ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំណត់យកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដើម្បីជជែករកដំណោះស្រាយជាមួយក្រុមហ៊ុនស្ករអំពៅចំនួនពីរនៅខេត្តកោះកុង តាមបណ្ដឹងរបស់ពលរដ្ឋប្រមាណ ១៧០គ្រួសារ។
ក្រុមហ៊ុនទាំងពីរដែលនឹងជួបពិភាក្សានេះ គឺជាអតីតក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុនរបស់ឧកញ៉ា ហេង ហ៊ុយ ដែលពលរដ្ឋប្រមាណ ១៧០គ្រួសារអះអាងថា ក្រុមហ៊ុនទាំងពីរនេះបានឈូសឆាយបំផ្លាញដីធ្លី និងផ្ទះសម្បែងរបស់ពួកគេកាលពីឆ្នាំ២០០៦។
យោងតាមលិខិតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ដែលដាក់ទៅក្រុមហ៊ុនស្ករអំពៅ កោះកុង ផ្លេនថេស៊ិន (Koh Kong Plantation)និងក្រុមហ៊ុនស្ករអំពៅ កោះកុង ស៊ូហ្គើរ (Koh Kong Sugar) ឲ្យដឹងថា ក្រសួងបានចាត់តាំងលោក ទេព ធន ជាអនុរដ្ឋលេខាធិការ និងក្រុមការងារដោះស្រាយវិវាទដីធ្លីទី៨ ដើម្បីពិនិត្យទីតាំងវិវាទ និងជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនទាំងពីរ។
ក្រៅពីលិខិតដាក់ទៅក្រុមហ៊ុនទាំងពីរដើម្បីជួបពិភាក្សា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានផ្ញើលិខិតមួយផ្សេងទៀត ដើម្បីអញ្ជើញពលរដ្ឋចំនួន ១៥គ្រួសារ ដើម្បីជួបពិភាក្សារកដំណោះស្រាយជាមួយក្រុមហ៊ុនឧកញ៉ា ហេង ហ៊ុយ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។
តំណាងពលរដ្ឋមានទំនាស់ដីធ្លី លោកស្រី ផាវ ញ៉ឺង ថ្លែងថា ការរៀបចំជំនួបរវាងពលរដ្ឋទាំង ១៥គ្រួសារក្នុងចំណោម ១៧៥គ្រួសារជាមួយក្រុមហ៊ុន គឺជាផ្នែកមួយនៃដំណើរការដោះស្រាយ។ តែលោកស្រីយល់ថា ប្រសិនបើការជួបនេះគ្រាន់តែជាការជជែក ហើយមិនមានដំណោះស្រាយនោះ គឺធ្វើឲ្យពលរដ្ឋអស់ជំនឿលើស្ថាប័នមួយនេះទាំងស្រុង៖ « ដំណោះស្រាយនេះទៅខេត្តតែមួយ ភូមិ - ឃុំ ស្រុកតែមួយ ហេតុអីបានជាឯកឧត្តមលើកសំណើនេះទុកគ្រាន់តែជជែក ។ បើលើកមុនប្រាប់យើងថាជជែកជាមួយក្រុមហ៊ុនម្តងហើយ ហេតុអីបានជាលើកនេះជជែកម្តងទៀត ។ បើសិនណានៅតែឆ្លើយថា ជជែកៗៗ គិតតែជជែកពិភាក្សា ហើយអត់មានដំណោះស្រាយនោះ តើពួកយើងគិតម៉េច ? ពួកយើងបាត់បង់ជំនឿលើក្រសួងទាំងស្រុង បើសិនណាជាធ្វើបែបនេះ »។
ក្រុមពលរដ្ឋមានទំនាស់ដីធ្លីប្រមាណ ១០០នាក់ ដែលតំណាងឲ្យពលរដ្ឋ ១៧០គ្រួសារ នៅព្រឹកថ្ងៃទី១៨ ខែមករា ក៏បាននាំគ្នាធ្វើដំណើរចេញពីវត្តសាមគ្គីរង្សី ឆ្ពោះទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើឲ្យក្រសួង បង្ហាញសំណើរបស់ពលរដ្ឋដែលក្រសួងគ្រោងយកទៅជជែកជាមួយក្រុមហ៊ុននោះ ផ្សព្វផ្សាយជាសាធារណៈ។
កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ លោក ទេព ធន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសន្យាថា នឹងយកសំណើពលរដ្ឋដែលស្នើសុំសំណងជាដីទំហំ ២ហិកតារក្នុងមួយគ្រួសារ និងការសង់ផ្លូវមួយខ្សែប្រវែង ៩០ម៉ែត្រ ទៅជជែកជាមួយក្រុមហ៊ុន។ ដោយឡែកសំណើសុំសំណងលើការខូចខាតជាថវិកាចំនួន ៥ពាន់ដុល្លារនោះ នៅមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណានោះទេ។
ទាក់ទងនឹងសំណើសុំសំណងជាប្រាក់ ៥ពាន់ដុល្លារនេះ លោក ទេព ធន បានឲ្យអាស៊ីសេរីដឹងកាលពីថ្ងៃទី៩ ខែមករា ថា លោកមិនសូវមានសង្ឃឹមថា ក្រុមហ៊ុននឹងចេញសងនោះឡើយ ដោយសារដីដែលប៉ះពាល់ គឺជាដីរបស់រដ្ឋ ដែលបានជួលទៅឲ្យក្រុមហ៊ុនឯកជនទៅហើយ។
ទោះយ៉ាងណា ក្រុមពលរដ្ឋនឹងរង់ចាំមើលលទ្ធផល បន្ទាប់ពីការជួបចរចាគ្នានៅថ្ងៃទី២០ ខែមករា ខាងមុខសិន។
តំណាងពលរដ្ឋ លោកស្រី ផាវ ញ៉ឺង អះអាងថា បើទោះបីជាក្រុមហ៊ុនយល់ព្រមផ្តល់សំណងដល់ពលរដ្ឋប្រមាណ ១៥គ្រួសារនោះក៏ដោយ ក៏ពលរដ្ឋនឹងនៅតែរួមគ្នាតវ៉ារហូតទាល់តែពលរដ្ឋទាំងអស់ទទួលបានដំណោះស្រាយ។
លោកស្រី ផាវ ញ៉ឺង ឲ្យដឹងបន្ទាប់ពីចូលជួបជាមួយតំណាងក្រសួងរៀបចំដែនដី នៅព្រឹកថ្ងៃទី១៨ ខែមករា ថា ប្រសិនបើការជួបចរចានោះបានលទ្ធផលយ៉ាងណា តំណាងក្រសួងនឹងយកលទ្ធផលនោះទៅដាក់ជូនរដ្ឋមន្ត្រីសម្រេច។ ដោយឡែកប្រសិនបើការជួបនេះមិនទទួលបានលទ្ធផលវិជ្ជមានទេនោះ ក្រសួងនឹងបញ្ជូនពាក្យបណ្ដឹងនេះទៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។