អាជ្ញាធរ​ខេត្តក្រចេះ​រារាំង​អ្នក​មាន​ជម្លោះ​ដី​នៅ​ឃុំ ២ធ្នូ មិន​ឲ្យ​ឡើង​តវ៉ា​នៅ​ភ្នំពេញ

0:00 / 0:00

ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមចំការ​កៅស៊ូ​មេមត់ នៅ​ស្រុក​ស្នូល ខេត្តក្រចេះ បាន​នាំ គ្នា​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​នៅ​​ទីក្រុង​​ភ្នំពេញ​​ជា​​ថ្មី ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ស្រុក​ឈ្នូល ឃាត់​រថយន្ត ពួក​គេ​មិន​ឲ្យ​ឡើង​ទៅ​ភ្នំពេញ​នោះ​ទេ។ រីឯ​​អាជ្ញាធរ បដិសេធ​​ការ​​ចោទ​​ប្រកាន់​​នេះ ដោយ​​អះអាង​​ថា អាជ្ញាធរ​​គ្រាន់​តែ​ត្រួត​ពិនិត្យ​បច្ចេកទេស​រថយន្ត​ប៉ុណ្ណោះ។ មន្ត្រី​​សិទ្ធិមនុស្ស​​យល់​​ថា អាជ្ញាធរ​គួរ​តែ​ពន្លឿន​ដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់តាមការសន្យា ប្រសិន​បើ​មិន​ចង់​ឃើញ​ពួក​គាត់ ដើរ​​តវ៉ា​​នៅ​​ភ្នំពេញ​​ទេ​​នោះ។

ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាង ២រយ​នាក់ មក​ពី​ឃុំ ២ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ សម្តែង​ការ​សោក​ស្តាយ ដែល​អាជ្ញាធរ​ស្រុក​ឈ្នូល​ឃាត់​រថយន្ត​របស់​ពួក​គេ​មិន​ឲ្យ​ឡើង​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែន និង​មុខ​ភូមិ​គ្រឹះ​លោក ហ៊ុន សែន ជា​ថ្មី​ទៀត ដើម្បី​សុំ​អន្តរាគមន៍​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជូន​ពួក​គេ​ឲ្យ​បាន​ឆាប់ ព្រោះ​អ្នក​ភូមិ​ទាំង​នោះ​កំពុង​ខ្វះ​ដី​បង្កបង្កើន​ផល។

តំណាងពលរដ្ឋមានជម្លោះដីធ្លី លោក ភិន ធា រៀបរាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែតុលា អធិការ​ស្រុក​ស្នូល បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ឃាត់​រថយន្ត​ដឹក​ពលរដ្ឋ​ទៅ​តវ៉ា​នៅ​ភ្នំពេញ​ពីរ​គ្រឿង​ទុក​នៅ​អធិការ​ស្រុក ហើយ​ទាមទារ​លុយ​ចំនួន ៣០ម៉ឺន​រៀល ដើម្បី​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​វិញ។ លោក​បញ្ជាក់​ការ​ឃាត់​រថយន្ត​នោះ ពុំ​មាន​អំពើ​ហិង្សា​នោះ​ទេ។ បន្ទាប់​ពី​ឃាត់​នោះ ប្រជា​ពលរដ្ឋ​បាន​បំបែក​គ្នា និង​បាន​ឡើង​ឡាន​ឈ្នូល​ផ្សេងៗ ទៀត​ទៅ​ភ្នំពេញ​ដដែល ដើម្បី​ត្រៀម​តវ៉ា​ដំណោះ​ស្រាយ​ដី​ធ្លី​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា៖ « គេឃាត់ពួកគខ្ញុំពួកឡានយកទៅអធិការ ប៉ុន្តែពួកខ្ញុំបំបែកគ្នាទៅទៀតហើយ ខ្លះមកដល់ហើយ ខ្លះ​ទៀត​​កំពុង​​ចេញ​​ជិត​​មក​​ដល់។ខ្ញុំ​ទៅ​តវ៉ា​នៅ​ភ្នំពេញ ព្រោះចង់​ឲ្យ​ក្រសួង​ដែន​ដី និង​សម្តេច ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​ស្រុក​ខេត្ត​​ផង ដើម្បី​​ចែក​​ដី​​នៅ​​តំបន់​​ពួក​​គាត់​​ចង់​​បាន​​នោះ ព្រោះ​គាត់​មិន​សុំ​យក​ទាំង​អស់​ដែរ សុំ​តែ​មួយ​គ្រួសារ ២ហិកតារ​កន្លះ និង​ដី​ភូមិ ១០អា ក្បាល ២០ បណ្តោយ ៥០​អី​ទៅ។ ពួក​ខ្ញុំ​ខាន​ដាំ​ដំណាំ​មួយ​ឆ្នាំ​ហើយ។ បើ​ខាន​មួយ​ឆ្នាំ​ទៀត ពួក​ខ្ញុំ​រក​អី​ដោះ​បំណុល​​គេ​​មិន​​បាន​​ទេ សូម្បី​​ចង់​​ទៅ​​ថៃ ក៏​​ទៅ​​មិន​​បាន ហើយ​​គ្មាន​​ទាំង​​លុយ​​ធ្វើ​​ប៉ាស្ព័រ​​ទៀត »

ប្រជាពលរដ្ឋម្នាក់ទៀត រៀបរាប់ថា អាជ្ញាធរនៅ​ខេត្ត​ក្រចេះ​មិន​គួរ​រារាំង​ពួក​គាត់​នោះ​ទេ គឺ​គួរ​តែ​ជួយ សម្រួល​ឲ្យ​ពួក​គាត់​ឆាប់​បាន​ដី​មក​អាស្រ័យ​ផល​វិញ។ ពលរដ្ឋ​រូប​នេះ បន្ត​ថា ប្រជាពលរដ្ឋ ៤០គ្រួសារ រស់​នៅ​ភូមិ​ជើង​ក្លេរ ឃុំ ២ធ្នូ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចំការ​កៅស៊ូ​មេមត់ តាំង​ដើម​ឆ្នាំ ២០១៨ ដោយ​ក្រុមហ៊ុន​ធ្លាប់​ប្រើប្រាស់​កម្លាំង​ទាហាន​ប៉ាញ់​ប្រហារ​លើ​ប្រជាពលរដ្ឋ​ឲ្យ​រង​របួស​ជា​ច្រើន​នាក់ និង​បាន​ឈូស​ឆាយ​ផ្ទះ រួម​ទាំង​ដំណាំ​ពលរដ្ឋ​ចោល​ទៀត​ផង។

លោកបន្តថា ពេលនេះអ្នកភូមិមិនមានដី​សម្រាប់​បង្កបង្កើន​ផល​នោះ​ទេ ខណៈ​ក្រុមហ៊ុន​កាយ​ប្រឡាយ​ព័ទ្ធ​យក​ដី​ពួក​គាត់​អស់​ទៅ​ហើយ។ ចំណែក​អាជ្ញាធរ​ខេត្ត​វិញ បាន​ត្រឹម​តែ​ឲ្យ​ប្រជា​ពលរដ្ឋ​ស្ងប់ស្ងាត់ ដើម្បី​រង់ចាំ​ដំណោះ​ស្រាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ប៉ុណ្ណោះ៖ « អាជ្ញាធរ​សន្យា​ថា ដោះ​ស្រាយ​ឲ្យ តែ​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មួយ​ខែ​ទៅ​មួយ​ខែ មួយ​អាទិត្យ​ទៅ​មួយ​អាទិត្យ​ទៀត មិន​ដឹង​ដោះ​ស្រាយ​ឲ្យ​ថ្ងៃ​ណា​ទេ។ ប្រជា​ពលរដ្ឋ​ចេះ​តែ​ជ្រួលច្រាល ព្រោះ​គាត់​ចង់​បាន​ដី​ដោយ​សារ​ជំពាក់​គេ​ច្រើន ពួក​គាត់​ចង់​បាន​ដី​អាស្រ័យផល​ឆ្នាំ​នេះ​វិញ »

រីឯអធិការស្រុកឈ្នូល លោក ចាន់ សុខគីង បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ប្រជា​ពលរដ្ឋ។ លោក​អះអាង​ថា អាជ្ញាធរ​មិន​បាន​ឃាត់​រថយន្ត​ពលរដ្ឋ ដែល​ឡើង​ទៅ​តវ៉ា​នៅ​ភ្នំពេញ​នោះ​ទេ គឺ​អាជ្ញាធរ​គ្រាន់តែ​អនុវត្ត​ច្បាប់​ត្រួត​ពិនិត្យ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ព្រោះ​រថយន្ត​នោះ បាន​បើក​កាត់​គោលដៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​បាន​ឲ្យ​ម្ចាស់​រថយន្ត​បំពេញ​បែបបទ និង​អនុញ្ញាត​យក​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ៖ « សូម​ជម្រាប​ជូន​ឲ្យ​ច្បាស់​ថា វា គឺ​ជា​ការ​អនុវត្ត​ច្បាប់​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត អ៊ីចឹង​រថយន្ត​ដែល​ធ្វើ​ចរាចរណ៍​លើ​ដង​ផ្លូវ ខុស​លក្ខណៈ​ច្រើន​ចំណុច។ ដូច្នេះ​នគរបាល និង​ក្រុម​ការងារ បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ និង​ជម្រាប​ជូន​ពួក​គាត់​អំពី​អ្វី ដែល​ពួក​គាត់​ខ្វះខាត ដូច​ជា​រថយន្ត​គាត់​ខ្វះ​លក្ខណៈ​បច្ចេកទេស និង​ប័ណ្ណ​បើកបរ ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​កើត​ឡើង។ដូច្នេះ​ក្រុម​ការងារ​អនុវត្ត​ច្បាប់ មិន​បាន​ដឹង​ថា ពួក​គាត់​ឡើង​ជា​ពលរដ្ឋ ដែល​ឡើង​ទៅ​តវ៉ា​នោះ​ទេ »

កាលពីថ្ងៃទី០៨ ខែមីនា អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​រង​របួស​ដោយសារ​ប៉ះ​ទង្គិច​គ្នា ជាមួយ​ក្រុម​សមត្ថកិច្ច ចម្រុះ​ប្រដាប់​ដោយ​កាំភ្លើង ដែល​ចុះ​ការពារ​គ្រឿង​ចក្រ​ក្រុមហ៊ុន ខណៈ​ពលរដ្ឋ​ទាំង​នោះ បាន​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ ៧៦A។ កាល​នោះ​ក្រុម​អ្នក​ភូមិ​ចោទ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ថា បាន​រំលោភ​យក​ដីធ្លី​ទំហំ​ពី ៣ ទៅ ៤ហិកតារ​ក្នុង​មួយ​គ្រួសារ និង​បំផ្លាញ​ដំណាំ ផ្ទះ​សម្បែង ព្រមទាំង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ទៀត​ផង។

អាស៊ីសេរី បានព្យាយាម​ទាក់ទង​ទៅ​មេ​ឃុំ ២ធ្នូរ លោក ប៉ឹង វិន និង​អភិបាល​រង​ស្រុក​ឈ្នូល លោក សាន់ ណាល់ ព្រម​ទាំង​អភិបាល​ស្រុក​ស្នូល លោក គង់ គឹមនី ជា​ច្រើន​ដង នៅ​ថ្ងៃ​ទី២១ ខែ​តុលា ប៉ុន្តែ​មិន​ទទូល​ទូរស័ព្ទ និង​បាន​ចុច​បិទ​វិញ។

អ្នកនាំពាក្យសមាគម៍ការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនកុរណា មាន​ប្រសាសន៍​ថា ទំនាស់​ដីធ្លី​ក្លាយ​ជា​ជម្លោះ​រាំរ៉ៃ រហូត​ផ្ទុះ​អំពើ​ហិង្សា​មួយ​លើក​រួច​ទៅ​ហើយ កាល​ពី​ដើម​ឆ្នាំ២០១៨។ ដូច្នេះ អាជ្ញាធរ​មិន​គួរ​រារាំង​ពលរដ្ឋ​នោះ​ទេ គួរ​តែ​ចូលរួម​ជួយ​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ជូន​ប្រជា ពលរដ្ឋ ដើម្បី​ឲ្យ​ពួក​គាត់​បាន​អាស្រ័យផល​លើ​ដី​នោះ​ឡើង​វិញ ព្រោះ​ពលរដ្ឋ​ទាំង​នោះ​ពឹង​ផ្អែក​ដី ដើម្បី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត៖ « ការ​ដែល​មិន​ទាន់​ដោះ​ស្រាយ​ជូន​ពួក​គាត់​នេះ​ហើយ ទើប​ពួក​គាត់​មិន​អាច​ចេះ​តែ​បន្ត​រង់ចាំ ហើយ​បន្ត​ធ្វើ​ការ​ទាមទារ ដោយសារ​គាត់​គ្មាន​ទំនុក​ចិត្ត​ពី​រឿង​ដោះ​ស្រាយ​របស់​អាជ្ញាធរ​ស្រុក និង​ខេត្ត »

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ពួក​គាត់​ជា​អ្នក​ចំណាក​ស្រុក​ពី​ខេត្ត​ផ្សេងៗ ដែល​គ្មាន​ដី​សម្រាប់​រស់​នៅ និង​បង្កបង្កើន​ផល​នោះ​ទេ ហើយ​ក៏​បាន​កាប់​រាន​យក​ដី​នៅ​តំបន់​ដី​ជម្លោះ​នោះ តាំង​ពី​ឆ្នាំ២០១០ និង​ខ្លះ ឆ្នាំ២០១៤ ដោយ​ពេល​នោះ​អាជ្ញាធរ​មិន​បាន​រារាំង​ទេ និង​ថែម​ទាំង​សន្យា​ថា នឹង​ជួយ​វាស់វែង ចែក​ដី​ជូន​ពួក​គាត់​ថែម​ទៀត ព្រោះ​អាជ្ញាធរ​មួយ​ចំនួន ក៏​មាន​ដី​ទី​នោះ​ដែរ។ លុះ​ដើម​ឆ្នាំ២០១៨ ក្រុម​ ចម្ការ​កៅស៊ូ​មេមត់ បាន​ចូល​ឈូស​ឆាយ និង​បាន​កាយ​ប្រឡាយ​ព័ទ្ធ​យក​ដី​នោះ​តែ​ម្តង។

ប្រជាពលរដ្ឋរងគ្រោះដីធ្លី អះអាង​ថា ពួក​គាត់​នឹង​បន្ត​តវ៉ា​នៅ​ថ្ងៃ​ទី​២២ ខែតុលា នៅ​មុខ​ក្រសួង​ដែន​ដី និង​ផ្ទះ​លោក ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​ជួយ​ដោះ​ស្រាយ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់ ហើយ​បើ​ប្រសិន​បើ មិន​ដោះ​ស្រាយ​ជូន​ពួក​គាត់ គឺ​ពួក​គាត់​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។