សហគមន៍​មានជ័យ​ នៅ​ខេត្ត​ស្វាយរៀង ស្វែង​រក​ដំណោះស្រាយ​ដីធ្លី​ពី​អភិបាល​ស្រុក​រំដួល

0:00 / 0:00

ប្រជា​ពលរដ្ឋ​ប្រមាណ​ ៥០​នាក់ ​តំណាង​ឲ្យ​ជាង ១៥០​គ្រួសារ​នៅ​ក្នុង​ឃុំ​ចំនួន​ពីរ​នៃ​ខេត្ត​ស្វាយរៀង​ ស្នើ​សុំ​អភិបាល​ស្រុក​រំដួល ជួយ​អន្តរាគមន៍​ផ្ដល់​ដំណោះស្រាយ​ឲ្យ​ពួកគាត់​ ដែល​រង​ផល​ប៉ះ​ពី​ការ​ស្ដារ​ប្រឡាយ​កី​ចក​។ អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ដាន​រឿង​នេះ សង្កេត​ឃើញ​ថា ​ទាំង​អាជ្ញាធរ​ខេត្ត​ និង​ស្រុក ​ហាក់​មិន​សូវ​ខ្វាយខ្វល់​រឿង​ផ្ដល់​សំណង​ឲ្យ​ពលរដ្ឋ​នោះ​ទេ ក្រៅ​ពី​សន្យា​ជាមួយ​ពលរដ្ឋ​ពី​ពេល​មួយ​ទៅ​មួយ​តែ​ប៉ុណ្ណោះ។ សង្គម​ស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ គួរ​គិត​គូរ​ផ្ដល់​សំណង​ឲ្យ​ពលរដ្ឋ ​ទៅ​តាម​គោលនយោបាយ​របស់​រដ្ឋ​ ដែល​មាន​ចែង​ក្នុង​ច្បាប់​ភូមិបាល​។

តំណាង​សហគមន៍​មាន​ជ័យ នៅ​ខេត្ត​ស្វាយរៀង លោក ស៊ិន សាម៉េត ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជាង​ ១៥០គ្រួសារ ​រស់​នៅ​ឃុំ​ធ្មា និង​ឃុំ​ម៉ឺនជ័យ ក្នុង​ស្រុក​រំដួល ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ស្ដារ​ប្រឡាយ​របស់​ក្រសួង​ធនធាន​ទឹក នៅ​មិន​ទាន់​ទទួល​បាន​សំណង​ប្រាក់​គោលនយោបាយ​ពី​រដ្ឋាភិបាល​នៅឡើយ ក្នុង​រយៈពេល​ជាង​ ៥ឆ្នាំ​កន្លង​មក​នេះ។ លោក ស៊ិន សាម៉េត រៀបរាប់​ថា មុន​ពេល​មាន​ការ​ជួសជុល​ប្រឡាយ​នេះ ក្រសួង​ធនធាន​ទឹក និង​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ​បាន​ចុះ​សន្យា​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ ថា​នឹង​ផ្ដល់​ប្រាក់​សំណង​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ប្រឡាយ​ចាស់ ​ទំហំ​ ២៦​ម៉ែត្រ។

លោក ស៊ិន សាម៉េត បន្ត​ថា មាន​ប្រជាពលរដ្ឋ​ជាង ​៥០​គ្រួសារ​ ដែល​បាន​រុះរើ​ផ្ទះ​សម្បែង​ តាម​ការ​ការ​សន្យា​ពី​ខាង​អាជ្ញាធរ​ ដោយ​រំពឹង​ថា​ទទួល​បាន​ប្រាក់​សំណង​ពី​រដ្ឋ​មក​វិញ។ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ រហូត​មកដល់​ឆ្នាំ​២០១៩ ​នេះ មិន​ទាន់​មាន​គ្រួសារ​ណា​មួយ​ ទទួល​បាន​ប្រាក់​សំណង​ពី​រដ្ឋ​នោះ​ទេ។ តំណាង​ពលរដ្ឋ​រូប​នេះ លើកឡើង​ថា​ ការ​អភិវឌ្ឍ​ដោយ​គ្មាន​ផ្ដល់​សំណង​បែប​នេះ គឺ​រឹត​ធ្វើ​ឲ្យ​ជីវភាព​ពួកគាត់ ​ដែល​ជា​កសិករ​ក្រីក្រ ​កាន់​តែ​ដុនដាប​ទៅ៖ «ក្រុមហ៊ុន​ អ៊ឹង ស៊ីមសៀ គាត់​ជីក​ប្រឡាយ កាល​ពី​លើក​មុន​ ថា​​តែ​សុំ​ស្ដារ ​និង​ជួសជុល ប្រឡាយ​ហ្នឹង​ទំហំ​តែ ​២៦​ម៉ែត្រ​​ទេ។​ ដល់​ពេល​ពង្រីក​ ពង្រីក​ពី ​៧០​ម៉ែត្រ ទៅ​ដល់​ ១០០​ម៉ែត្រ។ អ៊ីចឹង​ ! វា​ប៉ះពាល់​ដី​ និង​ផ្ទះ​ប្រជាពលរដ្ឋ ត្រូវ​រុះ​រើ​អស់។ អ៊ីចឹង​ ! ពួក​យើង​ខ្ញុំ​តវ៉ា​ហ្នឹង​ តវ៉ា​ឲ្យ​មាន​សំណង​ ទី​១ គឺ​ថា បើ​រដ្ឋាភិបាល​គាត់​ដោះ​ស្រាយ​ឲ្យ​ដូរ​ទីលំនៅ ក៏​បាន​ ឬមួយ​ឲ្យ​ថវិកា​តាម​ទីផ្សារ​ក៏​បាន» ។

ខណៈ​ដែល​ពលរដ្ឋ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​រក​ដំណោះស្រាយ​នៅ​មុខ​សាលាស្រុក​រំដួល​ នៅ​ថ្ងៃ​ទី១៦ កក្កដា អភិបាល​រង​ស្រុក​ លោក នៃ ស ក៏​ចេញ​ទទួល​ញត្តិ​ពី​ពលរដ្ឋ​ដោយ​សន្យា​ថា​នឹង​បញ្ជូន​សំណើ​នេះ ដាក់​ជូន​ថ្នាក់​លើ​ពិនិត្យ​និង​ដោះស្រាយ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា ពាក់​ព័ន្ធ​នឹង​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ជួសជុល​ប្រឡាយ​នេះ បាន​ទេ​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​ តែ​គ្មាន​អ្នក​ទទួល។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៣ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម បាន​ចេញ​លិខិត​មួយ​ផ្ញើ​ជូន​សាលា​ខេត្ត​ស្វាយរៀង​ ស្ដី​អំពី​ការ​ជួសជុល និង​ស្ដារ​ប្រឡាយ​ចាស់ ​សម័យ​ខ្មែរ​ក្រហម​ឡើង​វិញ ដែល​មាន​ទទឹង​ទំហំ ២៦ម៉ែត្រ។ នៅ​ឆ្នាំ២០១៤ ក្រសួង​ធនធាន​ទឹក បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ អ៊ឹង​ស៊ីម​សៀ ជួសជុល​ប្រឡាយ​កី​ចក ដោយ​ពង្រីក​ទំហំ​ទទឹង​នៃ​ប្រឡាយ​ដល់​ទៅ​ជិត​ ១០០​ម៉ែត្រ ធំ​ជាង​ប្រឡាយ​ចាស់​ដល់​ទៅ ​៣​ដង។ ពលរដ្ឋ​ថា ការ​ពង្រីក​ទំហំ​ប្រឡាយ​​លើស​ទំហំ​ចាស់​នេះ ធ្វើ​ឲ្យ​ផ្ទះ​សម្បែង​ពលរដ្ឋ​ជាង ៥០ខ្នង​ត្រូវ​រុះ​រើ ហើយ​ប៉ះពាល់​ដី​លំនៅឋាន និង​ដីស្រែ​របស់​ពួកគាត់​អស់​ជា​ច្រើន​ហិកតារ។

លោក ស៊ិន សាម៉េត ស្នើ​សុំ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​ធនធាន​ទឹក​ និង​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ពន្លឿន​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ៖ «សូម​សម្ដេច​ហ៊ុន សែន ជួយ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ពិបាក​ចិត្ត​ដល់​ប្រាំ​ឆ្នាំ​ហើយ​។ សូម​សម្ដេច​ជួយ​ជំរុញ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ឲ្យ​បាន​ដូច​បំណង​របស់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​រស់​នៅ​ទឹក​ភ្នែក​ទឹក​សំបោរ​ណាស់។ ជំពាក់​លុយ​ធនាគារ​ ខ្លះ​ចំណាក​ស្រុក​ ហើយ​ខ្លះ​កំពុង​រត់​ចោល​ផ្ទះ​សម្បែង។ អ៊ីចឹង​ ! សូម​ឲ្យ​សម្ដេច​ជួយ​ពន្លឿន​ឲ្យ​កូន​ចៅ​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ»។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ពី​ការ​អភិវឌ្ឍ​នេះ បាន​នាំ​គ្នា​ទៅ​រក​ដំណោះស្រាយ​ពី​រដ្ឋសភា ព្រឹទ្ធសភា និង​អាជ្ញាធរ​ខេត្ត​ ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​គ្មាន​ស្ថាប័ន​ណាមួយ​អាច​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​បាន​ទេ។ លោក នុត បូពុណ្ណារ័ត្ន យល់ថា ទាំង​អាជ្ញាធរ​ខេត្ត និង​ក្រសួង​ធនធាន​ទឹក​ គួរ​គិតគូរ​ផ្ដល់​សំណង​ដល់​ពលរដ្ឋ ​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ភូមិ​បាល ដោយ​មិន​គួរ​អូស​បន្លាយ​បញ្ហា​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ ត​ទៅ​ទៀត​ឡើយ៖ «បើ​តាម​ច្បាប់​ភូមិ​បាល​ ពួកគាត់​ត្រូវ​បាន​ទទួល​សំណង​តាម​គោលនយោបាយ​ ទោះ​បី​ជា​ត្រូវ​ការ​ពង្រីក ធ្វើ​តាម​អនុប្រយោគ​ក៏ដោយ។ ក៏​ក្នុង​ច្បាប់​អនុ​ប្រយោគ ក៏​គេ​តម្រូវ​ឲ្យ​រដ្ឋ​ហ្នឹង ធ្វើ​ការ​ទូទាត់​សំណង​ទៅ​តាម​ទីផ្សារ។ ពួកគាត់​ត្រូវ​ទទួល​បាន​បែប​ហ្នឹង។ ទោះបីជា​ថា​ត្រូវ​អនុប្រយោគ​មែន ត្រូវ​ប្រគល់​ឲ្យ​រដ្ឋ តែ​ក្នុង​ច្បាប់​ហ្នឹង​និយាយ​ថា អ្នក​ដែល​រង​គ្រោះ​ត្រូវ​ទៅ​តាម​ទីផ្សារ​សេរី ដែល​អ្នក​ធ្វើ​អនុប្រយោគ​ត្រូវ​ដោះស្រាយ​ឲ្យ​គាត់។ និយាយ​រួម​រដ្ឋ​ត្រូវ​ដោះស្រាយ​ឲ្យ​គាត់។ កាល​ពី​ចាប់​ផ្ដើម​ធ្វើ​ដំបូង​ គឺ​យើង​បាន​សន្យា​ឲ្យ​គាត់​ដែរ។ រុះរើ​ផ្ទះ​ទៅ ចាំ​គេ​ដោះស្រាយ​ឲ្យ​ មក​ដល់​ទី​បញ្ចប់​វា​អត់​មាន​អី​សោះ។ ហ្នឹង​ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិន​អស់​ចិត្ត គាត់​ធ្វើ​ការ​តវ៉ា​រហូត​មក​ដល់​ពេល​នេះ»។

ក្រុម​ប្រជា​ពលរដ្ឋ​បញ្ជាក់​ថា បើសិនជា​នៅ​តែ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត​ទេ ពួកគាត់​នឹង​នាំ​គ្នា​ឡើង​ទៅ​តវ៉ា​រក​ដំណោះស្រាយ​ពី​មុខ​ក្រសួង​ធនធាន​ទឹក ក្រសួង​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ និង​ក្រសួង​​រៀប​ចំ​​ដែន​ដី ​នៅ​រាជធានី​ភ្នំពេញ នៅ​សប្ដាហ៍​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។