ពលរដ្ឋរស់នៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះប្រមាណ ៤០នាក់ ក្នុងចំណោមពលរដ្ឋជាង ១រយគ្រួសារ បានគ្នាតវ៉ានៅសាលាស្រុកព្រែកប្រសព្វនៅព្រឹកថ្ងៃទី១២ មិថុនា បំណងស្នើសុំឲ្យអាជ្ញាធរស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការផ្ដល់ប្លង់កម្មសិទ្ធិ ឬប្លង់រឹង រំលោភដីសមូហភាពរបស់សហគមន៍ជាង ១០ហិកតារ។
តំណាងពលរដ្ឋ លោក ចៅ សុវណ្ណ ឲ្យដឹងនៅថ្ងៃទី១២ មិថុនាថា អ្នកភូមិមិនសុខចិត្ត គ្រាដែលដីប្រើប្រាស់សមូហភាពជាង ១០ហិកតារ បែរជាមានប្លង់កម្មសិទ្ធិ ទទួលស្គាល់ដោយមន្ទីរសុរិយោដីខេត្តក្រចេះទៅវិញ។ លោកថា អ្នកភូមិប្ដេជ្ញាថា នឹងរក្សាដីនេះឲ្យគង់វង្ស ដើម្បីសាងសង់សាលារៀន និងត្រៀមលើកគ្នាតវ៉ាទៅថ្នាក់ជាតិ បើអាជ្ញាធរស្រុកមិនដោះស្រាយទេ។ លោកសង្ស័យថា អាជ្ញាធរពាក់ព័ន្ធ អាចឃុបឃិតគ្នាលួចធ្វើប្លង់រឹងស្ងាត់ៗ ព្រោះដីនៅតំបន់នោះភាគច្រើន ជាព្រៃរឹចរឹល ដែលពលរដ្ឋធ្លាប់នាំគ្នាកាប់រានសំអាត និងបានស្នើសុំទៅអាជ្ញាធរមូលដ្ឋានឲ្យចុះបញ្ជីជាដីសមូហភាព។ លើសពីនេះទៀត គ្រាដែលពួកគេតវ៉ានៅសាលាស្រុក អភិបាលស្រុកព្រែកប្រសព្វ លោក សេក ប៊ុនហេង បានសន្យាថា នឹងចុះពិនិត្យមើលករណីនេះនៅពេលឆាប់ៗ នេះ៖ «គាត់អត់ព្រមទេ ត្រូវតែទៅដល់សម្ដេចនាយក ដើម្បីសាលារៀន និងមន្ទីរពេទ្យសោះ ដើម្បីពលរដ្ឋ និងសម្បត្តិរដ្ឋ រឿងអីសម្ដេចនាយកដោះស្រាយមិនបាន។ ការចេញប្លង់ឲ្យបុគ្គលម្នាក់ មេភូមិក៏មិនដឹង និងមេឃុំមិនដឹង ពលរដ្ឋនៅជុំវិញហ្នឹងក៏អត់ដឹង »។
ពលរដ្ឋម្នាក់ទៀតរស់នៅភូមិសោមក្រោម លោក ចារ ហុង ឲ្យដឹងថា មានមនុស្សមួយក្រុមដែលជាពលរដ្ឋចំណាកស្រុក បានមកអះអាងថា ដីនេះជាដីរបស់ពួកគេ មានប្លង់កម្មសិទ្ធិត្រឹមត្រូវ និងបានឈូសឆាយដំឡូងមី និងដំណាំស្រូវរបស់ពលរដ្ឋអស់ជាង ៣ហិកតារកាលពីសប្ដាហ៍មុន។ លោករំឭកថា កាលពីចុងឆ្នាំ២០១៧ ពលរដ្ឋជិត ១រយគ្រួសារ បានផ្ដិតមេដៃគាំទ្រទុកដីតំបន់នោះសាងសង់សាលារៀន តែត្រូវបានមន្ត្រីសុរិយោដី លោក ញឹក សុខា គំរាមអ្នកភូមិដាក់គុក ប្រសិនបើ ការផ្ដិតមេដៃនោះ បំណងផ្ដួលរំលំរបបលោក ហ៊ុន សែន៖ «ការប្រាប់ខ្ញុំថា បើគេយកក្រឡៃក្បាលទីបលើហ្នឹង បើគេដាក់ថា ផ្ដិតមេដៃផ្ដួលរំលំរដ្ឋាភិបាល ពួកខ្ញុំទាំងអស់ហ្នឹងដាក់គុកទាំងអស់។ គេឈូសឆាយខ្ទេចខ្ទីអស់ ហើយ ស្រូវ និងអំឡូង »។
បុរសដដែលបន្ថែមថា អ្នកភូមិនឹងក្រាញននៀលទាមទារដីនោះសាងសង់សាលារៀន ព្រោះតំបន់ពួកគាត់រស់នៅគ្មានសាលារៀន ហើយកុមារមួយចំនួនធំបោះបង់ការសិក្សា ព្រោះសាលារៀននៅឆ្ងាយ។ លោកអំពាវនាវអាជ្ញាធរខេត្តក្រចេះ អន្តរាគមន៍ផ្ដល់ដីនៅតំបន់នោះជូនពលរដ្ឋប្រើប្រាស់ជាសមូហភាព និងធ្វើមោឃភាពប្លង់រឹងខុសច្បាប់ទាំងនោះ។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងប្រធានការិយាល័យសុរិយោដីស្រុកព្រែកប្រសប់ ខេត្តក្រចេះ ដើម្បីសុំការបំភ្លឺករណីនេះបានទេ នៅថ្ងៃទី១២ មិថុនា។
មេឃុំសោម លោក ស៊ា ស៊ាងហេង មានប្រសាសន៍ថា អាជ្ញាធរឃុំមិនទាន់ទទួលព័ត៌មានស្ដីពីការវាស់វែងធ្វើប្លង់រឹងលើដីទីនោះនៅឡើយទេ។ លោកថា កន្លងទៅអាជ្ញាធរមូលដ្ឋានបានទទួលសំណើពលរដ្ឋមួយចំនួន ដែលស្នើសុំឲ្យអាជ្ញាធរចុះបញ្ជីដីនៅតំបន់នោះ ប្រើប្រាស់សមូហភាព និងត្រៀមសាងសង់សាលារៀន ហើយអាជ្ញាធរឃុំបានឯកភាពដែរ។ លោកបន្ថែមថា វិបត្តិដីធ្លីនេះ គឺហួសពីសមត្ថភាពអាជ្ញាធរឃុំ៖ «ដីទំនាស់ពលរដ្ឋថា ដីដែលគេវាស់វែងចែកគ្នាជាង ១០ហិកតារ តែគេវាស់វែងធ្វើសាលារៀនជិត ២ហិកតារ។ ឃុំបានស៊ីញេឲ្យដែរ ជិតពីរហិកតារ សម្រាប់បម្រុងទុកសាលាបង្រៀនហ្នឹង »។
មន្ត្រីនាំពាក្យសមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា ការធ្វើប្លង់រឹង ឬប្លង់កម្មសិទ្ធិ ដែលមិនបានឆ្លងកាត់អាជ្ញាធរមូលដ្ឋាន ក៏ជាសញ្ញាបង្ហាញពីភាពមិនប្រក្រតីនៃការផ្ដល់ប្លង់កម្មសិទ្ធិរបស់មន្ត្រីជំនាញដែរ។ លោកបញ្ជាក់ថា បើរកឃើញថា ការផ្ដល់ប្លង់កម្មសិទ្ធិមានភាពមិនប្រក្រតី អាជ្ញាធរថ្នាក់ជាតិ ត្រូវចាត់វិធានការលើមន្ត្រីសុរិយោដី និងអាជ្ញាធរពាក់ព័ន្ធ ដែលឃុបឃិតគ្នារំលោភដីសមូហភាពសហគមន៍ខុសច្បាប់៖ «បើរកឃើញថា ប្លង់ហ្នឹងកើតឡើងមានភាពមិនប្រក្រតី ត្រូវចាត់វិធានការមន្ត្រីរូបនោះ និងអ្នកឃុបឃិតគ្នា ត្រូវដាក់ទោសទណ្ឌ។ បើមិនអ៊ីចឹងទេ អ្នកមានអំណាច គាត់ចេះតែក្រឡេកមើលដីណាទំនេរ ត្រូវធ្វើអ៊ីចឹងតាមអំពើចិត្ត ធ្វើឲ្យបែបបទគ្រប់គ្រងដីរបស់អាជ្ញាធរអត់មានប្រសិទ្ធភាព »។
កាលពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ ២០១៧ បុរសឈ្មោះ រឿន សៀន អតីតជាយោធាបានផ្ដិតមេដៃប្រគល់ដីដែលមានទំហំ ៧០ម៉ែត្រ គុណបណ្ដោយ ១៨០ម៉ែត្រ ជូនអ្នកភូមិ ១៦០គ្រួសារ សម្រាប់សាងសង់សាលារៀនដែលមានការដឹងឮពីអាជ្ញាធរមូលដ្ឋាន។ ដីដែលអតីតយោធាប្រគល់ជូននោះ ឋិតនៅមួយផ្នែកលើដីមានវិវាទនោះ ដែលគេលូចធ្វើប្លង់រំលោភយក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។