ក្រុមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវាលយន្តហោះថ្មី ក្នុងខេត្តកណ្ដាល ព្រួយបារម្ភពីការបាត់បង់ផ្ទះសម្បែងនៅពេលខាងមុខ ក្រោយពីក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពផ្ទះ និងវាស់វែងដីភូមិពួកគាត់។ អង្គការសង្គមស៊ីវិលដែលតាមដានវិវាទដីធ្លីដ៏ចម្រូងចម្រាសនេះ ចាត់ទុកសកម្មភាពនេះថា ជាទង្វើផ្ទុយពីច្បាប់ ព្រោះអាជ្ញាធរនិងក្រុមហ៊ុនមិនបានបើកវេទិកាពន្យល់ប្រាប់ប្រជាពលរដ្ឋ ឲ្យយល់ដឹងច្បាស់ជាមុនសិន អំពីគោលបំណងនៃការវាស់វែងនេះ។
អ្នកភូមិកំពង់តាឡុង ៦៦គ្រួសារ បង្ហាញទុក្ខកង្វល់មួយកម្រិតថែមទៀត អំពីផ្ទះសម្បែង និងដីលំនៅឋានក្នុងឃុំបឹងខ្យាង ខណៈដែលពូកគាត់នៅមិនទាន់ទទួលបានសំណងសមរម្យនៅឡើយ ពាក់ព័ន្ធនឹងដីស្រែ ដែលបានបាត់បង់ក្នុងតំបន់សាងសង់វាលយន្តហោះថ្មីរបស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC)។

ពលរដ្ឋដែលមានដីនិងផ្ទះស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុន លោកស្រី ឃឹម ម៉ាលី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ វិច្ឆិកាថា អាជ្ញាធរស្រុកកណ្ដាលស្ទឹង ចេញលិខិតជូនដំណឹងប្រាប់ពលរដ្ឋមុន ១ថ្ងៃ ឲ្យចូលរួមជាមួយក្រុមការងារអន្តរក្រសួង ដើម្បីវាស់វែងដី និងវាយតម្លៃអំពីប្រភេទសំណង់ផ្ទះសម្បែង ប៉ុន្តែអាជ្ញាធរមិនបានបើកវេទិកាពន្យល់ប្រាប់ពលរដ្ឋពីរឿងនេះឲ្យដឹងច្បាស់នោះទេ។
លោកស្រីឲ្យដឹងថា អ្នកចុះវាស់វែងដី និងពិនិត្យមើលផ្ទះរបស់លោកស្រី គឺជាក្រុមការងាររបស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ដែលមានមេការម្នាក់ឈ្មោះ លោក ជូ កុកសាយ ជាអ្នកដឹកនាំ ដោយមិនមានមន្ត្រីពីក្រសួងដែនដី ឬមន្ទីរសុរិយោដីចូលរួមដូចការអះអាងរបស់អាជ្ញាធរទេ។ លោកស្រីបន្តថា បញ្ហាដីស្រែរបស់ពួកគាត់នៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ ស្រាប់តែមកដល់ពេលនេះ ខាងក្រុមហ៊ុនបន្តចុះវាស់ដី និងផ្ទះក្នុងភូមិរបស់ពួកគាត់បន្ថែមទៀត។
លោកស្រីចាត់ទុកសកម្មភាពនេះថា ជាការបំពានសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កឲ្យពួកគាត់ភ័យខ្លាចពីការបណ្ដេញចេញផ្ទះសម្បែងនៅពេលខាងមុខ ដូចដែលក្រុមហ៊ុននិងអាជ្ញាធរប្រើកម្លាំងរំលោភយកដីស្រែពេលកន្លងមក៖ «រាល់ថ្ងៃខ្ញុំដេកអត់លក់ទេ ទាំងបងប្អូនខ្ញុំ ដោយសារញឹកឃើញថា មើលដីស្រែខ្ញុំ គេដាក់កងកម្លាំងមក គេឈូសយកអាលីង។ ថ្ងៃណាមួយផ្ទះខ្ញុំដែលគេចង់បានហើយ បើពួកខ្ញុំមិនងើបឈរទៅតវ៉ាទេ គេនឹងដាក់កម្លាំងយកមកបណ្ដេញទៀត។ ខ្ញុំមើលទៅដូចយ៉ាប់តែម្ដងខាងអាជ្ញាធរ។ គាត់អត់មានគិតថា ដំណោះស្រាយឲ្យប្រជាជនទទួលយកបានអីសិន ចាំធ្វើ។ ក្នុងការអភិវឌ្ឍ ខ្ញុំអត់មានឃាត់ទេ ឲ្យអភិវឌ្ឍន៍ចុះ តែឲ្យពួកខ្ញុំសប្បាយចិត្តផងទៅ។ កុំអភិវឌ្ឍន៍ឲ្យប្រជារាស្ត្រដេកមិនលក់ ម្ដងថាត្រឹមនេះ ម្ដងថា ត្រឹមនោះ ស្រេចតែមាត់គាត់និយាយ។ វាអត់មានការពិតអីឲ្យជាក់ស្ដែងមួយ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះពី តំណាងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) លោក ជូ កុកសាយ បានទេ នៅថ្ងៃទី១៧ វិច្ឆិកា ដោយហៅទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ចំណែក អភិបាលស្រុកកណ្ដាលស្ទឹង លោក អ៊ូច សៅវឿន ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា ការចុះវាស់វែងនេះ ដើម្បីសិក្សា និងវាយតម្លៃពីផលប៉ះពាល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុន។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា សកម្មភាពរបស់ក្រុមហ៊ុននេះ គឺធ្វើខុសច្បាប់ ដែលតម្រូវឲ្យមានការបើកវេទិកាសាធារណៈ ប្រឹក្សាយោបល់ និងយល់ព្រមពីសហគមន៍ ដែលរងផលប៉ះពាល់ពីគម្រោងនេះ ជាមុនសិន។ លោកបន្តថា នេះអាចជាសញ្ញាបង្ហាញអំពីការបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែងដោយបង្ខំ នៅថ្ងៃណាមួយ។
លោកស្នើឲ្យអាជ្ញាធរនិងក្រុមហ៊ុនពិនិត្យមើលច្បាប់អស្សាមិករណ៍ និងច្បាប់រដ្ឋធម្មនុញ្ញ ហើយបន្តដោះស្រាយផ្ដល់សំណងបញ្ចប់ជម្លោះដីធ្លីនេះជូនប្រជាពលរដ្ឋ ស្របតាមច្បាប់ និងដោយសន្តិវិធី៖ «ច្បាប់របស់យើងមាន អ៊ីចឹង ! ការប្រើប្រាស់ហិង្សា កម្លាំងប្រដាប់អាវុធ និងប្រព័ន្ធតុលាការដើម្បីឆក់យកដីប្រជាពលរដ្ឋ និងលំនៅឋានរបស់ប្រជាពលរដ្ឋហ្នឹង ឃើញថាវារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ អ៊ីចឹងហើយ ! រារដ្ឋាភិបាលក៏ដូចជាស្ថាប័នពាក់ព័ន្ធត្រូវតែមានដំណោះស្រាយសមរម្យដែលអាចទទួលយកបានជូនពួកគាត់។ បើមិនអ៊ីចឹងទេ ! ខ្ញុំកត់សម្គាល់ឃើញថា បើដល់ផ្ទះដល់អីហើយ វាអាចប្រឈមនឹងអំពើហិង្សាធ្ងន់ធ្ងរ ហើយពាក់ព័ន្ធនឹងការបង្ក្រាបធ្ងន់ធ្ងរទៀត។ វាចូលទៅដល់អតីតវិញដូចជានៅដីក្រហម បូរីកីឡាជាដើម»។
មាត្រា២២ នៃច្បាប់អស្សាមិករណ៍ ចែងថា ប្រាក់សំណងដែលត្រូវផ្ដល់ឲ្យម្ចាស់អចលនវត្ថុ ម្ចាស់កម្មសិទ្ធិ ត្រូវគិតបានតម្លៃទីផ្សារ ឬថ្លៃជំនួសនៅកាលបរិច្ឆេទនៃការចេញសេចក្ដីប្រកាសស្ដីអំពីគម្រោងអស្សាមិករណ៍។
បន្ថែមលើសនេះ មាត្រា៤៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែងថា កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់ ហើយដែលនឹងដកហូតសិទ្ធិពីជនណាមួយនោះ លុះត្រាតែប្រយោជន៍សាធារណត្រូវបានធ្វើក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្ដល់សំណងជាមុន ដោយសមរម្យ និងយុត្តិធម៌។
កាលពីពេលថ្មីៗ ក្រុមប្រជាពលរដ្ឋដែលស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងដែនដី និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំឲ្យមានដំណោះស្រាយជាសំណងតាមតម្លៃដីទីផ្សារបច្ចុប្បន្ន ចាប់ពី ៨០ដុល្លារដល់ ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដើម្បីឲ្យពួកគាត់អាចទៅរកទិញដីនៅទីតាំងថ្មីបាន។
ក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលរឿងនេះ ក៏ស្នើឲ្យមានការជួបចរចាគ្នាពីគ្រប់ភាគី ដើម្បីដោះស្រាយស្រាយវិវាទនេះដោយអហិង្សា និងឈរលើគោលការណ៍ច្បាប់ ដើម្បីធានាដល់សិទ្ធិម្ចាស់ដី និងសំណងសមរម្យដល់សហគមន៍ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។