ពលរដ្ឋ​ជាង​១០០​គ្រួសារ​មាន​ទំនាស់​ដី​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​នៅ​ប៉ោយប៉ែត

ដោយ ម៉ម មុនីរតន៍
2014-07-29
Share
ជម្លោះ​ដីធ្លី ប៉ោយប៉ែត ៦១០ ប្រធាន​រដ្ឋបាល​ជលផល​ក្រុង​ប៉ោយប៉ែត លោក សី ស៊ីល័យ ចុះ​មក​ពិនិត្យ​មើល​ការ​ជួប​ជុំ​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ដី​ដែល​មាន​ទំនាស់ នា​ភូមិ​សាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Morm Moniroth

ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ នៅ​សង្កាត់​ប៉ោយប៉ែត ចោទ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រម​ទាំង​ប្រធាន​ជលផល​ក្រុង​ប៉ោយប៉ែត ថា​បាន​រំលោភ​ដី​ចំណី​ផ្លូវ​សាធារណៈ។ ចំណែក​ប្រធាន​មន្ទីរ​ភូមិបាល និង​ប្រធាន​ជលផល​ក្រុង​ប៉ោយប៉ែត វិញ​អះអាង​ថា ពួក​គាត់​ពុំ​បាន​រំលោភ​ដី​ចំណី​ផ្លូវ​ឡើយ។

ភាគី​ក្រុម​ប្រជាពលរដ្ឋ ព្រមាន​ថា​នឹង​ដាក់​បណ្ដឹង​ប្រឆាំង​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​ទាំង​ពីរ​ស្ថាប័ន​នេះ​ទៅ​តុលាការ​ក្នុង​ពេល​ឆាប់ៗ ប្រសិន​បើ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រម​ទាំង​ប្រធាន​រដ្ឋបាល​ជលផល​ក្រុង​ប៉ោយប៉ែត នៅ​តែ​មិន​ព្រម​បើក​ផ្លូវ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ចេញ​ចូល​ទៀត​នោះ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ប្រជាពលរដ្ឋ​ជិត ៤០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ដី​មាន​វិវាទ ស្ថិត​ក្នុង​ភូមិ​សាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត ដោយ​ពួក​គាត់​សំអាង​ថា ដី​កំពុង​មាន​ទំនាស់​នេះ ការ​ពិត​គឺ​ជា​ដី​ចំណី​ផ្លូវ​ដែល​មាន​ក្នុង​ប្លង់​មេ​របស់​រដ្ឋ តាំង​ពី​យូរ​ណាស់​មក​ហើយ។ ពលរដ្ឋ​ឲ្យ​ដឹង​ទៀត​ថា តែ​ក្រោយ​ពី​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​ទាំង​ពីរ​ស្ថាប័ន​នេះ​ទិញ​រួច​មក បាន​បិទ​ផ្លូវ​មិន​ទុក​ឲ្យ​ពលរដ្ឋ​ចេញ​ចូល​ឡើយ៖ «កំពុង​តែ​បំពាន​ច្បាប់ អង្គុយ​លើ​ច្បាប់​ហើយ​ហ្នឹង លោក ប្រាក់ បូលី ហើយ​រួម​ជាមួយ​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​នេះ។ ខ្ញុំ​នឹង​ចាត់​នីតិវិធី​ប្ដឹង​ទៅ​តុលាការ​ទៀត ដើម្បី​ទាមទារ​ឲ្យ​បើក​ផ្លូវ​នេះ។ តែ​អស់​លោក​ដែល​លោក​ទិញ​ក្រោយ​នេះ គាត់​អ្នក​ធ្វើ​ការ​ហ្នឹង គាត់​ទិញៗ​យក​ទាំងអស់។ គាត់​ទិញ​ទាំង​ផ្លូវ គឺ​ចង់​ឲ្យ​អាជ្ញាធរ​ដែនដី​ជួយ​មើល​ផង​ថា ផ្លូវ​ទី​នេះ​ចង់​ចេញ​ឥត​បាន​ទេ។ ពី​ដើម​ឡើយ ផ្លូវ​នេះ​កាល​ពី​មិន​ទាន់​មាន​ពួក​ខាង​សុរិយោដី និង​ជលផល​ហ្នឹង គឺ​ប្រជាពលរដ្ឋ​គេ​អាច​ដើរ​បាន»

នៅ​សល់​ប្រហែល ៤០​ម៉ែត្រ​ទៀត ផ្លូវ​ក្នុង​សហគមន៍​ដែល​មាន​ទំហំ​ប្រមាណ ៦​ម៉ែត្រ ដែល​កំណត់​ដោយ​ក្រុង​នេះ នឹង​ត្រូវ​ទម្លាយ​មក​ដល់​ផ្លូវ​បេតុង។ ប៉ុន្តែ​ដោយ​មាន​ភាព​ចម្រូងចម្រាស ផ្លូវ​នេះ​ត្រូវ​ជាប់​គាំង​រហូត​ដល់​ពេល​បច្ចុប្បន្ន។ ក្នុង​រឿង​នេះ ប្រជាពលរដ្ឋ​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ជា​ហូរហែ​មក​ហើយ រហូត​ដល់​សាលា​ក្រុង​ប៉ោយប៉ែត ផង តែ​នៅ​មិន​មាន​ដំណោះស្រាយ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ប្រាក់ បូលី ដើម្បី​ស្នើសុំ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ កក្កដា។

ភ្លាមៗ ជម្លោះ​ដោយ​ពាក្យ​សម្ដី​បាន​កើត​ឡើង ខណៈ​វត្តមាន​របស់ លោក សី ស៊ីល័យ ប្រធាន​រដ្ឋបាល​ជលផល​ក្រុង​ប៉ោយប៉ែត ដែល​ជា​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​ភាគី​មាន​ទំនាស់​ជាមួយ​ពលរដ្ឋ​នេះ​ដែរ​នោះ បាន​ចុះ​មក​ទីតាំង​ជ្រុង​ម្ខាង​នៃ​ដី​ដែល​មាន​ជម្លោះ ព្រម​ទាំង​ថត​រូបភាព​ប្រជាពលរដ្ឋ​ផង ដើម្បី​ការពារ​ភាព​ស្រប​ច្បាប់​របស់​លោក។ ក្នុង​ឋានៈ​ជា​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល ត្រូវ​បាន​ប្រជាពលរដ្ឋ​ចំអក និង​ស្ដី​បន្ទោស​ថា ព្រោះ​តែ​ភាព​ក្រអឺតក្រទម និង​មិន​ដឹង​សុខ​ទុក្ខ​របស់​ពលរដ្ឋ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ប៉ះពាល់ និង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​បក្ស​ប្រជាជន​កម្ពុជា។

រៀប​ឫក​ជា​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល ប្រធាន​រដ្ឋបាល​ជលផល​ក្រុង​ប៉ោយប៉ែត លោក សី ស៊ីល័យ ហាក់​បង្ហាញ​ភាព​អំនួត​របស់​ខ្លួន ក្នុង​ពេល​តតាំង​ជាមួយ​ប្រជាពលរដ្ឋ​នៅ​លើ​ដី​ដែល​កំពុង​មាន​ទំនាស់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា។ លោក សី ស៊ីល័យ ចាត់​ទុក​ថា លោក​នឹង​មិន​បើក​ផ្លូវ​ឲ្យ​ពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ឡើយ បើ​ទោះ​ជា​ត្រូវ​បាន​ពលរដ្ឋ​ព្រមាន​ចាត់​វិធានការ​យ៉ាង​ណា​ក៏ដោយ។ លោក​អះអាង​ថា ដី​កំពុង​មាន​វិវាទ​នៅ​ពេល​នេះ លោក​បាន​ទិញ​តាំង​ពី​មុន​ពលរដ្ឋ​មក​តាំង​ទីលំនៅ​ទៅ​ទៀត។ លើស​ពី​នេះ ដី​នេះ​ថែម​ទាំង​មាន​ប្លង់​រឹង​ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ​ថែម​ទៀត​ផង។ ហេតុ​នេះ លោក​និយាយ​ថា ការ​ទាមទារ​របស់​ពលរដ្ឋ​នឹង​មិន​អាច​ទៅ​រួច​ឡើយ ដោយ​រួម​ទាំង​ការ​ធ្វើ​សម្បទាន​ណា​មួយ​នោះ​ទៀត​ផង៖ «ម៉េច​បើ​ដី​ខ្ញុំ​ស្រប​ច្បាប់។ ខ្ញុំ​មិន​ទៅ​បិទ​ផ្លូវ​ម៉េច បើ​សិន​ជា​ទិញ​ដោយ​ប្រការ​ណា​មួយ តម្លៃ​ថ្លៃថ្នូរ​តាម​ទីផ្សារ​ខ្ញុំ​លក់​ឲ្យ​ឥត​មាន​ខ្ញុំ​ទៅ​បិទ​ផ្លូវ​គេ។ ដី​នេះ គឺ​ដី​កម្មសិទ្ធិ​របស់​ខ្ញុំ ហើយ​ប្លង់​នេះ​សួរ​មើល អ្នក​ណា​អ្នក​ទទួល​ស្គាល់ អាជ្ញាធរ​អ្នក​ទទួល​ស្គាល់»

ចំណែក​ចៅសង្កាត់​ក្រុង​ប៉ោយប៉ែត ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក នុត លី និយាយ​ថា បើ​ពលរដ្ឋ​ពិត​ជា​ចង់​បាន​ផ្លូវ​ពិត​មែន គប្បី​រក​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​វិញ។ លោក​ចាត់​ទុក​ថា ការ​ប្រមូល​ផ្ដុំ​ដោយ​មធ្យោបាយ​ណា​មួយ វា​ពុំ​មែន​ជា​ជម្រើស​ល្អ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ការ​រក​ដំណោះស្រាយ​ដោយ​ការ​ជួប​ជុំ​នេះ វា​ហាក់​ដូច​ជា​បង្ក​បញ្ហា​ច្រើន​ជាង​ទៅ​វិញ​ទេ៖ «បើ​បង​ប្អូន​មាន​ការ​លំបាក មក​ប្ដឹង​សង្កាត់។ សង្កាត់​នឹង​រក​វិធានការ​គេ​មក​អាច​សម្បទាន។ ចុះ​បើ​យើង​អាង​បាតុកម្ម អាង​ទៅ​រក​គេ​អ៊ីចឹង តើ​ដី​កម្មសិទ្ធិ​របស់​គេៗ​ធ្វើ​យ៉ាង​ម៉េច​ទៅ»

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ឲ្យ​ដឹង​ថា ជុំវិញ​រឿងរ៉ាវ​នេះ មាន​២​ករណី។ ទី​មួយ ប្រសិន​បើ​អ្នក​រស់នៅ​ផ្នែក​ខាង​ក្រោយ​ដី​ផ្ទះ​របស់​ភាគី​ម្ខាង​ទៀត ហើយ​ពុំ​មាន​ផ្លូវ​ចេញ​ចូល លោក​អះអាង​ថា ជា​ចាំបាច់​អ្នក​មាន​ដី​នៅ​ពី​ខាង​ក្រោយ​នោះ អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់ រួច​ប្ដឹង​ទៅ​តុលាការ ដើម្បី​សុំ​សិទ្ធិ​បើក​ផ្លូវ​បាន។ ចំណែក​ចំណុច​ទី​ពីរ បើ​គម្រោង​ដែល​សាងសង់​ដោយ​ជំនាញ​របស់​រដ្ឋ រួច​ហើយ​មាន​ប្លង់​មេ​ត្រឹមត្រូវ តែ​មាន​អ្នក​រំលោភ​លើ​ប្លង់​មេ​នោះ គប្បី​ដាក់​បណ្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​នេះ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ៖ «ជា​គោលការណ៍​ច្បាប់ បើ​សិន​ជា​ផ្ទះ​មាន​ផ្ទះ​នៅ​ខាង​មុខ ហើយ​មាន​ដី​ដែល​មាន​ផ្ទះ​នៅ​ខាង​ក្រោយ។ ខាង​ក្រោយ​ឥត​មាន​ផ្លូវ​ចេញ គឺ​ជា​ការ​ចាំបាច់​បន្ទាន់​បង្ខំ​មួយ ត្រូវ​ភាគី​នៅ​ខាង​ក្រោយ​ប្ដឹង​ជា​សេវភាព (Save) ទៅ​តុលាការ ដើម្បី​សុំ​ការ​បើក​ផ្លូវ»

ប្រជាពលរដ្ឋ​និយាយ​ថា ក្នុង​គម្រោង​របស់​សាលា​ក្រុង​ប៉ោយប៉ែត គឺ​សុទ្ធ​តែ​មាន​ផ្លូវ​គ្រប់​ប្រព័ន្ធ​តាម​បែប​រដ្ឋបាល​នៅ​ក្នុង​សង្កាត់​នីមួយៗ ដោយ​ទុក​ចន្លោះ​រយៈ​ចម្ងាយ ៤០​ម៉ែត្រ​ពី​គ្នា ប៉ុន្តែ ភាគ​ច្រើន​មិន​ដូច្នេះ​ឡើយ។ ផ្លូវ​ជាច្រើន​ខ្សែ ត្រូវ​បាន​កាត់​ផ្ដាច់​យក​ធ្វើ​ជា​កម្មសិទ្ធិ តាម​រយៈ​សាងសង់​អគារ ឬ​ផ្ទះ​ល្វែង និង​មាន​ផ្លូវ​ខ្លះ​ត្រូវ​បិទ​ជិត ដោយ​ពុំ​អនុញ្ញាត​ឲ្យ​ចេញ​ចូល​បាន​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល