ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ឧត្ដរមានជ័យ​បន្ត​ស្នើ​ឱ្យ​ដោះ​លែង​សមាជិក​គ្រួសារ​ដែល​កំពុង​ជាប់​ឃុំ

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ ដែល​រង​គ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ ស្នើសុំ​អាជ្ញាធរ​ឱ្យ​ដោះ​លែង​សមាជិក​គ្រួសារ និង​សាច់​ញាតិ​របស់​ពួក​គេ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ចាប់​ខ្លួន និង​ឃុំឃាំង​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្អែក​លើ​គោលការណ៍​យុត្តិធម៌ និង​គុណធម៌។

ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ប្រឈម​នឹង​ជីវភាព​លំបាក និង​បែកបាក់​គ្រួសារ បន្ទាប់​ពី​អាជ្ញាធរ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ហើយ​ចាប់​ខ្លួន​សមាជិក​គ្រួសារ​យក​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ សុខ សំណាង។

ពលរដ្ឋ​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៣ មករា ថា លោកស្រី​នៅតែ​បន្ត​រស់នៅ​លាក់​ខ្លួន និង​មិន​ហ៊ាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ ដោយសារ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន។ លោកស្រី​បន្ត​ថា កូន​បង្កើត និង​កូន​ប្រសា​លោកស្រី​ម្នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ហើយ​មក​ដល់​ពេល​នេះ លោកស្រី​មិន​ទាន់​ដឹង​ពី​ស្ថានភាព​ពួក​គេ​ឡើយ​ទេ។ លោកស្រី​ស្នើ​ដល់​អាជ្ញាធរ​ឱ្យ​ដោះ​លែង​កូនៗ និង​អ្នក​ជាប់​ឃុំ​ដទៃ​ទៀត ព្រមទាំង​បញ្ឈប់​ការ​គំរាម​កំហែង​តាម​ចាប់​ខ្លួន​អ្នក​ភូមិ ដើម្បី​ឱ្យ​ពួក​គេ​វិល​មក​ជួបជុំ​គ្រួសារ និង​កសាង​ជីវិត​សា​ជា​ថ្មី។

«សុំ​ឱ្យ​សម្ដេច​គាត់​ជួយ​ដោះ​លែង​គាត់​ឱ្យ​រួច​ពី​ពន្ធនាគារ។ ខ្ញុំ​ស្រណោះ​អា​គ្នា​អស់​ផ្ទះ​អស់​សំបែង អស់​ដំឡូង​អស់​អី​ហើយ ចាប់​គ្នា​ដាក់​ពន្ធនាគារ​ទៀត។ ស្នើសុំ​ឱ្យ​ដក​ពាក្យ​បណ្ដឹង​ចេញ​ឱ្យ​គ្នា​រួច​ឱ្យ​បាន​មើល​កូន​មើល​ចៅ»។

កាល​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០២២ កង​កម្លាំង​ចម្រុះ​ប្រដាប់​ដោយ​អាវុធ និង​ដំបង បាន​ចូល​ទៅ​វាយ​ដំ​ពលរដ្ឋ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ សុខ សំណាង ទាំង​កំរោល ខណៈ​ពលរដ្ឋ​ទាំង​នោះ​មិន​បាន​តវ៉ា ឬ​ប្រឆាំង​តប​ត​អ្វី​ឡើយ។ ក្រុម​អាជ្ញាធរ​បាន​ដុត​កម្ទេច​ផ្ទះ​សម្បែង រឹបអូស​ទ្រព្យ​សម្បត្តិ​ដូច​ជា​ម៉ូតូ គោយន្ត ម៉ាស៊ីន​បូម​ទឹក និង​​ចាប់​ខ្លួន​ពលរដ្ឋ​ចំនួន ៨នាក់ យក​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ។ អង្គការ លីកាដូ បញ្ជាក់​ថា មាន​អ្នក​ភូមិ​ទាំង ១៩នាក់ កំពុង​ជាប់​ឃុំ​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ឧត្ដរមានជ័យ ដើម្បី​រង់ចាំ​សវនាការ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រជាពលរដ្ឋ​អះអាង​ថា អ្នក​ភូមិ​ដែល​អាជ្ញាធរ​ចាប់​ខ្លួន និង​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ទាំង​អស់​មាន​ចំនួន ២៧នាក់។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​តុលាការ​ខេត្ត​ឧត្ដរមានជ័យ លោក ហែល ឆេងហុង និង​អភិបាល​ខេត្ត​ឧត្ដរមានជ័យ លោក ប៉ែន កុសល្យ ដើម្បី​សាកសួរ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៣ មករា។ ចំណែក​តំណាង​ក្រុមហ៊ុន សុខ សំណាង លោក ឃុត ចន្ថា ក៏​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដូច​គ្នា។

ករណី​បណ្ដេញ​ចេញ​ដោយ​បង្ខំ កាល​ថ្ងៃ​ទី១០ ធ្នូ បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ ដែល​រួច​ពី​ការ​ចាប់​ខ្លួន​នៅ​ពេល​នោះ ភ័យ​តក់ស្លុត រត់​គេច​ខ្លួន​ចោល​ផ្ទះសំបែង របស់​របរ លុយកាក់ បែកបាក់​គ្រួសារ និង​ខ្លះ​រង​របួស​ផង​ដែរ។ ស្រប​ពេល​លំនៅឋាន​ត្រូវ​បាន​អាជ្ញាធរ​ដុត​បំផ្លាញ និង​រឹបអូស​ទ្រព្យ​សម្បត្តិ​អស់ កាន់តែ​ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​ជីវភាព​ខ្វះខាត និង​ជំពាក់​បំណុល​ធនាគារ។

បច្ចុប្បន្ន​ដី​ដែល​កំពុង​មាន​ជម្លោះ​នេះ ត្រូវ​ក្រុមហ៊ុន សុខ សំណាង ជួល​ទៅ​ឱ្យ​ពលរដ្ឋ ដែល​មក​ពី​បណ្ដា​ខេត្ត ក្នុង​តម្លៃ ១លានរៀល​ក្នុង​មួយ​ហិកតារ រយៈ​ពេល​មួយ​ឆ្នាំ។ ទោះ​យ៉ាង​ណា​ក្ដី ប្រជា​ពលរដ្ឋ​រងគ្រោះ​ជាង ៣០០គ្រួសារ អះអាង​ថា ដី​ទាំង​នោះ​ជា​ដី ដែល​ពួក​គាត់​នាំ​គ្នា​កាប់​ឆ្ការ និង​តាំង​ទីលំនៅ ដោយ​មាន​ការ​សម្របសម្រួល​ពី​អាជ្ញាធរ​ក្នុង​តំបន់​តាំង​ពី​ឆ្នាំ២០១២ មក​ម្ល៉េះ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ពលរដ្ឋ​រង​គ្រោះ ដែល​រត់​ភៀស​ខ្លួន​កំពុង​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ជាង​មុន ដោយសារ​គ្មាន​ការងារ​ធ្វើ បាត់បង់​ដីធ្លី​មុខ​របរ និង​គ្មាន​ទ្រព្យ​សម្បត្តិ​ជាប់​ខ្លួន​នោះ​ឡើយ។ លោក​ទទូច​ឱ្យ​អាជ្ញាធរ និង​តុលាការ​បញ្ឈប់​ការ​តាម​ចាប់​ពលរដ្ឋ​ទាំង​នោះ និង​ដោះ​លែង​អ្នក​កំពុង​ជាប់​ឃុំ ហើយ​ងាក​មក​ដោះ​ស្រាយ​ដោយ​សន្តិវិធី ប្រកប​ដោយ​ភាព​យុត្តិធម៌ និង​សមស្រប​សម្រាប់​ពលរដ្ឋ ដើម្បី​ឱ្យ​ពួក​គាត់​មាន​ឱកាស​ប្រកប​របរ​ចិញ្ចឹម​ជីវិត។

លោក ស្រី ណារ៉េន៖«បើ​យើង​មាន​ការ​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ មាន​ការ​សម្រប​សម្រួល​ទាក់ទង​នឹង​វិវាទ​ដីធ្លី​ហ្នឹង ក៏​ជា​ការ​ល្អ​ដែរ ពីព្រោះ​រដ្ឋាភិបាល​កន្លង​មក ក៏​លោក​មាន​យន្តការ​ដោះ​ស្រាយ​មួយ​ក្រៅ​ប្រព័ន្ធ​តុលាការ។ ឃើញ​សមាជិក​របស់​រដ្ឋាភិបាល​មួយ​ចំនួន លោក​យក​យន្តការ​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ហ្នឹង​មក​សម្រប​សម្រួល​សម្បទាន​ឱ្យ​គ្នា។ ខ្ញុំ​ចង់​បញ្ជាក់​ទាក់ទង​តែ​រឿង​ដីធ្លី​មួយ​ទេ បើសិនជា​អាច​ធ្វើ​ការ​សម្បទាន​គ្នា​បាន​ក្រៅ​ប្រព័ន្ធ​តុលាការ​ដោយ​គុណធម៌ ហ្នឹង​ក៏​ជា​រឿង​ល្អ​ដែរ ដើម្បី​កុំ​ឱ្យ​គាត់(ពលរដ្ឋ)ខាត​ពេល​វេលា ជួប​ការ​លំបាក​ច្រើន»។

កន្លង​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​នៅ​តាម​រដ្ឋបាល​ខេត្ត​នីមួយៗ ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​ត្រូវ​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា ឬ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា នៅ​តែ​អូស​បន្លាយ និង​កើន​ឡើង​ជា​បន្ត​បន្ទាប់ ហើយ​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​រង​គ្រោះ​ពី​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​ចាប់​ឃុំ​ខ្លួន ទោះបី​ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា​រក​ដំណោះស្រាយ​ដល់​ផ្ទះ​លោក ហ៊ុន សែន ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។