ពលរដ្ឋ​ប្រមាណ​៣០០​គ្រួសារ​កំពុង​ទន្ទ្រាន​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​នៅ​ខេត្ត​ពោធិ៍សាត់

ដោយ ជិន ជេដ្ឋា
2016-10-23
Share
ជម្លោះ​ដីធ្លី ពោធិ៍សាត់ ២០១៦ ៨៥៥ ពលរដ្ឋ​ដែល​ចូល​ចាប់​ដី​រដ្ឋ​នៅ​ចំណុច​ស្រែ​យក្ស ចន្លោះ​ព្រំប្រទល់​ទឹក​ដី​ឃុំ​ប្រមោយ និង​ឃុំ​ក្រពើពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ រូបថត​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៦ Photo Provided
Photo Provided

ដី​ព្រៃ​របស់​រដ្ឋ​នៅ​តំបន់​ស្រែ​យក្ស ឋិត​នៅ​ចន្លោះ​ព្រំប្រទល់​ឃុំ​ក្រពើពីរ និង​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ កំពុង​រង​ការ​កាប់​បំផ្លាញ​ដោយ​ពលរដ្ឋ​ចំណាក​ស្រុក។ អាជ្ញាធរ​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់​ទាំងនេះ បាន​ចាញ់​បោក ឬ​ជឿ​ការ​ញុះញង់​របស់​មេ​ខ្យល់​ខិលខូច​មួយ​ចំនួន ប៉ុន្តែ​អាជ្ញាធរ​បាន​ចុះ​ទប់ស្កាត់ និង​អប់រំ​ច្រើន​ដង​ហើយ។

ពលរដ្ឋ​ចំណាក​ស្រុក​ពី​ខេត្ត​កំពត បាត់ដំបង តាកែវ និង​ខេត្ត​ពោធិ៍សាត់ សរុប​ប្រមាណ ៣០០​គ្រួសារ កំពុង​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​នៅ​ក្នុង​ទឹកដី​ឃុំ​ទាំង​ពីរ ហើយ​អាជ្ញាធរ​ហាមឃាត់​មិន​ឈ្នះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ពលរដ្ឋ និង​មន្ត្រី​រាជការ​ខ្លះ​នៅ​ថ្ងៃ​ទី​២២ តុលា។ ក្រុម​ពលរដ្ឋ ថា​គេ​ពុំ​មាន​ដី​រស់នៅ ឬ​បង្កបង្កើនផល ទើប​ចូល​ចាប់​ដី​ទាំង​ផ្សង​ព្រេង ដោយ​សង្ឃឹម​ថា​អាជ្ញាធរ​នឹង​ផ្ដល់​ដីធ្លី​តំបន់​នេះ​ឲ្យ។

ពលរដ្ឋ​ម្នាក់​មក​ពី​ខេត្ត​កំពត ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត​ដែល​សង់​ខ្ទម​រស់នៅ​ចំណុច​ស្រែ​យក្ស គឺ​លោកស្រី សុខ ហន មាន​ប្រសាសន៍​ថា រូប​គាត់ និង​ប្ដី​ជា​កម្មករ​គាស់​ដំឡូង បាន​ចេញ​ពី​ស្រុក​ជិត ១​ឆ្នាំ​ហើយ។ លោកស្រី​មាន​ដី​ស្រែ​ពីរ​បី​អា​ដែរ​នៅ​ឯ​ស្រុក​កំណើត ប៉ុន្តែ​បាន​ចែក​ឲ្យ​កូន​អស់​ហើយ ទើប​គាត់​ចេញ​ពី​ស្រុក​ដើរ​រក​ស៊ី​រសាត់​អណ្ដែត ហើយ​បាន​ចាប់​ដី​នេះ​តាម​រយៈ​កម្មករ​ដក​ដំឡូង​ដូច​គ្នា៖ «ដុត ហើយ​ខ្ញុំ​ធ្វើ​ទៀតៗ ហើយ​ចុះ​ឲ្យ​ខ្ញុំ​មក​នៅ​ក្រោយ​នេះ ខ្ញុំ​មាន​ដី​ឯណា បើ​ដី​ចែក​កូន​អស់​រលីង​ហើយ? ខ្ញុំ​នៅ​តែ​ពីរ​នាក់​តា ហើយ​និង​យាយ​ណា​ពូ។ អា​កន្លែង​ចាប់​ដី​ហ្នឹង​ធ្វើ​រោង​នៅ​ទៅ​មិន​ឮ​សូរ​និយាយ​អី​ណា បើ​ខ្ញុំ​ចេះ​តែ​ចូល​ប្លុកៗ​ទៅ ឥឡូវ​សំណូមពរ​ថា​ជួយ​ដោះស្រាយ​កន្លែង​ហ្នឹង​ឲ្យ​ខ្ញុំ​បាន​នៅ​ផង»

ពលរដ្ឋ​ចំណាក​ស្រុក​ទាំងនេះ​បាន​សង់​ខ្ទម​ប្រក់​ស្លឹក​ចាក ឬ​ស្បូវ​រស់នៅ​ស្អេកស្កះ​ក្នុង​ព្រៃ​ការពារ​របស់​រដ្ឋ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដុត​បំផ្លាញ​ខ្ទម​ពួក​គេ​ចោល​ជាច្រើន​លើក ដោយ​ចោទ​ថា​ពលរដ្ឋ​អនាធិបតេយ្យ​រស់នៅ​លើ​ដី​រដ្ឋ​ខុស​ច្បាប់។ ប៉ុន្តែ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៣ មក មាន​ពលរដ្ឋ​ជាច្រើន​បន្ត​ចូល​ទន្ទ្រាន​ព្រៃ និង​សង់​ខ្ទម​រស់នៅ​តាម​របៀប​ឆក់​កណ្ដៀត​រហូត​ដល់​សព្វថ្ងៃ។

ឆ្លើយតប​បញ្ហា​នេះ អភិបាល​ស្រុក​វាលវែង និង​ជា​ប្រធាន​គណៈកម្មការ​ដី​រដ្ឋ​ថ្នាក់​ស្រុក លោក ហេង សុភាណា ថា​បច្ចុប្បន្ន អ្នក​ទន្ទ្រាន​ដី​ព្រៃ​នៅ​តំបន់​នេះ​មិន​ដល់ ៣០០​គ្រួសារ​នោះ​ទេ ហើយ​ក្រុម​ការងារ​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​កាល​ពី​ពីរ​ថ្ងៃ​មុន ឃើញ​មាន​មនុស្ស​ប្រមាណ ៧០​នាក់​ប៉ុណ្ណោះ។ លោក​ថា ក្រោយ​អាជ្ញាធរ​ចុះ​អប់រំ និង​ផ្សព្វផ្សាយ មាន​ពលរដ្ឋ​ខ្លះ​បាន​ស្ម័គ្រ​ចិត្ត​ចេញ​ពី​ដី​នោះ ប៉ុន្តែ​មាន​ពលរដ្ឋ​ខ្លះ​នៅ​ជឿ​ការ​ញុះញង់​របស់​ជន​ខិលខូច ដោយ​បន្ត​រស់នៅ និង​ទាមទារ​ចង់​បាន​ដី​នោះ។

លោក ហេង សុភាណា បញ្ជាក់​ថា ដី​ព្រៃ​នៅ​តំបន់​នេះ​មិន​មែន​ជា​ដី​កម្មសិទ្ធិ​ឯកជន​របស់​លោក​ឧកញ៉ា​ណា​នោះ​ទេ ជា​ដី​ព្រៃ​របស់​រដ្ឋ​ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន៖ «យើង​នឹង​ចុះ​ស្រង់ (ស្ថិតិ) ប៉ុន្តែ​ស្រង់​ហ្នឹង​មិន​មែន​ទេ​អី​ទេ គឺ​ចង់​ដឹង​សាវតារ​របស់​គាត់​មក​ពី​ណា? ទីតាំង​នៅ​ត្រង់​ណា? ព្រោះ​បើ​និយាយ​ថា​យើង​អត់​ដី ហើយ​មក​នៅ​ត្រង់​ហ្នឹង ហើយ​ថា​យើង​អត់​ដី អា​ហ្នឹង​អត់​បាន​ទេ។ អ្នក​ណាៗ​ក៏​ចង់​បាន​ដី​ដែរ​មែន​អ៊ីចឹង។ ជួនកាល​អ្នក​ខ្លះ​មាន​ទីតាំង​កន្លែង​ផ្សេង ហើយ​គាត់​មក​ចុះ​ឈ្មោះ​ថា​គាត់​អត់​ដី ហើយ​ចង់​បាន​ទីតាំង​ហ្នឹង»

ក្រោយ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣ ដី​ព្រៃ​នៅ​តំបន់​ជាច្រើន​ក្នុង​ឃុំ​ក្រពើពីរ ឃុំ​ប្រមោយ និង​ឃុំ​អន្លង់រាប នៃ​ស្រុក​វាលវែង ត្រូវ​បាន​កាប់​បំផ្លាញ​ដោយ​ពលរដ្ឋ និង​ក្រុម​អ្នក​មាន​លុយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល