ប្រជាពលរដ្ឋពីរក្រុមនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងមានទំនាស់ជាមួយគ្នាក្នុងការដណ្ដើមកាន់កាប់ដីមួយកន្លែង ដែលអាជ្ញាធរធ្លាប់បណ្ដេញពួកគាត់ចេញកាលពីជាង ១០ឆ្នាំមុន។
ការដណ្ដើមគ្នាកាន់កាប់ដីរបស់ប្រជាពលរដ្ឋនេះ កើតមានបន្ទាប់ពីតុលាការកាត់ក្តីឲ្យឈ្នះភាគីអ្នកមានលុយម្ខាងទៀត ដែលចង់គ្រប់គ្រងដីតំបន់នោះដែរ។
អាជ្ញាធរខណ្ឌសែនសុខ ចុះអន្តរាគមន៍បញ្ឈប់សកម្មភាពចុះបោះបង្គោលចែកដីតាំងទីលំនៅរបស់ពលរដ្ឋពីរក្រុម ដែលជាអតីតអ្នកភូមិរោងចក្រ ចំនួន ១៦៣គ្រួសារ លើដីទំហំប្រមាណជិត ១ម៉ឺនម៉ែត្រក្រឡា បន្ទាប់ពីឈ្នះក្តីកាលពីឆ្នាំ២០១១។
អ្នកភូមិទាំងពីរក្រុម សុទ្ធតែមានបញ្ជីសមាជិករៀងៗខ្លួន ថាមានចំនួន ១៦៣គ្រួសារដូចគ្នា ប៉ុន្តែមិនមានឈ្មោះដូចគ្នាទេ ហើយភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមកថា បញ្ជីឈ្មោះនោះមិនត្រឹមត្រូវ ដោយបានបន្លំឈ្មោះអ្នករស់នៅក្នុងភូមិនោះពិតប្រាកដ។
ស្ត្រីអ្នកភូមិម្នាក់ឈ្មោះ ជា សារ៉ុម ដែលអះអាងថា គាត់ជាតំណាងអ្នកភូមិ បានដឹកនាំតវ៉ាប្ដឹងផ្តល់ជាមួយភាគីជម្លោះម្ខាងទៀត គឺលោកស្រី កែវ នាម។ លោកស្រី ជា សារ៉ុម បានបដិសេធភាគីម្ខាងទៀតដែលដឹកនាំដោយឈ្មោះ អ៊ឹង សៀងប៉ាង ហួយ តារាវី និង ព្រីង សុជាតិ៖ «រឿងនេះជារឿងដណ្ដើម មិនយុត្តិធម៌ បានសេចក្តីថាពួកនេះមិនដឹងមកពីណា?»។

ចំណែកក្រុមពលរដ្ឋម្ខាងទៀត លោកស្រី ហួយ តារាវី បានចោទប្រកាន់វិញថា លោកស្រី ជា សារ៉ុម កាលពីមុនជាតំណាងប្រជាពលរដ្ឋមែន ប៉ុន្តែក្រោយមកប្រជាពលរដ្ឋជាង ១០០គ្រួសារជាសមាជិក បានដកសេចក្តីទុកចិត្ត និងឈប់ទទួលស្គាល់ជាតំណាង ដោយសារពេលឈ្នះក្តីចង់យកដីនោះតែម្នាក់ឯង ដោយបង្កើតបញ្ជីឈ្មោះថ្មីយកទៅឲ្យតុលាការនាដំណាក់កាលចុងក្រោយ ធ្វើឲ្យបាត់ឈ្មោះប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិពិតប្រាកដ ដែលធ្លាប់រងការឈឺចាប់ដោយការបណ្ដេញចេញ ហើយបានចូលរួមតតាំងក្តីនៅតុលាការទាំង ៣ថ្នាក់នោះ៖ «សូមឲ្យ ជា សារ៉ុម បង្ហាញមនុស្ស ១៦៣គ្រួសារ មានអត្តសញ្ញាណប័ណ្ណយកមកផ្ទៀងជាមួយបញ្ជីឈ្មោះដែលតុលាការឲ្យឈ្នះ ប្រជាជនណាមានមេដៃត្រឹមត្រូវ មានអាជ្ញាធរទទួលស្គាល់ សូមចែកដីឲ្យគេ»។
ទាក់ទងបញ្ហានេះ ក្រុមមន្ត្រីសិទ្ធិមនុស្សដែលចុះឃ្លាំមើលរឿងនេះ យល់ឃើញថា អាជ្ញាធរខណ្ឌហាក់ផ្តល់សិទ្ធិទៅឲ្យ លោកស្រី ជា សារ៉ុម ខ្លាំងជាងគេ និងមានការយឺតយ៉ាវក្នុងការបែងចែកដីជូនពលរដ្ឋដោយផ្អែកលើសាលដីកាពីតុលាការកំពូល ព្រមទាំងស៊ើបអង្កេតរកប្រជាពលរដ្ឋដែលធ្លាប់នៅក្នុងភូមិនោះពិតប្រាកដ។
ទន្ទឹមគ្នានេះ មន្ត្រីសិទ្ធិមនុស្សស្នើឲ្យអាជ្ញាធរទទួលខុសត្រូវ កុំឲ្យមានអំពើហិង្សាកើតឡើងរវាងភាគីទាំងពីរ ហើយគួរប្រកាន់ជំហរអព្យាក្រឹត្យដោះស្រាយដោយយុត្តិធម៌ជូនពួកគាត់។
ឆ្លើយតបបញ្ហានេះ លោកអភិបាលរងខណ្ឌសែនសុខ ដែលចុះអន្តរាគមន៍រឿងនេះ មានប្រសាសន៍ថា អាជ្ញាធរសម្របសម្រួលឲ្យពលរដ្ឋទាំងពីរភាគីរក្សាភាពស្ងៀមស្ងាត់សិន ដោយរង់ចាំអាជ្ញាធរទទួលបានបញ្ជីឈ្មោះពលរដ្ឋដែលឈ្នះក្តីពិតប្រាកដពីតុលាការ ទើបចាប់ផ្ដើមពិនិត្យដោះស្រាយតាមជាក់ស្តែង៖ «សុំឲ្យតុលាការបង្ហាញបញ្ជីឈ្មោះពលរដ្ឋ ១៦៣ ដែលតម្កល់ក្នុងរឿងក្តីនេះឲ្យបានលឿន ដើម្បីកំណត់អត្តសញ្ញាណពលរដ្ឋនៅតំបន់នោះ»។
តុលាការកំពូល បានចេញសាលដីកាសម្រេចក្តីឲ្យប្រជាពលរដ្ឋឈ្នះ ទទួលបានដីមកវិញតាំងពីឆ្នាំ២០១១ ប៉ុន្តែរហូតមកដល់ពេលនេះ ពលរដ្ឋទាំង ១៦៣គ្រួសារ មិនទាន់ចូលរស់នៅលើដីរបស់ខ្លួនវិញនោះទេ ដោយមានជម្លោះផ្ទៃក្នុង និងមិនទាន់មានការចុះអនុវត្តសាលដីកាបែងចែកដីនោះឲ្យពលរដ្ឋម្ចាស់ដីឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។