ប្រជាពលរដ្ឋនៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង ប្រមាណជាង ៤០នាក់ បានប្រមូលផ្ដុំគ្នានៅសាលាដំបូងខេត្ត ដើម្បីទៅគាំទ្រតំណាងរបស់ខ្លួន ៥រូប ដែលត្រូវតុលាការកោះហៅទៅស្រាយបំភ្លឺរឿងទំនាស់ដី នៅព្រឹកថ្ងៃទី៧ មេសា។ អ្នកភូមិអះអាងថា ការលើកគ្នាមកគាំទ្រនេះ ដើម្បីឲ្យតុលាការជួយដោះស្រាយរឿងទំនាស់ដីរបស់ពួកគាត់ឲ្យមានតម្លាភាព ព្រោះដីដែលមានទំនាស់នោះជាដីផ្លូវសាធារណៈសម្រាប់ធ្វើដំណើរទៅមករបស់អ្នកភូមិ។
ក្រុមប្រជាពលរដ្ឋលើកគ្នាមកការពារតំណាងរបស់ខ្លួននៅសាលាដំបូងនេះ ដោយសារពួកគេព្រួយបារម្ភខ្លាចមន្ត្រីតុលាការឲ្យពួកគាត់ចាញ់ក្ដីក្នុងរឿងទំនាស់។
តំណាងប្រជាពលរដ្ឋម្នាក់ដែលតុលាការកោះហៅទៅសាកសួរនៅសាលាដំបូងខេត្ត លោក ឡេវ យ៉េង ថ្លែងនៅថ្ងៃទី៧ មេសា ថា ដីដែលមានទំនាស់ទំហំទទឹងប្រមាណ ៨ម៉ែត្រ និងបណ្ដោយ ៤០ម៉ែត្រ ឋិតនៅក្នុងភូមិកំពង់ឫស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ដីនេះអតីតមេឃុំបានលក់ទៅឲ្យដើមបណ្ដឹង ធ្វើអាជីវកម្មចម្លងទូកដ ដោយមានកិច្ចសន្យា ១០ឆ្នាំ។ ក្រោយមក ដោយសារជួបការលំបាកក្នុងការធ្វើដំណើរ ប្រជាពលរដ្ឋក៏បាននាំគ្នាចាក់ដីធ្វើផ្លូវឆ្លងកាត់ព្រែក ដើម្បីធ្វើដំណើរដឹកភោគផលនៅរដូវច្រូតកាត់។ ការធ្វើផ្លូវបានប៉ះពាល់ដល់របរចម្លងដរបស់ដើមបណ្ដឹង ហើយក៏បានប្ដឹងទៅតុលាការ។
លោកថា ប្រជាពលរដ្ឋព្រួយបារម្ភខ្លាចតុលាការកោះហៅទៅសាកសួរ ហើយដោះស្រាយឲ្យដើមបណ្ដឹងឈ្នះក្ដី ធ្វើឲ្យពួកគាត់បាត់បង់ដីមិនអាចធ្វើដំណើរបាន៖ «ប្រជាពលរដ្ឋគាត់មកទាំងអស់គ្នាហ្នឹង គឺមកគាំទ្រដើម្បីឲ្យតុលាការឃើញថា ប្រជាពលរដ្ឋធ្វើពិតប្រាកដមែនផ្លូវនេះ។ គាត់ធ្វើដោយលុយខ្លួនគាត់ គាត់ដោយកម្លាំងខ្លួនគាត់ គាត់ធ្វើហ្នឹងធ្វើផ្លូវ គាត់បើកបរតាំងពីដើមបរមបូរាណមកបាទ។ នៅពេលនេះ តុលាការកោះហៅអឺខ្ញុំក៏មិនទាន់ដឹងដែរ ក៏ប៉ុន្តែគ្រាន់តែថា តុលាការហ្នឹងក៏ខ្ញុំមិនទុកចិត្តថាប្រាកដជាឯករាជ្យ ឬមួយក៏មិនឯករាជ្យ ក៏មិនដឹងដែរបាទ!»។
ចំណែកឯក្រុមប្រជាពលរដ្ឋដែលមកគាំទ្រតំណាងទាំង ៥រូបថ្លែងថា ពួកគាត់លើកគ្នាមកគាំទ្រតំណាងរបស់ខ្លួន ដើម្បីឲ្យតុលាការដោះស្រាយដីទំនាស់ឲ្យពួកគាត់បានធ្វើដំណើរនៅលើផ្លូវនោះជាធម្មតា៖ «បាទ! មកហ្នឹងនាំគ្នាការពារចង់បានផ្លូវហ្នឹងកុំឲ្យ បើសិនគេថាលោតុលាការគេកាត់ឲ្យយ៉ាងម៉េចគេលុបបំបាត់ផ្លូវហ្នឹងវិញទៅ ប្រជាពលរដ្ឋវេទនាតែហ្មង។ យើងប្រជាជនធ្វើហើយគេមកប្រុងមកកាយផ្ដាច់ គេមកឃាត់មិនឲ្យធ្វើអ៊ីចឹង ខ្ញុំមកនេះដើម្បីថាទាមទារដើម្បីចង់បានឲ្យផ្លូវនេះបានដំណើរការបានស្រួល។បាទ! ដើម្បីគាំទ្រចូលតុលាការហ្នឹង ណាមួយខ្ញុំក៏ជាប្រជាពលរដ្ឋមួយរូបនៅក្នុងហ្នឹងដែរ បើកបរដឹកស្រូវជញ្ជូនហ្នឹងត្រូវតែមកដែរឈឺឆ្អាល ព្រោះបើគេយកផ្លូវហ្នឹង យើងអត់មានផ្លូវបរទេ»។
ទាក់ទងនឹងបញ្ហានេះ ដើមបណ្ដឹងទំនាស់ដី លោក កឹម ជា មានប្រសាសន៍ថា ដីដែលមានទំនាស់នោះជាដីរបស់លោកស្របច្បាប់ ដែលលោកបានទិញពីមេឃុំកំពង់ឫស្សី ដោយមានកិច្ចសន្យាត្រឹមត្រូវ។ លោក កឹម ជា បញ្ជាក់ថា លោកប្ដឹងទៅតុលាការដោយសារប្រជាពលរដ្ឋចាក់ដីទប់ព្រែក ធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មចម្លងដ ហើយម្យ៉ាងលោកប្ដឹងរកខុសត្រូវទៅអាជ្ញាធរឃុំពុំមានដំណោះស្រាយអ្វីឡើយ៖ «បាទ! បើគាត់ទុកអាហ្នឹងឲ្យគាត់ធ្វើផ្លូវមួយផ្សេងទៅ ឲ្យគាត់ទៅផ្លូវផ្សេងទៅ កុំឡើងមកលើផ្លូវខ្ញុំអ្នកធ្វើហ្នឹង។ សម្របសម្រួលគ្នាថា ឥឡូវធ្លាប់ពីមុនមកយើងបរពីដើមៗ យើងបរយ៉ាងម៉េចកើត បរអ៊ីចឹងទៅ គោកទៅបរទៅ។ គាត់កុំទៅយកគ្រឿងចក្រទប់ដាក់ឡូដាក់អី អ៊ីចឹងទៅអាហ្នឹងផុតកំណត់ខ្ញុំៗប្រគល់ជូនវិញ គាត់ប្រគល់ជូនទៅប្រជាពលរដ្ឋទៅ ខ្ញុំគ្មានយកធ្វើកេរអាករអីខ្ញុំ»។
ដីកាកោះរបស់សាលាដំបូងខេត្តព្រៃវែង ចុះថ្ងៃទី២ មេសា ឆ្នាំ២០១៤ កោះហៅចុងចោទចំនួន ៥រូប រួមមាន លោក អ៊ុង សាវ៉ាត លោក ស្រ៊ុន អ៊ន ឡេវ យ៉េង លោក ជីវ អ៊ន និងលោក សូ តូ ឲ្យចូលបំភ្លឺក្នុងករណីរឿងទំនាស់ដីនៅរសៀលថ្ងៃទី៧ មេសា ឆ្នាំ២០១៤។
អ្នកភូមិបញ្ជាក់ថា ដីដែលមានទំនាស់នោះ ដើមឡើយជាដីផ្លូវសាធារណៈសម្រាប់ធ្វើដំណើរដឹកភោគផលរបស់អ្នកភូមិនៅចន្លោះខែកុម្ភៈ និងខែមីនា រៀងរាល់ឆ្នាំ។ ប៉ុន្តែក្រោយពីអាជ្ញាធរលក់ដីតំបន់នោះ ទៅឲ្យម្ចាស់ចម្លងដ ហើយម្ចាស់ចម្លងដបានកាយផ្លូវនោះធ្វើអាជីវកម្មទូកដ ធ្វើឲ្យអ្នកភូមិជួបការលំបាកមិនអាចដឹកភោគផលបានដូចពេលមុនៗឡើយ។ ក្រោយមក អ្នកភូមិបានជួសជុលផ្លូវនេះឡើងវិញ ដើម្បីសម្រួលការដឹកជញ្ជូន។
លទ្ធផលនៃការកោះហៅតំណាងទាំង ៥រូបនៅរសៀលថ្ងៃដដែល តុលាការនៅពុំទាន់សម្រេចថាយ៉ាងណានៅឡើយទេ គឺគ្រាន់តែតុលាការបញ្ជាក់ថា នឹងកោះហៅមកសាកសួរម្ដងទៀតនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។