ពលរដ្ឋកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ឬហៅកាត់ថា យូឌីជី (UDG) នៅខេត្តកោះកុង នាំគ្នាតវ៉ាដាក់ពាក្យប្តឹងក្រុមហ៊ុន ទៅសាលាខេត្ត និងតុលាការខេត្ត ដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ ក្រោយក្រុមហ៊ុនចិនមួយនេះ បានយកគ្រឿងចក្រទៅឈូសកម្ទេចផលដំណាំអ្នកភូមិ។ សង្គមស៊ីវិលវិញ ចង់ឃើញអាជ្ញាធរ អនុវត្តន៍ច្បាប់ឲ្យបានតឹងរ៉ឹងទៅលើជនប្រព្រឹត្តិកំហុស។
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន យូឌីជី (UDG) នៅភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខែត្រកោះកុង ចំនួន ៣០គ្រួសារ អះអាងថា បើទោះជាពួកគេបានពន្យល់ និងអង្វរដល់ក្រុមសន្ដិសុខក្រុមហ៊ុនចិនយ៉ាងណា ក៏ក្រុមសន្ដិសុខទាំងនោះ នៅតែឈូសកម្ទេចផលដំណាំពួកគាត់ ដោយបំពានដែរ។
ស្ត្រីម្នាក់ដែលអះអាងថា រងការឈូសឆាយដីធ្លី កម្ទេចដំណាំអស់ជាច្រើនហិកតារពីក្រុមហ៊ុន យូឌីជី (UDG) គឺអ្នកស្រី ព្រឿង នឿន ឲ្យដឹងថា ពួកគេបានដាក់ពាក្យប្ដឹងទៅសាលាដំបូងខេត្តកោះកុងនិងតុលាការខេត្ត នៅរសៀលថ្ងៃទី០៦ មេសា ពីបទក្រុមហ៊ុនបានបំផ្លាញផលដំណាំពួកគាត់ នៅក្នុងភូមិ។
កាលពីថ្ងៃអង្គារ ទី០៣ ខែមេសា អ្នកភូមិពាមកាយ ប្រាប់ថា សន្ដិសុខក្រុមហ៊ុន យូឌីជី បានយកគ្រឿងចក្រជាច្រើនគ្រឿង ទៅឈូសកម្ទេចផលដំណាំរបស់ពួកគាត់ចោល នៅចំណុចប៉ោយឡាំធាន។ ក្នុងសកម្មភាពឈូសកម្ទេចនោះ មានដំណាំជាច្រើនហិកតាររបស់អ្នកភូមិ សូម្បីដើមដូងខ្ពស់ៗ ក៏រងការឈូសរំលើងគល់ផងដែរ។ អ្នកភូមិពាមកាយ ចាត់ទុកសកម្មភាពឈូសកម្ទេចនេះថា ជាការគំរាមកំហែងពួកគេ ដើម្បីបង្ខំឲ្យចាកចេញពីផ្ទះ ជាថ្នូរនឹងសំណងមិនសមរម្យ។ ពួកគាត់ប្ដេជ្ញាថា នឹងយកជីវិតជាថ្នូរ ដើម្បីតស៊ូទាមទារសិទ្ធិរស់នៅលើដីកម្មសិទ្ធិរបស់ពួកគេ ឲ្យទាល់តែបាន។
អ្នកភូមិពាមកាយម្នាក់ទៀត អ្នកស្រី អាំ សំលឿត អះអាងថា ដោយសារតែក្រុមហ៊ុនមិនញញើត នឹងអាជ្ញាធរមូលដ្ឋាន ហើយអាជ្ញាធរមូលដ្ឋាន ខ្លាចក្រុមហ៊ុនចិន ឈ្មោះ យូឌីជី ទើបពួកគាត់សម្រេចចិត្តប្ដឹងទៅសាលាដំបូងខេត្ត និងស្វែងរកកិច្ចអន្ដរាគមន៍បន្ថែមទៀត ពីអភិបាលខេត្តកោះកុងដោយផ្ទាល់ គឺអ្នកស្រី មិថុនា ភូថង។
កន្លងទៅ ក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវីឡុបមែន ឬយូឌីជី នេះ តែងរងការចោទថា បានធ្វើសកម្មភាពជាច្រើន ដើម្បីបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន ក្នុងភូមិក្បែរមាត់សមុទ្រ ដោយឲ្យសំណងមិនសមរម្យទៅពលរដ្ឋ។ ជាក់ស្ដែង កាលពីថ្ងៃទី៥ ខែកុម្ភៈ ក្រុមហ៊ុនចិនមួយនេះ បានដុតកម្ទេចផ្ទះ និងកាប់បំផ្លាញផលដំណាំនៅតំបន់ថ្មពាន ក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ ក្នុងព្រឹត្តិការណ៍ដុតផ្ទះកាលណោះ ពលរដ្ឋរងគ្រោះអះអាងថា ពួកគាត់គ្មានលទ្ធភាពក្នុងការតតាំងនឹងក្រុមហ៊ុនទេ។ ក្រោយមកពួកគេបានប្ដឹងទៅសាលាដំបូងខេត្តកោះកុង ពីការដុតកម្ទេចផ្ទះរបស់ពួកគេ។ ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ ពលរដ្ឋអះអាងថា នៅមិនទាន់ទទួលបានដំណោះស្រាយបែបណានៅឡើយ។ ពលរដ្ឋម្នាក់ អះអាងថា ដោយសារក្រុមហ៊ុននេះ មានឥទ្ធិពលខ្លាំង សូម្បីអភិបាលខេត្តកោះកុង ក៏ធ្លាប់ប្រាប់ថា អ្នកស្រី រងគ្រោះដោយសារក្រុមហ៊ុននេះ រំលោភបំពានយកដីដូចពលរដ្ឋសាមញ្ញដែរ គ្រាន់តែមិនអាចនិយាយបាន។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តកោះកុង លោក ញៀប សំអឿន ឲ្យដឹងថា ក្នុងឯកសារ គឺរបបក្រុងភ្នំពេញ បានផ្ដល់ដីសម្បទានចំនួន ៥ម៉ឺនហិកតារ ក្នុងខេត្តកោះកុង ឲ្យទៅក្រុមហ៊ុនចិន យូឌីជី អភិវឌ្ឍន៍។ លោកថា ទំហំដីដ៏ច្រើនសន្ធឹកបែបនេះ មិនមែនតែពលរដ្ឋ ឬអ្នកភូមិទេ ដែលរងគ្រោះ សូម្បីមន្ត្រីរាជការ និងទាហានមួយចំនួនក្នុងខេត្តកោះកុង ក៏រងគ្រោះពីការបំពានយកដីរបស់ក្រុមហ៊ុនដែរ ប៉ុន្ដែមិនអាចធ្វើអ្វីបាន ព្រោះជាប់មានតួនាទី និងបារម្ភពីការដកតំណែង។ ចំណែករឿងពលរដ្ឋដាក់ពាក្យបណ្ដឹងទៅសាលាដំបូង និងកិច្ចស្វែងរកអន្ដរាគមន៍ពីអភិបាលខេត្តកោះកុង អង្គការសង្គមស៊ីវិលទទូចឲ្យមន្ត្រីយកចិត្តទុកដាក់ឲ្យបានខ្លាំង ព្រោះអ្នកភូមិទាំងនោះ បានរងគ្រោះដោយសារក្រុមហ៊ុនរំលោភបំពាន ធ្វើបាបបង្ខំបណ្ដេញចេញពីដីរួចហើយ មិនត្រូវបណ្ដោយឲ្យពលរដ្ឋរងគ្រោះពីការធ្វើបាបរបស់អាជ្ញាធរ នៅពេលទៅស្វែងរកកិច្ចអន្ដរាគមន៍មួយតង់ទៀតទេ។
ពលរដ្ឋក្រីក្រ ដែលស្បថដាក់ជីវិត ជាថ្នូរនឹងការតស៊ូរស់លើដីកំណើត នៅភូមិពាមកាយ ព្រមានថា បើពួកគេមិនអាចទទួលបានសំណងពីការឈូសកម្ទេចផលដំណាំទេ ឬនៅតែរងការគំរាមបណ្ដេញចេញពីដីទៀត ពួកគាត់នឹងវេចចានឆ្នាំង ឡើងទៅដេកនៅមុខក្រសួងដែនដី នៅរាជធានីភ្នំពេញ ដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ពីលោករដ្ឋមន្ត្រី ជា សុផារ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។