ប្រជាពលរដ្ឋចំនួន ១៣គ្រួសារ រស់នៅក្នុងខណ្ឌព្រែកព្នៅ ប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ សុំកាន់កាប់ដីរបស់ពួកគាត់ឡើងវិញ បន្ទាប់ពីតុលាការកំពូល ចេញសាលដីការឹបអូសយកដីពួកគាត់កាលពីថ្ងៃទី២៧ មីនា កន្លងទៅ តាមបណ្ដឹងរបស់លោកឧកញ៉ាម្នាក់ឈ្មោះ សុខ ហេង។ ពលរដ្ឋចោទលោកឧកញ៉ានោះថា បានក្លែងបន្លំឯកសារយកដីរបស់ពួកគាត់ជាមួយអ្នកភូមិម្នាក់ទៀត កាលពីឆ្នាំ១៩៩៩។
ប្រជាពលរដ្ឋ ១៣គ្រួសារនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លើកឡើងថា ទំហំដី ២ហិកតារដែលលោកឧកញ៉ា សុខ ហេង អះអាងថាជាកម្មសិទ្ធិរបស់ខ្លួននោះ តាមពិត គឺពួកគាត់បានទិញតពីប្រជាពលរដ្ឋដទៃទៀតតាំងពីឆ្នាំ២០០៦ និងឆ្នាំ២០០៧ ដែលមានប្លង់រឹង និងទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ។
ថ្មីៗនេះ ពលរដ្ឋទាំង ១៣គ្រួសារនេះប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ សុំសិទ្ធិកាន់កាប់លើដីរបស់ពួកគាត់ឡើងវិញ បន្ទាប់ពីតុលាការកំពូល បានចេញសាលដីការឹបអូសយកដីពួកគាត់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ តាមបណ្ដឹងរបស់ឧកញ៉ាម្នាក់ឈ្មោះ សុខ ហេង។
តំណាងឲ្យពលរដ្ឋទាំង ១៣គ្រួសារ លោក ឈុន ឆៃហេង អះអាងថា ឯកសារដែលលោកឧកញ៉ា សុខ ហេង ប្ដឹងទៅតុលាការ ថាជាដីរបស់ខ្លួននោះ គឺមិនពិតនោះទេ ព្រោះជាឯកសារក្លែងក្លាយរៀបគម្រោងយកដីពួកគាត់ ដែលក្នុងប្លង់នោះដាក់តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ប៉ុន្តែប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនៅដើមឆ្នាំ២០១៥ នៅពេលតុលាការបានចេញដីការក្សាការពារដីរបស់គាត់ ហើយក៏នាំគ្នាទប់ស្កាត់៖ «ជាពលរដ្ឋសាមញ្ញណាស់ លុយក៏គ្មានដូចគេ អ៊ីចឹងប្ដឹងសុំតែសិទ្ធិកាន់កាប់ដីនេះឡើងវិញទេ ហើយឲ្យតុលាការលុបចោលសាលដីកានោះ។ ប្រជាពលរដ្ឋចង់បានដីនោះវិញ ព្រោះយើងខំចំណាយកម្លាំង និងចំណាយលុយ ហើយដល់ពេលចុងបញ្ចប់ គេក្លែងឯកសារថា ជាដីរបស់គេវិញ តើប្រជាពលរដ្ឋណាមិនបាក់ទឹកចិត្ត»។
ប្រវត្តិនៃដីនោះ ត្រូវបានអ្នកភូមិឲ្យដឹងថា កាលពីឆ្នាំ១៩៩៩ លោកឧកញ៉ា សុខ ហេង និងអ្នកភូមិម្នាក់ឈ្មោះ យិន សារ៉ាក់ បានរួមគំនិតគ្នាបន្លំឯកសារដីដោយគូរប្លង់រំលោភចូលដីអ្នកដទៃទៀត ដើម្បីយកទៅដាក់នៅធនាគារយកប្រាក់រកស៊ី ប៉ុន្តែការខ្ចីលុយពីធនាគារមិនបានសម្រេចនោះទេ ដោយសារប្លង់ដីក្លែងក្លាយ ក៏រក្សាទុកដោយ លោក សុខ ហេង។ លុះនៅឆ្នាំ២០១២ លោកឧកញ៉ា សុខ ហេង បានប្ដឹងឈ្មោះ យិន សារ៉ាក់ ដែលជាគូកនជាមួយគ្នាថា បានលួចលក់ដីទំហំពីរហិកតារនោះទៅឲ្យពលរដ្ឋទាំង ១៣គ្រួសារ។ ការប្តឹងផ្តល់គ្នានេះ នៅបន្ទាប់ពីអ្នកទាំងពីរមានទំនាស់បែកបាក់គ្នារឿងចែកផលប្រយោជន៍មិនស្មើ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពី លោក សុខ ហេង បានទេ នៅថ្ងៃទី២ ខែសីហា។
យ៉ាងណាក៏ដោយ តាមអង្គហេតុនៅក្នុងសាលដីការបស់តុលាការកំពូល បង្ហាញថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៩៩ ដើមចោទឈ្មោះ សុខ ហេង បានទិញដីទំហំ ២ហិកតារក្នុងតម្លៃ ២៧៨.០០០ដុល្លារអាមេរិក ស្ថិតនៅភូមិត្រពាំងពោធិ៍ នោះ ដែលមានកិច្ចសន្យាលក់ដី និងកក់ប្រាក់ពីឈ្មោះ យិន សារ៉ាក់ យិន ចំរើន និងឈ្មោះ សំ ម៉ៅ។
លុះពេលថ្មីៗនេះ លោក សុខ ហេង ចោទថា ឈ្មោះ យិន សារ៉ាក់ បានលួចលក់ដីនោះទៅឲ្យអ្នកដទៃទៀត។ ទាក់ទិនបញ្ហានេះ តំណាងឲ្យពលរដ្ឋទាំង ១៣គ្រួសារ បដិសេធថា ពួកគាត់មិនបានទិញដីពី លោក យិន សារ៉ាក់ និងមនុស្សពីរនាក់ទៀតនោះទេ៖ «ប្រសិនបើ លោក សុខ ហេង ថាជាដីរបស់ខ្លួនតាំងពីឆ្នាំ១៩៩៩ មក ម្ដេចក៏មិនប្ដឹងតុលាការឲ្យចាត់ចែងធ្វើយ៉ាងណាកុំឲ្យមានគេទិញលក់ជាច្រើននាក់បែបនេះ បែរជាទើបមកប្ដឹងនៅឆ្នាំ២០១២ វិញ។ ធ្វើអ៊ីចឹងអត់ត្រូវ ហើយបើតាមយើងពិនិត្យមើលឯកសារទាំងនោះ សុទ្ធតែក្លែងក្លាយទាំងអស់ ប៉ុន្តែតុលាការនៅតែចេញសាលដីកាបញ្ជាក់ថា ដីនោះជារបស់ សុខ ហេង»។
ទន្ទឹមគ្នានេះ លោក យិន សារ៉ាក់ ក៏បដិសេធចំពោះកំណត់ហេតុរបស់តុលាការ ថាខ្លួនគ្មានដីលក់ឲ្យលោកឧកញ៉ា សុខ ហេង ទេ និងអះអាងថា ក្នុងឆ្នាំ១៩៩៩ ដីនោះក៏ពុំមានតម្លៃខ្ពស់ដូចការអះអាងរបស់ លោក សុខ ហេង ដែរ។
មិនខុសគ្នាប៉ុន្មានឡើយ ឈ្មោះ យិន ចំរើន និងឈ្មោះ សំ ម៉ៅ ក៏ភ្ញាក់ខ្លួនព្រើត ព្រោះពុំបានដឹងខ្លួនថាមានដីលក់ទៅឧកញ៉ាម្នាក់នោះទេ ពោលគឺរាល់ឯកសារមានស្នាមមេដៃទាំងឡាយ គឺសុទ្ធតែក្លែងក្លាយ ក្រោយពីក្រសួងមហាផ្ទៃ ធ្វើកោសល្យវិច័យរួចរាល់។
នៅក្នុងកំណត់ហេតុរបស់តុលាការដដែល លោក យិន សារ៉ាក់ សារភាពថា តាមពិតដំបូងឡើយ រូបគាត់ និងលោក សុខ ហេង គឺជាបងប្អូនធម៌ ហើយបានរួមគំនិតគ្នាបន្លំឯកសារដីដែលជាដីរបស់ឪពុកម្ដាយខ្លួន ដើម្បីយកទៅដាក់នៅធនាគារយកប្រាក់រកស៊ី។ លោកថា ដីនោះមានកម្មសិទ្ធិ និងមានម្ចាស់ផ្សេងៗគ្នាអស់ហើយ។ លោកក៏សុខចិត្តទទួលទោសពីបទក្លែងលិខិតជាមួយឈ្មោះ សុខ ហេង ដែរ ព្រោះខ្លួនគ្មានដីទេ។ ស្របគ្នានោះ លោក យិន សារ៉ាក់ ក៏សំណូមពរឲ្យបង្វិលសំណុំរឿងនេះទៅតុលាការថ្នាក់ក្រោម ដើម្បីបើកការស៊ើបអង្កេតឡើងវិញទៀតផង។
ចំពោះវិវាទដីធ្លីនេះ មេភូមិត្រពាំងពោធិ៍ លោក វ៉ាយ វ៉ាន់ ក៏ទទួលស្គាល់ថា មនុស្សពីរនាក់នោះបន្លំឯកសារដែរ៖ «រឿងឯកសារហ្នឹង គឺបន្លំមែន ហើយបន្លំឯកសារហ្នឹង គឺនៅពេលពួកគេត្រូវគ្នា ដល់ពេលឈប់ត្រូវគ្នា ក៏ប្ដឹងគ្នាតែម្តងទៅ»។
ពលរដ្ឋទាំងនោះអះអាងថា មួយរយៈចុងក្រោយនេះ មានពលរដ្ឋខ្លះត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺរឿងដីជម្លោះនេះ តាមបណ្ដឹងរបស់លោកឧកញ៉ា សុខ ហេង ប៉ុន្តែមានប្រជាពលរដ្ឋខ្លះទៀត មិនទាន់មានឈ្មោះក្នុងបណ្ដឹងនៅឡើយទេ។
ទាក់ទិនបញ្ហានេះដែរ លោកមេធាវី ជូង ជូងី ពន្យល់ថា ប្រសិនបើពលរដ្ឋធ្លាប់បានតតាំងក្តីជាមួយឧកញ៉ានោះ គឺពួកគាត់អាចប្ដឹងសុំឲ្យតុលាការសើរើរឿងនេះឡើងវិញបាន។ ដោយឡែកភាគីថ្មីដែលមិនចូលតុលាការ គឺពួកគាត់អាចប្ដឹងសុំឲ្យតុលាការបញ្ឈប់ការអនុវត្តរឹបអូសយកដីពួកគាត់ ប្រសិនបើដីនោះជាកម្មសិទ្ធិរបស់ពួកគាត់។ រីឯជនដែលក្លែងបន្លំឯកសារយកដីពីប្រជាពលរដ្ឋនោះ បើតុលាការរកឃើញដូច្នេះមែន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៖ «ក្រែងពលរដ្ឋសំអាងថា ជាដីរបស់គាត់ហើយតើអី! អ៊ីចឹងមិនចាំបាច់ប្ដឹងទាមទារដីទេ ផ្អែកទៅលើឯកសារដែលគាត់មានហ្នឹង គឺពួកគាត់ប្ដឹងសុំឲ្យតុលាការសម្រេចបញ្ឈប់ការអនុវត្តនោះវិញ»។
ពលរដ្ឋដាក់ការសង្ស័យថា មូលហេតុដែល លោក សុខ ហេង ហ៊ានចេញមុខដណ្ដើមយកដីពួកគាត់ទាំងខុសច្បាប់នេះ គឺដោយសារតុលាការមិនឯករាជ្យ មិនយុត្តិធម៌ និងមានអ្នកធំកាងនៅពីក្រោយខ្នងនៃរឿងនេះទៀតផង។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋទាំង ១៣គ្រួសារ ក៏ព្រមានថា ប្រសិនបើតុលាការនៅតែមិនចាត់ការតាមបណ្ដឹងរបស់ពួកគាត់ដែលបានប្ដឹងនោះទេ ហើយបន្តស៊ីសំណូកពីលោកឧកញ៉ាម្នាក់នោះ ដោយនៅតែបន្តចេញសាលដីការឹបអូសយកដីពួកគាត់ទាំងអយុត្តិធម៌ទៀតនោះ គឺពួកគាត់នឹងឡើងតវ៉ាសុំអន្តរាគមន៍ផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។