ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅខេត្តបន្ទាយមានជ័យ ប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃទី២៧ កក្កដា លើកពីបញ្ហាទំនាស់ដីធ្លីដែលអូសបន្លាយពេលច្រើនឆ្នាំ ដាក់ឲ្យអាជ្ញាធរខេត្តជួយដោះស្រាយក្នុងសិក្ខាសាលាដែលរៀបចំដោយសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc)។ ប្រជាពលរដ្ឋភាគច្រើនបញ្ជាក់ថា បញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃបានបង្កការលំបាកដល់ការរស់នៅ និងធ្វើឲ្យជីវភាពរបស់ពួកគាត់ក្រីក្រកាន់តែខ្លាំង។
ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអាជ្ញាធរខេត្ត បានសហការគ្នាយ៉ាងជិតស្និទ្ធដ៏កម្រមួយ នៅក្នុងសណ្ឋាគារព្រះចន្ទ ខេត្តបន្ទាយមានជ័យ ប្រមាណ ៥ម៉ោង ដើម្បីរិះរកវិធីដោះស្រាយរឿងទំនាស់ដីដោយសន្តិវិធី។ នៅក្នុងពិធីនោះ ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីមានឱកាសឡើងមានយោបល់ និងលើកជាសំណួរដាក់ឲ្យអាជ្ញាធរពាក់ព័ន្ធបកស្រាយភ្លាមៗ។
ក្រុមប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីដែលមកពីតាមបណ្ដាស្រុកនានាក្នុងខេត្តបន្ទាយមានជ័យ បានលើកឡើងពីទុក្ខកង្វល់ផ្សេងៗគ្នាដាក់ឲ្យអាជ្ញាធរខេត្តដោះស្រាយ។ ក្នុងនោះ ក្រុមប្រជាពលរដ្ឋខ្លះមានទំនាស់ដីជាមួយក្រុមហ៊ុន សំ ផាន់ណារិទ្ធ អ្នកខ្លះទៀតមានទំនាស់ដីជាមួយអង្គភាពយោធានៅខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀតជាដើម។ អ្នកភូមិអះអាងថា ក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធទាំងនោះ ភាគច្រើនបានប្រើអំណាចតុលាការឃុបឃិតគ្នារំលោភលើដីកម្មសិទ្ធិរបស់ពួកគាត់ ធ្វើឲ្យពួកគាត់ពុំមានដីដាំដុះដោះស្រាយជីវភាពប្រចាំថ្ងៃ៖ «សុំឲ្យតុលាការលុបចោលការចោទប្រកាន់ទាំងឡាយរបស់ប្រជាពលរដ្ឋ ដែលបានចោទប្រកាន់កន្លងទៅ។ ពួកយើងខ្ញុំស្នើសុំឲ្យលោកអភិបាលខេត្ត ជួយដោះស្រាយទំនាស់ដីតាមការគួរ»។
ឆ្លើយតបនៅក្នុងសិក្ខាសាលានោះ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត ទទួលយកសំណើដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ហើយជំរុញទៅឲ្យអាជ្ញាធរពាក់ព័ន្ធ ពន្លឿនដោះស្រាយឲ្យបានឆាប់។ លោក គោ ស៊ុំសារឿត សំណូមពរឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយដោយយកច្បាប់ជាធំ និងដោយសន្តិវិធី ដើម្បីទទួលបានយុត្តិធម៌ទាំងសងខាង៖ «គណៈកម្មការដោះស្រាយដីធ្លីរបស់អាជ្ញាធរស្រុក និងខេត្ត ពុំមានអំណាចសម្រេចភ្លាមៗដូចតុលាការនោះទេ គឺយើងអនុវត្តតាមដែលច្បាប់អនុញ្ញាតប៉ុណ្ណោះ ពីព្រោះថា យើងរករូបមន្តផ្សេងសិន ធ្វើយ៉ាងណាឲ្យភាគីនីមួយៗទទួលយកបានទាំងអស់គ្នា ហើយដើរទៅមុខរួច»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ធន សារាយ ដែលចូលរួមក្នុងកម្មវិធីនោះមានប្រសាសន៍ថា បញ្ហាទំនាស់ដីធ្លីនៅខេត្តបន្ទាយមានជ័យ ភាគច្រើនជារឿងស្មុគស្មាញពិបាកដោះស្រាយ។ លោក ធន សារាយ បានផ្ដល់គន្លឹះសំខាន់ៗដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលដល់ការដោះស្រាយរឿងទំនាស់ដីមានប្រសិទ្ធភាពខ្ពស់។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋណាដែលធ្លាប់កាន់កាប់ដីធ្លីមុន គួរអាជ្ញាធរពិចារណាផ្ដល់អាទិភាពដល់ពួកគាត់ និងទី២ គួររក្សាដីទំនាស់នោះទុកក្នុងស្ថានភាពដើម ប្រសិនប្រជាពលរដ្ឋគាត់ដាំដុះផលដំណាំនៅលើនោះ ខាងតុលាការគួរផ្អាកការប្រើប្រាស់ប្រព័ន្ធតុលាការណាមួយ ទៅបណ្ដេញពួកគាត់ចេញពីដីជាដើម៖ «ហើយក៏គួរសង្កត់ភាគីម្ខាងទៀតដែរ ដែលមានបញ្ហារំលោភដីរបស់គេ ដែលកាន់កាប់ពីមុនមកនោះ ដែលមានការផ្ដល់យុត្តិធម៌បែបនេះផង ពីព្រោះថា អ្នកដែលកាន់កាប់មុនវាជាអយុត្តិធម៌របស់គ្នា ឲ្យអ្នកកាន់កាប់ក្រោយស្មើគ្នា អ៊ីចឹងវាអយុត្តិធម៌ដល់អ្នកកាន់កាប់មុន»។
ទោះយ៉ាងនេះក្ដី ប្រជាពលរដ្ឋនៅតែទន្ទឹងរង់ចាំមើលការដោះស្រាយដីធ្លីរបស់ពួកគាត់ពីសំណាក់អាជ្ញាធរខេត្តបន្តទៀត។
អភិបាលខេត្តបន្ទាយមានជ័យ ឲ្យដឹងថា បញ្ហាទំនាស់ដីធ្លីទូទាំងខេត្តភាគច្រើនជារឿងចាស់ កើតឡើងជាច្រើនឆ្នាំមកហើយ ក្នុងនោះបញ្ហាដែលពុំទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយប្រមាណជិត ២០០ករណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។