សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ទាហាន​និង​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប

ដោយ ហង្ស សាវយុត
2015-08-03
Share
ជម្លោះ​ដីធ្លី សៀមរាប ៦២០ កង​ទាហាន​នៃ​យោធ​ភូមិ​ភាគ​ទី​៤ និង​មន្ត្រី​បរិស្ថាន ចុះ​ទៅ​ឲ្យ​ពលរដ្ឋ​ធ្វើ​កិច្ចសន្យា​ឈប់​ដាំ​ដុះ​លើ​ដី​ចម្ការ​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ចិញ្ចឹម​ជីវិត​ជាង ១០​ឆ្នាំ​មក​ហើយ នៅ​តំបន់​អូរ​ទី​៤ ភូមិ​សែនជ័យ ឃុំ​កន្ទួត ស្រុក​ស្វាយលើ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៥។
រូបថត​អង្គការ​រចនា​ស្ត្រី

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ធ្លាប់​បាន​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា​កាល​ពី​សប្ដាហ៍​មុន​ថា បច្ចុប្បន្ន​ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​ដែល​មាន​ករណី​ទំនាស់​ដីធ្លី​ច្រើន​ជាង​បណ្ដា​ខេត្ត​ក្រុង​២៤ ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​ចំណោម​ទំនាស់​ដីធ្លី​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​សៀមរាប បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត គឺ​រវាង​ប្រជាពលរដ្ឋ​ជាមួយ​កង​ទាហាន។ ពេល​ខ្លះ កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ បាន​ប្រើ​កាំភ្លើង​បាញ់​គំរាម និង​សម្លុត​ជន​ស៊ីវិល​ទៀត​ផង។

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​តំបន់​អូរ​ទី​៤ នៃ​ភូមិ​សែនជ័យ ឃុំ​កន្ទួត ស្រុក​ស្វាយលើ ខេត្ត​សៀមរាប កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​ចម្ការ ដែល​ធ្លាប់​តែ​ដាំ​ដុះ​ផល​ដំណាំ​ចិញ្ចឹម​ជីវិត​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ​នោះ។ ការ​ព្រួយ​បារម្ភ បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ទាហាន​ប្រដាប់​ដោយ​អាវុធ តែង​ចូល​ទៅ​គំរាម​កំហែង និង​បង្ខំ​ឲ្យ​ពួក​គេ​ផ្ដិត​មេដៃ​លើ​កិច្ចសន្យា​ថា ឈប់​ដាំ​ដុះ​លើ​ដី​ចម្ការ​របស់​ពួក​គេ​ត​ទៅ​ទៀត។

បុរស​ឈ្មោះ ឆោម មករា គឺ​ជា​ប្រជាពលរដ្ឋ​ម្នាក់​នៅ​តំបន់​អូរ​ទី​៤ នៃ​ភូមិ​សែនជ័យ ឃុំ​កន្ទួត ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ទាហាន។ គាត់​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​ទៅ រូប​គាត់ និង​អ្នក​ភូមិ ៦​គ្រួសារ​ផ្សេង​ទៀត បាន​នាំ​គ្នា​ទៅ​ដាំ​អំពៅ​លើ​ផ្ទៃដី​ចម្ការ​រៀង​ខ្លួន​ទំហំ​ប្រមាណ​ជាង ២០​ហិកតារ។ ពេល​នោះ មាន​ទាហាន​យោធ​ភូមិ​ភាគ​ទី​៤ ម្នាក់ ឈ្មោះ ហ៊ើយ បាន​ទៅ​គំរាម​រូប​គាត់​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ដាំ​ដុះ​នៅ​លើ​ដី​ចម្ការ​ខ្លួន​ឯង ពីព្រោះ​វា​ជា​ដី​របស់​រដ្ឋ ប៉ុន្តែ​នៅ​ពេល​លោក​មិន​ព្រម​ធ្វើ​កិច្ចសន្យា គឺ​ទាហាន​ក៏​គំរាម​ថា​នឹង​ដក​អំពៅ ព្រម​ទាំង​សណ្ដែក​សៀង​ដែល​ដាំ​លើ​ដី​នោះ​ចោល។ លោក ឆោម មករា អះអាង​ទៀត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២ ខែ​សីហា គឺ​ទាហាន​បាន​ប្រើ​អំពើ​ហិង្សា​បំផ្លាញ​ខ្ទម​ចាំ​ចម្ការ​របស់​លោក​ចោល​ទៀត៖ «ទាហាន​យោធ​ភូមិ​ភាគ​ទី​៤ គេ​អត់​ឲ្យ​ដាំ​ដុះ​អ្វី​ទាំងអស់ ហើយ​ថ្ងៃ​មិញ​វេលា​ម៉ោង ៩ និង ៤២​នាទី គេ​បាន​ចុះ​ទៅ​កន្លែង​ខ្ញុំ​ទៀត គឺ​បាន​ដុត​ខ្ទម​ខ្ញុំ​ចោល ហើយ​កាប់​បំផ្លាញ​កូន​ស្វាយ​របស់​ខ្ញុំ»

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​អូរ​ទី​៤ បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា កន្លង​ទៅ ទាហាន​យោធ​ភូមិ​ភាគ​ទី​៤ ម្នាក់ ឈ្មោះ យន បាន​បាញ់​កាំភ្លើង​ចំនួន ៣​គ្រាប់ គំរាម អ្នកស្រី អែម ចាន់ថា និង​ប្ដី​ឈ្មោះ ថុល ជ្រុន មិន​ឲ្យ​ដាំ​សណ្ដែក​នៅ​លើ​ដី​ចម្ការ​ដែល​ពួក​គាត់​ធ្លាប់​ធ្វើ​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ​ទេ។ អ្នក​ភូមិ​អះអាង​ថា សកម្មភាព​របស់​ទាហាន​ដែល​តែងតែ​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​ដាំ​ដុះ​នេះ បាន​ចាប់​ផ្ដើម​ឡើង​បន្ទាប់​ពី​កម្លាំង​ទាំង​នោះ បាន​ចូល​ទៅ​កាន់​កាប់​ដី​ធ្វើ​ជា​តំបន់​អភិវឌ្ឍន៍​កាល​ពី​ដើម​ឆ្នាំ​២០១៥។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ទេព រួន ជា​មេ​បញ្ជាការ​អង្គភាព​យោធា ដែល​ប្រចាំ​នៅ​តំបន់​នោះ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ប្រធាន​អង្គការ​រចនា​ស្ត្រី អ្នកស្រី ញាណ ភួងម៉ាលី មាន​ប្រសាសន៍​ថា កាល​ពី ៣-៤​ថ្ងៃ​មុន អ្នកស្រី​បាន​ជួប​នឹង​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួល​រង​ការ​គំរាម​កំហែង​ពី​ទាហាន។ អ្នកស្រី ញាណ ភួងម៉ាលី បញ្ជាក់​ថា អ្នកស្រី​បាន​ទទួល​ឯកសារ​មួយ​ចំនួន​ដូចជា រូបថត​ស្ដីពី​សកម្មភាព​ទាហាន​ដែល​ចុះ​ទៅ​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ដាំ​ដុះ ព្រម​ទាំង​ខ្សែ​អាត់​វីដេអូ​ដោយ​ឮ​សំឡេង​កាំភ្លើង​បាញ់​គំរាម​ទៀត​ផង៖ «ឯកសារ​ដែល​បងស្រី អែម ចាន់ថា ដែល​គាត់​ជជែក​គ្នា​ជាមួយ​ម្នាក់​ឈ្មោះ យន ហ្នឹង ហើយ​គេ​បាន​បាញ់​គំរាម​គាត់ ៣​គ្រាប់​ឡើង​ទៅ​លើ យើង​ឮ​សូរ​គ្រាប់​កាំភ្លើង ហើយ​ឮ​សូរ​សំឡេង​បង​ស្រី​ហ្នឹង គាត់​ស្រែក​យំ ហើយ​ឆ្លងឆ្លើយ​ស្រែក​តវ៉ា​ជាមួយ​គេ»

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ដែល​ចុះ​ស៊ើប​អង្កេត​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​តំបន់​អូរ​ទី​៤ ជាមួយ​ទាហាន​នោះ បាន​មើល​ឃើញ​ថា អាជ្ញាធរ​ស្រុក​ស្វាយលើ និង​ខេត្ត​សៀមរាប ហាក់​ដូចជា​ព្រងើយ​កន្តើយ​ក្នុង​ការ​ដោះស្រាយ​រឿង​នេះ បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​ធ្លាប់​លើក​គ្នា​មក​តវ៉ា​នៅ​សាលា​ខេត្ត ព្រម​ទាំង​ដាក់​ពាក្យ​បណ្ដឹង​ក៏ដោយ។

អភិបាល​ស្រុក​ស្វាយលើ លោក ស៊ិក ប៊ុនស៊ិន បាន​ឆ្លើយ​តប​ថា អាជ្ញាធរ​មិន​ដែល​ព្រងើយ​កន្តើយ​នឹង​ការ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ក៏ប៉ុន្តែ​ករណី​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​តំបន់​អូរ​ទី​៤ ជាមួយ​ទាហាន​នោះ គឺ​មិន​មែន​ស្ថិត​នៅ​ក្រោម​រដ្ឋបាល​គ្រប់គ្រង​របស់​ស្រុក​ស្វាយលើ និង​ខេត្ត​សៀមរាប ទេ៖ «តាម​ភូមិសាស្ត្រ​ជាក់ស្ដែង គឺ​នៅ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ហើយ​ទាំង​ស្រុក​ស្វាយលើ និង​ខេត្ត​សៀមរាប បាន​ឲ្យ​ប្រជាពលរដ្ឋ​ទីនោះ​ទៅ​ទំនាក់ទំនង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ»

ប្រធាន​ផ្នែក​គ្រប់គ្រង​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ឡាត់ គី ធ្លាប់​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា កន្លង​ទៅ​ថា ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​មួយ​ដែល​មាន​សំណុំ​រឿង​វិវាទ​ដីធ្លី​ច្រើន​ជាង​គេ ក្នុង​ចំណោម​ខេត្ត​ដែល​នាំ​មុខ​គេ​ចំនួន ២ ផ្សេង​ទៀត គឺ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ក្រចេះ។ លោក ឡាត់ គី បញ្ជាក់​ថា សំណុំ​រឿង​ទំនាស់​ដីធ្លី​ដែល​ច្រើន​ជាង​គេ​ក្នុង​ខេត្ត​សៀមរាប នេះ ប្រហែល​បណ្ដាល​មក​ពី​រឿង​ខ្លះ​មាន​ការ​ដោះស្រាយ​យូរ​ពេក បណ្ដាល​ឲ្យ​កើត​រឿង​ជាច្រើន​ចាក់ស្រែះ​គ្នា និង​យន្តការ​សម្រប​សម្រួល​ដោះស្រាយ​របស់​អាជ្ញាធរ មិន​សូវ​ដើរ​ជាដើម។

របាយការណ៍​របស់​អង្គការ​អាដហុក ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប ជាមួយ​ទាហាន មាន​ចំនួន ៣៧៣​គ្រួសារ លើ​ផ្ទៃ​ដី ១.០៨១​ហិកតារ។ ទំនាស់​ទាំង​នោះ កំពុង​កើត​មាន​នៅ​ក្នុង​ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ឃុំ​ស្លែងស្ពាន ស្រុក​ស្រីស្នំ ក្រុង​សៀមរាប និង​ឃុំ​កន្ទួត ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល