សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ធ្លាប់បានបង្ហាញនៅក្នុងសិក្ខាសាលាកាលពីសប្ដាហ៍មុនថា បច្ចុប្បន្នខេត្តសៀមរាប គឺជាខេត្តដែលមានករណីទំនាស់ដីធ្លីច្រើនជាងបណ្ដាខេត្តក្រុង២៤ ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
ក្នុងចំណោមទំនាស់ដីធ្លីជាច្រើនកន្លែងក្នុងខេត្តសៀមរាប បញ្ហាដែលគួរឲ្យព្រួយបារម្ភបំផុត គឺរវាងប្រជាពលរដ្ឋជាមួយកងទាហាន។ ពេលខ្លះ កម្លាំងប្រដាប់អាវុធទាំងនោះ បានប្រើកាំភ្លើងបាញ់គំរាម និងសម្លុតជនស៊ីវិលទៀតផង។
ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតំបន់អូរទី៤ នៃភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងព្រួយបារម្ភខ្លាចបាត់បង់ដីចម្ការ ដែលធ្លាប់តែដាំដុះផលដំណាំចិញ្ចឹមជីវិតរយៈពេលជាង ១០ឆ្នាំមកហើយនោះ។ ការព្រួយបារម្ភ បានកើតឡើងបន្ទាប់ពីមានទាហានប្រដាប់ដោយអាវុធ តែងចូលទៅគំរាមកំហែង និងបង្ខំឲ្យពួកគេផ្ដិតមេដៃលើកិច្ចសន្យាថា ឈប់ដាំដុះលើដីចម្ការរបស់ពួកគេតទៅទៀត។
បុរសឈ្មោះ ឆោម មករា គឺជាប្រជាពលរដ្ឋម្នាក់នៅតំបន់អូរទី៤ នៃភូមិសែនជ័យ ឃុំកន្ទួត ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនទៀតដែលមានទំនាស់ដីធ្លីជាមួយទាហាន។ គាត់អះអាងថា កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ រូបគាត់ និងអ្នកភូមិ ៦គ្រួសារផ្សេងទៀត បាននាំគ្នាទៅដាំអំពៅលើផ្ទៃដីចម្ការរៀងខ្លួនទំហំប្រមាណជាង ២០ហិកតារ។ ពេលនោះ មានទាហានយោធភូមិភាគទី៤ ម្នាក់ ឈ្មោះ ហ៊ើយ បានទៅគំរាមរូបគាត់ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការដាំដុះនៅលើដីចម្ការខ្លួនឯង ពីព្រោះវាជាដីរបស់រដ្ឋ ប៉ុន្តែនៅពេលលោកមិនព្រមធ្វើកិច្ចសន្យា គឺទាហានក៏គំរាមថានឹងដកអំពៅ ព្រមទាំងសណ្ដែកសៀងដែលដាំលើដីនោះចោល។ លោក ឆោម មករា អះអាងទៀតថា រហូតមកដល់ថ្ងៃទី២ ខែសីហា គឺទាហានបានប្រើអំពើហិង្សាបំផ្លាញខ្ទមចាំចម្ការរបស់លោកចោលទៀត៖ «ទាហានយោធភូមិភាគទី៤ គេអត់ឲ្យដាំដុះអ្វីទាំងអស់ ហើយថ្ងៃមិញវេលាម៉ោង ៩ និង ៤២នាទី គេបានចុះទៅកន្លែងខ្ញុំទៀត គឺបានដុតខ្ទមខ្ញុំចោល ហើយកាប់បំផ្លាញកូនស្វាយរបស់ខ្ញុំ»។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់អូរទី៤ បានអះអាងប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ ទាហានយោធភូមិភាគទី៤ ម្នាក់ ឈ្មោះ យន បានបាញ់កាំភ្លើងចំនួន ៣គ្រាប់ គំរាម អ្នកស្រី អែម ចាន់ថា និងប្ដីឈ្មោះ ថុល ជ្រុន មិនឲ្យដាំសណ្ដែកនៅលើដីចម្ការដែលពួកគាត់ធ្លាប់ធ្វើជាច្រើនឆ្នាំមកហើយនោះទេ។ អ្នកភូមិអះអាងថា សកម្មភាពរបស់ទាហានដែលតែងតែរារាំងអ្នកភូមិមិនឲ្យដាំដុះនេះ បានចាប់ផ្ដើមឡើងបន្ទាប់ពីកម្លាំងទាំងនោះ បានចូលទៅកាន់កាប់ដីធ្វើជាតំបន់អភិវឌ្ឍន៍កាលពីដើមឆ្នាំ២០១៥។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ទេព រួន ជាមេបញ្ជាការអង្គភាពយោធា ដែលប្រចាំនៅតំបន់នោះ ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់បានថាយ៉ាងណានៅឡើយ។
ប្រធានអង្គការរចនាស្ត្រី អ្នកស្រី ញាណ ភួងម៉ាលី មានប្រសាសន៍ថា កាលពី ៣-៤ថ្ងៃមុន អ្នកស្រីបានជួបនឹងប្រជាពលរដ្ឋដែលកំពុងទទួលរងការគំរាមកំហែងពីទាហាន។ អ្នកស្រី ញាណ ភួងម៉ាលី បញ្ជាក់ថា អ្នកស្រីបានទទួលឯកសារមួយចំនួនដូចជា រូបថតស្ដីពីសកម្មភាពទាហានដែលចុះទៅហាមឃាត់ប្រជាពលរដ្ឋមិនឲ្យដាំដុះ ព្រមទាំងខ្សែអាត់វីដេអូដោយឮសំឡេងកាំភ្លើងបាញ់គំរាមទៀតផង៖ «ឯកសារដែលបងស្រី អែម ចាន់ថា ដែលគាត់ជជែកគ្នាជាមួយម្នាក់ឈ្មោះ យន ហ្នឹង ហើយគេបានបាញ់គំរាមគាត់ ៣គ្រាប់ឡើងទៅលើ យើងឮសូរគ្រាប់កាំភ្លើង ហើយឮសូរសំឡេងបងស្រីហ្នឹង គាត់ស្រែកយំ ហើយឆ្លងឆ្លើយស្រែកតវ៉ាជាមួយគេ»។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ដែលចុះស៊ើបអង្កេតបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនៅតំបន់អូរទី៤ ជាមួយទាហាននោះ បានមើលឃើញថា អាជ្ញាធរស្រុកស្វាយលើ និងខេត្តសៀមរាប ហាក់ដូចជាព្រងើយកន្តើយក្នុងការដោះស្រាយរឿងនេះ បើទោះបីជាប្រជាពលរដ្ឋធ្លាប់លើកគ្នាមកតវ៉ានៅសាលាខេត្ត ព្រមទាំងដាក់ពាក្យបណ្ដឹងក៏ដោយ។
អភិបាលស្រុកស្វាយលើ លោក ស៊ិក ប៊ុនស៊ិន បានឆ្លើយតបថា អាជ្ញាធរមិនដែលព្រងើយកន្តើយនឹងការដោះស្រាយរឿងទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនៅតំបន់អូរទី៤ ជាមួយទាហាននោះ គឺមិនមែនស្ថិតនៅក្រោមរដ្ឋបាលគ្រប់គ្រងរបស់ស្រុកស្វាយលើ និងខេត្តសៀមរាប ទេ៖ «តាមភូមិសាស្ត្រជាក់ស្ដែង គឺនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយទាំងស្រុកស្វាយលើ និងខេត្តសៀមរាប បានឲ្យប្រជាពលរដ្ឋទីនោះទៅទំនាក់ទំនងអាជ្ញាធរខេត្តឧត្តរមានជ័យ»។
ប្រធានផ្នែកគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ឡាត់ គី ធ្លាប់បានថ្លែងកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅថា ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសំណុំរឿងវិវាទដីធ្លីច្រើនជាងគេ ក្នុងចំណោមខេត្តដែលនាំមុខគេចំនួន ២ ផ្សេងទៀត គឺខេត្តព្រះវិហារ និងខេត្តក្រចេះ។ លោក ឡាត់ គី បញ្ជាក់ថា សំណុំរឿងទំនាស់ដីធ្លីដែលច្រើនជាងគេក្នុងខេត្តសៀមរាប នេះ ប្រហែលបណ្ដាលមកពីរឿងខ្លះមានការដោះស្រាយយូរពេក បណ្ដាលឲ្យកើតរឿងជាច្រើនចាក់ស្រែះគ្នា និងយន្តការសម្របសម្រួលដោះស្រាយរបស់អាជ្ញាធរ មិនសូវដើរជាដើម។
របាយការណ៍របស់អង្គការអាដហុក ឲ្យដឹងថា បច្ចុប្បន្ននេះ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនៅខេត្តសៀមរាប ជាមួយទាហាន មានចំនួន ៣៧៣គ្រួសារ លើផ្ទៃដី ១.០៨១ហិកតារ។ ទំនាស់ទាំងនោះ កំពុងកើតមាននៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ក្រុងសៀមរាប និងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។