តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាមួយឧកញ៉ា សង ថន ចំនួន ៥នាក់តំណាងឲ្យពលរដ្ឋ ២១៥គ្រួសារនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បាននាំគ្នារត់គេចមិនហ៊ានស្នាក់នៅក្នុងផ្ទះដោយសារខ្លាចសមត្ថកិច្ចតាមចាប់ពួកគាត់។ ការភ័យខ្លាចនេះ ដោយសារតែពលរដ្ឋទាំងនោះមិនបានចូលបំភ្លឺតាមដីកាបង្គាប់របស់សាលាដំបូងខេត្តបាត់ដំបង ឲ្យពួកគាត់ចូលបំភ្លឺកាលពីដើមខែតុលាកន្លងទៅ។
ពលរដ្ឋមានទំនាស់ដីធ្លីនៅស្រុកគាស់ក្រឡ លើកឡើងថា ឧកញ៉ា សង ថន អាងតែមានលុយរត់ទៅរកស្ថាប័នតុលាការ ហើយប្ដឹងបំពានរំលោភយកដីរបស់ពួកគាត់ ដែលបានកាន់កាប់ជាច្រើនឆ្នាំមកហើយធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
តំណាងពលរដ្ឋម្នាក់រស់នៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ លោក យួម យឿប ឲ្យដឹងថ្ងៃទី២៤ តុលា ថា ពួកគាត់តំណាងឲ្យពលរដ្ឋចំនួន៥នាក់ ដែលតែងតែចេញមុខតតាំងជាមួយលោក ឧកញ៉ា សង ថន ដើម្បីការពារដីរបស់ខ្លួននោះ ត្រូវបានលោកឧកញ៉ារូបនេះប្ដឹងពួកគាត់ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីរំលោភយកដីរបស់ពួកគាត់។ លោក យួម យឿប អះអាងថា ពួកគាត់មិនព្រមចុះចេញពីដីនោះជាដាច់ខាត បើទោះបីជាប្រឈមនឹងជាប់គុកជាប់ច្រវាក់ក៏ដោយ ព្រោះសព្វថ្ងៃពួកគាត់ក្រីក្រគ្មានមុខរបរផ្សេងក្រៅអំពីការដាំដុះនៅលើដីទំនាស់ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារនោះទេ៖ «ខ្ញុំខ្លាចប៉ូលិសហើយប៉េអិមគេមកចាប់ខ្ញុំយកទៅតុលាការទៀតខ្ញុំភ័យបាយមិនបាន ហើយប្រជាពលរដ្ឋ ២១៥គ្រួសារ គាត់សព្វថ្ងៃគាត់គ្មានកម្លាំងកំហែងនឹងធ្វើការហើយបានក៏អត់បានដែរអ្នកណាក៏ដូចអ្នកណាដែរ ហើយសព្វថ្ងៃជាមនុស្សតេលតាល មនុស្សគ្មានម៉ែគ្មានឪទេ គ្មានអាជ្ញាធរណាគេមើលឃើញទេសព្វថ្ងៃនេះ»។
ពលរដ្ឋរូបនេះបន្ថែមទៀតថា សព្វថ្ងៃពួកគាត់គ្មានទីពឹងដើម្បីតតាំងជាមួយលោក ឧកញ៉ា សង ថន បានទេ ព្រោះគ្មានលុយកាក់តស៊ូនៅក្នុងតុលាការឡើយ ចំណែកលោក ឧកញ៉ារូបនេះវិញមានទ្រព្យសម្បត្តិស្ដុកស្ដម្ភអាចធ្វើអ្វីបានទាំងអស់ ហើយធ្វើឲ្យមន្ត្រីតុលាការមើលខ្មៅឃើញទៅជាស រហូតតុលាការបានបង្គាប់ឲ្យពួកគាត់ឲ្យចូលបំភ្លឺលើសំណុំរឿងនេះ ប៉ុន្តែពួកគាត់មិនហ៊ានចូលបំភ្លឺទេ ព្រោះខ្លាចតុលាការចាប់ដាក់ពន្ធនាគារ៖ «បាទចាប់ពីឆ្នាំ២០១៥មកបាន ខ្ញុំធ្វើក្លាយទៅជាវាលប្រហែល៧០ភាគរយហើយ ក៏លោកឧកញ៉ានឹងយកកាំភ្លើង ដោយមានក្រុមស្លៀកស៊ីវិលមកគំរាមប្រពន្ធខ្ញុំនៅផ្ទះ ថាឈប់ឲ្យប្ដីនាងឯងយកដីខ្ញុំទៀតទៅប្រយ័តប្ដីនាងឯងលែងបានអោបប្រពន្ធអោបកូន»។
លោកបន្តទៀតថា ពួកគាត់ចំនួន ២១៥គ្រួសារបានកាន់កាប់ដីទំនាស់ដែលមានទំហំប្រហែល ១ពាន់២០០ហិកតារ ស្ថិតនៅឃុំព្រះផុស តាំងពីឆ្នាំ២០០៨មក ពោលគឺតាំងតែដីនៅមានព្រៃដុះពេញ ហើយពួកគាត់បាននាំគ្នាគាស់កកាយដោយកម្លាំងមនុស្សបន្តិចម្ដង រហូតក្លាយទៅជាដីទីវាលស្រឡះ ហើយក៏នាំបង្កបង្កើនផលនៅលើដីនោះរកប្រាក់ចំណូលដោះស្រាយជីវភាពរហូតទល់សព្វថ្ងៃ។
ចំណែកពលរដ្ឋមានទំនាស់ដីធ្លីម្នាក់ទៀតលោក អេង សារ៉ាត់ ថ្លែងថា លោកបានកាន់កាប់ដីទំនាស់នោះចំនួន ៣ហិកតារ ហើយបានដាំដំណាំរួមមានពោត ដំឡូងមីធ្វើស្រូវតាំងពីឆ្នាំ២០០៨មក។ លោកបន្ថែមទៀតថា ដំបូងឡើយដាំដុះមិនសូវបានផលទេ ព្រោះធ្វើដីមិនសូវបានស្អាតល្អនិងសំបូរសត្វស៊ីផលដំណាំ ប៉ុន្តែចាប់ពីឆ្នាំ២០១៥មកការដាំដុះបានផលល្អ ជាពិសេសដំណាំពោត និងដំឡូងមី ហើយអាចរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារបាន ដោយមិនបាច់ធ្វើចំណាកស្រុកនោះទេ៖ «ដល់ពេលមានរឿងអ៊ីចឹងមានតែអំពាវនាវសុំឲ្យសម្ដេចហ៊ុន សែន សម្ដេចស ខេង និងអ្នកស្រីប៊ុន រ៉ានី សុំជួយខ្ញុំផង ខ្ញុំមិនដឹងមានអ្នកណាពឹងទេ សូមមេតាជួយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋផង ព្រោះអីខ្ញុំបង្កបង្កើនផលជាយូរណាស់មកហើយ។ ខ្ញុំខ្លាចគេចាប់ដាក់គុកគេយកដីធ្លីរួចខ្ញុំមិនដឹងនាំកូនចៅទៅនៅកន្លែងណាទេ ព្រោះបើអស់ដីនោះខ្ញុំមិនមានអីជាក្ដីសង្ឃឹមក្នុងជីវិតខ្ញុំទេ»។
ពលរដ្ឋរូបនេះបន្ថែមទៀតថា ពួកគាត់ព្រួយបារម្ភខ្លាចបាត់បង់ដីរបស់ខ្លួនទៅជាកម្មសិទ្ធិរបស់លោកឧកញ៉ា សង ថន ដោយសារការប្រើប្រាស់ប្រព័ន្ធតុលាការរំលោភយកដីពួកគាត់ ហើយនៅពេលនោះពួកគាត់ច្បាស់ជាដាច់ពោះស្លាប់ ឬមួយក៏ត្រូវធ្វើចំណាកស្រុកទៅប្រទេសថៃបែកប្រពន្ធកូនជាមិនខានទេ។
លោកឧកញ៉ា សង ថន មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមានទំនាស់ដីជាមួយលោកមានមិនដល់ ១០គ្រួសារទេ ហើយពួកគាត់បានរំលោភយកដីរបស់លោកធ្វើកម្មសិទ្ធិរបស់ខ្លួន ហើយលោកក៏បានប្ដឹងទៅតុលាការដើម្បីទាមទារយកដីនោះមកវិញ ព្រោះលោកបានប្រាប់ពលរដ្ឋទាំងនោះហើយ ប៉ុន្តែពួកគាត់មិនព្រមចុះចេញពីដីទំនាស់នោះទេ។ លោកឧកញ៉ា រូបនេះ បន្ថែមទៀតថា តុលាការក៏មានវិធានការលើសំណុំរឿងនេះ ដើម្បីផ្ដល់យុត្តិធម៌ជូនលោក ប៉ុន្តែប្រជាពលរដ្ឋទាំងនោះមិនព្រមចូលតាមការកោះហៅរបស់តុលាការចំនួន២លើកហើយ ទើបចុងក្រោយនេះខាងតុលាការក៏បានចេញដីបង្គាប់ឲ្យពួកគាត់ខ្លួនបំភ្លឺតែម្ដង៖ «គាត់អត់មានបានទៅកាន់កាប់ទេ ដីរបស់ខ្ញុំធ្វើព្រំដីខ្ញុំធ្វើផ្លូវបើកឡានបានតាំងបីឆ្នាំ២០០០ម្ល៉េះ គាត់មិនមានដីណាគាត់នៅក្បែរដីម្ខាងផ្លូវម្នាក់។ ដីខ្ញុំធ្វើព្រំដីអាចបើកឡានបាន គាត់នៅខាងកើតខ្ញុំនៅខាងលិចតែគាត់ទើបចូលកាប់គាស់គឺដីខ្ញុំបានឈូសឆាយស្អាតហើយនឹង»។
ចំណែកមេភូមិតានួត លោក កន សាត អះអាងថា រឿងនេះមិនបានឲ្យប្រជាពលរដ្ឋទៅរស់នៅនោះទេ តែពួកគាត់ក្រីក្រហើយនាំគ្នាទៅកាប់គាស់នៅលើដីនោះដោយខ្លួនឯង។ លោកបន្ថែមទៀតថា កាលពីមានទំនាស់ពីដំបូងមានពលរដ្ឋប្រមាណ២០០គ្រួសារ ប៉ុន្តែក្រោយមកទៀតលោកមិនបានដឹងនៅសល់ពលរដ្ឋប៉ុន្មានគ្រួសារទេ៖ «បាទមានអ្នកណាគេអោយគាត់ទៅកាប់ដីទេ ព្រោះដឹងថាដីនោះជាដីរបស់គេ ហើយអាជ្ញាធរបានទៅហាមឃាត់គាត់ដែរ ប៉ុន្តែមិនដឹងធ្វើមិចបើពួកគាត់ខ្វះខាតមិនដឹងធ្វើមិច។ ពួកគាត់អ្នកខ្លះក៏ខ្វះខ្លះក៏អត់ដីខ្លះក៏មានដីខ្លះដែរ មិនមែនសុទ្ធតែអត់ដីទាំងអស់គ្នាទេ។ ខ្ញុំមិនដឹងថា គាត់ទៅណាមកណាខ្ញុំក្ដាប់មិនបាន ព្រោះគេទៅគេមកគេមិនដែលប្រាប់ខាងភូមិផង»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី ដែលបានចុះទៅអង្កេតផ្ទាល់នៅតំបន់ដីមានទំនាស់ អះអាងថា ដីទំនាស់សព្វប្រជាពលរដ្ឋបានទៅរស់នៅហើយដាំដំឡូងមី ពោត ស្វាយចន្ទីស្ទើរតែរកដីទំនេរមិនបាន។ សង្គមស៊ីវិលរូបនេះបន្ថែមទៀតថា ប្រជាពលរដ្ឋមានទំនាស់ដីនេះមានជាង២០០គ្រួសារមិនមែន ១០គ្រួសារដូចការលើកឡើងរបស់លោកឧកញ៉ានោះ ហើយពួកគាត់រស់នៅដោយភ័យខ្លាចជាពិសេសអ្នកប្លែកមុខដែលបើករថយន្តឈប់នៅក្នុងភូមិរបស់ពួកគាត់៖ «ការព្រួយបារម្ភពិតជាកើតមាន គាត់និយាយប្រាប់ខ្ញុំពេលពួកគាត់ចូលទៅតុលាការដំបូងតុលាការឃុំខ្លួន៥០អត់ឃុំ៥០ភាគរយនេះជាពាក្យមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ អីចឹងនៅពេលសាកសួរគឺសាកសួរមិនអត់ចប់ទេ ពួកគាត់នៅពេលគេឲ្យសម្រាកចេញមកក្រៅហើយហើយនាំគ្នាចេញមកផ្ទះទាំងអស់។ ប៉ុន្តែអ្វីដែលខ្ញុំសោកស្ដាយ គឺសោកស្ដាយថា ខាងភាគីឧកញ៉ាគប្បីតែប្រើយន្តការជាមួយអាជ្ញាធរដោះស្រាយបញ្ហានេះ ប្រសើរជាងប្រើប្រាស់តុលាការ»។
ពលរដ្ឋអះអាងថា ដីទំនាស់នេះ ឧកញ៉ា សង ថន បានប្ដឹងពួកគាត់ទៅតុលាការនៅឆ្នាំ២០១៥ ប៉ុន្តែទើបតែតុលាការបានកោះហៅពួកគាត់ទៅបំភ្លឺនៅឆ្នាំ២០១៨នេះទេ។ ចំណែកដីកាបង្គាប់ឲ្យខ្លួនបំភ្លឺចុងក្រោយនេះ ពួកគាត់មិនបានចូលបំភ្លឺ ដោយសារខ្លាចតុលាការឃុំខ្លួន ព្រោះលោក សង ថន បានប្រាប់ពួកគាត់តុលាការអាចនឹងឃុំខ្លួនពួកគាត់ ៥០ភាគរយនិងមិនឃុំខ្លួន៥០ភាគរយ ដូច្នេះពួកគាត់ក៏សម្រេចចិត្តមិនចូលបំភ្លឺ មិនមានស្ថាប័នណាជួយពួកគាត់នោះទេ។
លោក យិន ម៉េងលី លើកឡើងថា បញ្ហានេះអាជ្ញាធរខេត្តត្រូវតែបង្កើតគណៈកម្មការដោះស្រាយមួយ ហើយហៅភាគីពាក់ព័ន្ធទៅសម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការបាន ដោយមិនបាច់បញ្ជូនទៅតុលាការឡើយ ព្រោះដីនេះមិនទាន់មានប័ណ្ណកាន់កាប់នៅឡើយទេ ម្យ៉ាងទៀតដោះស្រាយនៅតុលាការច្បាស់ជាមានអ្នកឈ្នះនិងអ្នកចាញ់ ហើយភាគីដែលចាញ់ច្បាស់ជាមិនសុខចិត្តទេ ហើយពេលនោះនឹងមានការតវ៉ាឬក៏ប្ដឹងផ្ដល់គ្នាទៅស្ថាប័នកំពូលៗទៀត ដើម្បីឲ្យជួយដោះស្រាយបន្ត ដែលនាំឲ្យអូសបន្លាយពេលកាន់តែយូរ និងចំណាយអស់ថវិកាច្រើនទៀតផង៕