តំណាងប្រជាពលរដ្ឋ ៣០គ្រួសារ នៅខេត្តកំពង់ចាម ដែលរងផលប៉ះពាល់ដោយសារការបោះបង្គោលអគ្គិសនីលើដីស្រែ និងដីលំនៅឋាន នៅថ្ងៃទី២១ មិថុនាបាននាំ គ្នាបន្ដការទាមទារនៅមុខអគ្គីសនីជាតិកម្ពុជា ក្រោយពីពួកគាត់បានតវ៉ានៅមុខក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ ជាច្រើនថ្ងៃមក។ អ្នកការពារសិទ្ធិមនុស្ស ជំរុញឲ្យប្រធានអគ្គីសនីជាតិកម្ពុជា និង ពលរដ្ឋមានជម្លោះដីធ្លី រកដំណោះស្រាយជាមួយគ្នា ដើម្បីបញ្ចប់ទំនាស់។
ពលរដ្ឋបាននាំគ្នាបោះតង់ និងដាំបាយហូប នៅមុខអគ្គីសនីជាតិកម្ពុជា ដើម្បីទាមទារឲ្យប្រធានស្ថាប័នជាតិមួយនេះ ចេញមកដោះស្រាយផលទំនាស់ជាមួយពលរដ្ឋ។ តំណាងពលរដ្ឋមានជម្លោះដីធ្លីភាគច្រើន គឺជាស្ត្រី ពួកគេទាមទារឲ្យប្រធានអគ្គីសនីកម្ពុជា លោក កែវ រតនៈ និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជួយអន្ដរាគមន៍ករណីពួកគាត់។
ទំនាស់ដីធ្លីរវាងពលរដ្ឋ ៣០គ្រួសារ ជាមួយនឹងអាជ្ញាធរអគ្គិសនីខេត្តកំពង់ចាម បានកើតឡើងតាំងពីឆ្នាំ ២០១៥ ស្ថិតនៅក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម គឺបន្ទាប់ពីអគ្គិសនីកម្ពុជា បានបោះបង្គោលធំៗ ខ្លះ ចំដីស្រែ និងខ្លះចំដីផ្ទះតែម្ដង។ ប្រជាពលរដ្ឋនាំគ្នាសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន រហូតដល់អាជ្ញាធរខេត្ត តាំងពីឆ្នាំ២០១៦។ ប៉ុន្តែបានត្រឹមសន្យាខ្យល់ និងផ្ដល់សំណងផលប៉ះពាល់ជូនពួកគាត់ក្នុងកម្រិតដែលមិនអាចរស់បាន គឺ ១ម៉ែត្រការ៉េតម្លៃជិត ២ដុល្លារ។
ពលរដ្ឋអះអាងថា ពួកគាត់បាននាំគ្នាមករកអន្ដរាគមន៍ ៤ថ្ងៃជាប់ៗ គ្នាហើយ នៅរាជធានីភ្នំពេញ គឺសុំការអន្ដរាគមន៍នៅក្រសួងរៀបចំដែនដី និងអគ្គីសនីជាតិកម្ពុជា។ ប៉ុន្ដែមន្ត្រីនៃសា្ថប័នទាំងពីរ បានរុញដាក់គ្នា។
ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ គឺ លោកស្រី មិត្ត គីមថា ឲ្យដឹងថា កន្លងមកអាជ្ញាធរអគ្គិសនីកម្ពុជា តែងតែបង្ខិតបង្ខំឲ្យពួកគាត់ទទួលយកសំណងដី ជិត ២ដុល្លារក្នុង ១ម៉ែត្រការ៉េនោះ ហើយគំរាមថា បើមិនទទួលយកទេ ទោះបីប្ដឹងដល់ណា ក៏មិនបានលទ្ធផលដែរ ព្រោះអគ្គិសនីកម្ពុជានេះ គឺជាប់ពាក់ព័ន្ធជាមួយនឹងកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពលរដ្ឋបន្ដថា ក្រៅពីបង្ខំឲ្យពលរដ្ឋទទួលយកសំណងមិនសមរម្យ ក្រុមមន្ត្រីថ្នាក់ក្រោមជាតិ បានចោទពួកគេថា ជាក្រុមប្រឆាំង ឬក្រុមបដិវត្តន៍ព័ណ៍ជាដើម។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអាជ្ញាធរអគ្គិសនីនោះទេ ព្រោះអាជ្ញាធរតែងតែប្រាប់អ្នករាយការណ៍អាស៊ីសេរីវិញថា ច្រឡំលេខហើយចុចបិទគ្រប់ពេល។ កាលពីថ្ងៃទី១០ ខែមិថុនា អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន មានប្រសាសន៍ថា ទំនាស់ដីធ្លីនេះ កើតឡើងយូរណាស់មកហើយ ហើយគ្រួសារដែលរងផលប៉ះពាល់ កន្លងមកខាងអគ្គិសនីកម្ពុជា បានព្យាយាមដោះស្រាយជូនប្រជាពលរដ្ឋជាង ១ពាន់គ្រួសារហើយ ពោលគឺនៅសល់តែប្រជាពលរដ្ឋ ១១គ្រួសារទៀតប៉ុណ្ណោះ ដែលមិនព្រមទទួលដំណោះស្រាយ តាមគោលនយោបាយ ដែលកំណត់ដោយអគ្គិសនីកម្ពុជា។
លោក គួច ចំរើន បន្ថែមថា ដំណោះស្រាយគោលនយោបាយរបស់អគ្គិសនីកម្ពុជានេះ គឺមានការចូលរួមវាយតម្លៃ ត្រឹមត្រូវពីស្ថាប័នឯករាជ្យ ហើយការដោះស្រាយនេះ គឺមិនអាចដោះស្រាយជូនប្រជាពលរដ្ឋខុសៗ គ្នានោះទេ។ពលរដ្ឋបដិសេធមិនទទួលយកការបកស្រាយរបស់អភិបាលខេត្តកំពង់ចាម ដោយយល់ថា នេះជាភាសារបស់មន្ត្រី និយាយដើម្បីកាន់ជើងអគ្គិសនីខេត្តកំពង់ចាម។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សប្រចាំខេត្តកំពង់ចាម អ្នកស្រី ធីម ណារិន សង្កេតឃើញថា តាមការស្រាវជ្រាវ គឺពលរដ្ឋដែលតវ៉ាទាំងនោះ ពិតជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើដី ដែលអគ្គីសនីបានបោះបង្គោលពិតមែន។ អ្នកស្រី ធីម ណារិន ឲ្យដឹងទៀតថា ដីដែលពលរដ្ឋប្រមាណ ៣០គ្រួសារ កំពុងតវ៉ា ពិតជាដីដែលមានទីផ្សារខ្ពស់។ ដូច្នេះ ទើបពលរដ្ឋមិនអាចទទួលយកបានតម្លៃ ១,៦ ឬ ១,៨ដុល្លារ ដែលស្មើនឹងប្រមាណ ៧ពាន់ (៧.០០០) រៀល ក្នុងមួយម៉ែត្រការ៉េ។
សង្គមស៊ីវិលខេត្តកំពង់ចាមរូបនេះ យល់ថា អាជ្ញាធរថ្នាក់ជាតិគួរតែកុំរុញដាក់គ្នា ហើយទទួលយកសំណើសុំរបស់ពលរដ្ឋ ព្រមទាំងដោះស្រាយបញ្ចប់ជម្លោះ ទើបមិនប៉ះពាល់ដល់ស្ថាប័នរដ្ឋផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ ព្រោះដីនេះ មានស្ថាប័នជាតិច្រើនណាស់ បានទទួលស្គាល់ថា ជាដីស្របច្បាប់របស់ពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋ ៣០គ្រួសារ មានជម្លោះដីធ្លីនៅខេត្តកំពង់ចាម បន្ដថា ការតវ៉ាប៉ុន្មានថ្ងៃនេះ ពួកគាត់អស់ប្រាក់ទិញម្ហូបហើយ ប៉ុន្ដែពួកគាត់នៅសល់អង្ករ ដែលដាក់មកពីស្រុក។ ទោះជាយ៉ាងណា ពលរដ្ឋទាំងនោះប្ដេជ្ញាថា បើទោះជាការតវ៉ាដល់អស់អង្ករដាំបាយហូបក៏ដោយ ក៏ពួកគាត់ត្រូវតែតវ៉ារកដំណោះស្រាយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។