ជនជាតិដើមភាគតិចកួយ ៧៥គ្រួសារ រស់ភូមិប្រើសក្អក ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ អំពាវនាវជាថ្មីទៀត ឲ្យរបបក្រុងភ្នំពេញពន្លឿនការដោះស្រាយវិបត្តិដីធ្លី ដែលពួកគាត់ចោទថា ក្រុមហ៊ុនចិន ហេង ហ្វូ រំលោភជាបន្តបន្ទាប់តាំងពីឆ្នាំ២០១២។ អ្នកភូមិថា ក្រុមហ៊ុននេះបានឈូសឆាយហ៊ុមព័ទ្ធយកដីស្រែ និងដីអាស្រ័យផលរបស់អ្នកស្រុកអស់ជាច្រើនហិកតារ បង្កឲ្យពួកគាត់ខ្វះខាតដីធ្វើកសិកម្មចិញ្ចឹមជីវិត និងបាត់បង់វាលស្មៅចិញ្ចឹមគោក្របី។
ជនជាតិដើមភាគតិចកួយត្អូញត្អែរ ពីជីវភាពខ្វះខាត និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ កាន់តែធ្ងន់ធ្ងរនៅគ្រាដែលដីកសិកម្មរបស់ពួកគាត់បានបាត់បង់ជាបន្តបន្ទាប់ ក្រោយពីមានវត្តមានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចិន វិនិយោគដីធ្លីនៅភូមិកំណើតពួកគាត់រស់នៅ។
អ្នកភូមិថា ក្រុមហ៊ុនបានឈូសឆាយរំលោភយកដីធ្លី របស់ពលរដ្ឋ ៧៥ គ្រួសារជាង ៤ឆ្នាំមកហើយ រហូតមកទល់ពេលនេះ គ្មានស្ថាប័នណាមួយ ចេញមុខដោះស្រាយនោះទេ ថែមទាំងមានអាជ្ញាធរមូលដ្ឋានខ្លះ គំរាមកំហែងលើពលរដ្ឋណា ដែលចេញមុខតវ៉ាទាមទារដំណោះស្រាយ។
ជនជាតិដើមភាគតិចកួយ រស់នៅភូមិប្រើសក្អក លោក អៀម អ៊ន ឲ្យដឹងនៅថ្ងៃទី១៣ តុលា ថា គ្រួសារលោកមានដីកសិកម្ម ៧ហិកតារ ជាដីកេរដូនតា ត្រូវបានក្រុមហ៊ុនឈូសឆាយរំលោភយកអស់ ៥ហិកតារ។ លោកថា អ្នកភូមិកំពុងស្វែងរកវិធីសាស្ត្រតវ៉ា រកយុត្តិធម៌តាមផ្លូវច្បាប់ជាច្រើនលើកច្រើនសា ដោយបានដាក់ញត្តិ និងប្ដឹងសុំកិច្ចអន្តរាគមន៍ជាច្រើនស្ថាប័ន រួមមានអាជ្ញាធរមូលដ្ឋាន រហូតដល់អាជ្ញាធរខេត្ត អាជ្ញាធរជាតិ និងក្រុមហ៊ុនចិន តែនៅគ្មានលទ្ធផល។ លោកថា អាជ្ញាធរ តែងតែទម្លាក់កំហុសលើពលរដ្ឋវិញថា មកធ្វើស្រែលើដីរបស់រដ្ឋ ដែលរដ្ឋាភិបាលវិនិយោគឲ្យក្រុមហ៊ុនចិន។ លោកត្អូញថា ជនជាតិដើមភាគតិចរស់រានមានជីវិតដោយសារដីស្រែចម្ការ និងធនធានធម្មជាតិ ក៏ប៉ុន្តែព្រៃឈើបានបាត់បង់ទាំងស្រុង រីឯដីស្រែត្រូវក្រុមហ៊ុនបំពានយកធ្វើឲ្យពួកគេគ្មានទីកន្លែងបង្កបង្កើតផល។ ចំណែកវាលស្មៅចិញ្ចឹមគោក្របី ក៏ត្រូវបាត់បង់ទៀត៖ «ពួកខ្ញុំជនជាតិរស់រានមានជីវិតដោយសារដីស្រែ និងធនធានធម្មជាតិផង ដល់ពេលដីស្រែអស់ និង ធនធានធម្មជាតិអស់ លំបាកវេទនា ហើយបើរកស៊ីឈ្នួលឲ្យគេ ជូនកាលកន្លះខែ បានបើកលុយអោយយើង បើយើងអត់បាយហូប»។
ជនជាតិដើមភាគតិចកួយម្នាក់ទៀតថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ព្រោះខ្លាចអាជ្ញាធរធ្វើបាប ត្អូញថា គ្រួសារលោកបាត់បង់ដីកសិកម្ម ៨ហិកតារត្រូវក្រុមហ៊ុនចិន ឈូសឆាយបំពានយក នៅសល់តែខ្ទមស្រែ ហើយមកទល់ពេលនេះដីរបស់លោក ត្រូវក្រុមហ៊ុនដាំអំពៅអស់។ លោកបារម្ភថា អ្នកភូមិទទួលរងភាពអយុត្តិធម៌ មិនដឹងទៅពឹងស្ថាប័នណាមួយ ឲ្យជួយដោះស្រាយទេ ព្រោះអាជ្ញាធរពាក់ព័ន្ធតែងលម្អៀងទៅខាងក្រុមហ៊ុនចិន មិនខ្វល់ពីទុក្ខវេទនារបស់ពលរដ្ឋនោះទេ។ លោករំឭកថា កន្លងទៅអ្នកភូមិរាប់រយនាក់ បានមូលមតិគ្នាដាក់ញត្តិទៅស្ថាប័នជាតិ សុំឲ្យមានវិធានការលើក្រុមហ៊ុន ដែលឈូសឆាយព្រៃស្រោង លប់ទឹកបឹង និងអូរធម្មជាតិ បង្កឲ្យពលរដ្ឋបាត់បង់កន្លែងអាស្រ័យផល។ ចំណែកអាជ្ញាធរមិនត្រឹមតែមិនស្វែងរកដំណោះស្រាយជូនពលរដ្ឋទេ បែរជាប្រើតុលាការ និងសមត្ថកិច្ចគំរាមកំហែងពលរដ្ឋណា ចេញមុខតវ៉ារឿងដីធ្លី បង្កឲ្យពលរដ្ឋភ័យខ្លាច៖ «ដីស្រែក្រុមហ៊ុនឈូសឆាយ ដល់ពេលប្តឹងអាជ្ញាធរ អាជ្ញាធរមិនជួយដោះស្រាយទេ គេថា សង់លើដីរដ្ឋ។ ជុំវិញភូមិប្រើសក្អក សុទ្ធតែចម្ការអំពៅរបស់ក្រុមហ៊ុន គ្មានសល់ត្រង់ណាទេ ងាកទៅណាក៏ជាតិគីមី»។
បុរសដដែលបន្ថែមថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកភូមិភាគច្រើន ខ្ចីលុយមីក្រូហិរញ្ញវត្ថុ និងធនាគារ ដែលរំពឹងថា ធ្វើស្រែចម្ការ រកអនុផលព្រៃឈើ និងចិញ្ចឹមគោក្របី បង្វិលប្រាក់សងម្ចាស់បំណុលវិញ តែអកុសលដីស្រែត្រូវក្រុមហ៊ុនរំលោភយក ព្រៃឈើត្រូវគេកាប់អស់ វាលស្មៅសម្រាប់ចិញ្ចឹមគោក្របី ត្រូវបាត់បង់ រីឯទឹកត្រពាំងបឹង ដែលធ្លាប់ផ្ដល់ត្រីសាច់ម្ហូបអាហារ ត្រូវក្រុមហ៊ុនលប់គ្មានសល់ បង្កឲ្យជីវភាពអ្នកភូមិធ្លាក់ចុះខ្លាំង រហូតគ្មានប្រាក់សងម្ចាស់បំណុលវិញ។ លោកថា កន្លងទៅ ក្រុមហ៊ុនចិន បានដាក់ថ្នាំបំណុលសម្លាប់សត្វគោជាច្រើនក្បាល ព្រោះខឹងនឹងអ្នកភូមិដែលតែងលែងគោឲ្យស៊ីអំពៅរបស់ក្រុមហ៊ុន៖ «រកប្រាក់ចំណូលតាមព្រៃក៏មិនបាន អស់ព្រៃ និងអស់ធនធានធម្មជាតិ បងប្អូនខ្ចីលុយធនាគារ ដោយសារអស់ដីធ្លី និងធនធានធម្មជាតិ ដោយសាររដ្ឋាភិបាលមិនគិតដល់ពលរដ្ឋ»។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទង តំណាងក្រុមហ៊ុន ហេង ហ្វូ ដើម្បីសុំការបំភ្លឺរឿងនេះបានទេនៅថ្ងៃទី១៣ តុលា។
ប៉ុន្តែ មេឃុំម្លូរព្រៃពីរ លោក កាន់ សុវណ្ណគា បដិសេធថា ពលរដ្ឋភាគច្រើន រស់នៅភូមិប្រើសក្អកបានទៅកាន់កាប់ដីដែលក្រុមហ៊ុនបានឈូសឆាយរួច។ លោកថា អាជ្ញាធរមូលដ្ឋាន នឹងដោះស្រាយវិបត្តិដីធ្លី តែពលរដ្ឋណា មានប័ណ្ណកម្មសិទ្ធិ និងធ្លាប់កាន់កាប់មុនពេលដែលក្រុមហ៊ុនមិនទាន់មកវិនិយោគ។ លោកបញ្ជាក់ថា លោកបានបញ្ជូនមេភូមិឲ្យចុះដល់ទីតាំងឈូសឆាយផ្ទាល់ ឃើញពលរដ្ឋជាច្រើនគ្រួសារបានវាស់វែងជាន់ដីដែលក្រុមហ៊ុនបានឈូសឆាយរួច និងថែមទាំងនាំគ្នាតវ៉ាមិនឲ្យក្រុមហ៊ុនឈូសឆាយ៖ «គេឈូសឆាយហើយ គាត់បែរជាវាស់វែងដីចែកគ្នា បើប៉ះទៅដីកម្មសិទ្ធិមានប្លង់អត់មានទេ។ ទាំងខ្ញុំ និងមេភូមិទៅឃើញជាក់ស្ដែងគឺអ៊ីចឹង ហើយគាត់ទៅតវ៉ាមិនឲ្យគេឈូសឆាយ។ ព្រោះខ្ញុំដោះស្រាយតែប៉ះពាល់ដីកម្មសិទ្ធិរបស់គាត់»។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហេង ហ្វូ ទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំជាង ៤ម៉ឺនហិកតារ ( ៤២.០០០ ) តាំងពីឆ្នាំ២០១១ វិនិយោគដាំអំពៅ និងកៅស៊ូ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនមេ និងមានបុត្រសម្ព័ន្ធក្រុមហ៊ុនចំនួន ៥ទៀត។
សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ លោកស្រី ទេព ទឹម អង្កេតឃើញថា ពលរដ្ឋរងគ្រោះដីធ្លីភាគច្រើនខ្លាចអាជ្ញាធរ និងមិនហ៊ានចេញមុខតវ៉ា ឲ្យអាជ្ញាធរដោះស្រាយបើទោះបីជា រកភាពអយុត្តិធម៌ក្តីព្រោះពលរដ្ឋរងគ្រោះភាគច្រើនជាជនជាតិដើមដើមភាគតិច ខ្វះចំណេះដឹង។ លោកស្រីថា ពលរដ្ឋរស់នៅឃុំប្រមេរ៍ ជិត ១ពាន់គ្រួសារ ដែលមានវិបត្តិដីធ្លីជាមួយក្រុមហ៊ុនចិន សុទ្ធសឹងដាក់ញត្តិសុំកិច្ចអន្តរាគមន៍ ទៅស្ថាប័នពាក់ព័ន្ធតាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ និងស្ថានទូតចិន តែគ្មានលទ្ធផល។ លោកស្រីបន្ថែមថា អាជ្ញាធរ មិនយកចិត្តទុកដាក់ ស្វែងរកដំណោះស្រាយ ជូនពលរដ្ឋរងគ្រោះទេ បែរជាកាន់ជើងក្រុមហ៊ុនចិន ហើយចោទពលរដ្ឋថា រំលោភដីរដ្ឋធ្វើស្រែទៅវិញ។ លោកស្រីថា ដីដែលក្រុមហ៊ុនរំលោភយក ជាដីដែលពលរដ្ឋកាន់កាប់មុនពេលដែលក្រុមហ៊ុន មកវិនិយោគ និងដីមួយចំនួនធំ ជាដីដែលពួកគាត់ធ្វើស្រែតាំងពីដូនតា៖ «អាជ្ញាធរមិនដែលបានយកចិត្តទុកដាក់ ដោះស្រាយដីធ្លីពួកខ្ញុំទេ។ ពួកខ្ញុំនៅតែមានរឿងរ៉ាំរ៉ៃ។ អាជ្ញាធរកាន់ជើង តែក្រុមហ៊ុន ថាយើងអត់មានច្បាប់ យើងយកដីរដ្ឋធ្វើស្រែ។ ដីធ្វើតាំងពីដូនតា មានតាំងពីស្រែចាស់ និងភូមិចាស់ រហូតពេលនេះ ពួកខ្ញុំកាន់កាប់មុនមិនទាន់មានក្រុមហ៊ុនមកទៀត និងកាន់កាប់តាំងពីឆ្នាំមុនឆ្នាំ ១៨៩៧ និង១៩៩៨ នៅតែគេយើងបាន។ ការពិតស្រែតាំងពីយាយតាពីដើមមក ស្រែល្វឹងល្វើយ»។
មន្ត្រីនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា អង្កេតឃើញថា វិបត្តិដីធ្លីកាន់តែរីកធំឡើង ដោយសារតែខ្វះការយកចិត្តទុកដាក់របស់អាជ្ញាធររដ្ឋ។ លោកជំរុញឲ្យពលរដ្ឋត្រូវទាមទារតវ៉ាដោយសន្តិវិធីឡើងវិញ និងដាក់បណ្ដឹងស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់។ លោកថា ពលរដ្ឋរស់នៅជនបទមានជីវភាពពឹងផ្អែកលើដីស្រែចម្ការ តែបើអាជ្ញាធរមិនអើពើដោះស្រាយ មានន័យថា ប្រព័ន្ធអនុវត្តច្បាប់នៅកម្ពុជា កាន់តែខ្សោយទៅ ដែលជាផ្នែកមួយមិនបានយកចិត្តទុកដាក់គោរពសិទ្ធិពលរដ្ឋរបស់ខ្លួន៖ «ប្រជាពលរដ្ឋនៅតាមជីជនបទ គ្មានអ្វីក្រៅពីធ្វើស្រែ ដីធ្លីរបស់ខ្លួនទេ តើបើអាជ្ញាធរមិនអើពើដោះស្រាយ មានន័យថា ប្រព័ន្ធនៃការអនុវត្តច្បាប់កម្ពុជា កាន់តែខ្សោយ និងមិនយកចិត្តទុកដាក់គោរពសិទ្ធិពលរដ្ឋ»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ រកឃើញថា ក្រុមហ៊ុនស្ករអំពៅចិន ហេង ហ្វូ បំពានបទបញ្ជា ០០១ របស់របបក្រុងភ្នំពេញ ដែលមិនបានអនុវត្តរួបមន្តស្បែកខ្លា និងបានឈូសឆាយខឿនប្រាសាទបូរាណ លុបបឹង អូរ និងព្រៃជំនឿរបស់ជនជាតិដើមភាគតិច។ លោកថា អាជ្ញាធរថ្នាក់ជាតិធ្លាប់ជូនដំណឹងឲ្យក្រុមហ៊ុនផ្អាកការឈូសឆាយសិន រង់ចាំដំណោះស្រាយសិន តែក្រុមហ៊ុនមិនអនុវត្តតាម។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ចាត់ទុកការឈូសឆាយរបស់ក្រុមហ៊ុន គឺជាការរំលោភសិទ្ធិជនជាតិដើមភាគតិចធ្ងន់ធ្ងរ។ លោកថា អាជ្ញាធរហាក់មិនមានវិធានការម៉ឺងម៉ាត់ណាមួយ បង្ក្រាបក្រុមហ៊ុនចិន ដែលល្មើសកិច្ចសន្យាវិនិយោគនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។