ពលរដ្ឋ​មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​កោះកុង​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ

0:00 / 0:00

ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ជាង​៣​រយ​គ្រួសារ​ដែល​ជា​ក្រុម​ទី​២ មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​របប​លោក ហ៊ុន សែន និង​ក្រុមហ៊ុន​ស្ករអំពៅ​នោះ បាន​ចេញ​មុខ​តវ៉ា និង​អំពៅ​អំពាវនាវ​ឲ្យ​របប លោក ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​រាំ​រ៉ៃ​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់ ស្រប​ពេល​ដែល​ពួកគេ​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព។ សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​ពិចារណា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​គ្រប់គ្នា មិន​គួរ​ដោះ​មួយ​ក្រុម​ទុក​មួយ​ក្រុម​ទុក ហើយ​ចាំ​ទាល់តែ​ពលរដ្ឋ​ងើប​តវ៉ា​នោះ​ទេ។

ការ​ចេញ​ទាមទារ​ដំណោះស្រាយ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ នៅ​ខេត្ត​កោះកុង​នេះ ដោយសារតែ​អាជ្ញាធរ​ក្នុង​ខេត្ត​កោះកុង និង​ក្រសួង​រៀបចំ​ដែនដី មិន​បាន​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ពួកគាត់​ដូច​ពលរដ្ឋ មួយ​ក្រុម​ទៀត​ដែល​ដឹកនាំ​ដោយ​អ្នកស្រី ផាវ ញ៉ើង និង​តែងតែ​ចេញ​តវ៉ា​យ៉ាងសកម្ម​កន្លងមក។ តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី គឺ​លោកស្រី គុជ សុគន្ធ រៀបរាប់​ថា ពួកគាត់​ទាំង​៣០២​គ្រួសារ​មានការ ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​ក្រសួង​ដែនដី មិនបាន​ដោះស្រាយ​ដីធ្លី​ជូន​ឲ្យ​ចប់​សព្វគ្រប់​ដូច​ពលរដ្ឋ​ក្រុម​ទី១។ ពួកគាត់​នឹង​លើក​ទៅ​ក្រសួង​រៀបចំ​ដែនដី​នៅ​ថ្ងៃ​ទី​២ ឧសភា តាម​ការ​ណាត់​ជួប​របស់​មន្ត្រី​នៃ​ក្រសួង​រៀប​ដែនដី។ «»

លោកស្រី គុជ សុគន្ធ រៀបរាប់​ថា ដំបូង​ឡើយ ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ដែល​បាន​អូស​បន្លាយ​ពេល​ជាង ១០​ឆ្នាំ​មកនេះ គឺ​បាន​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ចំនួន ៥៣៧​គ្រួសារ ដែល​រស់នៅ​ក្នុង​ភូមិ​ចំនួន​៩ នៃ​ឃុំ​ចំនួន ៤​គឺ​មាន​ឃុំ​ជីខក្រោម ឃុំ​ជីខលើ និង​ឃុំ​ដងពែង និង​ឃុំ​កណ្ដោល ស្ថិត​ក្នុង​ស្រុក​ចំនួន​២ គឺ​ស្រុកស្រែ អំបិល និង​បុទុមសាគរ ខេត្ត​កោះកុង។ ទំនាស់​ដីធ្លី​នេះ គឺ​មាន​វិវាទ​ជាមួយ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា ហ៊ុយ ហេង និង​ក្រុមហ៊ុន​ឈ្មោះ​កោះកុង​ស៊ូ ហ្គើ (Kohkong Sugar) និង​ក្រុមហ៊ុន​កោះកុង ផ្លេនថេសិន (Kohkong Plantation) របស់​អ្នក​វិនិយោគ​ទុន​ថៃ ដែល​បាន​ទិញ​ភាគហ៊ុន​ពី​លោក​ឧកញ៉ា​លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា។ លោកស្រី គុជ សុគន្ធ រៀបរាប់​បន្ត​ថា បន្ទាប់​មក​នៅ​ដើម​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​បាន​បែក​គ្នា​ជា​ពីរ​ក្រុម។ ក្រុម​ទី​២​នេះ គឺ​បាន​លង់​ជឿ​នឹង​សម្ដី​លួង​លោក​របស់​អាជ្ញាធរ​ឃុំ​-​ស្រុក និង​អាជ្ញាធរ​ខេត្ត ថា​កុំ​ឲ្យ​ពួកគាត់​តវ៉ា​សកម្ម​ដូច​ក្រុម​ទី​១ ពោល​គឺ រង់ចាំ​អោយ​អាជ្ញាធរ ដោះស្រាយ​តាម​សម្រួល ប៉ុន្តែ​ទីបំផុត​ទៅ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​របស់​ពួកគាត់​ក្រុម​ទី​២​នេះ ត្រូវ​បាន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ស្ករអំពៅ​មើល​រំលង មិន​បាន​ដោះស្រាយ ដូច​ក្រុម​ទី​១​ដែល​តែងតែ​ចេញ​តវ៉ា​នោះ​ឡើយ។ «»

កាលពី​ថ្ងៃ​ទី២២ ខែ​មីនា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​បាន​ព្រមព្រៀងគ្នា​បញ្ចប់​ករណី​វិវាទ​នេះ​ជា​ស្ថាពរ ដោយ​ក្រុម​ប្រជាពលរដ្ឋ​១៧៥​គ្រួសារ​យល់ព្រម​ទទួលយក​ដំណោះស្រាយ​ជា​ដី​ទំហំ ៣​ហិកតារ និង​ថវិកា​ចំនួន​២.៥០០​ដុល្លារ ក្នុង​មួយ​គ្រួសារ។ ប៉ុន្តែ​មិន​ដោះស្រាយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ដោះស្រាយ​រួចហើយ​នោះ​ទេ ហើយ​ក្រុម​ប្រជាពលរដ្ឋ​២០០​គ្រួសារ​ផ្សេងទៀត យល់ព្រម​ទទួលយក​ដំណោះស្រាយ​ជា​ដី​ទំហំ​១.៥​ហិកតារ ក្នុង​មួយ​គ្រួសារ»។

ទន្ទឹម​គ្នា​នេះ ភាគី​ក្រុមហ៊ុន​យល់ព្រម​ឲ្យ​រដ្ឋ​កាត់​ដី​ទំហំ «៨២៥​ហិកតារ​» ស្ថិត​ក្នុង​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​រដ្ឋ​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ខាងលើ និង​ផ្ដល់​ថវិកា​តាម​ចំនួន​ខាងលើ ជូន​ក្រុម​ប្រជាពលរដ្ឋ​១៧៥​គ្រួសារ តាម​សំណូមពរ។

អាស៊ីសេរី​បាន​ទាក់ទង​ទៅ​អភិបាលរង​ខេត្ត​កោះកុង លោក អ៊ន ភារៈ និង​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​លោក ទេព ធន ប៉ុន្តែ​លោក​ទាំងពីរ​មិន​ទទួល​ទូរស័ព្ទ​ឡើយ​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា។

មន្ត្រី​ប្រឹក្សា​ផ្នែក​ច្បាប់​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួ អ៊ីន អះអាង​ថា ពលរដ្ឋ​ទាំងនេះ ជា​ជនរងគ្រោះ​ពី​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ស្ករអំពៅ​ដូចគ្នា ដូច្នេះ​ដើម្បី​ដោះស្រាយ ជម្លោះដីធ្លី​នេះ​ចប់​ជា​ស្ថាពរ គឺ​ក្រសួង​ដែនដី ត្រូវ​ខិតខំ​ដោះស្រាយ​ផ្ដល់​ជា​សំណង និង​ដី​ដល់​ពួកគាត់ ទាំង​៣០២​គ្រួសារ​នេះ​ដែរ។ «»

លោក ហ៊ួ អ៊ីន បន្ថែម​ថា រដ្ឋាភិបាល គួរតែ​ផ្ដល់​សំណង និង​វាស់វែង​ផ្ដល់​ដីស្រែ​ចម្ការ ជូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​នោះ ព្រោះថា​រដ្ឋាភិបាល អាច​ផ្ដល់​ដី​សម្បទាន​រាប់​ម៉ឺន​ហិកតារ​អោយ​ក្រុមហ៊ុន ហើយ​មកដល់ពេលនេះ​នៅ​មាន​ដី​ទំនេរ​ច្រើន​ហិកតារ ដែល​មិន​ទាន់​មាន​ឃើញ​ការ​អភិវឌ្ឍ​អ្វី​ឡើយ។

ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំងនេះ អះអាង​ថា ពួកគាត់​ខំអត់​ធ្មត់​ដើម្បី​រង់ចាំ​ដំណោះស្រាយ​ជា​យូរ ណាស់​មក​ហើយ ប៉ុន្តែ​ប្រសិនបើ​អាជ្ញាធរ​ព្រងើយ​កន្តើយ​មិន​ដោះស្រាយ​ទៀត​នោះ គឺ​ពួកគាត់​គ្មាន ជម្រើស​អ្វី​ក្រៅពី​ការ​ចេញ​តវ៉ា​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។