២ ហិកតារ ដែលពួកគាត់បានត្រៀមបម្រុងទុកនោះ ដោយបញ្ជាក់ថា ដីនោះគឺជាដីរបស់ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលក្នុងការធ្វើអាជីវកម្មរ៉ែមាសនៅតំបន់នោះ។ លោកបន្តថា ខាងអាជ្ញាធរស្រុកបានគំរាមថា នឹងចាត់វិធានការលើពលរដ្ឋ បើនៅតែបន្តសាងសង់វត្តអារាម ឬសមិទ្ធផលនានានៅលើបរិវេណដីនោះតទៅទៀត៖ «ប្រជាពលរដ្ឋយើងហ្នឹងឯងរងទុក្ខ ទីមួយគឺដីដែលជាកេរមត៌កខាងជំនឿសាសនានៅសល់តែ ១២ ហិកតារទេ ហើយគេថាដីនោះជាដីក្រុមហ៊ុនទៅទៀត គេមិនព្រមឱ្យ។ ខាង ( អាជ្ញាធរ ) ស្រុកហ្នឹងឯង យើងសុំស៊ីញេច្បាប់ក៏គេមិនឱ្យរហូតដល់មានពាក្យថា បើព្រះសង្ឃហ៊ានធ្វើបុណ្យនៅកន្លែងហ្នឹង គឺគេនឹងដាក់កម្លាំងទៅបង្ក្រាបតែម្ដង»។
លោក ទុយ ឆេង អះអាងថា ទំនាស់រវាងប្រជាពលរដ្ឋនៅតំបន់ភ្នំលុង និងក្រុមហ៊ុន ឌែលខម នោះត្រូវបានដោះស្រាយបញ្ចប់រួចរាល់ហើយកាលពីពេលថ្មីៗនេះ ហើយភាគីក្រុមហ៊ុនមិនបានទាមទារដី ១២ ហិកតារដែលពលរដ្ឋត្រៀមទុកសម្រាប់ជំនឿសាសនានោះឡើយ ផ្ទុយទៅវិញខាងក្រុមហ៊ុនថែមទាំងបានជួយជាថវិកា និងគាំទ្រដល់ការសាងសង់វត្តអារាមនៅលើទីតាំងដីនោះទៀតផង ប៉ុន្តែលោកមិនយល់ថា ហេតុអ្វីបែរជាខាងអាជ្ញាធរស្រុកហាមឃាត់ពលរដ្ឋមិនឱ្យសាងសង់វត្តអារាមនៅទីនោះទៅវិញ។
តំណាងពលរដ្ឋរូបនេះ បញ្ជាក់ថា ពលរដ្ឋចំនួន ១២០គ្រួសារ ជាជនជាតិខ្មែរ និងជនជាតិដើមភាគតិចកួយ នៅតំបន់រំដេងភ្នំលុង បានត្រៀមបម្រុងទុកដីនោះតាំងពីឆ្នាំ២០០១ មកម្ល៉េះ ដែលពីដំបូងដីនេះមានទំហំ ១៩ហិកតារ ប៉ុន្តែបច្ចុប្បន្ននៅសល់ប្រមាណ ១២ហិកតារប៉ុណ្ណោះ ដើម្បីទុកជាទីតាំងសក្ការ និងកសាងវត្តអារាមទៅតាមជំនឿនៃព្រះពុទ្ធសាសនា។ លុះមកដល់ឆ្នាំ២០១៨ នេះ ប្រជាពលរដ្ឋក៏បានមូលមតិគ្នាកសាងវត្តអារាមមួយដោយដាក់ឈ្មោះថា សុវណ្ណអូរបេងរំដេងភ្នំលុង ដោយមានព្រះសង្ឃចំនួន ៧អង្គកំពុងគង់នៅ ប៉ុន្តែសំណើសុំកសាងវត្តអារាម និងសមិទ្ធផលនានានៅក្នុងវត្តនោះ ត្រូវបានអាជ្ញាធរស្រុករវៀងបដិសេធទៅវិញ ហើយអាជ្ញាធរស្រុកបានហាមប្រាមរាល់ការធ្វើបុណ្យ ឬប្រារព្ធពិធីនៅទីនោះ៖ «យើងរងកម្មដោយសារបុគ្គលយកអំណាចរបស់គាត់ហ្នឹងឯងទៅគំរាមប្រជាពលរដ្ឋ។ អាជ្ញាធរស្រុកថាខាងក្រុមហ៊ុនគេទទួលបានអាជ្ញាប័ណ្ណពីសម្ដេចនាយក ( ហ៊ុន សែន ) ដូច្នេះសុទ្ធតែរបស់សម្តេចនាយកទាំងអស់ ប៉ុន្តែតាមការពិតមិនមានពាក់ព័ន្ធអ្វីនឹងសម្តេចនាយកផង មានតែបុគ្គលនៅថ្នាក់កំពូលនៅស្រុកហ្នឹងឯង។ អ៊ីចឹងបានថា ឱ្យគាត់មើលផង ព្រោះប្រសិនណាបើអភិបាលស្រុកធ្វើតែរបៀបនេះ សន្មតថានៅថ្ងៃទី២៩ កក្កដា នៅឃុំរម្យទម្យ និងឃុំរមនា គឺនឹងធ្លាក់ឆ្នោតគណបក្សប្រជាជនហើយ។ ដូច្នេះគណបក្សប្រជាជនកំពុងតែហែកសន្លឹកឆ្នោតខ្លួនឯងចោលហើយនៅស្រុករវៀងនេះ»។
អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បដិសេធថា លោកមិនបានហាមឃាត់ប្រជាពលរដ្ឋនោះឡើយ ហើយក៏មិនបានគំរាមកំហែងពលរដ្ឋដែរ។ លោកអះអាងថា វត្តអារាមដែលពលរដ្ឋគ្រោងសាងសង់នោះមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយទេ ដោយអាជ្ញាធរកំពុងស្នើសុំគោលការណ៍ពីក្រសួងធម្មការ និងសាសនា៖ «អត់ទេ ខ្ញុំមិនបានហាមគាត់សាងសង់នោះទេ ការនិយាយនេះជារឿងរបស់គាត់ទេ។ បើហាមឃាត់សាងសង់ ម៉េចគាត់មានសិទ្ធិធ្វើបុណ្យ ? ខ្ញុំកំពុងទាក់ទងទៅមន្ទីរធម្មការ និងក្រសួងធម្មការទៀត»។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ ប៉ុន្តែលោកថា ប្រសិនបើទីតាំងដីនោះមិនមានទំនាស់ទេនោះ ការកសាងវត្តអារាមគឺអាចធ្វើទៅតាមតាមរយៈការស្នើសុំមកក្រសួង ដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធនានា៖ «ខ្ញុំនឹងពិនិត្យមើល ហើយនិងសួរទៅអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយរឿងនេះ។ វាមិនទាស់ខុសអ្វីនោះទេ ប្រសិនបើកន្លែងទំនាស់ត្រូវបានដោះស្រាយរួចរាល់ហើយនោះ ច្បាប់សាសនាក៏អនុញ្ញាតបាន ច្បាប់រដ្ឋក៏មិនមានអ្វីទាស់ខុសដែរ មិនអីទេ ចំណុចនេះគឺថាវាស្របទាំងអស់»។
អ្នកសម្របសម្រួលកម្មវិធីកសាងសមត្ថភាពសហគមន៍ និងតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ថ្លែងថា ច្បាប់របស់កម្ពុជាមានចែងអំពីសិទ្ធិរបស់ជនជាតិដើមភាគតិចក្នុងការថែរក្សា និងការពារតំបន់ទីសក្ការបូជារបស់ពួកគាត់ ដូច្នេះសំណើសុំកសាងវត្តអារាមរបស់ពលរដ្ឋនោះ គឺជារឿងត្រឹមត្រូវ៖ «ដីថែរក្សា និងដីកប់សពជាដើមហ្នឹង ក្នុងច្បាប់លើកឡើងថា ត្រូវអនុញ្ញាតទោះបីជាវាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ឬសម្បទានរ៉ែក៏ដោយ គឺត្រូវតែកាត់ឆ្វៀលទុកតំបន់នោះឱ្យពួកគាត់ថែរក្សា និងការពារ។ ប្រសិនបើមានបុគ្គលណាម្នាក់ទៅធ្វើឱ្យខូចទ្រង់ទ្រាយតំបន់ដែលពួកគាត់មានជំនឿ និងអភិរក្សថែរក្សា បុគ្គលនោះជាអ្នកប្រព្រឹត្តល្មើស ហើយនិងមានទោសទៀតផង»។
តំណាងប្រជាពលរដ្ឋ លោក ទុយ ឆេង អះអាងថា ប្រជាពលរដ្ឋនៅតំបន់រំដេងភ្នំលុងនឹងបន្តការសាងសង់វត្តអារាម និងសមិទ្ធផលផ្សេងៗទៀតនៅលើដីបម្រុងទុក ១២ហិកតារនោះដដែល បើទោះបីជាមានការហាមឃាត់ពីអាជ្ញាធរស្រុកក៏ដោយ ព្រោះពួកគាត់យល់ថាសកម្មភាពនេះ គឺដើម្បីផលប្រយោជន៍នៃជំនឿសាសនារបស់ពួកគាត់តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។