ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ព្រះវិហារ

0:00 / 0:00

ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០៩ រហូត​ដល់​បច្ចុប្បន្ន រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ចំនួន​៣៤ ដើម្បី​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម និង​អំពៅ ជាដើម នៅ​ក្នុង​ខេត្ត​ព្រះវិហារ។ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ម៉ឺន​ហិកតារ​នោះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ស្រុក​ជាច្រើន​នៃ​ខេត្ត​នេះ ដែល​ធ្លាប់​តែ​រស់​ក្នុង​ភាព​ស្ងប់ស្ងាត់ ក៏​ប្រែ​ក្លាយ​ទៅ​ជា​ការ​ប្រឈម​មុខ​នឹង​ទំនាស់​ដីធ្លី​យ៉ាង​ជូរ​ចត់​ជា​បន្តបន្ទាប់។

ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំនួន​២ នៃ​ឃុំ​សង្កែ២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ប្រមាណ​ជាង ១០០​នាក់ បាន​លើក​គ្នា​ទៅ​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន មិន​ឱ្យ​ឈូស​ឆាយ​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ទេ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែ​មីនា។

ក្រុម​អ្នក​ភូមិ​ដែល​លើក​គ្នា​ទៅ​រារាំង​នេះ មាន​បំណង​ចង់​ឱ្យ​អាជ្ញាធរ​ស្រុក​ឆែប និង​ខេត្ត​ព្រះវិហារ ធ្វើ​ការ​ដោះស្រាយ​បញ្ចៀស​ប្លង់​ដី​របស់​ក្រុមហ៊ុន​ចេញ​ពី​ដី​ស្រែ​ចម្ការ។

បុរស​អ្នក​ភូមិ​ជោគជ័យ ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ជាច្រើន​ទៀត គឺ​លោក ដារី។ លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ជោគជ័យ និង​ភូមិ​សំបូរ ជាច្រើន​គ្រួសារ កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដី​ស្រែ​ចម្ការ​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​បណ្ដែត​បណ្ដោយ​ឱ្យ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ឈូស​ឆាយ ពង្រីក​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច។

បុរស​ដដែល​បាន​បញ្ជាក់​ថា ពេល​បច្ចុប្បន្ន ដី​ស្រែ​ចម្ការ​រាប់​សិប​ហិកតារ កំពុង​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន រួយ ហ្វេង ដែល​ត្រូវ​ការ​យក​ទៅ​ដាំ​អំពៅ៖ «ក្រុម​អ្នក​ភូមិ​បាន​មក​តវ៉ា​ជាមួយ​គ្រឿងចក្រ​នេះ តែ​អត់​មាន​មេ អត់​មាន​អាជ្ញាធរ​ស្រុក ឬ​តំណាង​ក្រុមហ៊ុន​ណា​ចេញ​មុខ​មក​ដោះស្រាយ​ទេ គឺ​មាន​តែ​ម្ចាស់​គ្រឿងចក្រ និង​ប៉ូលិស ៤-៥​នាក់។ ពួក​គេ​ឆ្លើយ​ថា មិន​ដឹង​អីៗ។ គេ​បាញ់​ថ្នាំ​ក្នុង​១​ឃុំ​នោះ​មាន​តាំង​ពី​ក្រឡោត​អី មាន​ថ្នាំ​ក្រហម​អស់​ហើយ តែ​វា​មិន​ទាន់​ប៉ះពាល់​ទេ គឺ​ប៉ះ​តែ​២​ភូមិ​ខ្ញុំ​នេះ​ឯង។ ខ្ញុំ​ចង់​ឱ្យ​អាជ្ញាធរ​ស្រុក ខេត្ត​នេះ ឱ្យ​គាត់​មក​ដោះស្រាយ​ឱ្យ​ក្រុមហ៊ុន​ដក​ចេញ​ពី​នេះ ព្រោះ​ប៉ះពាល់​នឹង​ដី​ស្រែ​ចម្ការ ៥០-៦០​ហិកតារ​ដែរ​ណា»

ចំណែក​ជនជាតិ​ដើម​ភាគ​តិច​មួយ​ក្រុម​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ វិញ​ក៏​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដី​ស្រែ​ដែរ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ក្នុង​ឃុំ​ប្រមេរ អ្នកស្រី នួន ម៉ុន បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ការិយាល័យ​ភូមិបាល​ស្រុក​ឆែប បាន​រារាំង​ក្រុម​ជនជាតិ​ភាគ​តិច​ចំនួន ១០​គ្រួសារ មិន​ចូល​ទៅ​គាស់​កាយ​ដី​ធ្វើ​ស្រែ​នៅ​តំបន់​អូរព្រាល បាន​ទេ។ អ្នកស្រី នួន ម៉ុន បាន​បញ្ជាក់​ថា ការ​រារាំង​នោះ​បន្ទាប់​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ទៅ​ឈូស​ឆាយ​ទីនោះ ក៏ប៉ុន្តែ​បាន​ប៉ះពាល់​លើ​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ។ ក្រុម​ជនជាតិ​ភាគ​តិច​មួយ​ចំនួន បាន​បញ្ជូន​គ្នា​ទៅ​កាន់​ទីនោះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា ក្នុង​បំណង​ធ្វើ​ការ​តវ៉ា​តប​ទៅ​ការ​រារាំង​នោះ។

អ្នកស្រី នួន ម៉ុន៖ «បង​ប្អូន​ប្រជាពលរដ្ឋ ១០​គ្រួសារ ដែល​ក្រុមហ៊ុន​ឈូស​យក​ដី​ហ្នឹង គាត់​ទៅ​លើក​ជា​ភ្លឺ​ស្រែ​ជា​អី ប្រុង​ដាំ​ស្រូវ​ធ្វើ​ស្រែ​វស្សា​នេះ។ ដល់​ពេល​នេះ ខាង​ភូមិបាល​ស្រុក​ឆែប គេ​មក​ហាម​ឃាត់​គេ​អត់​ឱ្យ​ធ្វើ។ គេ​ថា ដី​នោះ​ខាង​ស្រុក​ឆែប ទេ អត់​មាន​ខាង​ប្រជាជន​ឃុំ​ប្រមេរ ទេ ហើយ​ពួក​ខ្ញុំ​ទុក​ឯកសារ​មួយ​ចំនួន​សម្រាប់​ទុក​ឱ្យ​ខាង​ភូមិបាល​ស្រុក​ឆែប ឬ​ក៏​ខាង​កម្លាំង​ប្រដាប់​អាវុធ​អី​គាត់​មើល។ ខ្ញុំ​នៅ​តែ​អះអាង​ទាមទារ​ដី​ជា​បុគ្គល​មែន ប៉ុន្តែ​ពួក​ខ្ញុំ​ចុះ​ជា​សមូហភាព​នៅ​ថ្ងៃ​អនាគត»

នៅ​ខេត្ត​ព្រះវិហារ បច្ចុប្បន្ន ក្រៅ​តែ​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​ប្រឈម​មុខ​នឹង​ការ​តវ៉ា​រឿង​ដីធ្លី ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​កំពុង​ទទួល​រង​ការ​ប្ដឹង​ផ្ដល់​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែរ។

តំណាង​អ្នក​ភូមិ​អូរពោធិ នៃ​ឃុំ​រមណី ស្រុក​រវៀង ចំនួន ៦​នាក់ កំពុង​ត្រូវ​បាន​តុលាការ​ខេត្ត​ព្រះវិហារ កោះ​ហៅ​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន។

បុរស​ឈ្មោះ ម៉ៅ ផាត គឺ​ជា​តំណាង​សហគមន៍​ភូមិ​អូរពោធិ ម្នាក់​បាន​មាន​ប្រសាសន៍​ថា រូប​គាត់ និង​តំណាង ៥​នាក់​ទៀត ត្រូវ​តុលាការ​កោះ​ហៅ​ឱ្យ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា និង​ថ្ងៃ​ទី​១ ខែ​មេសា ខាង​មុខ។ បុរស​ដដែល​បញ្ជាក់​ថា រូប​លោក និង​តំណាង​សហគមន៍ ៥​នាក់​ទៀត ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​ប្ដឹង​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​រោង​សន្តិសុខ​យាម​របស់​ក្រុមហ៊ុន៖ «ខាង​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ប្ដឹង ព្រោះ​រោង​សន្តិសុខ​ហ្នឹង​មក​ធ្វើ​លើ​ដី​សហគមន៍​ប្រជាពលរដ្ឋ​របស់​ខ្ញុំ ដល់​ពេល​ពួក​ខ្ញុំ​ទៅ​ជម្រាប​ប្រាប់​ថា កុំ​ឱ្យ​ធ្វើ គេ​មិន​ព្រម គេ​នៅ​តែ​ធ្វើ។ ដល់​ពេល​អ៊ីចឹង ប្រជាពលរដ្ឋ​ខ្ញុំ​អត់​ព្រម​ឱ្យ​ធ្វើ ក៏​រុះ​ចេញ​ទៅ។ គេ​ប្ដឹង​ឈ្មោះ​ខ្ញុំ និង​ឈ្មោះ​អ្នក​ភូមិ ៤-៥​នាក់។ ខ្ញុំ​អត់​ខ្លាច​ទេ ពីព្រោះ​ជា​ដី​សហគមន៍​របស់​ពួក​ខ្ញុំ បើ​គេ​មក​ធ្វើ​លើ​ដី​សហគមន៍ អ៊ីចឹង​ពួក​ខ្ញុំ​ទប់ស្កាត់​មិន​ឱ្យ​ធ្វើ ព្រោះ​ខ្លាច​បាត់​បង់​ដីធ្លី»

កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ កន្លង​ទៅ តុលាការ​ខេត្ត​ព្រះវិហារ ធ្លាប់​បាន​កោះ​ហៅ​តំណាង​សហគមន៍​អូរពោធិ ម្នាក់ គឺ​លោក ហួន គាណូ ទៅ​សាកសួរ​ម្ដង​មក​ហើយ ជុំវិញ​រឿង​ប្រជា​សហគមន៍​លើក​គ្នា​ទៅ​រារាំង ព្រម​ទាំង​រុះរើ​ប៉ុស្តិ៍​យាម​របស់​ក្រុមហ៊ុន ទ្រី ភាព ដែល​ទៅ​សង់​លើ​ដី​សហគមន៍​នោះ។

សហគមន៍​ក្រុម​ជនជាតិ​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ លើក​គ្នា​ទៅ​បោះ​ជំរំ​ដេក​ចាំ​យាម មិន​ឱ្យ​ក្រុមហ៊ុន ឡាន ហ្វេង ឈូស​រំលោភ​ចូល​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៤។
សហគមន៍​ក្រុម​ជនជាតិ​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ លើក​គ្នា​ទៅ​បោះ​ជំរំ​ដេក​ចាំ​យាម មិន​ឱ្យ​ក្រុមហ៊ុន ឡាន ហ្វេង ឈូស​រំលោភ​ចូល​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៤។ (Provided Photo)

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​ពាក់ព័ន្ធ និង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស កំពុង​សំដែង​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​នានា ដោយសារ​តែ​គេ​មើល​ឃើញ​ថា បញ្ហា​ទំនាស់​ដីធ្លី​នៅ​ក្នុង​ខេត្ត​ព្រះវិហារ កំពុង​កើត​មាន​កាន់​តែ​ច្រើន​ឡើងៗ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយក​រដ្ឋបាល​សាលា​ខេត្ត​ព្រះវិហារ លោក ខូយ ឃុនហ៊ ដើម្បី​សុំ​ការ​ពន្យល់​អំពី​ឆន្ទៈ​នៃ​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាច្រើន​កន្លែង​នោះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ ពីព្រោះ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ ដើម្បី​ភ្ជាប់​ការ​សន្ទនា។

ចំណែក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន បាន​រិះគន់​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ មិន​សូវ​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​ជាច្រើន​កន្លែង​នោះ​ទេ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ច័ន្ទ បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​តែ​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​មក គឺ​ទំនាស់​ដីធ្លី​ទាំង​ចាស់​ទាំង​ថ្មី​បាន​កើត​ឡើង​វិញ​ជាច្រើន​ករណី។ លោក ឡោ ច័ន្ទ បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ទំនាស់​ដីធ្លី​ខ្លះ គឺ​មាន​ទាំង​អន្តរាគមន៍​ពី​ថ្នាក់​ជាតិ ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដោះស្រាយ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​មាន​ការ​ដោះស្រាយ​ទេ ដូច​ជា ករណី​ទំនាស់​ដីធ្លី​រវាង​ក្រុម​ជនជាតិ​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ជាមួយ​ក្រុមហ៊ុន ឡាន ហ្វេង និង​ទំនាស់​ធ្លី​នៅ​ស្រុក​ឆែប ដោយ​ក្រុម​ប្រជាពលរដ្ឋ​បាន​ធ្វើ​ពាក្យ​បណ្ដឹង​ច្រើន​លើក​ច្រើន​សា​មក​ហើយ ជាដើម។

លោក ឡោ ច័ន្ទ៖ «បញ្ហា​ទាំងអស់​ហ្នឹង គឺ​យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដោយ​ខាង​ក្រុមហ៊ុន​ឥឡូវ​ចេះ​តែ​រំលោភ​សិទ្ធិ​មនុស្ស​ខ្លាំង​ទៅៗ ចំណែក​អាជ្ញាធរ​ខេត្ត​គាត់​ចេះ​តែ​បណ្ដែត​បណ្ដោយ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ ពុំ​មាន​ឆន្ទៈ​ដោះស្រាយ។ ចេះ​តែ​បណ្ដែត​បណ្ដោយ​ធ្វើ​ជា​មិន​ដឹង​មិន​ឮ បើក​ដៃ​ឱ្យ​ខាង​ក្រុមហ៊ុន ក៏​ដូច​ជា​អាជ្ញាធរ​ផ្សេងៗ​អត់​មាន​វិធាន​ការ​ទៅ​លើ​ប្រជាពលរដ្ឋ។ ហ្នឹង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ»

គេហទំព័រ​ភាសា​បរទេស​មួយ​ឈ្មោះ ខេមបូឌា អូផែន ឌីវីឡុបមែន (Cambodia Open development) បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០៩ រហូត​ដល់​ដើម​ឆ្នាំ​២០១៤ រដ្ឋាភិបាល​ខ្មែរ​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង ២២​ម៉ឺន ៧​ពាន់​ហិកតារ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ក្នុង​ខេត្ត​ព្រះវិហារ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ធ្លាប់​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះវិហារ គឺ​មាន​នៅ​ជាច្រើន​ស្រុក ដូច​ជា​ស្រុក​រវៀង ស្រុក​ជ័យសែន ស្រុក​ឆែប ស្រុក​សង្គមថ្មី ស្រុក​គូលែន និង​ស្រុក​ត្បែងមានជ័យ។ ដី​សម្បទាន​ទាំង​នោះ ក្រៅ​តែ​ពី​ប៉ះពាល់​លើ​កម្មសិទ្ធិ​ប្រជាពលរដ្ឋ បណ្ដាល​ឱ្យ​កើត​ជា​ជម្លោះ​ពិបាក​ដោះស្រាយ ក៏​បាន​បំផ្លាញ​ដល់​ធនធាន​ធម្មជាតិ ជាច្រើន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។