ក្រុមពលរដ្ឋជាង២០០គ្រួសារ ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ នាំគ្នាឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅក្រសួងដែនដី ស្វែងរកកិច្ចអន្តរាគមន៍ជាថ្មី ពីលោក ជា សុផារ៉ា។ សង្គមស៊ីវិល ស្នើឲ្យក្រសួងដែនដី ស្វែងរកដំណោះស្រាយជូនពលរដ្ឋ ដើម្បីបញ្ចប់ជម្លោះរ៉ាំរ៉ៃនេះ។
តំណាងពលរដ្ឋ សហគមន៍រងគ្រោះដីធ្លីខេត្តព្រះវិហារ លោក ផាន់ ឈឿន ឲ្យដឹងថា មន្ត្រីក្រសួងដែនដីបានទទួលយកញត្តិរបស់ពលរដ្ឋរងគ្រោះដីធ្លីរួចរាល់ហើយ នៅព្រឹកថ្ងៃទី៣០ មេសា ប៉ុន្តែ មន្ត្រីនៃក្រសួងដែនដី មិនបានសន្យាថា នឹងផ្ដល់ព័ត៌មានត្រលប់ឲ្យពួកគាត់វិញនៅថ្ងៃណាទេ។ លោក ផាន់ ឈឿន បន្ដថា ពលរដ្ឋនឹងបន្តនាំគ្នាស្នាក់នៅតាមផ្ទះជួល ផ្ទះបងប្អូន កន្លែងការដ្ឋានសំណង់ និងវត្តអារាម ក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំដំណោះស្រាយរបស់ក្រសួងដែនដី។
ដីដែលមានជម្លោះ ជាមួយអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវបានពលរដ្ឋអះអាងថា មានទំហំ ៣.៣៥៣ហិកតារ ជាកម្មសិទ្ធិរបស់ពលរដ្ឋចំនួន ២៥៣គ្រួសារ មានទីតាំងស្ថិតនៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។ តំណាងសហគមន៍ដីធ្លី រៀបរាប់ថា ដីមានជម្លោះនោះ ត្រូវបានបង្កើតជាភូមិដោយសម្ដេចព្រះសីហនុ ក្នុងឆ្នាំ១៩៦២។ ពលរដ្ឋម្ចាស់ភូមិ បានចាកចេញពីភូមិសម័យសង្គ្រាមឆ្នាំ៧០ ហើយនៅក្រោយសម័យសង្គ្រាម ពលរដ្ឋបានត្រលប់ទៅរស់នៅក្នុងភូមិវិញ តាមការអំពាវនាវរបស់អតីតអភិបាលក្រុងភ្នំពេញ លោក ជា សុផារ៉ា និងអតីតអភិបាលខេត្តព្រះវិហារ លោក ព្រាប តាន់។
ពលរដ្ឋអះអាងថា ពលរដ្ឋចាប់ផ្ដើមមានជម្លោះ គឺក្រោយពេលពលរដ្ឋមិនព្រមលក់ដី ទៅឲ្យតំណាងរាស្ត្រខេត្តព្រះវិហារ លោក សួស យ៉ារ៉ា ក្នុងតម្លៃថោក។ ក្រោយមក នៅឆ្នាំ២០០៨ ប្រធានអាជ្ញាធរជាតិព្រះវិហារ គឺ លោក ជុច ភឿន បានចេញសេចក្ដីជូនដំណឹងមក ដាក់បញ្ចូលដីរបស់អ្នកភូមិស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ និងបង្ខំឲ្យពលរដ្ឋចាកចេញពីដី ដោយយកកងទ័ពមកវាយបណ្ដេញចេញ និងដុតផ្ទះពលរដ្ឋចោលជាបន្តបន្ទាប់។
អ្នកភូមិស្វាយជ្រំ បន្ដថា ក្រោយពីបានដុតផ្ទះបណ្ដេញពលរដ្ឋចេញពីភូមិកំណើត អាជ្ញាធរខេត្ត និងអាជ្ញាធរជាតិព្រះវិហារ បានបន្លំឯកសារបំភ័ន្តទៅថ្នាក់លើ ថា ពលរដ្ឋនៅភូមិស្វាយជ្រំយល់ព្រមចាកចេញពីលំនៅឋានក្នុងភូមិ ហើយទៅរស់នៅកន្លែងថ្មី ដែលមានទីតាំងស្ថិតក្នុងព្រៃ។
លោក ផាន ឈឿន ប្រាប់ថា ក្រោយពេលបណ្ដេញអ្នកភូមិចេញ អាជ្ញាធរបានយកប្រជាជនថ្មី ទៅនៅលើដីភូមិមានជម្លោះ ខណៈដែលម្ចាស់ភូមិស្វាយជ្រំពិតប្រាកដ គ្មានផ្ទះ និងដីស្រែធ្វើចម្ការទេ។
កាលពីពេលមានសង្គ្រាមខ្មែរថៃ ឆ្នាំ២០០៨ អ្នកភូមិស្វាយជ្រំអះអាងថា ពួកគាត់គឺជាអ្នកជួយផ្គត់ផ្គង់និងបានដាំបាយឲ្យទាហានខ្មែរបរិភោគ ប៉ុន្តែ ក្រោយមក អ្នកភូមិបាននាំគ្នាជម្លៀសចេញពីភូមិ តាមការអំពាវនាវរបស់អាជ្ញាធរ។ អ្នកភូមិថា ក្រោយចប់សង្គ្រាមខ្មែរ និងថៃ ឆ្នាំ២០០៨ អ្នកភូមិបានវិលត្រលប់ទៅភូមិវិញ ប៉ុន្តែអាជ្ញាធរចាប់ផ្ដើមយុទ្ធនាការ បណ្ដេញអ្នកភូមិចេញ ដោយសំអាងលើស.ជ.ណ (សេចក្ដីជូនដំណឹង) របស់អាជ្ញាធរជាតិព្រះវិហារ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺ ពីករណីជម្លោះដីធ្លីនេះ បានពីខាងតំណាងរាស្ត្រខេត្តព្រះវិហារ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា អភិបាលខេត្ត លោក អ៊ុន ចាន់ដា និងអាជ្ញាធរជាតិព្រះវិហារ បានទេ នៅថ្ងៃទី៣០ មេសា។ ប៉ុន្តែ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ អតីត អភិបាលខេត្តព្រះវិហារ លោក អុំ ម៉ារ៉ា និង លោក លោក ជុច ភឿន ប្រធានអាជ្ញាធរជាតិប្រាសាទព្រះវិហារ និងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប ធ្លាប់បានកោះហៅតំណាងពលរដ្ឋមានជម្លោះដីធ្លី ចំនួន៤នាក់ ទៅជួបសំណេះសំណាលគ្នាម្ដង ក្នុងពិធីស្រង់ព្រះនៅវត្តមរតកតេជោបុរីស្វារៈ ក្នុងឃុំស្រអែម។ តែជម្លោះនៅតែបន្តរហូតដល់សព្វថ្ងៃ។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត សង្កេតឃើញថា ករណីជម្លោះពលរដ្ឋជាមួយអាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរខេត្តនេះ ជាជម្លោះរ៉ាំរ៉ៃ យូរមកហើយ។ លោកថា មូលហេតុដែលធ្វើឲ្យជម្លោះនេះដោះស្រាយមិនចេញ ដោយសារពលរដ្ឋដែលអះអាងថា កន្លែងថ្មីដែលអាជ្ញាធររៀបចំឲ្យទៅនៅ ពិបាករស់នៅ គ្មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ និងចង់ឲ្យអាជ្ញាធរអភិវឌ្ឍន៍នៅនឹងកន្លែងវិញ។ សង្គមស៊ីវិល អំពាវនាវឲ្យក្រសួងដែនដី គួរតែចេញមុខដោះស្រាយបញ្ចប់ករណីជម្លោះនេះ ឲ្យបានឆាប់ ជៀសវាងការអូសបន្លាយរ៉ាំរ៉ៃបន្តទៀត។ «»
ក្រុមពលរដ្ឋ សហគមន៍រងគ្រោះដីធ្លីខេត្តព្រះវិហារ រៀបរាប់ថា ពួកគាត់បានដើរទាមទាររកដំណោះស្រាយរាប់ឆ្នាំមកនេះ ទទួលបានលិខិតអន្តរាគមន៍ចំនួន ២៥ច្បាប់ហើយ ជាលិខិតរបស់ព្រះបរមរាជវាំង រដ្ឋសភា ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងមហាផ្ទៃ ជាដើម ប៉ុន្តែនៅតែមិនទទួលបានដីមកវិញ។ ពួកគេរំពឹងថា មានតែការចេញមុខអន្តរាគមន៍ដោយផ្ទាល់ ពីរដ្ឋមន្ត្រីដែនដី លោក ជា សុផារ៉ា ទេ ទើបអាចឲ្យអ្នកភូមិទទួលបានដំណោះស្រាយសមរម្យ៕