ក្រុមហ៊ុនកាសូទីម (KASOTIM) បានយកត្រាក់ទ័រមួយគ្រឿង និងកម្មករប្រមាណ ១០នាក់ មកឈូសឆាយដំណាំដំឡូងប្រជាពលរដ្ឋនៅលើផ្ទៃដីប្រមាណជា ៥ហិកតារ ដែលកំពុងមានជម្លោះ នៅថ្ងៃទី១២ ខែវិច្ឆិកា។
ពលរដ្ឋមានជម្លោះ ថានឹងលើកគ្នាទៅតវ៉ានៅភ្នំពេញនៅថ្ងៃទី១៣ វិច្ឆិកា។ ចំណែកសង្គមស៊ីវិល បានទាមទារឲ្យអាជ្ញាធរពន្លឿនការដោះស្រាយ និងស្នើឲ្យភាគីទាំងពីរផ្អាកធ្វើសកម្មភាពលើដីមានជម្លោះ។
ការឈូសឆាយដីរបស់ក្រុមហ៊ុនកាសូទីម គឺឋិតក្នុងអំឡុងដែលក្រសួងដែនដី ដាក់បញ្ជាឲ្យអភិបាលខេត្តក្រចេះ ដោះស្រាយបញ្ហាដីនេះរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋចំនួន ៥គ្រួសារ កំពុងដាំដំឡូងមី និងរស់នៅលើដីមានជម្លោះ ឋិតក្នុងភូមិតាសោម ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ សព្វថ្ងៃ ពួកគេកាន់កាប់ដីចំនួន ២០ហិកតារ នេះបើតាមសលាកបត្រដែលបានវាស់វែងកាលពីឆ្នាំ២០១២ ដោយក្រុមនិស្សិតស្ម័គ្រចិត្ត ប៉ុន្តែភាគីក្រុមហ៊ុនថាប្រជាពលរដ្ឋទាំង ៥គ្រួសារនោះមានដីតែ ១៦ហិកតារប៉ុណ្ណោះ។
តំណាងប្រជាពលរដ្ឋ លោក ថុន មករា ដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុនកាសូទីម ឲ្យដឹងថា ប្រជាពលរដ្ឋមានជម្លោះជាមួយក្រុមហ៊ុនចាប់តាំងពីឆ្នាំ២០១២ ម្ល៉េះ ហើយចាប់តាំងពីមានជម្លោះ ក្រុមហ៊ុនបានយកគ្រឿងចក្រមកឈូសឆាយលើដីចំនួន៤លើកមកហើយទាំងលើកនេះ។ លោកថា ក្រុមប្រជាពលរដ្ឋ នឹងនាំគ្នាទៅភ្នំពេញតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃស្អែក ទី១៣ ខែវិច្ឆិកា ខណៈដែលអាជ្ញាធរខេត្តមិនមានចំណាត់ការលើសកម្មភាពរំលោភបំពានរបស់ក្រុមហ៊ុនកាសូទីម។
លោក ថុន មករា៖ «គឺមកច្រើនលើកណាស់មកលើកទី១ ឈូសឆាយខ្លះ តែខ្ញុំបានប្ដឹងចេញបានអ៊ីចឹងទៅ បានចេញទៅមួយសា។ លើកទី២មកទៀត មកឈូសឆាយដំឡូងអស់ពីរបីហិកតារ ខ្ញុំបានដេញទៅវិញ តែលើកទី៣ ឈូសឆាយដំឡូងខ្ញុំអស់ជិត ២០ហិកតារ គឺឈូសឆាយទាំងស្រុងម្តង គឺបានយកកម្លាំងចម្រុះមកច្រើន»។
ពលរដ្ឋទាំង ៥គ្រួសារ ដែលមានដីជម្លោះនោះរួមមាន គ្រួសារ លោក ថុន មករា ជា សាមន ថុង ថេង ទឹម សារឹម និងឈ្មោះ ដាំ សារុន។ ក្រោយពីពួកគេទៅទាមទារតវ៉ាសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម បានផ្ញើលិខិតមួយច្បាប់ឲ្យអភិបាលខេត្តក្រចេះ ពិនិត្យ និងដោះស្រាយបញ្ហាដី ២០ហិកតារនេះ។
លោក ឃួន ភីរុណ តំណាងក្រុមហ៊ុនកាសូទីម ដែលដឹកនាំក្រុមកម្មករចុះឈូសឆាយនៅលើដីមានជម្លោះ បានឲ្យវិទ្យុអាស៊ីសេរី ដឹងថា ដីដែលលោកឈូសឆាយនេះជាដីរបស់ក្រុមហ៊ុនកាសូទីម ហើយលោកឈូសឆាយនេះដើម្បីយកផ្លូវដឹកដំឡូង។ លោក ឃួន ភីរុណ បន្តថា ក្រុមហ៊ុនលោកមិនបានរំលោភបំពានដីប្រជាពលរដ្ឋទេ ប៉ុន្តែប្រជាពលរដ្ឋឯណោះទេដែលរំលោភដីរបស់ក្រុមហ៊ុនលោក៖ «មិនមែនដីគាត់ទេ ដីគាត់គឺនោះកំណត់ព្រំទាំងអស់ហើយ គឺ ១៦ហិកតារ អត់មានប៉ះពាល់ដីគាត់របស់គាត់ទេ។ ជាក់ស្តែង គាត់មកដីខ្ញុំដែលបម្រុងធ្វើលំនៅឋានទៀត ដែលខ្ញុំមានសាក្សីមានសាក្សីមួយភូមិនេះទាំងអស់។ ខ្ញុំមកធ្វើផ្លូវឡើងវិញ ដើម្បីដឹកដំឡូងខ្ញុំ ដែលអត់មានផ្លូវចេញហ្នឹងណា»។
តាមការអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ប្រចាំខេត្តក្រចេះ ដីដែលជម្លោះនេះកាលពីឆ្នាំ២០១២ ក្រុមនិស្សិតដែលចុះវាស់វែងក្បាលដីឲ្យប្រជាពលរដ្ឋទាំង ៥គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបានដីចំនួន ៥ហិកតារ។ ប៉ុន្តែនៅឆ្នាំ២០១៣ ពេលប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិពលរដ្ឋទាំង ៥គ្រួសារ បានដីតែ ១៦ហិកតារប៉ុណ្ណោះ ដែលបាត់អស់ ៤ហិកតារ និងកាលពីថ្ងៃទី១៥ ខែកក្កដា អាជ្ញាធរខេត្តក្រចេះ បានចុះទៅវាស់ព្រំដីប្រជាពលរដ្ឋ និងក្រុមហ៊ុន ហើយក្រុមហ៊ុនបានឈូសឆាយដីប្រជាពលរដ្ឋដែលកំពុងដាំដំឡូងអស់ជាង ១០ហិកតារ។
មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ហេង ភារៈ ដែលចុះដល់កន្លែងកើតហេតុយល់ថា ក្រុមហ៊ុនកាសូទីម មិនគោរពតាមឆន្ទៈដោះស្រាយរបស់រដ្ឋាភិបាល និងអាជ្ញាធរខេត្តក្រចេះ។ លោកទាមទារឲ្យអាជ្ញាធរខេត្តក្រចេះ ពន្លឿនដោះស្រាយបញ្ហាដីធ្លីនេះ៖ «ក្នុងដំណាក់កាលនៃការស្វែងរកដំណោះស្រាយ ភាគីទាំងពីរគួរតែទុកដីឲ្យទំនេរសិន។ សមាគមអាដហុក យើងបារម្ភខ្លាចតែការសាងសង់លើដីនេះផ្ទុះជាអំពើហិង្សា វាអាចក្លាយទៅជាបទល្មើសព្រហ្មទណ្ឌ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីអភិបាលរងខេត្តក្រចេះ លោក ខាន់ ចំណាន ដែលធ្លាប់ចុះវាស់វែងលើដីមានជម្លោះនេះនៅឡើយទេនៅថ្ងៃទី១២ ខែវិច្ឆិកា។ របាយការណ៍ដីធ្លីនៅឆ្នាំ២០១៤ នៅខេត្តក្រចេះ រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ដែលសមាគមអាដហុក ប្រចាំខេត្តនេះទទួលបាន គឺកើតឡើងចំនួន ១២ករណី ប៉ុន្តែអាជ្ញាធរបានដោះស្រាយតែមួយករណីប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។