ពលរដ្ឋ​នៅ​ក្រចេះ​ចោទ​ក្រុមហ៊ុន​កាសូទីម​ឈូស​ឆាយ​រំលោភ​លើ​ដី​ដាំ​ដំណាំ

ដោយ ប្រាជ្ញ ចេវ
2014-11-13
Share
ជម្លោះ​ដីធ្លី ក្រចេះ ៦២០ សកម្មភាព​ក្រុមហ៊ុន​កាសូទីម ចុះ​ឈូស​ឆាយ​លើ​ដី​មាន​ជម្លោះ ឋិត​ក្នុង​ភូមិ​តាសោម ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Brach Chev

ក្រុមហ៊ុន​កាសូទីម (KASOTIM) បាន​យក​ត្រាក់ទ័រ​មួយ​គ្រឿង និង​កម្មករ​ប្រមាណ ១០​នាក់ មក​ឈូស​ឆាយ​ដំណាំ​ដំឡូង​ប្រជាពលរដ្ឋ​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​ជា ៥​ហិកតារ ដែល​កំពុង​មាន​ជម្លោះ នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។

ពលរដ្ឋ​មាន​ជម្លោះ ថា​នឹង​លើក​គ្នា​ទៅ​តវ៉ា​នៅ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា។ ចំណែក​សង្គម​ស៊ីវិល បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ និង​ស្នើ​ឲ្យ​ភាគី​ទាំង​ពីរ​ផ្អាក​ធ្វើ​សកម្មភាព​លើ​ដី​មាន​ជម្លោះ។

ការ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​កាសូទីម គឺ​ឋិត​ក្នុង​អំឡុង​ដែល​ក្រសួង​ដែន​ដី ដាក់​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ក្រចេះ ដោះស្រាយ​បញ្ហា​ដី​នេះ​រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​ចំនួន ៥​គ្រួសារ កំពុង​ដាំ​ដំឡូងមី និង​រស់នៅ​លើ​ដី​មាន​ជម្លោះ ឋិត​ក្នុង​ភូមិ​តាសោម ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ។ សព្វថ្ងៃ ពួក​គេ​កាន់​កាប់​ដី​ចំនួន ២០​ហិកតារ នេះ​បើ​តាម​សលាកបត្រ​ដែល​បាន​វាស់វែង​កាល​ពី​ឆ្នាំ​២០១២ ដោយ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​ថា​ប្រជាពលរដ្ឋ​ទាំង ៥​គ្រួសារ​នោះ​មាន​ដី​តែ ១៦​ហិកតារ​ប៉ុណ្ណោះ។

តំណាង​ប្រជាពលរដ្ឋ លោក ថុន មករា ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​កាសូទីម ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចាប់​តាំង​ពី​ឆ្នាំ​២០១២ ម្ល៉េះ ហើយ​ចាប់​តាំង​ពី​មាន​ជម្លោះ ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​លើ​ដី​ចំនួន​៤​លើក​មក​ហើយ​ទាំង​លើក​នេះ។ លោក​ថា ក្រុម​ប្រជាពលរដ្ឋ នឹង​នាំ​គ្នា​ទៅ​ភ្នំពេញ​តវ៉ា​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ស្អែក ទី​១៣ ខែ​វិច្ឆិកា ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​មិន​មាន​ចំណាត់​ការ​លើ​សកម្មភាព​រំលោភ​បំពាន​របស់​ក្រុមហ៊ុន​កាសូទីម។

លោក ថុន មករា៖ «គឺ​មក​ច្រើន​លើក​ណាស់​មក​លើក​ទី​១ ឈូស​ឆាយ​ខ្លះ តែ​ខ្ញុំ​បាន​ប្ដឹង​ចេញ​បាន​អ៊ីចឹង​ទៅ បាន​ចេញ​ទៅ​មួយ​សា។ លើក​ទី​២​មក​ទៀត មក​ឈូស​ឆាយ​ដំឡូង​អស់​ពីរ​បី​ហិកតារ ខ្ញុំ​បាន​ដេញ​ទៅ​វិញ តែ​លើក​ទី​៣ ឈូស​ឆាយ​ដំឡូង​ខ្ញុំ​អស់​ជិត ២០​ហិកតារ គឺ​ឈូស​ឆាយ​ទាំង​ស្រុង​ម្តង គឺ​បាន​យក​កម្លាំង​ចម្រុះ​មក​ច្រើន»

ពលរដ្ឋ​ទាំង ៥​គ្រួសារ ដែល​មាន​ដី​ជម្លោះ​នោះ​រួម​មាន គ្រួសារ លោក ថុន មករា ជា សាមន ថុង ថេង ទឹម សារឹម និង​ឈ្មោះ ដាំ សារុន។ ក្រោយ​ពី​ពួក​គេ​ទៅ​ទាមទារ​តវ៉ា​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ឲ្យ​អភិបាល​ខេត្ត​ក្រចេះ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដី ២០​ហិកតារ​នេះ។

លោក ឃួន ភីរុណ តំណាង​ក្រុមហ៊ុន​កាសូទីម ដែល​ដឹក​នាំ​ក្រុម​កម្មករ​ចុះ​ឈូស​ឆាយ​នៅ​លើ​ដី​មាន​ជម្លោះ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា ដី​ដែល​លោក​ឈូស​ឆាយ​នេះ​ជា​ដី​របស់​ក្រុមហ៊ុន​កាសូទីម ហើយ​លោក​ឈូស​ឆាយ​នេះ​ដើម្បី​យក​ផ្លូវ​ដឹក​ដំឡូង។ លោក ឃួន ភីរុណ បន្ត​ថា ក្រុមហ៊ុន​លោក​មិន​បាន​រំលោភ​បំពាន​ដី​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ឯណោះ​ទេ​ដែល​រំលោភ​ដី​របស់​ក្រុមហ៊ុន​លោក៖ «មិន​មែន​ដី​គាត់​ទេ ដី​គាត់​គឺ​នោះ​កំណត់​ព្រំ​ទាំងអស់​ហើយ គឺ ១៦​ហិកតារ អត់​មាន​ប៉ះពាល់​ដី​គាត់​របស់​គាត់​ទេ។ ជាក់ស្តែង គាត់​មក​ដី​ខ្ញុំ​ដែល​បម្រុង​ធ្វើ​លំនៅឋាន​ទៀត ដែល​ខ្ញុំ​មាន​សាក្សី​មាន​សាក្សី​មួយ​ភូមិ​នេះ​ទាំងអស់។ ខ្ញុំ​មក​ធ្វើ​ផ្លូវ​ឡើង​វិញ ដើម្បី​ដឹក​ដំឡូង​ខ្ញុំ ដែល​អត់​មាន​ផ្លូវ​ចេញ​ហ្នឹង​ណា»

តាម​ការ​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ប្រចាំ​ខេត្ត​ក្រចេះ ដី​ដែល​ជម្លោះ​នេះ​កាល​ពី​ឆ្នាំ​២០១២ ក្រុម​និស្សិត​ដែល​ចុះ​វាស់វែង​ក្បាល​ដី​ឲ្យ​ប្រជាពលរដ្ឋ​ទាំង ៥​គ្រួសារ​នេះ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ចំនួន ៥​ហិកតារ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៣ ពេល​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ពលរដ្ឋ​ទាំង ៥​គ្រួសារ បាន​ដី​តែ ១៦​ហិកតារ​ប៉ុណ្ណោះ ដែល​បាត់​អស់ ៤​ហិកតារ និង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ចុះ​ទៅ​វាស់​ព្រំ​ដី​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​ប្រជាពលរដ្ឋ​ដែល​កំពុង​ដាំ​ដំឡូង​អស់​ជាង ១០​ហិកតារ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ហេង ភារៈ ដែល​ចុះ​ដល់​កន្លែង​កើត​ហេតុ​យល់​ថា ក្រុមហ៊ុន​កាសូទីម មិន​គោរព​តាម​ឆន្ទៈ​ដោះស្រាយ​របស់​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ក្រចេះ។ លោក​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ ពន្លឿន​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ៖ «ក្នុង​ដំណាក់​កាល​នៃ​ការ​ស្វែងរក​ដំណោះស្រាយ ភាគី​ទាំង​ពីរ​គួរ​តែ​ទុក​ដី​ឲ្យ​ទំនេរ​សិន។ សមាគម​អាដហុក យើង​បារម្ភ​ខ្លាច​តែ​ការ​សាងសង់​លើ​ដី​នេះ​ផ្ទុះ​ជា​អំពើ​ហិង្សា វា​អាច​ក្លាយ​ទៅ​ជា​បទល្មើស​ព្រហ្មទណ្ឌ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​រង​ខេត្ត​ក្រចេះ លោក ខាន់ ចំណាន ដែល​ធ្លាប់​ចុះ​វាស់វែង​លើ​ដី​មាន​ជម្លោះ​នេះ​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។ របាយការណ៍​ដីធ្លី​នៅ​ឆ្នាំ​២០១៤ នៅ​ខេត្ត​ក្រចេះ រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ ដែល​សមាគម​អាដហុក ប្រចាំ​ខេត្ត​នេះ​ទទួល​បាន គឺ​កើត​ឡើង​ចំនួន ១២​ករណី ប៉ុន្តែ​អាជ្ញាធរ​បាន​ដោះស្រាយ​តែ​មួយ​ករណី​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល