សហគមន៍ដីធ្លីចំនួន ៣កន្លែងផ្សេងគ្នា នៅខេត្តបន្ទាយមានជ័យសរុបជាង១០០នាក់ នៅព្រឹកថ្ងៃទី១តុលា បានជួបជុំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៣។ ការប្រារព្ធទិវានេះ ក្នុងគោលបំណងដើម្បីផ្ញើសារទៅអាជ្ញាធរថ្នាក់ជាតិឲ្យជួយការពារកម្មសិទ្ធិដីធ្លី និងជំរុញឲ្យអាជ្ញាធរមូលដ្ឋានពន្លឿនការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់។
អ្នកចូលរួមប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក នៅខេត្តបន្ទាយមានជ័យលើកឡើងថា ទំនាស់ដីធ្លីរបស់ពួកគាត់រ៉ាំរ៉ៃជាច្រើនឆ្នាំហើយ ប៉ុន្តែអាជ្ញាធរមិនទាន់ដោះស្រាយជូនពួកគាត់នៅឡើយទេ។
តំណាងសហគមន៍ដីធ្លីនៅសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត លោក ឆេង ប៊ុនហាក់ ឲ្យដឹងនៅថ្ងៃទី១ តុលា ថា ពួកគាត់ប្រមាណ៣០នាក់បានជួបគ្នា ប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៣ នៅខាងមុខផ្ទះ ដោយមានលើកបដាដែលមានសរសេរខ្លឹមសារ ស្នើឲ្យរដ្ឋអំណាចរបបលោកហ៊ុន សែន មេត្តាជួយដោះស្រាយដីធ្លីជូនពួកគាត់ដើម្បីបានសង់ទីលំនៅឲ្យបានសមរម្យផង។សហគមន៍ដីធ្លីរូបនេះអះអាងទៀត ពួកគាត់ប្រមាណ ៧០គ្រួសារដែលរងផលប៉ះពាល់ពីការសាងសង់ផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត តាំងពីឆ្នាំ២០១០មក គឺអាជ្ញាធរមូលដ្ឋានមិនទាន់ដោះស្រាយសំណងប៉ះពាល់ជូនពួកគាត់នៅឡើយទេ៖ «ខ្ញុំបាតុកម្មចំនួន ១២០ដងហើយ អត់មានការដោះស្រាយ ហើយអាជ្ញាធរថាពួកខ្ញុំមករស់នៅថ្មី ឥឡូវរឿងថ្មីរឿងចាស់អាជ្ញាធរចុះមកស្រាវជ្រាវមក ថាតើគម្រោងនោះមានការប្រព្រឹត្តអំពើពុករលួយ ឬអត់ ដើម្បីបញ្ជាក់ទាំងអស់គ្នាបង្ហាញជាសាធារណៈទៅ»។
សហគមន៍ដីធ្លីដែលប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកនេះរួមមាន សហគមន៍ដីធ្លីផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត សហគមន៍ដីធ្លីឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងសហគមន៍ដីធ្លីឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
តំណាងសហគមន៍ដីធ្លីនៅឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លោក សាម ម៉ាប់ ថ្លែងថា ពួកគាត់ចំនួន ១៧០គ្រួសារមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន លី សំអាន ហើយពួកគាត់បានតវ៉ាឲ្យអាជ្ញាធរខេត្តដោះស្រាយតាំងពីឆ្នាំ២០១៦ មិនមានដំណោះស្រាយជូនពួកគាត់បាននៅឡើយទេ៖ «កន្លងទៅ នៅពេលដែលពួកខ្ញុំធ្វើការតស៊ូមតិ អាជ្ញាធរ និងអ្នកមានលុយមានអំណាចតែងតែចោទពួកខ្ញុំថា រំលោភលើដីរបស់គេ ឬមានការញុះញង់ធ្វើឲ្យការវឹកវរនៅក្នុងសង្គម ដូច្នេះហើយបានជាប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្តនាំគ្នាប្រារព្ធពិធីដើម្បីផ្ញើសារទៅមន្ត្រីថ្នាក់លើដើម្បីជួយដោះស្រាយ»។
ឆ្លើយតបនឹងបញ្ហានេះមេឃុំភូមិថ្មី លោក ប៊ុន វាសនា មានប្រសាសន៍ថា ទំនាស់ដីនេះមិនដោយសារអាជ្ញាធរមិនដោះស្រាយនោះទេ ដោយសារមានលក្ខណៈសាំញ៉ាំពិបាកដោះស្រាយ ទើបចំណាយពេលច្រើនឆ្នាំក្នុងការដោះស្រាយនោះ។ ចំណែកការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកនេះ លោកថា ខាងឃុំមិនបានទទួលដំណឹងនេះទេ៖ «ហើយអាជ្ញាធរព្យាយាមដោះស្រាយដែរ ប៉ុន្តែឲ្យដោះស្រាយយ៉ាងមិចបើយើងទិញដីគេជាន់គ្នាច្រើនម្ចាស់ ធ្វើឲ្យវាពិបាក។ ប៉ុន្តែសព្វថ្ងៃដីនោះគេឲ្យពួកគាត់អាស្រ័យផលបណ្ដោះអាសន្នសិន ចាំមើលគេរកដំណោះស្រាយបន្តទៀត»។
មន្ត្រីសម្របសម្រួលផ្នែកការពារការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត លើកឡើងថា សហគមន៍ដីធ្លីប្រារព្ធទិវាសិទ្ធិលំនៅឋាននេះ ក៏ជាសារមួយថ្មីទៀត ជូនទៅរដ្ឋអំណាចរបបលោក ហ៊ុន សែន បានដឹងថាពួកគាត់កំពុងជួបការលំបាក ហើយទាមទារឲ្យរដ្ឋអំណាចជួយដោះស្រាយពួកគាត់ដើម្បីបានដីធ្លីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជៀសវាងកុំអ្នកមានលុយ និងមានអំណាចរំលោភយកដីរបស់ពួកគាត់បន្តទៀត៖ «ហើយយើងឃើញថា ទិវាសិទ្ធិលំនៅឋានពិភពលោកនេះកន្លងមក សហគមន៍ដែលរងគ្រោះតែនាំគ្នាប្រារព្ធនៅទីប្រជុំជន តែឆ្នាំនេះ សហគមន៍ដីធ្លីខេត្តបន្ទាយមានជ័យបាននាំគ្នាប្រារព្ធនៅតាមតំបន់ពួកគាត់រស់នៅទីជនបទវិញ។ ចំពោះបញ្ហានេះយើងសុំទទូចឲ្យរដ្ឋអំណាចគ្រប់ជាន់ថ្នាក់សូមជួយពន្លឿនដោះស្រាយ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ពួកគាត់ផង និងដើម្បីប្រជាពលរដ្ឋបានដីដោះស្រាយដោះស្រាយជីវភាពគ្រួសារផង»។
សហគមន៍ដីធ្លីឲ្យដឹងថា ការប្រារព្ធពិធីរបស់ពួកគាត់ ប្រព្រឹត្តទៅដោយរលូន និងបានបិទបញ្ចប់នៅព្រឹកថ្ងៃទី០១តុលា ដោយមិនមានអាជ្ញាធរណារារាំងពួកគាត់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។