ពលរដ្ឋ​នៅ​ឃុំ​កោះស្ដេច​ខេត្ត​កោះកុង​បន្ត​ស្វែង​រក​អន្តរាគមន៍​រឿង​ក្រុមហ៊ុន​ចិន​បិទ​ផ្លូវ​ចូល​ភូមិ

ដោយ ដែន អយុធ្យា
2014.12.31
Share on WhatsApp
Share on WhatsApp
ជម្លោះ​ដីធ្លី កោះកុង ៦២០ ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​បិទ​ផ្លូវ​ចេញ​ចូល​ទៅ​កំពង់ផែ​សង់​ថ្មី​មួយ​កន្លែង​របស់​ក្រុមហ៊ុន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) ដើម្បី​ឆ្លើយ​តប និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ​ឈូស​ដី​ចេញ​ពី​ផ្លូវ​ចូល​ទៅ​ភូមិ​វិញ នា​ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo Licadho

តំណាង​ប្រជាពលរដ្ឋ ៣០​គ្រួសារ មាន​លំនៅឋាន​ក្នុង​ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង បន្ត​ស្វែងរក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) ដែល​បាន​ដឹក​ដី​ចាក់​បិទ​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចេញ ឬ​ចូល​ភូមិ​ពួក​គាត់​រយៈពេល​ជិត ១​សប្ដាហ៍​កន្លង​ទៅ​នេះ។

ពលរដ្ឋ​អះអាង​ថា បាន​មក​តាំង​ទីលំនៅ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​លើ​ទីតាំង​នេះ​ជាច្រើន​ជំនាន់​មក​ហើយ គឺ​តាំង​ពី​ជំនាន់​សង្គម​រាស្ត្រ​និយម ក្រោម​ការ​ដឹក​នាំ​របស់​អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្តម សីហនុ មក​ម្ល៉េះ។

ក្រុម​ប្រជាពលរដ្ឋ ៣០​គ្រួសារ​រស់នៅ​ចំណុច​ពយ​ជប៉ុន ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង បាន​បន្ត​តវ៉ា​ប្រឆាំង​ចំពោះ​សកម្មភាព​គំរាម​កំហែង​របស់​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប ដែល​បន្ត​មាន​មហិច្ឆតា​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ ក្រោម​រូបភាព​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។

តំណាង​ពលរដ្ឋ​ជិត ៣០​គ្រួសារ លោក ប្រាក់ ថន បាន​ឲ្យ​ដឹង​ថា រយៈពេល​ជិត ១​សប្ដាហ៍​ហើយ ដែល​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប បាន​ដឹក​ដី​ចាក់​បិទ​ផ្លូវ​ចេញ​ចូល​ទៅ​ភូមិ​អ្នក​ស្រុក​នៅ​តំបន់​ពយ​ជប៉ុន ក្នុង​បំណង​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ឲ្យ​រើ​លំនៅឋាន​ចេញ​ពី​ទីតាំង​ចាស់​តាម​បំណង​ក្រុមហ៊ុន។

បុរស​វ័យ​ចំណាស់​រូប​នេះ​ថ្លែង​ថា វា​អយុត្តិធម៌​បំផុត​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​នេះ​ដែល​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ មិន​បាន​ជួយ​ឈឺ​ឆ្អាល​ចំពោះ​កង្វល់​ពលរដ្ឋ​របស់​ខ្លួន ប៉ុន្តែ​បាន​ងាក​ទៅ​គាំទ្រ​សកម្មភាព​ល្មើស​របស់​ក្រុមហ៊ុន​ឯកជន​ទៅ​វិញ។ តំណាង​ពលរដ្ឋ​រូប​នេះ បាន​ចោទ​សកម្មភាព​បង្ខំ​ឲ្យ​រុះរើ​លំនៅឋាន​ពី​ទីតាំង​ចាស់​ទៅ​កាន់​ទីតាំង​ថ្មី ផ្ដើម​ដោយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប ដោយ​បាន​ចាក់​ដី​បិទ​ផ្លូវ​ចូល​ភូមិ​ពលរដ្ឋ​នា​ឃុំ​កោះស្ដេច គឺ​ជា​ការ​គំរាម​កំហែង​ដល់​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ធ្ងន់ធ្ងរ។

បុរស​វ័យ​ចំណាស់​រូប​នេះ​បាន​អះអាង​ថា ក្រុម​ប្រជាពលរដ្ឋ​ចំនួន ៣០​គ្រួសារ នឹង​មិន​លះ​បង់​ការ​តវ៉ា​របស់​ខ្លួន​ទេ ដរាប​ណា​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប និង​អភិបាល​ស្រុក​គីរីសាគរ លោក ឃឹម ចាន់ឌី មិន​បើក​ផ្លូវ​ចេញ​ចូល​ភូមិ​ជូន​ពលរដ្ឋ​បាន​ប្រើប្រាស់​ដូច​ដើម​វិញ​ទេ។ បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​បើក​ផ្លូវ​ចេញ​ចូល​ទៅ​ក្នុង​ភូមិ​ពួក​គាត់ ដែល​ត្រូវ​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប ចាក់​ដី​បិទ​ផ្លូវ​ជិត ១​សប្ដាហ៍​មក​នេះ ឲ្យ​ពួក​គាត់​បាន​ប្រើប្រាស់​ឡើង​វិញ។

លោក ប្រាក់ ថន ឲ្យ​ដឹង​ថា ដើម្បី​ឆ្លើយ​តប​នឹង​សកម្មភាព​ចាក់​ដី​បិទ​ផ្លូវ​ចូល​ភូមិ​របស់​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប តំណាង​ពលរដ្ឋ​ចំនួន ៣០​គ្រួសារ ក៏​បាន​បិទ​ផ្លូវ​ចេញ​ចូល​ទៅ​កាន់​កំពង់ផែ​មួយ​កន្លែង​របស់​របស់​ក្រុមហ៊ុន​ចិន វិញ​ដែរ។ បន្ថែម​លើ​នេះ ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ដរាប​ណា​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប មិន​បើក​ផ្លូវ​ចេញ​ចូល​ភូមិ​ឲ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់​ដូច​ដើម​វិញ​ទេ ពួក​គាត់​នឹង​បន្ត​ប្រមូល​ផ្តុំ​តវ៉ា និង​បន្ត​បិទ​ផ្លូវ​ចូល​ទៅ​កំពង់ផែ​របស់​ក្រុមហ៊ុន​ចិន និង​ផែ​ទេសចរណ៍​របស់ លោក ឃឹម ចាន់ឌី អភិបាល​ស្រុក​គីរីសាគរ នោះ​ទេ។

ប្រជាពលរដ្ឋ​ឃុំ​កោះស្ដេច ឲ្យ​ដឹង​ថា មក​ដល់​ល្ងាច​ថ្ងៃ​ពុធ ទី​៣១ ខែ​ធ្នូ អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​កោះកុង ចាប់​ពី​ថ្នាក់​ស្រុក​រហូត​ដល់​ថ្នាក់​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ មិន​បាន​ចេញ​មុខ​ជួយ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទេ ហើយ​តំណាង​ពលរដ្ឋ​ចំនួន ៣០​គ្រួសារ ក៏​បាន​បន្ត​បោះ​តង់​ស្នាក់នៅ​លើ​ផ្លូវ​ចេញ​ចូល​ទៅ​កំពង់ផែ ដែល​ក្រុមហ៊ុន​បាន​សាងសង់​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​រង់ចាំ​ដំណោះស្រាយ​ពី​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល។

ទាក់ទិន​បញ្ហា​នេះ លោក ឃឹម ចាន់ឌី អភិបាល​ស្រុក​គីរីសាគរ ខេត្ត​កោះកុង បាន​ចោទ​សកម្មភាព​ពលរដ្ឋ​ដែល​បាន​បិទ​ផ្លូវ​ចេញ​ចូល​ទៅ​ផែ​របស់​ក្រុមហ៊ុន​ចិន ថា​បាន​ប្រឆាំង​នឹង​ផែនការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​តំបន់​នោះ​ពី​រដ្ឋាភិបាល។ លោក​បន្ត​ថា ក្រុមហ៊ុន​បាន​ស្ថាបនា​ផ្លូវ​ថ្មី​សម្រាប់​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជំនួស​ផ្លូវ​ចាស់ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តែ​ចចេស​ចង់​ប្រើប្រាស់​ផ្លូវ​ចាស់ ដែល​ផ្លូវ​នោះ​ប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន។

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​ប្រជាពលរដ្ឋ​ថ្លែង​ថា ផ្លូវ​ដែល​ក្រុមហ៊ុន​ស្ថាបនា​ថ្មី​នោះ គឺ​មិន​មែន​ជា​ផ្លូវ​ធ្វើ​សំដៅ​ចូល​ភូមិ​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ជា​ផ្លូវ​ស្ថាបនា​ទៅ​កាន់​កំពង់ផែ​ទេសចរណ៍​របស់​ក្រុមហ៊ុន​ចិន និង​កន្លែង​លក់​ដូរ ឬ​បម្រើ​វិស័យ​ទេសចរណ៍​របស់ លោក ឃឹម ចាន់ឌី អភិបាល​ស្រុក​គីរីសាគរ ទៅ​វិញ​ទេ។

ត្រង់​ចំណុច​នេះ ក្រុម​ប្រជាពលរដ្ឋ​ចោទ​ថា ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប នៅ​ក្នុង​បី​ខែ​ចុង​ឆ្នាំ​២០១៤ នេះ គឺ​បាន​ពង្រាយ​កម្លាំង​សន្តិសុខ​រាប់​សិប​នាក់ និង​គ្រឿងចក្រ​ធ្វើ​សកម្មភាព​ឈូស​ឆាយ និង​ដុត​ផ្ទះ​ពលរដ្ឋ​ជិត ២០​ខ្នង ដើម្បី​បង្ខំ​ឲ្យ​រុះរើ​លំនៅឋាន​ធ្លាប់​រស់នៅ។ ហើយ​ថា សកម្មភាព​នេះ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ស្រុក រហូត​ដល់​ថ្នាក់​ខេត្ត មិន​បាន​ជួយ​ឈឺ​ឆ្អាល​ចំពោះ​កង្វល់​ប្រជាពលរដ្ឋ​ទេ នៅ​ពេល​ពួក​គាត់​ស្នើសុំ​កិច្ច​អន្តរាគមន៍​នា​កន្លង​មក។

តំណាង​ពលរដ្ឋ​ឃុំ​កោះស្ដេច លោក ប្រាក់ ថន ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​មាន​ពលរដ្ឋ​ប្រមាណ ២០​គ្រួសារ កំពុង​ខ្វះ​ជម្រក និង​ខ្វះ​ស្បៀង បន្ទាប់​ពី​ត្រូវ​ក្រុមហ៊ុន​ចិន ដុត​ផ្ទះ និង​បំផ្លាញ​ផល​ដំណាំ​របស់​ពួក​គាត់​នៅ​ស្រុក​គីរីសាគរ ហើយ​ពេល​នេះ​កំពុង​ស្នាក់នៅ​ក្នុង​បរិវេណ​វត្ត​គីរីគង្គា ហៅ​វត្ត​ពយ​ជប៉ុន ដោយ​រំពឹង​ថា ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​នឹង​ជួយ​រក​យុត្តិធម៌។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ប្រចាំ​ខេត្ត​កោះកុង ក៏​បាន​រិះគន់​សកម្មភាព​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល ដែល​ទុក​ឲ្យ​មាន​សកម្មភាព​រំលោភ​ដីធ្លី​បន្ត​កើត​មាន និង​គ្មាន​វិធានការ​ដោះស្រាយ។

លោក អ៊ិន គង់ជិត មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​កោះកុង សម្ដែង​អារម្មណ៍​ខក​ចិត្ត​កាល​បើ​មន្ត្រី​ដឹក​នាំ​គណៈកម្មការ​អន្តរ​ក្រសួង ដែល​មាន​សមត្ថកិច្ច​ដោះស្រាយ​ទំនាស់​ដីធ្លី​ថ្នាក់​ជាតិ មិន​បាន​ចេញ​មុខ​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ឃុំ​កោះស្ដេច ពេល​នេះ។ លោក​រិះគន់​ថា ស្ថាប័ន​ថ្នាក់​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​បង្កើត​ឡើង​មក​នេះ គឺ​បង្កើត​ឲ្យ​មាន​តែ​ឈ្មោះ ប៉ុន្តែ​ធ្វើ​ការ​គ្មាន​ប្រសិទ្ធភាព​ទេ។

ទោះ​ជា​បែប​ណា មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប ដែល​គំរាម​កំហែង និង​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង ឲ្យ​បាន​ជា​ស្ថាពរ។

មិន​ខុស​គ្នា​ទេ សម្រាប់ លោក នាង បូរ៉ាទីណូ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​កោះកុង ក៏​បាន​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​បើក​ផ្លូវ​ចេញ​ចូល​ទៅ​ភូមិ​ដែល​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប ចាក់​ដី​បិទ​ផ្លូវ​ចូល​ភូមិ ឲ្យ​ពលរដ្ឋ​បាន​ឆ្លង​កាត់​ឡើង​វិញ។

មន្ត្រី​សិទ្ធិ​មនុស្ស​ខេត្ត​កោះកុង បាន​ចាត់​ទុក​សកម្មភាព​ល្មើស​របស់​ក្រុមហ៊ុន​ចិន ដែល​ធ្វើ​សកម្មភាព​មក​លើ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ដូច​ស្រុក​ទេស​គ្មាន​ច្បាប់ និង​មាន​មេ​ដឹក​នាំ​ខ្វះ​ការ​យល់​ដឹង។

លោក នាង បូរ៉ាទីណូ បាន​សំណូមពរ​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ល្មម​បញ្ឈប់​សកម្មភាព​គំរាម​កំហែង និង​បង្ខំ​បណ្ដេញ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​លំនៅឋាន​ធ្លាប់​រស់នៅ​ច្រើន​ជំនាន់​តាំង​ពី​ដូនតា ប៉ុន្តែ​ត្រូវ​បាត់​បង់​ដោយ​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នា​ថ្ងៃ​អនាគត​ទៀត។

បញ្ហា​នេះ​ដែរ លោក ប៊ុន លឺត អភិបាល​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា នឹង​ដោះស្រាយ​បញ្ហា​តវ៉ា​លើ​ទំនាស់​ដីធ្លី និង​ឈាន​ដល់​បិទ​ផ្លូវ​ផ្ដើម​ដោយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប និង​ប្រជាពលរដ្ឋ​ឃុំ​កោះស្ដេច ឲ្យ​មាន​ការ​ឯកភាព​គ្នា​វិញ។

ទោះ​ជា​បែប​នេះ​ក្តី តំណាង​ប្រជាពលរដ្ឋ​ចំនួន ៣០​គ្រួសារ នៅ​ចំណុច​ពយ​ជប៉ុន ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា សកម្មភាព​ចាក់​ដី​បិទ​ផ្លូវ​ចេញ​ចូល​ភូមិ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​របស់​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប រយៈពេល​ជិត ១​សប្ដាហ៍​កន្លង​ទៅ​នេះ មិន​ឃើញ​មាន​មន្ត្រី​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​មក​ជួប​ពលរដ្ឋ ឬ​ជួយ​រក​ដំណោះស្រាយ​ទេ​មក​ដល់​ល្ងាច​ថ្ងៃ​ពុធ ទី​៣១ ខែ​ធ្នូ។

មន្ត្រី​សិទ្ធិ​មនុស្ស​ខេត្ត​កោះកុង ឲ្យ​ដឹង​ថា ក្រុម​ប្រជាពលរដ្ឋ ៣០​គ្រួសារ ដែល​កំពុង​រស់នៅ​ចំណុច​ពយ​ជប៉ុន នា​ភូមិ​ព្រែកស្មាច់ ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង ដែល​ក្រាញ​ននៀល​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប និង​អាជ្ញាធរ​ពេល​នេះ គឺ​ជា​គ្រួសារ​នៅ​សេសសល់​ចុង​ក្រោយ ដែល​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​កំណើត​ជា​កេរ​ដំណែល​ដូនតា​ធ្លាប់​រស់នៅ​ច្រើន​ជំនាន់ ទៅ​តាម​ការ​បង្ខំ​របស់​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​តំបន់​នោះ​ពី​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
សមត្ថកិច្ច​បញ្ជូន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។